អត្ថបទទី១៖ សូមថ្លែងលិខិតផ្ញើជូនគ្រីស្តបរិស័ទជាតិហេប្រឺ ហប ២,៥-១២
ព្រះជាម្ចាស់ពុំបានប្រគល់ឱ្យពួកទេវទូតត្រួតត្រាពិភពលោកខាងមុខទេ។ ផ្ទុយទៅវិញ មានម្នាក់បានផ្តល់សក្ខីភាពនៅក្នុងទំនុកតម្កើងមួយដែលចែងថា «តើមនុស្សមានឋានៈអ្វី បានជាព្រះអង្គនឹកដល់គេដូច្នេះ? តើបុត្រមនុស្សជាអ្វីដែរ បានជាព្រះអង្គយកព្រះហប្ញទ័យទុកដាក់នឹងគេយ៉ាងនេះ ?»។ ព្រះអង្គបានធ្វើឱ្យលោកមានឋានៈទាបជាងទេវទូតតែមួយរយៈប៉ុណ្ណោះ ព្រះអង្គប្រទានសិរីរុងរឿងនិងកិត្តិយសដល់លោកទុកជាមកុដរាជ្យ ព្រះអង្គបានបង្រ្កាបអ្វីៗទាំងអស់ឱ្យនៅក្រោមជើងរបស់លោក។ ព្រះជាម្ចាស់បានបង្រ្គាបអ្វីៗទាំងអស់ឥតទុកឱ្យមានអ្វីមួយនៅសល់ ដែលពុំបានចុះចូលនោះឡើយ។ ក៏ប៉ុន្តែ នៅពេលនេះ យើងពុំឃើញថា អ្វីៗសព្វសារពើសុទ្ធតែបានចុះចូលនឹងអំណាចរបស់បុត្រមនុស្សហើយនោះទេ។ យើងឃើញថា ព្រះយេស៊ូដែលមានឋានៈទាបជាងពួកទេវទូតមួយរយៈ ព្រោះទ្រង់បានរងទុក្ខ និងសោយទិវង្គតនោះ តែឥឡូវនេះ ព្រះអង្គបានទទួលសិរីរុងរឿង និងព្រះកិត្តិនាមទុកជាមកុដរាជ្យ ។ ព្រះគ្រីស្តបានសោទិវង្គតសម្រាប់មនុស្សគ្រប់ៗរូប ដោយសារព្រះហប្ញទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់ ។ អ្វីៗទាំងអស់កើតមកដោយសារព្រះជាម្ចាស់ និងសម្រាប់ព្រះអង្គ ព្រះជាម្ចាស់ក៏សព្វព្រះហប្ញទ័យនឹងនាំបុត្រធីតាជាច្រើនឱ្យទទួលសិរីរុងរឿង។ ហេតុនេះ គួរគប្បីឱ្យព្រះអង្គប្រោសប្រទានឱ្យម្ចាស់នៃការសង្រ្គោះបានគ្រប់លក្ខណ៍ដោយរងទុក្ខលំបាក។ ព្រះយេស៊ូដែលប្រោសមនុស្សឱ្យបានវិសុទ្ធ និងមនុស្សដែលព្រះអង្គប្រោសឱ្យបានវិសុទ្ធនោះ ចេញមកពីប្រភពតែមួយ។ ហេតុនេះហើយ បានជាព្រះយេស៊ូមិនខ្មាសនឹងហៅគេថា ជាបងប្អូនរបស់ព្រះអង្គឡើយ គឺព្រះអង្គមានព្រះបន្ទូលថា “ទូលបង្គំនឹងប្រកាសព្រះនាមរបស់ព្រះអង្គឱ្យបងប្អូនទូលបង្គំស្គាល់ ទូលបង្គំនឹងច្រៀងលើកតម្កើងព្រះអង្គនៅក្នុងអង្គប្រជុំ”។
ទំនុកតម្កើងលេខ ៨,៤-៩ បទកាកគតិ
៤ | ពេលទូលបង្គំ | សំឡឹងមើលចំ | ទៅផ្ទៃមេឃា |
មើលហ្វូងតារា | មើលព្រះចន្ទ្រា | ដ៏ស្រស់សោភា | |
ស្នាព្រះហស្តថ្លៃ | ។ | ||
៥ | ខ្លួនខ្ញុំសួរថា | តើមនុស្សយើងណា | មានឋានៈអ្វី |
បានជាព្រះអង្គ | នឹកគិតរំពៃ | យកព្រះហប្ញទ័យ | |
ទុកដាក់ដូច្នោះ ? | ។ | ||
៦ | ព្រះអង្គប្រទាន | ឱ្យមនុស្សយើងមាន | កិត្តិយសខ្ពង់ខ្ពស់ |
ទាបជាងទេវតា | បន្តិចប៉ុណ្ណោះ | ទៅដល់មនុស្ស | |
ទុកជាមកុដរាជ្យ | ។ | ||
៧ | ព្រះអម្ចាស់ទ្រង់ | ឱ្យគេគ្រប់គ្រង | រាល់ថ្ងៃព្រឹកល្ងាច |
លើអ្វីទាំងអស់ | ពេញដោយអំណាច | ព្រមទាំងបង្រ្កាប | |
នៅក្រោមជើងគេ | ។ | ||
៨ | ដោយសារអំណាច | អ្វីៗមិនអាច | ផ្លាស់ប្តូរប្រួលប្រែ |
ទាំងចៀមទាំងគោ | សត្វព្រៃផងដែរ | ឱ្យមនុស្សមើលថែ | |
ប្រើប្រាស់គ្រប់គ្រង | ។ | ||
៩ | ព្រមទាំងបក្សី | នៅលើផែនដី | នៅលើមេឃផង |
ត្រីក្នុងសមុទ្រ | សព្វសត្វតែម្តង | សត្វលូនវារផង | |
មកនៅជួបជុំ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ១ថស ២,១៣
អាលេលូយ៉ា! អាលេលូយ៉ា!
យើងនាំគ្នាទទួលព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយមិនចាត់ទុកជាពាក្យសម្តីរបស់មនុស្សទេ គឺទុកជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ផ្ទាល់។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ១,២១-២៨
ព្រះយេស៊ូយាងចូលក្រុងកាផានុមជាមួយក្រុមសាវ័ក។ នៅថ្ងៃសប្ប័ទព្រះយេស៊ូយាងចូលក្នុងធម្មសាលា ហើយព្រះអង្គបង្រៀនអ្នកស្រុក។ អ្នកដែលបានស្តាប់ព្រះអង្គងឿងឆ្ងល់យ៉ាងខ្លាំងអំពីបែបបទដែលព្រះអង្គបង្រៀន ព្រោះព្រះអង្គមានព្រះបន្ទូលប្រកបដោយអំណាច ខុសប្លែកពីពួកធម្មាចារ្យ។ នៅពេលនោះ ក្នុងធម្មាសាលាមានបុរសម្នាក់ខ្មោចចូល ស្រែកឡើងថា៖«ព្រះយេស៊ូជាអ្នកភូមិណាសារ៉ែតអើយ! តើព្រះអង្គចង់ធ្វើអ្វីដល់យើង? ព្រះអង្គមកបំផ្លាញយើង!? ខ្ញុំស្គាល់ព្រះអង្គហើយ ព្រះអង្គជាព្រះដ៏វិសុទ្ធដែលមកពីព្រះជាម្ចាស់!»។ ព្រះយេស៊ូមានព្រះបន្ទូលគំរាមខ្មោចនោះថា៖ «ស្ងៀម! ចេញពីអ្នកនេះភ្លាម!»។ ខ្មោចក៏ធ្វើឱ្យអ្នកនោះដួលប្រកាច់ប្រកិន ហើយវាចេញទៅទាំងស្រែកយ៉ាងខ្លាំងផង។ មនុស្សទាំងអស់ភ័យស្រឡាំងកាំង គេនិយាយគ្នាទៅវិញទៅមកថា៖«ម្តេចក៏អស្ចារ្យម៉្លេះ! លោកបង្រៀនតាមរបៀបថ្មីប្រកបដោយអំណាច។ លោកបញ្ជាទៅខ្មោច ហើយខ្មោចក៏ស្តាប់បង្កាប់លោក»។ ព្រះកិត្តិនាមរបស់ព្រះយេស៊ូល្បីខ្ចរខ្ចាយពាសពេញតំបន់ស្រុកកាលីឡេ។