ដូនជី​ម៊ែកស៊ី៖បម្រើ​អ្នកក្រីក្រនឹងផ្តល់ឱ្យអ្នកនូវអំណរសប្បាយ

«សូមក្លាយជាបេសកជននៃសន្តវ៉ាំង​សង់​ដឺប៉ូលដ៏ពិតប្រាកដ ជាបេសកជននៃប្រទេសរបស់អ្នក។» នេះជា​សម្តី​​ចុង​ក្រោយ​របស់​ដូនជី ម៊ែកស៊ី ឌីសូ ជា​សមាជិក​នៃ​ក្រុម​បុត្រី​មេត្តាករុណា​ (Daughter of Charity) មុន​ថ្ងៃ​លាចេញពី​កម្ពុជា បន្ទាប់​ពី​បេសកកម្ម​បានជាង​២០ឆ្នាំកន្លងទៅ។

និយាយដោយទឹកមុខ​ស្រស់ស្រាយ​ទទួល​ភ្ញៀវ និង​មនុស្ស​ជាច្រើន​ដែល​មក​ចូលរួម​ពិធី​ជម្រាប​លា​របស់​គាត់​ ដូនជីរូប​នេះ បាន​ពោល​ទៀតថា «សាសនទូត​​បរទេស នឹង​ចេញ​ពីប្រទេស​កម្ពុជា​ទៅប្រទេស​វិញ​នៅថ្ងៃ​ណាមួយ ដូចខ្ញុំនាពេលនេះ។»

ដូនជីរូប​នេះ​ បាន​លើទឹកចិត្ត​​ ជា​ពិសេស​យុវជន​នៃ​សន្ត​វ៉ាំង​សង់​ដឺប៉ូល​ទាំង​អស់​ឲ្យ​ចូលរួម​សកម្ម​ភាព​បម្រើ​ប្រជាជន​ ជាពិសេស​អ្នក​ក្រីក្រ​ ដើម្បីទទួល​ព្រះពរ​ពីព្រះជាម្ចាស់។

«ប្រសិនបើអ្នកមានពេលវេលា កុំខ្លាចនឹងបម្រើអ្នកក្រីក្រ នោះអ្នកក្រីក្រនឹងផ្តល់ឱ្យអ្នកនូវអំណរសប្បាយ ហើយនាំអ្នកទៅជួបព្រះជាម្ចាស់ ដូចអ្វីដែលខ្ញុំបាននិយាយ ១០ដងដែលអ្នកសួរសុខទុក្ខអ្នកក្រីក្រ ស្មើនឹង១០ដង​ដែលអ្នកជួបព្រះជាម្ចាស់។» ដូនជី​ម៊ែកស៊ី​រំលឹក។

ដូនជីម៊ែកស៊ី មក​ពីប្រទេស​ហ្វីលីពីន បាន​មក​ដល់​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ១៩៩៩។ ដូនជីកាតូលិក​រូបនេះ ធ្វើកិច្ច​ការ​ជាច្រើន​ផ្តោត​សំខាន់​លើការ​សិក្សា​អប់រំ​កុមារ​និង​យុវជន។

«ខ្ញុំមានសកម្មភាពជាមួយក្មេងជាច្រើន ហើយពេលនេះពួកគេធំៗហើយ ខ្លះទៀតបានចូលរៀនថ្នាក់មហាវិទ្យាល័យផងដែរ។ ខ្ញុំឃើញថា ពួកគេមានគំនិតថ្នៃប្រឌិតជាច្រើន ក្នុងការបម្រើអ្នកក្រីក្រ។» ដូនជី​ម៊ែកស៊ីបញ្ជាក់។

ក្រៅពី​កម្មវិធី​សិក្សាអប់រំ ដូនជី​រូប​នេះ បាន​បង្កើត​សកម្មភាព​កីឡា​ជាមួយ​យុវជន និង​កុមារ។ គាត់​បាន​បញ្ជាក់ថា «តាមរយៈសកម្មភាពកីឡានេះ នាំឱ្យមានក្មេងៗជាច្រើនទទួលការអប់រំជំនឿ ហើយក្លាយជាគ្រីស្តបរិស័ទ។»

មានប្រសាសន៍​​ដោយ​ទឹកមុខ​ស្រងូត រំលឹកអំពី​គ្រាដំបូង​ដែលមក​ដល់​ទឹកដី​កម្ពុជា ដូនជី​ដែល​មាន​វ័យ ៧៩​ឆ្នាំ​រូប​នេះ បាន​ឲ្យដឹងថា គាត់បានឃើញក្មេងៗជាច្រើន​ដែលធំល្មម តែមិនទាន់បានចូលរៀននៅឡើយ ដោយសារតែប្រទេសកម្ពុជាទើបតែបញ្ចប់សង្គ្រាម។ គំនិត​ចង់​ជួយ​កុមារ​និង​យុវជន​ទាំងនោះ​បាន​ដក់​ជាប់​ក្នុង​ចិត្ត​របស់​គាត់រហូត  «តើខ្ញុំអាចធ្វើអ្វីបានសម្រាប់ក្មេងៗទាំងនេះ?»។

ក្រោយ​មក​ដូនជីម៊ែកស៊ី បាន​​រៀបចំកម្មវិធីសេវាសង្គមមួយចំនួន ដូចជាកម្មវិធីសាលាមេត្តយ្យនៅ​តាម​ព្រះសហគមន៍ មានដូចជា​ ក្រុងបាត់ដំបង តាហែន និងទំពូង ដែល​​សាលាទាំងនោះនៅតែបន្តសកម្មភាព​មក​ដល់​បច្ចុប្បន្ននេះ។ 

សកម្មភាព​មេត្តាករុណា​មួយទៀត​បាន​កើត​ឡើង​ ស្រប​ពេល​ដែល​ប្រជាជន​កម្ពុជា​ត្រូវ​ការ​ការលើក​ទឹកចិត្ត​និង​​សម្រួល​ជីវភាព​បន្តិច​បន្តួច ដូនជីវ័យ​ចំណាស់​រូប​នេះ​បាន​បង្កើត​ឲ្យ​មាន​ក្រុម​យុវជន​សន្ត​វ៉ាំងសង់​ដឺប៉ូល​ ក្នុង​ឆ្នាំ​២០០៤ ហើយ​បានបង្កើត​ជា​ច្រើន​កន្លែង​តាម​ព្រះសហគមន៍​នីមួយៗ​ក្នុងប្រទេស​កម្ពុជា។

​«ខ្ញុំបានបង្កើតសមាគម​សន្តវ៉ាំង​សង់​ដឺប៉ូល​ដំបូងនៅខេត្តបាត់ដំបង ហើយនៅខេត្តប៉ៃលិនខ្ញុំបានបង្កើតក្នុងឆ្នាំ២០១១។» ដូនជី​ម៊ែកស៊ី​បញ្ជាក់។

ក្រុមសន្ត​វ៉ាំង​សង់​ដឺប៉ូល ជាដៃគូជាមួយក្រុមសង្គហៈរបស់ព្រះសហគមន៍។ នៅពេលដឹងថាមានកន្លែងណាមានអ្នកក្រីក្រ អ្វីដែលអាចជួយបាន គឺទៅសួរសុខទុក្ខ ចែកសម្ភារ​និង​គ្រឿង​ឧបភោគ​ជាដើម។ ភាគច្រើន ជារៀងរាល់ថ្ងៃអាទិត្យដូនជី​ទៅសួរសុខទុក្ខចាស់ជរានៅ​មន្ទីរពេទ្យ និងបង្រៀនភាសាអង់គ្លេសដល់​កុមារ​និង​យុវជន។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​ស្រី ស៊ុន សារិកា អាយុ ៤២ឆ្នាំ ជា​អតីតបុគ្គលដំបូងដែលបានធ្វើការងារជាមួយ​ដូនជី​ម៊ែកស៊ី។

លោក​ផាន បូរ៉ា ជា​សមាជិក​ក្រុម​ប្រឹក្សា​ភិបាល​នៃ​សមាគមសន្ត​វ៉ាំងសង់​ដឺប៉ូល​ បាន​ឲ្យ​ដឹងថា នៅពេលសមាគមចាប់ផ្តើមដំបូងក្នុងឆ្នាំ២០០៤ ដូនជី​តែងតែជំរុញលើកទឹកចិត្ត ដើម្បីឱ្យសមាគមមានសកម្មភាពរស់រវើក។

«បងស្រីបាននិយាយថា​ ប្រសិនបើយើងជាអ្នកដឹកនាំអង្គុយ នោះអ្នកដើរតាមនឹងដេកលក់ ប៉ុន្តែបើអ្នកដឹកនាំដើរទៅមុខ នោះអ្នកដើរនឹងរត់។» លោក​បូរ៉ា​បន្ថែម។

លោក​ឲ្យដឹងទៀតថា គាត់​ស្គាល់​ដូនជីរូបនេះ​តាំង​ពី​ឆ្នាំ​២០០៤ ហើយ​បានឃើញ​គាត់​ដើរសួរសុខទុក្ខគ្រប់ទីកន្លែង ពិសេសពេលមានវគ្គបណ្តុះបណ្តាលមួយចំនួនតាមផ្លូវវិញ្ញារបស់សន្តវ៉ាំង​សង់​ដឺប៉ូល។

លោក​បូរ៉ា​លើក​ឡើង​ទៀតថា «បងស្រីតែងតែនៅជាមួយ និងលើកទឹកចិត្តដល់ខ្ញុំ និងសមាជិកគ្រប់រូប។ នេះជាផ្នែកមួយដែលបងស្រីតែងតែជួយ​សមាគម​ មកដល់ពេលនេះជិត២០ឆ្នាំហើយ។ បងស្រីនៅតែស្រលាញ់បេសកម្មនេះ និងលើកទឹកចិត្តឱ្យយកចិត្តទុកដាក់បម្រើអ្នកក្រីក្រ។»

អ្នកស្រី ស៊ុន ​សារិកាឲ្យ​ដឹង​ដែរ​ថា «បងស្រីម៊ែកស៊ី ជាបងស្រីម្នាក់គួរឱ្យស្រលាញ់ ដោយសារគាត់ធ្វើការអត់ចេះថាហត់ទេ ឱ្យតែឃើញក្មេង និងយុវជន គាត់សប្បាយរីករាយតែម្តង។ គាត់អត់ធ្មត់ជាមួយក្មេងៗច្រើន គាត់ជួយក្មេងៗនៅបាត់ដំបងច្រើនមែនទែន។»

ស្ត្រី​ដែល​ជា​អតីត​បុគ្គលិក​រូប​នេះ​បាន​បន្ត​ថា ទោះ​ទៅ​ដល់​ទីណា អ្នក​ភូមិ​តែង​តែ​គោរព​ សរសើរ​ដល់​ដូន​ជី​ម៊ែក​ស៊ី ដែល​បាន​លះបង់​ជា​ច្រើន​ដើម្បី​យុវជន​និង​កុមារ​កម្ពុជា។ អ្នកស្រី​បន្ថែម​ថា ដូនជី​ក៏​បាន​​បង្រៀនបុគ្គលិកគាត់ជាច្រើនឱ្យចេះស្រលាញ់កុមារ ឱ្យចេះចែករំលែក ចេះមានភាពអត់ធ្មត់ ជាកុមារ​ទាំង​នោះ ដោយសា​រ​ពួកគាត់​ត្រូវការភាពកក់ក្តៅ។

បន្ទាប់​ពី​បេសកកម្ម​ជាង​២០​ឆ្នាំ​នៅ​កម្ពុជា ដូនជី​ម៊ែកស៊ី ឌីសូ បាន​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​ ដើម្បី​ទទួល​បេសកកម្ម​ថ្មី​បន្ត​ទៀត តាម​លទ្ធភាព​របស់​គាត់​។ គាត់​បាន​ចាកចេញពី​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២៕

ដោយ សុខ កែវរតនា

Facebook
Twitter
LinkedIn