អត្ថបទព្រះគម្ពីរ ថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ២០២៣

អត្ថបទទី១៖ សូមថ្លែងលិខិតផ្ញើជូនគ្រីស្តបរិស័ទជាតិហេប្រឺ ហប ៧,១-៣,១៥-១៧

បងប្អូនជាទីស្រលាញ់!
ព្រះបាទមែលគីសេដែកជាព្រះមហាក្សត្រនៅក្រុងសាឡឹម ​និងជាបូជាចារ្យរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត។ ទ្រង់ទៅជួបលោកអប្រាហាំដែលវិលមកពី​វាយឈ្នះស្តេចនានា ហើយទ្រង់ក៏ជូនពរលោក។ លោកអប្រាហាំយកមួយភាគដប់នៃអ្វីៗទាំងអស់ដែលលោកមានមកថ្វាយព្រះបាទមែលគីសេដែក។ ព្រះនាមរបស់​ស្តេចនេះមានន័យថា “ស្ដេចប្រកបដោយសេចក្ដីសុចរិត” ហើយទ្រង់ក៏ជាស្ដេចក្រុង​សាឡឹមថែមទៀត ដែលមានន័យថា “ស្តេចនៃសេចក្តីសុខសាន្ត”។ គ្មានចែងអំពីមាតាបិតា និងអំពីវង្សត្រកូលទេ ហើយគ្មានចែងអំពីដើមកំណើត នឹងចែងអំពីចុងបញ្ចប់​របស់ព្រះអង្គដែរ។ ទ្រង់ដូចព្រះបុត្រារបស់ព្រះជាម្ចាស់ ហើយស្ថិតនៅជាបូជាចារ្យ​រហូតតរៀង​ទៅ។ មានបូជាចារ្យម្នាក់ទៀតដូចស្តេចមែលគីសេដែក គឺព្រះយេស៊ូ។ ព្រះអង្គមិនបានទទួលមុខងារជាបូជាចារ្យតាមវិន័យ និងក្រិត្យក្រមរបស់មនុស្សលោក​ឡើយ គឺទ្រង់បានទទួលមុខងារនេះតាមប្ញទ្ធានុភាពនៃព្រះជន្មដែលមិនចេះសាបសូន្យ​ ដ្បិតគម្ពីរបានផ្តល់សក្ខីភាពអំពីព្រះអង្គថា៖ «ព្រះអង្គជាបូជាចារ្យអស់កល្បតរៀងទៅ​តាមរបៀបព្រះបាទមែលគីសេដែក»។

ទំនុកតម្កើងលេខ ១១០ (១០៩),១-៤ បទកាកគតិ

ព្រះអម្ចាស់មានបន្ទូលមកកាន់ព្រះរាជាខ្ញុំ
ថាសូមអញ្ជើញអង្គុយខាងស្តាំកុំនៅសំងំ
ចាំយើងចាត់ចែង
ទម្រាំដល់យើងបង្រ្កាបពួកខ្មាំងចិត្តធំឥតក្រែង
យើងដាក់វានៅក្រោមជើងព្រះស្តែងទោះវាស្រែកក្តែង
អ្នកកុំខ្វល់ខ្វាយ
សូមព្រះប្រទានព្រះករុណាបានលាតសន្ធឹងឆ្ងាយ
ព្រះរាជ្យព្រះអង្គពីស៊ីយ៉ូននាយតទៅអន្លាយ
បង្រ្កាបលើខ្មាំង
ថ្ងៃព្រះករុណាកេណ្ឌទ័ពនោះណាប្រជាទូទាំង
រួមនិងយុវជនស្ម័គ្រស្មោះទៅច្បាំងដូចសន្សើមខ្លាំង
ធ្លាក់ចុះរាល់ថ្ងៃ
ព្រះអម្ចាស់មានបន្ទូលថ្កើងថ្កានសន្យាថ្លាថ្លៃ
លោកបូជាចារ្យជាអចិន្ត្រៃយ៍យកតាមនិស្ស័យ
មែលគីសេដែក

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ៤,២៣

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះយេស៊ូប្រកាសដំណឹងល្អ ហើយប្រោសប្រជារាស្រ្តរបស់ព្រះអង្គឱ្យបានជាសះស្បើយ​ពីជំងឺរោគាគ្រប់យ៉ាង។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ៣,១-៦

​ព្រះយេស៊ូយាងចូលទៅក្នុងធម្មសាលា។ នៅទីនោះ មានបុរសម្នាក់ស្វិតដៃម្ខាង។ ពួកគេតាមមើលព្រះយេស៊ូ ក្រែងលោព្រះអង្គប្រោសបុរសនោះឱ្យជានៅថ្ងៃសប្ប័ទ​ក្នុងគោលបំណងចោទប្រកាន់ព្រះអង្គ។ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់បុរសស្វិតដៃនោះថា៖«ចូរក្រោកឡើង មកឈរនៅកណ្តាលឯណេះ!»។ បន្ទាប់មក ព្រះអង្គមាន​ព្រះបន្ទូលសួរទៅគេថា៖ «នៅថ្ងៃសប្ប័ទ តើវិន័យអនុញ្ញាតឱ្យធ្វើអំពើល្អ ឬធ្វើអំពើ​អាក្រក់? តើត្រូវសង្រ្គោះមនុស្ស ឬត្រូវប្រហារជីវិតចោល?»។ គេនៅស្ងៀមទាំង​អស់គ្នា​ ព្រះយេស៊ូបែរព្រះភ័ក្រ្តទត​មើលទៅអ្នកដែលនៅជុំវិញ ទាំងព្រះពិរោធ ហើយ​ព្រះអង្គព្រួយព្រះហប្ញទ័យ ព្រោះគេមានចិត្តរឹងរូស។ ព្រះអង្គមានព្រះបន្ទូលទៅកាន់បុរសស្វិតដៃនោះថា៖ «ចូរលើកដៃមើល៍!»។ បុរសនោះលាតដៃ ហើយដៃរបស់គាត់​ក៏បានជាដូចដើមវិញ។ ពួកខាងគណៈផារីស៊ីចេញពីធម្មសាលា ហើយទៅពិគ្រោះជាមួយបក្សពួកស្តេចហេរ៉ូដភ្លាម ដើម្បីរកមធ្យោបាយធ្វើគុតព្រះយេស៊ូ។

Facebook
Twitter
LinkedIn