ថ្ងៃសៅរ៍ ទី១៤ ខែមករា ឆ្នាំ២០២៣

អត្ថបទទី១៖ សូមថ្លែងលិខិតផ្ញើជូនគ្រីស្តបរិស័ទជាតិហេប្រឺ ហប ៤,១២-១៦

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ជាព្រះបន្ទូលដ៏មានជីវិត និងមានមហិទ្ធិប្ញទ្ធិ មុតជាង​ដាវមុខពីរទៅទៀត។ ព្រះបន្ទូលនេះចាក់ទម្លុះចូលទៅកាត់ព្រលឹង និងវិញ្ញាណដាច់​ចេញពីគ្នា កាត់សន្លាក់ឆ្អឹង និងខួរឆ្អឹងចេញពីគ្នា។ ព្រះបន្ទូលវិនិច្ឆ័យឆន្ទៈ និងគំនិត​នៅក្នុងជម្រៅចិត្តមនុស្ស។ គ្មានសត្វលោកណាមួយដែលព្រះបន្ទូលមើលមិនឃើញ​ឡើយ។ ចំពោះព្រះនេត្ររបស់ព្រះអង្គ អ្វីៗទាំងអស់នៅទទេ ឥតបិទបាំងទាល់តែ​សោះ។ យើងត្រូវទូលរៀបរាប់ថ្វាយព្រះបន្ទូលពីគ្រប់កិច្ចការទាំងអស់។​ ដោយយើងមានមហាបូជាចារ្យម្នាក់ដ៏ប្រសើរឧត្តម ដែលបានយាងកាត់ស្ថានបរមសុខ គឺព្រះយេស៊ូជាព្រះបុត្រារបស់ព្រះជាម្ចាស់ យើងត្រូវតែកាន់ជំនឿដែលយើងប្រកាសនោះ ឱ្យបាន​មាំមួន ដ្បិតយើងមានមហាបូជាចារ្យដែលអាចរួមសុខទុក្ខជាមួយយើងជាមនុស្ស​ទន់ខ្សោយ គឺព្រះអង្គក៏ត្រូវរងការល្បងលគ្រប់ជំពូកដូចយើងដែរ តែទ្រង់មិនបាន​ប្រព្រឹត្តអំពីបាបសោះឡើយ។ ហេតុនេះ យើងត្រូវចូលទៅកាន់បល្ល័ង្ករបស់ព្រះ​ជាម្ចាស់ប្រកបដោយព្រះហប្ញទ័យប្រណីសន្តោសទាំងទុកចិត្ត ដើម្បីឱ្យព្រះអង្គមេត្តាករុណា និងប្រណីសន្តោសយើង ព្រមទាំងជួយយើងនៅពេលណាយើងត្រូវការ ។

ទំនុកតម្កើងលេខ ១៩ (១៨),៨-១០.១៥ បទកាកគតិ

ព្រះធម្មវិន័យល្អល្អះឥតបីប្រសើរថ្កើងថ្កាន
ផ្តល់កម្លាំងចិត្តឥតមានស្រាកស្រាន្តមនុស្សល្ងង់ប្រែប្រាណ
ជាមានប្រាជ្ញា
បញ្ជារបស់ព្រះម្ចាស់ទាំងអស់ត្រឹមត្រូវសត្យា
ឱ្យចិត្តអំណរសប្បាយក្រៃណាបំភ្លឺចិន្តា
ថ្លៃថ្លាត្រចង់
១០ការគោរពកោតព្រះអម្ចាស់សោតវិសេសយល់យង់
ស្ថិតស្ថេរចីរកាលតទៅគង់វង់ការវិនិច្ឆ័យទ្រង់
ក៏សុទ្ធត្រឹមត្រូវ
១៥ទ្រង់ជាថ្មដាជាព្រះរក្សាការពាររូបខ្ញុំ
សូមប្រោសប្រណីតាមពាក្យទូលសុំសេចក្តីនៃខ្ញុំ
ចំពោះព្រះអង្គ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ១៣០,៧

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់ប្រកបដោយព្រះហប្ញទ័យមេត្តាករុណាយ៉ាងក្រៃលែង។ ​អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ២,១៣-១៧

ព្រះយេស៊ូយាងតាមឆ្នេរសមុទ្រកាលីឡេម្តងទៀត។ បណ្តាជនទាំងមូលនាំគ្នាមករកព្រះអង្គ ហើយព្រះអង្គក៏បង្រៀនពួកគេ។ កាលព្រះអង្គយាងកាត់តាមនោះ ទ្រង់ទត​ឃើញលោកលេវីជាកូរបស់លោកអាល់ផាយ អង្គុយនៅកន្លែងយកពន្ធ។ ព្រះយេស៊ូ​មានព្រះបន្ទូលទៅគាត់ថា៖ «សុំអញ្ជើញមកតាមខ្ញុំ»។ លោកលេវីក៏ក្រោកឡើងដើរតាមព្រះអង្គទៅ។ បន្ទាប់មក ព្រះយេស៊ូសោយព្រះស្ងោយនៅផ្ទះលោកលេវី។ មានអ្នកទារពន្ធ ព្រមទាំងមនុស្សបាបជាច្រើនមករួមតុជាមួយព្រះអង្គ និងក្រុមសាវ័ក។ មានមនុស្សប្រភេទនោះច្រើននាក់ បានមកតាមព្រះអង្គ។ ពួកធម្មាចារ្យពីគណៈផារីស៊ីឃើញព្រះយេស៊ូសោយព្រះស្ងោយជាមួយអ្នកទាំងនោះ គេនិយាយទៅកាន់ក្រុមសាវ័ក​ថា៖ «ហេតុអ្វីបានជាលោកបរិភោគជាមួយអ្នកទារពន្ធ និងជាមួយមនុស្សបាប?»។ ព្រះយេស៊ូបានឮគេនិយាយដូច្នេះ ក៏មានព្រះបន្ទូលថា៖ «មនុស្សមានសុខភាពល្អមិន​ត្រូវការគ្រូពេទ្យទេ មានតែអ្នកជំងឺប៉ុណ្ណោះដែលត្រូវការ។ ខ្ញុំមិនមែនមករកមនុស្ស​​សុចរិតទេ គឺខ្ញុំមករកមនុស្សបាបវិញ»។

Facebook
Twitter
LinkedIn