ថ្ងៃទី ១ ខែធ្នូ សន្តឆាល-ឌឺហ្វ៊ូកូរជាបូជាចារ្យ(Sanctae Caroli de Foucauld, presbyteri)

លោក ឆាល-ឌឺហ្វ៊ូកូរ កើតនៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ១៨៥៨​ នៅទីក្រុង ស្ត្រាស្បួរ ប្រទេស​បារាំង។​ លោក​ជាកូន​កំព្រា​តាំងពី​លោក​មាន​អាយុ​ប្រាំមួយ​ឆ្នាំ​ លោកមានប្អូនស្រីម្នាក់ឈ្មោះ ម៉ារី​ ។​ កាលលោក​នៅ​វ័យ​ជំទង់​ លោកជាមនុស្សដែលរស់នៅក្នុងផ្លូវវៀចវេរ ​និង​គ្មាន​សណ្តាប់​ធ្នាប់ បោះបង់ចោលជំនឿ។​ លោក​ចាប់​អារម្មណ៍​​ជាលើវិស័យ​ជា​អ្នករុករក ​ជាអ្នកភូមិសាស្រ្ត គូរផែនទី និងភាសាវិទ្យា បាន​ជា​លោក​​ចេញ​ដំណើរ ​ទៅធ្វើការរុករក​យ៉ាងប្រថុយប្រថាន​នៅប្រទេសម៉ារ៉ុក ​អស់រយៈពេល២ឆ្នាំ (១៨៨៣-១៨៨៤) ។​ នៅទីនោះ ​លោក​បាន​ស្រាវជ្រាវអំពីសាសនាអ៊ីស្លាម​ និង​របៀប​រស់​នៅ​របស់​ប្រជាជន​​ម៉ូស្លីម​ ដែល​ជំរុញគាត់ឲ្យគិត​ពិចារណា​ជាច្រើនអំពីព្រះជាម្ចាស់។ ​លោក​មាន​ប្រសាសន៍​ថា៖​ “ឱព្រះជាម្ចាស់​​អើយ ​ប្រសិនបើ​ព្រះអង្គ​ ពិតជា​មាន​ព្រះជន្ម​គង់​នៅ​មែន​នោះ​ សូម​ជួយ​ឲ្យ​ខ្ញុំ​ដឹង​ និងអាច​ស្គាល់​​ព្រះអង្គ​ផង​ចុះ ” ។​ លុះ​ដល់​លោក​ត្រឡប់​ទៅ​ប្រទេស​បារាំង​វិញ ​លោកចាប់ផ្តើម​កស្វែង​រក​ព្រះជាម្ចាស់កាន់តែ​ខ្លាំង​ឡើងៗ។​ ក្រោម​ការ​ណែ​នាំ​របស់​លោក​បូជាចារ្យ​ ហូវ៉ូលាំង​ លោក​បាន​រក​ឃើញព្រះជាម្ចាស់ឡើង​វិញ​នៅ ខែតុលា​ ឆ្នាំ១៨៨៦ ​និងបាន​ទទួល​​អគ្គសញ្ញា​លើក​លែង​ទោស។​ ពេលនោះ លោកមាន​អាយុ​ ២៨​ ឆ្នាំ។​ លោក​មាន​ប្រសាសន៍​ថា៖​ “នៅ​ពេល​ដែល​ខ្ញុំជឿលើ​ព្រះជាម្ចាស់​ភ្លាមៗនោះ ខ្ញុំយល់​ឃើញ​ថា ខ្ញុំ​មិន​អាច​ធ្វើ​អ្វី​ផ្សេង​ក្រៅ​ពីរួមរស់ ​រួម​ស្លាប់​ទាំង​ស្រុង​សម្រាប់​ព្រះអង្គតែមួយគត់នោះឡើយ” ។​ ពេលនោះ​ លោក​សម្រេច​ចិត្ត​ធ្វើ​បូជនីយចរនៅលើ​ទឹកដី​សន្យា ​លោក​រក​ឃើញ​នូវ​ការ​ត្រាស់​ហៅ​របស់​ព្រះជាម្ចាស់​ចំពោះ​លោក​ហើយ ៖​ គឺដើរតាម​ព្រះយេស៊ូ ​ដោយ​យក​តម្រាប់​ពី​របៀប​រស់​នៅ​របស់​ព្រះអង្គ​នៅ​ឯ​ភូមិ​ណាសារ៉ែត ។ ​មុនដំបូង ​លោក​បានចំណាយពេល ​អស់៧ឆ្នាំ ជា​បព្វជិត​​បេណេឌិកតូ​ ក្នុងវត្តអារាមនៅ​ប្រទេសបារាំង ​ក្រោយមកនៅប្រទេសស៊ីរី ។ ​បន្ទាប់មក​ លោក​ចាក​ចេញ​ទៅ​រស់​នៅជិត​វត្តអារាម​បព្វជិតា​ក្លារីស្ស​មួយ​ ក្នុង​ជីវភាព​ជា​ឥសី​ម្យ៉ាង​ ដោយ​ខិតខំ​អធិដ្ឋាន​ និង​នមស្ការ​ព្រះជាម្ចាស់ ។ ​កាល​លោក​មានអាយុ ​៤៣ ឆ្នាំ (១៩០១)​ លោក​ទទួល​អគ្គសញ្ញា​តែង​តាំង​ជា​បូជាចារ្យ​ ​ហើយ​លោក​ទៅ​រស់​នៅ​តំបន់​តាម៉ាន-រ៉ាស៊េត​ (Tamanrasset) ក្នុង​វាលរហោស្ថាន សាហារ៉ា​ (ប្រទេសអាល់ហ្សេរី) ក្នុង​ចំណោម​ជនជាតិ​ភាគតិច​ ទូអារេក្ក​ (Tuareg)​ ដែល​ធ្លាប់​ជា​អ្នក​កាន់​សាសនា​អ៊ីស្លាម ។ ​លោក​មាន​បំណង​ចង់​រស់​នៅ​ក្នុង​ចំណោម​ពួកគេ “ជាអ្នក​ដែល​ត្រូវ​គេ​មើល​ងាយ ​និងត្រូវគេបោះបង់ចោល ” ​ដើម្បី​ក្លាយទៅជា ​”បងប្អូន​ទូទៅ ” របស់​អ្នក​ទាំង​នោះ ។​ ដោយ​លោកចង់គោរពវប្បធម៌ និង​ជំនឿ​សាសនា​របស់​ពួកគេ​ លោក​ក៏​មាន​បំណង​ប្រាថ្នា​ “ចង់​ប្រកាស​ប្រាប់នូវព្រះបន្ទូលដំណឹងល្អរបស់​ព្រះគ្រីស្ត ក្នុង​ភាព​ស្ងៀមស្ងាត់​នៃ​ជីវិត​ប្រចាំ​ថ្ងៃ​របស់​លោក “​ លោកនិយាយថា​ “ខ្ញុំចង់ប្រព្រឹត្តអំពើល្អគ្រប់យ៉ាង​ ដើម្បី​ឲ្យ​គេ​ចាត់​ទុក​ថា បើ​ខ្ញុំ​ដែល​គ្រាន់​តែ​ជា​អ្នក​បម្រើ មាន​​ភាពដ៏សប្បុរសដល់កម្រឹតនេះទៅ​ហើយ ​តើ​ព្រះអង្គ​ដែល​ជា​ព្រះអម្ចាស់​របស់​លោក​ ទ្រង់​មាន​ព្រះហប្ញទ័យ​សប្បុរសដល់កម្រឹតណា​វិញដែរ ? » ។​ លោក​សម្រេច​ចិត្ត​និពន្ធ​ក្បួន​ច្បាប់​មួយ ក្នុង​គោលបំណងចង់​បង្កើត​ក្រុម​គ្រួសារ​បព្វជិត​បព្វជិតា​ជា​សហជីវិន​ ដែល​អាច​ចែក​រំលែក​នូវ​ឆន្ទៈ​របស់​លោក ។ ​លោក​មានប្រសាសន៍ថា៖​ “ជីវិត​តាម​បែប​អ្នក​ភូមិ​ណាសារ៉ែតនេះ​ ជា​ជីវិត​ដែល​មនុស្ស​ជា​ច្រើន​​អាចដើរតាម​បាន ” ។​ នៅពេល​ល្ងាច​ ថ្ងៃទី ១ ខែធ្នូ​ ឆ្នាំ ១៩១៦ មាន​ពួក​ចោរ​ប្លន់​ ឡោម​ព័ទ្ធ​​ខ្ទម​របស់លោក​ ហើយ​គេសម្លាប់លោក​ ពេល​នោះ​លោក​មានអាយុ ៥៨ ឆ្នាំ ។​ សព្វថ្ងៃនេះ ​ក្រុម​គ្រួសារសហជីវិន​របស់លោក​ ឆាល-ឌឺហ្វ៊ូកូរ​ ដែល​ចែក​រំលែក​នូវ​ឆន្ទៈ​របស់​លោក​ មានគ្នាច្រើន ជា​ស្ថាប័ន​សាសនា​ដែលធ្លាប់ប្រមូល​គ្រីស្តបរិស័ទ​ជា​ច្រើន​ប្រភេទ ទាំង​បព្វជិត​បព្វជិតា​ ទាំង​លោក​បូជាចារ្យ​ និងគ្រីស្តបរិស័ទគ្រហស្ថនោះ​ផងដែរ ។​ លោក​បាន​ទទួល​ឋានៈ​ជា​សន្តបុគ្គល​របស់​ព្រះសហគមន៍​ នៅថ្ងៃទី ១៥ ខែឧសភា ឆ្នាំ​ ២០២២​ ដោយ​មានសម្តេចប៉ាប ​ហ្វ្រង់ស៊ីស្កូ ​បាន​ប្រកាស​ជា​ផ្លូវការ ​និងជាសាធារណៈ​ដ៏ឱឡារិក​ ក្នុង​វិសាល​វិហារ​បាស៊ីលីកា​ សន្តសិលា​ នៅ​បុរី​វ៉ាទីកង់​ ទីក្រុងរ៉ូម ។​

Facebook
Twitter
LinkedIn