អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្យាការីអេសាយ ២៦,១-៦
នៅថ្ងៃនោះ អ្នកស្រុកយូដានឹងច្រៀងបទដូចតទៅ៖«យើងមានក្រុងមួយដ៏មាំមួន ព្រះអម្ចាស់បានដាក់កំពែង និងលើកដីទួលជុំវិញក្រុងនេះសម្រាប់ការពារយើង។ ចូរបើកទ្វារឡើង ឱ្យប្រជាជនដ៏សុចរិតដែលកាន់វិន័យដោយចិត្តស្មោះចូលផង។ បពិត្រព្រះអម្ចាស់ ! ព្រះអង្គប្រទានសេចក្តីសុខសាន្តត្រាណជានិច្ចនិរន្តរ៍ ព្រោះគេជឿសង្ឃឹមលើព្រះអង្គ។ ចូរជឿសង្ឃឹមលើព្រះអម្ចាស់ជានិច្ចចុះ ដ្បិតព្រះអម្ចាស់ប្រៀបបាននឹងថ្មដែលនៅស្ថិតស្ថេរអស់កល្បជាអង្វែងតរៀងទៅ។ ព្រះអង្គបានបន្ទាបមនុស្សមានចិត្តឆ្មើងឆ្មៃ ទ្រង់ក៏រំលំបន្ទាយនៅទីខ្ពស់ឱ្យធ្លាក់ដល់ដី ហើយកប់ក្នុងធូលីដីទៀតផង។ អ្នកតូចតាច និងអ្នកទន់ខ្សោយនឹងដើរជាន់លើក្រុងនេះ។
ទំនុកតម្កើងលេខ ១១៨,១.៨.១៩-២១.២៥-២៦ បទពាក្យ ៧
១. | សូមលើកតម្កើងព្រះអម្ចាស់ | ប្រសើរពេកណាស់ព្រះទ័យថ្លៃ |
សប្បុរសករុណាត្រាប្រណី | ស្ថិតស្ថេររាល់ថ្ងៃរហូតទៅ ។ | |
៨. | ខ្ញុំសង្ឃឹមជ្រកនិងពឹងពាក់ | មានជំនឿជាក់និងបំណង |
លើព្រះអម្ចាស់ពេកកន្លង | ជាងពឹងផ្អែកផងជនក្បាលខ្មៅ ។ | |
១៩. | ចូរនាំគ្នាបើកទ្វារឱ្យមនុស្ស | សុចរិតស្រីប្រុសមកប្រញាប់ |
ខ្ញុំនឹងចូលទៅឱ្យបានឆាប់ | នឹងថ្លែងរៀបរាប់អរគុណទ្រង់ ។ | |
២០. | ទ្វារនេះជាទ្វារព្រះអម្ចាស់ | សូមជនស្រីប្រុសដើរតម្រង់ |
អ្នកសុចរិតអើយកុំបង្អង់ | ទ្វារបើកបម្រុងនៅចាំអ្នក ។ | |
២១. | ខ្ញុំនឹងតម្កើងព្រះអម្ចាស់ | ដ្បិតព្រះអង្គត្រាស់ហៅដោយច្បាស់ជាក់ |
តបឆ្លើយមកខ្ញុំពាក្យរាក់ទាក់ | ថែមទាំងថ្នមថ្នាក់ខ្ញុំជិតដល់ ។ | |
២៥. | ឱ! ព្រះអម្ចាស់សូមសង្គ្រោះ | ឱ្យខ្ញុំល្បីឈ្មោះមានសម្រស់ |
មានជោគមានជ័យខ្លាំងឥតខ្ចោះ | យើងនឹកអាឡោះអាល័យណាស់ ។ | |
២៦. | យើងសូមតម្កើងលើកព្រះអង្គ | ដែលយាងមកក្នុងនាមព្រះម្ចាស់ |
យើងដែលស្ថិតក្នុងដំណាក់ព្រះ | សូមពរតេជះល្អប្រពៃ ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម អស ៥៥,៦
អាលេលូយ៉ា! អាលេលូយ៉ា!
យើងនាំគ្នាស្វែងរកព្រះម្ចាស់នៅពេលព្រះអង្បណ្តោយឱ្យរកឃើញបាន យើងនាំគ្នាអង្វរព្រះអង្គ នៅពេលព្រះអង្គគង់នៅជិតយើង!។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្ដម៉ាថាយ មថ ៧,២១.២៤-២៧
នៅគ្រានោះ ក្រុមសាវ័កជួបជុំជាមួយព្រះយេស៊ូនៅលើភ្នំ ជុំវិញព្រះយេស៊ូ។ ព្រះអង្គមានព្រះបន្ទូលទៅកាន់ពួកគេថា៖ «អ្នកដែលចូលទៅក្នុងព្រះរាជ្យនៃស្ថានបរមសុខ មិនមែនអ្នកដែលគ្រាន់តែហៅខ្ញុំថា “ព្រះអម្ចាស់! ព្រះអម្ចាស់!”ប៉ុណ្ណោះទេ គឺអ្នកដែលធ្វើតាមព្រះហឫទ័យរបស់ព្រះបិតាខ្ញុំដែលគង់នៅស្ថានបរមសុខនោះវិញ។
អ្នកណាស្តាប់ពាក្យខ្ញុំនេះ ហើយប្រព្រឹត្តតាម អ្នកនោះប្រៀបបានទៅនឹងមនុស្សមានប្រាជ្ញាម្នាក់ដែលបានសង់ផ្ទះរបស់ខ្លួននៅលើផ្ទាំងថ្ម។ ទោះបីភ្លៀងបង្អុរចុះមក ហើយមានទឹកជន់ មានខ្យល់បក់បោកប៉ះនឹងផ្ទះនោះយ៉ាងណាក៏ដោយ ក៏ផ្ទះនោះមិនរលំដែរ ព្រោះមានគ្រឹះនៅលើផ្ទាំងថ្ម។ រីឯអ្នកដែលស្តាប់ពាក្យខ្ញុំនេះ តែមិនប្រព្រឹត្តតាម ប្រៀបបានទៅនឹងមនុស្សឥតប្រាជ្ញាម្នាក់ ដែលបានសង់ផ្ទះរបស់ខ្លួននៅលើដីខ្សាច់។ ពេលភ្លៀងបង្អុរចុះមក ហើយមានទឹកជន់ មានខ្យល់បក់បោកប៉ះនឹងថ្មនោះ ផ្ទះនោះរលំបាក់បែកខ្ទេចអស់គ្មានសល់»។