អត្ថបទព្រះគម្ពីរ ប្រចាំថ្ងៃ ថ្ងៃអាទិត្យ ទី០៨ ខែមករា ឆ្នាំ២០២៣

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្យាការីអេសាយ អស ៦០,១-៦

ក្រុងយេរូសាឡឹមអើយ! ចូរក្រោកឡើង! ចូរបញ្ចាំងពន្លឺឡើង! ដ្បិតពន្លឺរបស់អ្នកមកដល់ហើយ! សិរីរុងរឿងរបស់ព្រះអម្ចាស់ភ្លឺមកលើអ្នកដូចថ្ងៃរះ។ សូមមើល! ផែនដី ទាំងមូលនៅងងឹតស្លុង ហើយភាពអន្ធការគ្របលើប្រជាជនទាំងឡាយ តែពន្លឺរបស់ព្រះអម្ចាស់រះឡើងបំភ្លឺអ្នក សិរីរុងរឿងរបស់ព្រះអង្គក៏លេចមកដូចថ្ងៃរះចាំងមកលើអ្នកដែរ។ ប្រជាជាតិនានានាំគ្នាដើរទៅរកពន្លឺរបស់អ្នក ហើយស្តេចទាំងឡាយក៏ដើរទៅរករស្មីដែលចាំងចេញពីអ្នកដែរ។ ចូរងើបមុខឡើង មើលជុំវិញខ្លួន! មនុស្សទាំងអស់​ជួបជុំគ្នា ដើរតម្រង់មករកអ្នក។ កូនប្រុសៗរបស់អ្នកនឹងមកពីទីឆ្ងាយ ហើយប្រជាជាតិនានាក៏បីកូនស្រីៗរបស់អ្នកមកដែរ។ ពេលណាអ្នកឃើញ អ្នកនឹងត្រេក​អរសប្បាយរីករាយនិងរំភើបចិត្ត។ គេនឹងនាំភោគសម្បត្តិពីខាងនាយសមុទ្រមកឱ្យអ្នក ហើយធនធានរបស់ប្រជាជាតិនានា ក៏នឹងហូរមកដល់អ្នកដែរ។ សត្វអូដ្ឋទាំងហ្វូងៗនឹងមកពេញទីក្រុង គឺអូដ្ឋរបស់ពួកម៉ាឌីយ៉ាន និងពួកអេផា។ អ្នកស្រុកសាបាទាំងអស់នឹងនាំគ្នាមក ពួកគេយកមាស និងកំញានមកជាមួយផង ហើយលើកតម្កើងការអស្ចារ្យដែលព្រះអម្ចាស់បានប្រព្រឹត្ត។

ទំនុកតម្កើងលេខ ៧២ (៧១),១-២.៧-១៣ បទកាកគតិ

១.ព្រះជាម្ចាស់អើយសូមប្រទានឱ្យរាជបុត្រនេះចេះ
វិនិច្ឆ័យក្តីតាមព្រះតម្រិះសុចរិតវិសេស
របស់ព្រះអង្គ
២.សូមឱ្យរាជាគ្រប់គ្រងគ្រប់គ្នាប្រជារាស្ត្រទ្រង់
ដោយយុត្តិធម៌សុចរិតផូរផង់វិសេសឥតហ្មង
ត្រឹមត្រូវតាមច្បាប់
៧.សូមឱ្យសេចក្តីសុចរិតថ្លាថ្លៃចម្រើនខ្ពង់ខ្ពស់
នៅក្នុងរជ្ជកាលរាជាអង្គនោះកុំបីមានទាស់
សុខសាន្តតទៅ
៨.សូមព្រះរាជាគ្រប់គ្រងកុំរាកុំឱ្យហ្មងសៅ
ពីសមុទ្រមួយមិនបង្អង់នៅរហូតដល់ទៅ
ស្រុកដាច់ស្រយាល
៩.ប្រជាដែលរស់តាមវាលទាំងនោះនឹងត្រេកត្រអាល
ក្រាបថ្វាយបង្គំគ្រប់សម័យកាលសត្រូវច្រួសច្រាល
វិនាសអាសារ
១០.អស់ស្តេចទាំងឡាយនឹងយកតង្វាយមកថ្វាយករុណា
ឥតមានខកខានមួយវេលាណាទាំងកោះនានា
យកមកទាំងអស់
១១.ស្តេចទាំងប៉ុន្មានឥតមានខកខានចូលរួមដោយស្មោះ
ក្រាបថ្វាយបង្គំរាជាទាំងអស់ប្រជាទាំងនោះ
បម្រើករុណា
១២.ទ្រង់នឹងរំដោះអ្នកក្រទាំងអស់ដោយធម៌មេត្តា
អ្នកទុគ៌តស្រែសុំក្តីករុណាព្រះអង្គរក្សា
អ្នកគ្មានទីពឹង
១៣.ទ្រង់សែនអាណិតអាសូរពេកពិតអ្នកអត់លំនឹង
និងជនកម្សត់គ្មានអ្វីរំពឹងព្រះអម្ចាស់នឹង
សង្គ្រោះជីវិត

អត្ថបទទី២៖ សូមថ្លែងលិខិតរបស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងអេភេសូ អស ៣,២-៣.៥-៦

បងប្អូនជាទីស្រឡាញ់! បងប្អូនបានឮគេនិយាយអំពីមុខងារដែលព្រះជាម្ចាស់ប្រណីសន្តោសផ្ញើឱ្យខ្ញុំបំពេញ ដើម្បីជាប្រយោជន៍ដល់បងប្អូននោះហើយគឺព្រះអង្គបានបង្ហាញ​គម្រោងការដ៏លាក់កំបាំងរបស់ព្រះអង្គឱ្យខ្ញុំស្គាល់។ ព្រះជាម្ចាស់ពុំបានបង្ហាញគម្រោងការនេះឱ្យមនុស្សជំនាន់ដើម ដូចព្រះអង្គបង្ហាញឱ្យក្រុមគ្រីស្តទូត និងឱ្យព្យាការី​ដ៏សុទ្ធ​របស់ព្រះអង្គនាបច្ចុប្បន្នកាល ស្គាល់ដោយសារព្រះវិញ្ញាណនោះឡើយ គឺថាដោយសារ​ដំណឹងល្អ សាសន៍ដ៏ទៃមានសិទ្ធិចូលរួមទទួលមត៌ក មានសិទ្ធិចូលរួមក្នុងព្រះកាយតែមួយ និងមានសិទ្ធិទទួលព្រះពរតាមព្រះបន្ទូលសន្យារួមជាមួយសាសន៍អ៊ីស្រាអែលក្នុងអង្គព្រះ​គ្រីស្តយេស៊ូដែរ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ២,២

អាលេលូយ៉ា! អាលេលូយ៉ា!
យើងខ្ញុំបានឃើញផ្កាយរបស់ព្រះអង្គរះនៅទិសខាងកើត ហើយយើងខ្ញុំមកថ្វាយបង្គំព្រះអង្គ។​​ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ២,១-១២

ព្រះយេស៊ូប្រសូតនៅភូមិបេថ្លេហិម ក្នុងស្រុកយូដា នារជ្ជកាលព្រះបាទហេរ៉ូដ។ មានពួកហោរាចារ្យនាំគ្នាធ្វើដំណើរពីទិសខាងកើត មកដល់ក្រុងយេរូសាឡឹម សួរថា៖​«ព្រះមហាក្សត្ររបស់ជនជាតិយូដាដែលទើបនឹងប្រសូតទ្រង់គង់នៅឯណា? យើងខ្ញុំបានឃើញផ្កាយរបស់ព្រះអង្គនៅទិសខាងកើត ហើយយើងខ្ញុំមកថ្វាយបង្គំព្រះអង្គ»។ កាលព្រះបាទហេរ៉ូដឮដំណឹងនេះ ទ្រង់រន្ធត់ព្រះហឫទ័យយ៉ាងខ្លាំង ហើយអ្នកក្រុងយេរូសាឡឹមទាំងអស់ក៏រន្ធត់ចិត្តជាមួយព្រះអង្គដែរ។ ព្រះរាជាត្រាស់ហៅនាយបូជាចារ្យ និង​ពួកធម្មាចារ្យទាំងប៉ុន្មានរបស់ប្រជាជនមក ដើម្បីសួរគេពីកន្លែងដែលព្រះគ្រីស្តត្រូវប្រសូត។ គេទូលស្តេចថា ព្រះគ្រីស្តត្រូវប្រសូតនៅភូមិបេថ្លេហិម ក្នុងស្រុកយ៉ូដា ដ្បិតមានសេចក្តីចែងទុកមកដោយសារព្យាការីថា៖ “ភូមិបេថ្លេហិមជាដែនដីយូដាអើយ! ក្នុង​បណ្តាក្រុងសំខាន់ៗនៃស្រុកយូដា អ្នកមិនមែនតូចជាងគេទេ ដ្បិតនឹងមានគង្វាលម្នាក់កើតចេញពីអ្នក លោកនឹងថែរក្សាជនជាតិអ៊ីស្រាអែលជាប្រជារាស្ត្ររបស់យើង”។ ពេលនោះព្រះបាទហេរ៉ូដហៅពួកហោរាចារ្យមកជាសម្ងាត់ សួរបញ្ជាក់អំពីពេលដែលផ្កាយរះឡើង។ បន្ទាប់មក ទ្រង់ចាត់ហោរាចារ្យទាំងនោះឱ្យទៅភូមិបេថ្លេហិម ដោយមានរាជឱង្ការថា៖«សុំអស់លោកនាំគ្នាទៅចុះ ហើយស៊ើបសួរដំណឹងអំពីព្រះឱរសនោះឱ្យបានច្បាស់លាស់។ កាលបានឃើញហើយ ចូរមកប្រាប់យើងវិញផង ដើម្បីឱ្យយើងទៅថ្វាយបង្គំព្រះអង្គដែរ»។ ក្រោយពីបានទទួលរាជឱង្ការហើយ គេក៏នាំគ្នាចេញទៅ។ ពេលនោះផ្កាយដែលគេឃើញនៅទិសខាងកើត នាំមុខគេរហូតដល់កន្លែងដែលព្រះឱរស គង់ទើបឈប់។ កាលហោរាចារ្យទាំងនោះឃើញផ្កាយ គេសប្បាយចិត្តពន់ប្រមាណ។ គេចូលទៅក្នុងផ្ទះ ឃើញព្រះឱរសគង់នៅជាមួយនាងម៉ារីជាមាតា គេក៏នាំគ្នាក្រាបថ្វាយបង្គំព្រះអង្គ រួចបើកហិបយកជំនូនរបស់ខ្លួន គឺមាស គ្រឿងក្រអូប និងជ័រល្វីងទេស​មកថ្វាយព្រះអង្គ។ បន្ទាប់មក គេវិលត្រឡប់ទៅស្រុករបស់ខ្លួនវិញ តាមផ្លូវមួយផ្សេងទៀត ដ្បិតព្រះជាម្ចាស់មានព្រះបន្ទូលប្រាប់គេក្នុងសុបិននិមិត្តមិនឱ្យវិលទៅគាល់ព្រះបាទហេរ៉ូដវិញឡើយ។

Facebook
Twitter
LinkedIn