ព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាម មាន​អភិបាល​ជា​ជាតិ​ខ្មែរ​ដំបូង

ព្រះសហគមន៍កាតូលិកភូមិភាគ​កំពង់ចាម​មាន​អំណរ​សប្បាយ​ដោយ​មាន​លោកបូជាចារ្យ​​ជាតិ​ខ្មែរ​បានក្លាយ​​ជា​អភិបាល​គ្រប់គ្រង​ក្នុងនាម​សម្តេចប៉ាបសម្រាប់​ភូមិភាគនេះ គឺ​លោក​សិលា សួន ហង្សលី​។​

គ្រីស្ត​បរិស័ទ​មក​ពី​គ្រប់​ទីកន្លែង​ក្នុង​ប្រទេស​កម្ពុជា​បាន​ជួប​ជុំ​គ្នា​ជាង​១០០០នាក់ ដើម្បី​ចូលរួមក្នុង​ពិធី​ប្រគល់​មុខ​ងារ​ជា​ផ្លូវការ​ជូន​លោក​សិលា សួន ហង្សលី ជា​អភិបាល​ព្រះសហគមន៍កាតូលិក​ភូមិភាគ​កំពង់ចាម ក្រោម​អធិបតីភាព​របស់​លោកអគ្គ​រាជទូត ប៉ូល​ ធិឆាង​ អ៊ិណាម លោក​កាឌីណាល់ លូវីស ម៉ារីលីង រួម​និង​អភិបាល និង​បូជាចារ្យ​ជិត​១០០អង្គ កាលពីថ្ងៃទី​១ ខែ​តុលា ឆ្នាំ​២០២២ នៅ​ព្រះសហគមន៍​កាតូលិក​កំពង់ចាម​ក្រុង ក្នុងខេត្ត​កំពង់ចាម។

លោកអគ្គរាជទូត ប៉ូល ធិឆាង អ៊ិណាម ប្រចាំ​ប្រទេស​កម្ពុជា ថៃ​និង​ឡាវ បាន​សួរ​ពី​បំណង​របស់​សាម៉ី​ខ្លួន​ ដែល​នឹង​បន្ត​មុខ​ងារ​​ជា​គង្វាល​សម្រាប់​ព្រះសហគមន៍​នៅ​ក្នុងភូមិភាគកំពង់ចាម​ ដោយ​មាន​ជំនឿ សេចក្តីស្រឡាញ់ ចិត្តស្មោះត្រង់ និងសុខចិត្តស្តាប់​បង្គាប់របស់​សន្ត​អាសនៈ និងសម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ។

លោក​សង្កត់​ធ្ងន់​ទៀតថា ក្នុងមុខងា​រជា​អភិបាល​នេះ គឺ​ជម្រុញ​ឲ្យ​មាន​កិច្ច​ប្រតិបត្តិការ និង​សហគ្នា ដែល​​ណែនាំឲ្យ​អស់លោកបូជាចារ្យ​នៅ​ក្រោម​បង្គាប់​ ឆ្ពោះទៅកាន់មាគ៌ានៃការសង្គ្រោះ និងជំរុញឲ្យលោកអធិដ្ឋាន ដើម្បីជាប្រយោជន៍ដល់ប្រជារាស្រ្តទាំងមូលរបស់ព្រះជាម្ចាស់ និងដល់អស់អ្នកដែលលោកនឹងជួប។

លោក​សិលា សួន​ ហង្សលី បាន​ឆ្លើយ​​តប​វិញ​ថា «បាទ !​ ខ្ញុំយល់ឃើញដូច្នេះហើយ»។

បន្ទាប់​មក​លោក​អគ្គរាជទូត​ ក្នុងនាម​សម្តេចប៉ាប បាន​បំពាក់​ចិញ្ចៀន មួក និង​ខ្សែក​ជូន​លោក​អភិបាល​ថ្មី ហើយ​ប្រកាស​ជា​ផ្លូវការ​ លោកជា​អភិបាល​ព្រះសហគមន៍កាតូលិក​សម្រាប់​ភូមិភាគកំពង់ចាម។

ក្រសួង​ប្រកាស​ដំណឹងល្អ​ដល់​ប្រជាជាតិ​ទាំង​ឡាយ​ក្នុងនាមសម្តេចប៉ាប​ហ្វ្រង់ស៊ីស្កូ បាន​ចេញ​រាជក្រឹត្យ​ជ្រើស​តាំង​លោក​សិលា សួន ហង្សលី ជា​អភិបាល​​ព្រះសហគមន៍ភូមិភាគកំពង់ចាម កាលពីថ្ងៃទី​១៥ ខែ​កក្កដា ឆ្នាំ​២០២២ បន្ត​មុខ​ងារ​ពី​លោក​​អន់​តូនីសាមី ស៊ូសៃរាជ្យ​ដែល​ត្រូវ​ចូលនិវត្តន៍។

ក្នុងរយៈ​ពេល​ជិត៣​ឆ្នាំ​ កន្លង​មក​ លោក​ប្រ៊ុយ​ណូ កូសម៍​បាន​មើល​ការ​ខុស​ត្រូវ​ភូមិភាគ​កំពង់ចាម​បណ្តោះ​អាសន្ន​ក្នុងមុខ​ងារ​ជា​Administrator of Apostolic Prefect of Kampong Cham។

«ថ្ងៃនេះខ្ញុំមានចិត្តរំភើបយ៉ាងខ្លាំង នៅក្នុងពិធីប្រគល់មុខងារ​ខណៈពេលប្រកាស​លិខិត​តែងតាំង របស់សម្តេចប៉ាបហ្វ្រង់ស៊ីស្កូ ដែលបានជ្រើសតាំងខ្ញុំ​ដែល​ជាបូជាចារ្យ ជាអភិបាលក្នុងព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាម។» នេះ​ជា​ការ​បញ្ជាក់​របស់​លោក​សិលា សួន ហង្សលី ក្នុងថ្ងៃ​បុណ្យទទួល​មុខងារ។

លោក​បន្ថែម​ថា លោក​គិតថា នេះគឺជាការអស្ចារ្យមួយដែលព្រះជាម្ចាស់​បានធ្វើនៅក្នុងជីវិតរបស់លោក ទោះបីលោក​ជាមនុស្សទន់ខ្សោយ។ 

«ដោយសារការអស្ចារ្យនេះខ្ញុំសង្ឃឹមថា ព្រះជាម្ចាស់ និងប្រទានកម្លាំងកាយកម្លាំងចិត្ត និងដោយអំណោយទាន​នៃព្រះវិញ្ញាណដ៏ពិវិសុទ្ធ ខ្ញុំជឿថាព្រះវិញ្ញាណដ៏វិសុទ្ធ​នឹងជួយពង្រឹង​ជំនឿនិងសេចក្ដីក្លាហានដល់ខ្ញុំ ដើម្បីឲ្យខ្ញុំទៅមុខ ក្នុងការណែនាំភូមិភាគកំពង់ចាម។» លោក​អភិបាល​ថ្មី​បញ្ជាក់។

ព្រះសហគមន៍នៅ​ក្នុងប្រទេស​កម្ពុជា​ ត្រូវ​បាន​បែង​ចែក​ជា​៣​ភូមិភាគ ដោយ​សន្ត​អាសនៈក្នុង​ឆ្នាំ ១៩៦៩ ដែលមាន​ភ្នំពេញ បាត់ដំបង និង​កំពង់ចាម។ ​ភូមិភាគ​កំពង់ចាម​ គ្រប់ដណ្តប់​ខេត្ត​ចំនួន​៨ គឺ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង ស្ទឹងត្រែង ក្រចេះ រតនគិរី និង​មណ្ឌល​គិរី។

លោកអភិបាល​​សិលា សួន ហង្សលី ប្រសូត​នៅ​ក្នុង​គ្រួសារ​គ្រីស្ត​បរិស័ទ នា​ថ្ងៃទី​១៥ ខែមេសា ឆ្នាំ​១៩៧១ ក្នុងភូមិ​តាស្គរ​ ឃុំ​សារិកាកែវ ស្រុក​ល្វាឯម ខេត្តកណ្តាល ដែល​នៅ​តំបន់​នោះ​មាន​ព្រះសហគមន៍កាតូលិកមាត់ក្រសាស់ ជា​ទីកន្លែង​កំណើត​របស់​​អតីត​អភិបាល​ព្រះសហគមន៍កាតូលិក​ភូមិភាគ​ភ្នំពេញ លោកយ៉ូសែប ​ឆ្មារ​ សាឡាស់។​

ក្នុង​វ័យ​កុមារ​ភាព​លោក​រស់​នៅក្នុង​របប​ខ្មែរ​ក្រហម និង​ត្រូវ​បាន​ភៀស​ខ្លួន​ទៅ​ជំរំជំរំ​ជន​ភៀស​ខ្លួន​ខ្មែរថៃ ខណៈ​ដែល​ប្រទេស​កម្ពុជា​ស្ថិត​នៅ​ក្នុង​សង្គ្រាម​ស៊ីវិល។​ លោកចាប់​ផ្តើមឈ្វេង​យល់​​ជីវិត​នៃ​ការ​ត្រាស់ហៅ នៅ​ជំរំ ក្នុងឆ្នាំ១៩៩១ ហើយ​ក្នុងឆ្នាំ​១៩៩២ លោក​បាន​សុំ​ចូល​ទេវវិទ្យាល័យ​នៅ​ក្នុងប្រទេស​កម្ពុជា។ លោក​​ត្រូវ​បាន​តែង​តាំង​ជា​បូជាចារ្យ​កាតូលិក​នាថ្ងៃទី​៩ ខែ​ធ្នូ ឆ្នាំ​២០០១ ជា​បូជាចារ្យ​សម្រាប់​ភូមិភាគ​ភ្នំពេញ។

ក្រោយ​មក​លោកអភិបាល​អេមីល ដេតម្ប អភិបាល​នៃ​ព្រះសហគមន៍កាតូលិក​ភូមិភាគភ្នំពេញ ​បាន​ចាត់លោក​​ឲ្យ​ទៅ​បម្រើ​ការងារ​នៅ​តំបន់​កំពត​-កែប ជាមួយ​លោក​អូលីវីយ៉េ ជ្មីតហស្លេ ដែល​ជា​បូជាចារ្យ​ក្នុងឆ្នាំ​នោះ។​

លោកអភិបាល​អូលីវីយ៉េ ជ្មីតហស្លេ អភិបាល​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ មាន​ប្រសាសន៍​​ក្នុងបទ​សំភាសន៍​នៅ​ថ្ងៃដដែល​ថា កិច្ចការងារ​របស់​លោក​ហង្សលី ដែល​បាន​បំពេញ នៅ​ក្នុងភូមិភាគ​​ក្នុង​នាម​ជា​បូជាចារ្យភូមិភាគ ជា​អ្នក​ទទួល​ខុស​ត្រូវ​មណ្ឌល​សកម្មភាព ជា​តំណាង​ពេញសិទ្ធិ​របស់​លោក​ផ្ទាល់ និង​ជា​នាយក​ទេវវិទ្យាល័យ​សន្ត​យ៉ូហាន ម៉ារី​ វីយ៉ាណែរ «អាចនិយាយបានថា ភូមិភាគភ្នំពេញ គឺជាសាលារៀនមួយសម្រាប់​លោកលី ដែលអាចឲ្យគាត់ចូលទៅក្នុងជីវិតថ្មី គឺចាប់ផ្ដើមនៅថ្ងៃនេះ ជាអភិបាលភូមិភាគកំពង់ចាម។»

លោក​អភិបាល​អូលីវីយ៉េ បន្ថែម​ថា​ យើងមើលឃើញមានអំណោយទានពិសេស​របស់ព្រះជាម្ចាស់សម្រាប់ព្រះសហគមន៍​នៅប្រទេសកម្ពុជា គឺនៅថ្ងៃនេះយើងមានកូនខ្មែរ ដែលទទួលខុសត្រូវនៅព្រះសហគមន៍ភូមិភាគ​កំពង់ចាម និង​ជា​ពេលវេលា​រួមគ្នាធ្វើដំណើរ នៅក្នុងព្រះសហគមន៍កាតូលិកក្នុងប្រទេសកម្ពុជានិងនៅក្នុងប្រទេសឡាវដើម្បីប្រកាសដំណឹងល្អ។

លោក​ស្រី​គឹម ទូច អាយុ​៧៨​ឆ្នាំ ជា​ម្តាយ​មីង​របស់​លោក​អភិបាល​ហង្សលី មាន​ប្រសាសន៍​ថា «ត្រេកអរខ្លាំងណាស់ ដែលលោកបានឡើង ជាអភិបាល។» 

លោកស្រីប្រាប់​ទៀតថា គាត់​គ្មានអ្វីជូនលោកអភិបាលហង្សលីនោះទេ ប៉ុន្តែលោកស្រីសង្ឃឹមថា វត្តមានរបស់លោកស្រីនឹងជួយ​លើកទឹកចិត្តដល់លោក​អភិបាល​ថ្មី​ «ឲ្យគាត់បន្តបេសកកម្មនេះរហូតទៅ  កុំងាកក្រោយ កុំអាឡោះអាល័យអ្វីទៀត។»

លោក​បូជាចារ្យ វ៉ាំង​សង់ សេន័យឆាល់ ជា​ប្រធាន​សាសនទូត​ក្រៅប្រទេស​ពី​ទីក្រុង​ប៉ារីស ប្រទេស​បារាំង (MEP) និងជា​បូជចារ្យ​ដែល​ធ្លាប់​បម្រើ​ការងារ​នៅ​ក្នុងប្រទេស​កម្ពុជា​មាន​ប្រសាសន៍​ថា ក្រុម​អ្នក​បួស​របស់​លោក​នៅ​តែ​បន្ត​ជួយ​គាំ​ទ្រ​ដល់​ភូមិភាគ​កំពង់ចាម និង​ព្រះសហគមន៍នៅ​កម្ពុជា​ ដោយ​ចាត់​បូជាចារ្យ​​ឲ្យ​មក​បម្រើ​ការងារ និង​ជួយ​ឧត្ថម្ភ​ជា​ថវិកា និង​ជំនាញ​សិក្សា​នានា​សម្រាប់​អ្នក​បួស និង​គ្រីស្ត​បរិស័ទ​មួយចំនួន​។

លោក​បញ្ជាក់ថា ក្រុម​គ្រួសារ​MEP បាន​មក​ដល់​ទឹក​ដី​កម្ពុជា​ក្នុង​ឆ្នាំ​១៦៥៨ ហើយទិសដៅ​សំខាន់​របស់​ក្រុម​នេះ គឺ​ចូល​រួម​ជាមួយ​​ព្រះសហគមន៍ក្នុង​ស្រុក បង្កើត​និង​ធ្វើ​ឲ្យព្រះសហគមន៍​ក្នុង​ស្រុក​​រីកចម្រើន។  

លោក​ប្រធាន​MEP រូប​នេះ បន្ត​ថា នេះគឺជាលើកទីមួយដែលមានលោកអភិបាលខ្មែរក្នុងភូមិភាគកំពង់ចាម នៅក្នុងភូមិភាគភ្នំពេញធ្លាប់មានលោកឆ្មារសាឡាស់ និងបាត់ដំបងធ្លាប់មានលោកទេព​អ៊ឹម។ «ថ្ងៃនេះគឺមានលោកខ្មែរទីបី គឺលោកសួនហង្សលីដែលទទួលខុសត្រូវក្នុងភូមិភាគកំពង់ចាម។ ខ្ញុំរំភើបចិត្តណាស់។»

លោក​សិលា សួន ហង្សលី ជា​អភិបាល​ជាតិ​ខ្មែរ​ទី​៣ និងជា​អភិបាល​ជាតិ​ខ្មែរ​ដំបូង​សម្រាប់​ភូមិភាគកំពង់ចាម។ ក្នុង​ឆ្នាំ​១៩៧៥-១៩៧៧ ព្រះសហគមន៍​នៅ​កម្ពុជា​មាន​លោកអភិបាល​ជាតិ​ខ្មែរ​ដំបូង​គឺ លោក​យ៉ូសែប ឆ្មារ សាឡាស់ ជា​អភិបាល​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ និង​​ទី​២ គឺលោក​​ប៉ូល​ ទេពអ៊ឹម សុត្ថា ជាអភិបាល​ព្រះសហគមន៍កាតូលិក​ភូមិភាគ​បាត់ដំបង។

«ខ្ញុំផ្ទាល់ខ្ញុំរំភើបណាស់ ដែលលោកលីគឺជាអភិបាលព្រះសហគមន៍យើង នៅក្នុងភូមិភាគកំពង់ចាម។» នេះជា​ប្រសាសន៍​លោក​អេនរីគេ ហ្វីការេដូ អភិបាល​ព្រះសហគមន៍​កាតូលិកភូមិភាគបាត់ដំបង។

លោក​បន្ថែមថា លោក​អភិបាល​ហង្សលី មាន​បីចំណុចដែលជាសារៈសំខាន់ គឺ​លោកខ្មែរ លោក​មាន​ចំណេះដឹងនិងរបៀបច្រើនដែលនាំឲ្យយើងមានរីកចម្រើនច្រើន និង​តាម​រយៈ​​អំណោយទានដែល​គាត់មាន នឹងនាំឲ្យព្រះសហគមន៍នៅក្នុងស្រុកខ្មែរ សេចក្ដីសង្ឃឹមនិងអំណរសប្បាយដែល​មក​ពី​ព្រះជាម្ចាស់ គឺជាកម្លាំងរបស់យើង។

អ្នកស្រី​អ៊ឹម រដ្ឋា មក ពីព្រះសហគមន៍​បុស្សខ្នុរ ក្នុង​ភូមិភាគកំពង់ចាម​ ឲ្យដឹងថា «ខ្ញុំសង្ឃឹមថា គាត់ដឹកនាំយើងល្អជាងបូជាចារ្យបរទេស ដោយសារគាត់ជាជនជាតិខ្មែរ បើ​គាត់និយាយ​យើងស្រួលស្តាប់ ពីព្រោះយើងនៅតាមស្រុក ហើយណាមួយយើងជាជនជាតិខ្មែរដូចគ្នា គាត់នឹងយល់ពីយើងបានច្រើន។»

អ្នកស្រី​ថា គាត់នឹង​អធិដ្ឋាន​ សូមព្រះជាម្ចាស់ប្រទានពរដល់លោកអភិបាល​ថ្មី​ឲ្យមានកម្លាំង ដឹកនាំ​ឲ្យមានគ្រីស្ត​បរិស័ទ​មាន​ជំនឿជឿលើព្រះជាម្ចាស់កាន់តែច្រើនឡើង។

លោក​អភិបាល​ហង្សលី បាន​ឲ្យ​ដឹងទៀតថា «ពិតមែននៅក្នុងភូមិភាគកំពង់ចាមនេះមានគ្រីស្តបរិស័ទតិចតួច ជាងភូមិភាគដទៃទៀត  ប៉ុន្តែខ្ញុំជឿថាបេសកកម្មនឹងវត្តមានរបស់ខ្ញុំក្នុងនាមជាអភិបាលនៃភូមិភាគនេះ គឺមានសារៈសំខាន់។»

លោក​អភិបាល​ថ្មី បញ្ជាក់ថា ចំណុច​សំខាន់​ដំបូង ដែល​លោក​នឹង​ត្រូវ​ធ្វើ​គឺឈ្វេងយល់​អំពី​ព្រះសហគមន៍​នៅ​ក្នុង​តំបន់​នីមួយៗ ទាំង​បុគ្គលិក គណៈកម្មការ និង​សហការ​ជាមួ​យលោក​បូជាចារ្យ​ និង​អតីត​អភិបាល​ព្រះសហគមន៍នេះ ​​ពិនិត្យមើលអំពី​ចំណុចខ្វះខាតដែលគួរកែលម្អ ដើម្បី​​ធ្វើដំណើរ​ទៅខាងមុខ​ក្នុងការប្រកាសដំណឹងល្អឲ្យបានរីកចម្រើន។

លោក​អភិបាល​ហង្សលី​បញ្ជាក់​ទៀតថា កត្តាសំខាន់មួយទៀតគឺយើងត្រូវមានសេចក្ដីស្រឡាញ់នៅក្នុងព្រះសហគមន៍ រវាងលោកអភិបាលនិងគ្រីស្តបរិស័ទ លោកអភិបាលនិងព្រះសហគមន៍ ព្រមទាំងគណៈកម្មការបុគ្គលិកបព្វជិតបព្វជិតាទាំងអស់ ដើម្បីធ្វើជាសាក្សីអំពីជំនឿ ដែល​មក​​ពីព្រះយេស៊ូ។  

«នៅពេលណាដែលយើងរស់នៅជាក្រុមមួយដែលមានលក្ខណៈល្អប្រសើរជាមួយគ្នា ដូច្នេះការប្រកាសដំណឹងល្អ នឹងមានប្រសិទ្ធភាព ដែលនេះគឺជាផលផ្លែ នៃព្រះវិញ្ញាណដ៏វិសុទ្ធ។» លោក​អភិបាល​ហង្សលី​បន្ថែម។

ព្រះសហគមន៍នៅ​ក្នុងប្រទេស​កម្ពុជា​មាន​គ្រីស្ត​បរិស័ទ​ប្រមាណ​២ម៉ឺននាក់ ក្នុង​ចំណោម​ប្រជាជន​ជិត​១៦​លាននាក់ ដែល​ជា​ពុទ្ធ​បរិស័ទចំនួន​៩៥%៕

ដោយ កែវ កញ្ញា

Facebook
Twitter
LinkedIn