អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្យាការីអេសាយ អស ៤៩,៣.៥-៦
អ្នកបម្រើរបស់ព្រះអម្ចាស់មានប្រសាសន៍ថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ “អ៊ីស្រាអែលអើយ! អ្នកជាអ្នកបម្រើរបស់យើង យើងនឹងបង្ហាញសិរីរុងរឿងរបស់យើងដោយសារអ្នក”។ ឥឡូវនេះ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំ ព្រះអង្គបានសូនខ្ញុំតាំងពីនៅក្នុងផ្ទៃម្តាយ ឱ្យខ្ញុំធ្វើជាអ្នកបម្រើរបស់ព្រះអង្គ ដើម្បីណែនាំកូនចៅលោកយ៉ាកុបឱ្យវិលត្រឡប់មករកព្រះអង្គ និងប្រមូលប្រជាជនអ៊ីស្រាអែលមកនៅជុំវិញព្រះអង្គ។ ហេតុនេះហើយ បានជាព្រះអម្ចាស់ចាត់ទុកខ្ញុំថាជាមនុស្សថ្លៃថ្នូរ ហើយព្រះរបស់ខ្ញុំពិតជាកម្លាំងរបស់ខ្ញុំមែន។ ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ “អ្នកមិនគ្រាន់តែជាអ្នកបម្រើដែលណែនាំកុលសម្ព័ន្ធនៃកូនចៅរបស់លោកយ៉ាកុបឱ្យងើបឡើង និងនាំកូនចៅអ៊ីស្រាអែលដែលនៅសេសសល់ឱ្យវិលមកវិញប៉ុណ្ណោះទេ គឺយើងតែងតាំងអ្នកឱ្យធ្វើជាពន្លឺបំភ្លឺប្រជាជាតិទាំងឡាយ និងនាំការសង្គ្រោះរបស់យើងរហូតដល់ស្រុកដាច់ស្រយាលនៃផែនដី”»។
ទំនុកតម្កើងលេខ ៤០ (៣៩),២-៤.៧-១០ បទពាក្យ ៧
១ | ខ្ញុំខំព្យាយាមចាំព្រះម្ចាស់ | ព្រះអង្គបានប្រោសព្រះកាណ៌ផ្ទៀង | |
ស្តាប់សូរសម្រែកមិនលម្អៀង | ពាក្យខ្ញុំពិតទៀងស្មោះឥតអាក់ | ។ | |
៣ | ព្រះអង្គយកខ្ញុំពីរណ្តៅ | ពីភក់ជ្រាំជ្រៅយកមកដាក់ | |
នៅលើថ្មដាគ្មានថ្នាំងថ្នាក់ | ថែទាំទុកដាក់ខ្ញុំរុងរឿង | ។ | |
៤ | ព្រះអង្គប្រទានខ្ញុំឱ្យច្រៀង | បទថ្មីសំនៀងលើកតម្កើង | |
មនុស្សច្រើននឹងឃើញក្អាកក្អាយឡើង | ព្រះម្ចាស់ថ្កុំថ្កើងគេកោតខ្លាច | ។ | |
៧ | ព្រះអង្គមិនចង់បានតង្វាយ | យញ្ញបូជាថ្វាយអ្វីទាល់សោះ | |
ទ្រង់បើកត្រចៀកខ្ញុំទាំងអស់ | ស្តាប់ព្រះតម្រិះនៃព្រះអង្គ | ។ | |
៨ | ដូច្នេះទូលបង្គំសូមពោលថា | បពិត្រករុណាដ៏ឧត្តុង្គ | |
ទូលបង្គំប្រព្រឹត្តឥតរេរង់ | តាមសេចក្តីក្នុងព្រះគម្ពីរ | ។ | |
៩ | ទូលបង្គំពេញចិត្តធ្វើតាមព្រះ | ហប្ញទ័យអម្ចាស់គ្រប់ទិសទី | |
វិន័យទ្រង់ដិតជាប់ជីវី | ក្នុងចិត្តគិតពីទ្រង់ជានិច្ច | ។ | |
១០ | ខ្ញុំនឹងប្រកាសធម៌មេត្តា | ធម៌ករុណាធម៌សុចរិត | |
ព្រះអង្គជ្រាបហើយទ្រង់អាណិត | ខ្ញុំថ្លាថ្លែងឥតឈរឈប់សោះ | ។ |
អត្ថបទទី២៖ សូមថ្លែងលិខិតទី ១ របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូរិនថូស ១ករ ១,១-៣
ខ្ញុំប៉ូល ជាអ្នកដែលព្រះជាម្ចាស់សព្វព្រះហប្ញទ័យត្រាស់ហៅឱ្យធ្វើជាទូតរបស់ព្រះគ្រីស្តយេស៊ូ ខ្ញុំនិងបងសូស្តែនសូមជម្រាបមកព្រះសហគមន៍របស់ព្រះជាម្ចាស់នៅក្រុងកូរិនថូស គឺជម្រាបមកដល់អស់អ្នកដែលព្រះជាម្ចាស់បានប្រោសឱ្យបានវិសុទ្ធក្នុងអង្គព្រះគ្រីស្តយេស៊ូ។ព្រះអង្គត្រាស់ហៅបងប្អូនឱ្យទៅជាជនដ៏វិសុទ្ធ រួមជាមួយអស់អ្នកនៅគ្រប់ទីកន្លែងដែលអង្វរព្រះនាមព្រះយេស៊ូគ្រីស្តជាព្រះអម្ចាស់របស់យើង។ ព្រះយេស៊ូគ្រីស្តជាព្រះអម្ចាស់របស់គេ ហើយក៏ជាព្រះអម្ចាស់របស់យើងដែរ។ សូមព្រះជាម្ចាស់ជាព្រះបិតារបស់យើង និងព្រះអម្ចាស់យេស៊ូគ្រីស្តប្រណីសន្តោស និងប្រទានសេចក្តីសុខសាន្តដល់បងប្អូន!។
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ១,១៤.១២
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះបន្ទូលប្រសូតមកជាមនុស្ស ហើយគង់នៅក្នុងចំណោមយើង។ អស់អ្នកដែលទទួលព្រះអង្គ ព្រះអង្គប្រទានឱ្យគេទៅជាបុត្រធីតារបស់ព្រះជាម្ចាស់។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ១,២៩-៣៤
លោកយ៉ូហានបាទីស្តឃើញព្រះយេស៊ូយាងតម្រង់មករកលោក លោកក៏មានប្រសាសន៍ថា៖ «មើលហ្ន៎ ! លោកនេះហើយជាកូនចៀមរបស់ព្រះជាម្ចាស់ដែលដកបាបចេញពីពិភពលោក គឺលោកនេះហើយដែលខ្ញុំបានប្រាប់អ្នករាល់គ្នាថា ”អ្នកដែលមកក្រោយខ្ញុំ ប្រសើរជាងខ្ញុំ ដ្បិតលោកមានជីវិតមុនខ្ញុំ”។ កាលពីដើម ខ្ញុំពុំស្គាល់ឋានៈរបស់លោកទេ ប៉ុន្តែ ខ្ញុំមកធ្វើពិធីជ្រមុជក្នុងទឹកដើម្បីឱ្យលោកបង្ហាញខ្លួនឱ្យប្រជារាស្ត្រអ៊ីស្រាអែលស្គាល់»។ លោកយ៉ូហានផ្តល់សក្ខីភាពថា៖ «ខ្ញុំឃើញព្រះវិញ្ញាណយាងចុះពីស្ថានបរមសុខដូចសត្វព្រាបមកសណ្ឋិតលើលោក។ ពីមុន ខ្ញុំពុំស្គាល់ឋានៈលោកទេ ប៉ុន្តែ ព្រះជាម្ចាស់ដែលចាត់ខ្ញុំឱ្យមកធ្វើពិធីជ្រមុជក្នុងទឹក ទ្រង់មានព្រះបន្ទូលមកខ្ញុំថា “អ្នកឃើញព្រះវិញ្ញាណយាងចុះមកសណ្ឋិតលើអ្នកណា គឺអ្នកនោះហើយដែលធ្វើពិធីជ្រមុជក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ”។ ខ្ញុំឃើញដូច្នោះមែន ហើយខ្ញុំសូមបញ្ជាក់ថា លោកនេះ ពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់មែន»។