អត្តបទព្រះគម្ពីរ ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមករា ឆ្នាំ២០២៣

អត្ថបទទី១៖ សូមថ្លែងលិខិតផ្ញើជូនគ្រីស្តបរិស័ទជាតិហេប្រឺ ហប ៧,២៥-៨,៦

បងប្អូនជាទីស្រឡាញ់!
ព្រះយេស៊ូអាចសង្រ្គោះជាស្ថាពរដល់អស់អ្នកដែលចូលមកជិតព្រះជាម្ចាស់ដោយសារព្រះអង្គ ដ្បិតព្រះអង្គមានព្រះជន្មរស់រហូត ដើម្បីទូលអង្វរព្រះ​ជាម្ចាស់ឱ្យពួកគេ។ មានតែមហាបូជាចារ្យដ៏ប្រសើរដូចព្រះយេស៊ូនេះហើយដែលយើងត្រូវការ គឺមហាបូជាចារ្យដ៏វិសុទ្ធស្លូតត្រង់ ឥតសៅហ្មងខុសប្លែកពីមនុស្ស​បាប ព្រមទាំងខ្ពង់ខ្ពស់លើសផ្ទៃមេឃទៅទៀត។ ព្រះអង្គមិនត្រូវការថ្វាយយញ្ញបូជារៀងរាល់ថ្ងៃ ដូចមហាបូជាចារ្យឯទៀតៗតែងថ្វាយ ព្រោះបាបខ្លួន​​​​​​​​​​ឯងផ្ទាល់ផង និង​បាបប្រជាជនផងនោះឡើយ ដ្បិតព្រះអង្គបានថ្វាយព្រះកាយព្រះអង្គផ្ទាល់ ធ្វើជាយញ្ញ​បូជាម្តងជាស្រេច។ តាមធម្មវិន័យរបស់លោកម៉ូសេ គេតែងតាំងមនុស្សទន់ខ្សោយឱ្យធ្វើជាមហាបូជាចារ្យ។ តែនៅពេលក្រោយ កាលព្រះជាម្ចាស់មានព្រះបន្ទូលសម្បថ​ព្រះអង្គតែងតាំងព្រះបុត្រាដែលគ្រប់លក្ខណ៍អស់កល្បជានិច្ច ឱ្យធ្វើជាមហាបូជាចារ្យ​វិញ។ គោលដ៏សំខាន់ក្នុងសេចក្តីដែលយើងកំពុងតែបរិយាយនេះគឺថា យើងមាន​មហាបូជាចារ្យមួយដែលគង់នៅខាងស្នាំព្រះជាម្ចាស់នៅស្ថានបរមសុខ។ ព្រះអង្គបានបម្រើព្រះជាម្ចាស់ក្នុងទីសក្ការៈ និងក្នុងព្រះពន្លាដ៏ពិតប្រាកដដែលព្រះអម្ចាស់បានដំឡើង គឺមិនមែនមនុស្សដំឡើងទេ។ ចំពោះមហាបូជាចារ្យគ្រប់ៗរូប គេតែងតាំងឱ្យថ្វាយ​តង្វាយនិងយញ្ញបូជា។ ដូច្នេះ លោកទាំងនោះត្រូវតែរកអ្វីយកទៅថ្វាយជាចាំបាច់។ ប្រសិនបើព្រះគ្រីស្តគង់នៅផែនដីនេះ ព្រះអង្គមិនមែនជាបូជាចារ្យទេ ព្រោះមាន​បូជាចារ្យឯទៀតៗសម្រាប់យកតង្វាយទៅថ្វាយស្របតាមធម្មវិន័យរួចស្រេចទៅ​ហើយ។ ប៉ុន្តែ អ្នកទាំងនោះធ្វើពិធីផ្សេងៗតាមគំរូ និងតាមស្រមោលនៃពិធីនៅស្ថាន​បរមសុខ ដូចព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេនៅពេលដែលលោកហៀបនឹងសង់ព្រះពន្លាថា៖ «ចូរប្រុងប្រយ័ត្ន! អ្នកត្រូវធ្វើសព្វគ្រប់ទាំងអស់តាមគំរូដែលយើងបានបង្ហាញឱ្យអ្នកឃើញនៅលើភ្នំ»។ ឥឡូវនេះ ព្រះគ្រីស្តបានទទួល​មុខងារប្រសើរជាងបូជាចារ្យទាំងនោះទៅទៀត ព្រោះព្រះអង្គជាស្ពាននៃសម្ពន្ធមេត្រី​មួយប្រសើរជាង គឺជាសម្ព័ន្ធមេត្រីដែលចងឡើងដោយសារព្រះបន្ទូលសន្យាដ៏ប្រសើរជាង។

ទំនុកតម្កើងលេខ ៤០ (៣៩),៧-១០.១៧ បទពាក្យ ៧

ព្រះអង្គមិនចង់បានតង្វាយយញ្ញបូជាថ្វាយអ្វីទាល់សោះ
ទ្រង់បើកត្រចៀកខ្ញុំទាំងអស់ស្តាប់ព្រះតម្រិះនៃព្រះអង្គ
ដូច្នេះទូលបង្គំសូមពោលថាបពិត្រករុណាដ៏ឧត្តុង
ទូលបង្គំប្រព្រឹត្តឥតរេរង់តាមសេចក្តីក្នុងព្រះគម្ពីរ
ទូលបង្គំពេញចិត្តតាមព្រះហប្ញទ័យអម្ចាស់គ្រប់ទិសទី
វិន័យទ្រង់ដិតជាប់ជីវីក្នុងចិត្តគិតពីទ្រង់ជានិច្ច
១០ខ្ញុំនឹងប្រកាសធម៌មេត្តាធម៌ករុណាធម៌សុចរិត
ព្រះអង្គជ្រាបហើយទ្រង់អាណិតខ្ញុំថ្លាថ្លែងឥតឈរឈប់សោះ
១៧រីឯអស់អ្នកដែលស្វែងស្វះរកព្រះអម្ចាស់បានរីរាយ
ថ្លែងឥតឈប់ឈរអរក្អាកក្អាយយើងខ្ញុំឱនកាយថ្កើងព្រះអង្គ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ២ ធម ១,១០

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះយេស៊ូគ្រីស្តជាព្រះអម្ចាស់នៃយើង​ បានបំបាត់អំណាចនៃសេចក្តីស្លាប់ ព្រមទាំងបំភ្លឺយើងឱ្យស្គាល់ជីវិត​ដោយសារដំណឹងល្អរបស់ព្រះអង្គ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ៣,៧-១២

​ព្រះយេស៊ូយាងចេញទៅតាមឆ្នេរសមុទ្រកាលីឡេជាមួយក្រុមសាវ័ក។ មានបណ្តា​ជនជាច្រើននាំគ្នាទៅតាមព្រះអង្គ អ្នកទាំងនោះមកពីស្រុកាលីឡេ ស្រុកយូដា ក្រុង​យេរូសាឡឹម ស្រុកអ៊ីឌូមេ តំបន់ត្រើយខាងនាយទន្លេយ័រដាន់ និងតំបន់ជុំវិញក្រុងទីរ៉ូស និងក្រុងស៊ីដូន។ បណ្តាជនមកតាមព្រះយេស៊ូជាច្រើនយ៉ាងនេះ ព្រោះបានឮគេនិយាយអំពីកិច្ចការទាំងប៉ុន្មានដែលព្រះអង្គធ្វើ។ ព្រះយេស៊ូប្រាប់ក្រុមសាវ័កឱ្យរៀបចំទូក​មួយថ្វាយព្រះអង្គ ក្រែងបណ្តាជនប្រជ្រៀតគ្នាចោមរោមព្រះអង្គ ដ្បិតមានអ្នកជំងឺ​ជាច្រើនខំប្រឹងសំរុកចូលមកជិតដើម្បីពាល់ព្រះអង្គ ព្រោះព្រះអង្គបានប្រោសមនុស្សជាច្រើនឱ្យបានជា។ ម៉្យាងទៀត ពេលខ្មោចឃើញព្រះអង្គ វាក្រាបចុះនៅទៀប​ព្រះបាទាព្រះអង្គ ហើយស្រែកឡើងថា៖ «ព្រះអង្គជាព្រះបុត្រារបស់ព្រះជាម្ចាស់»។ ប៉ុន្តែ ព្រះយេស៊ូបានគំរាមកំហែងវាយ៉ាងម៉ឺងម៉ាត់មិនឱ្យនិយាយប្រាប់គេអំពីឋានៈ​របស់ព្រះអង្គឡើយ។

Facebook
Twitter
LinkedIn