ថ្ងៃ សុក្រ ទី២៦ ខែសីហា ឆ្នាំ ២០២២

សូមថ្លែងលិខិតទី១ របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូរិនថូស ១ករ ១,១៧-២៥

បងប្អូនជាទីស្រឡាញ់!
ព្រះគ្រីស្ដពុំបានចាត់ខ្ញុំឱ្យមកធើ្វពិធីជ្រមុជទឹកទេ គឺទ្រង់​ចាត់ខ្ញុំ​ឱ្យប្រកាសដំណឹងល្អវិញ។ ប៉ុន្ដែ ខ្ញុំប្រកាសដំណឹងល្អមិនមែនដោយប្រើពាក្យ​ពេចន៍តាមប្រាជ្ញាក្រែងធ្វើឱ្យការសោយទិវង្គតរបស់ព្រះគ្រីស្ដនៅលើឈើឆ្កាងទៅជា​អសារឥតការនោះឡើយ។​ អ្នកដែលត្រូវ​វិនាសអន្ដរាយ ចាត់ទុកដំណឹងអំពីព្រះគ្រីស្ដសោយទិវង្គតនៅលើឈើ​ឆ្កាងថាជារឿងលេលា រីឯយើងដែលកំពុងតែទទួការសង្រ្គោះវិញ យើងជឿថា ដំណឹង​នេះជាប្ញទ្ធានុភាព​របស់ព្រះជាម្ចាស់ ដ្បិតមានចែងទុកមកថា យើងនឹងរំលាយប្រាជ្ញារបស់ពួកអ្នកប្រាជ្ញ ហើយធើ្វឱ្យតម្រិះរបស់ពួកអ្នកចេះដឹងរលាយសាប​សូន្យដែរ។ ដូច្នេះ អ្នកប្រាជ្ញ ធម្មាចារ្យ​ និងអ្នករិះគិតវែកញែកតាមសម័យនេះធើ្វអ្វីកើត បើព្រះជា​ម្ចាស់បានធើ្វ​ឱ្យប្រាជ្ញារបស់លោកីយ៍នេះទៅជាលេលាវិញនោះ!។ ដោយប្រាជ្ញា​របស់ខ្លួន មនុស្សលោកពុំបានស្គាល់ព្រះជាម្ចាស់តាមអ្វីៗដែលព្រះប្រាជ្ញាញាណ​របស់ព្រះអង្គបាន​បង្កើតនោះទេ ហេតុនេះហើយបានជាព្រះជាម្ចាស់សព្វព្រះហប្ញទ័យសង្គ្រោះអស់អ្នកជឿ ដោយពាក្យប្រកាសដ៏លេលានោះ។ ជនជាតិយូដាសុំមើលទី​សម្គាល់ដ៏អស្ចារ្យ ឯជនជាតិ​ក្រិករកភស្ដុតាងតាមប្រាជ្ញា រីឯយើងវិញ យើងប្រកាសអំពី​ព្រះគ្រីស្ដដែលសោយទិវង្គតនៅលើ​ឈើឆ្កាង។ ជនជាតិយូដាយល់ឃើញថា ពាក្យ​ប្រកាសនេះរារំាងគេមិនឱ្យជឿ ហើយជនជាតិ​ដ៏ទៃយល់ឃើញថា ជារឿលេលា។ ចំពោះអស់អ្នកដែលព្រះជាម្ចាស់ត្រាស់ហៅវិញ ទំាងជនជាតិយូដា ទំាងជនជាតិក្រិក​ ពាក្យប្រកាសនេះជាព្រះគ្រីស្ដ ជាប្ញទ្ធានុភាព​ និងជាព្រះ​ប្រាជ្ញាញាណរបស់ព្រះជា​ម្ចាស់។ អ្វីៗដែលមនុស្សលោកយល់ថា ជាគំនិតលេលារបស់ព្រះជាម្ចាស់នោះ ប្រសើរ​លើសប្រាជ្ញារបស់មនុស្សទៅទៀត ហើយអ្វីៗដែលមនុស្សលោកយល់ថា ជាភាពទន់ខ្សោយរបស់ព្រះ​ជាម្ចាសនោះ ក៏ប្រសើរ​លើសកម្លំាងរបស់មនុស្សដែរ។

ទំនុកតម្កើងលេខ ៣៣ (៣២ ),១-២.៤-៥.១០-១១ បទព្រហ្មគីតិ

មនុស្សដែលសុចរិតអបអរពិតលើកតម្កើង
មានតែមនុស្សទៀងត្រង់ដែលចិត្តចង់កោតសរសើរ
ដេញពិណលើកតម្កើងព្រះនៃយើងគ្មានអ្វីស្មើ
លេងចាប៉ីបណ្ដើរដេញបង្ហើរខ្សែដប់ថ្វាយ
ដ្បិតព្រះជាអម្ចាស់បន្ទូលច្បាស់ពិតទៀងត្រង់
ព្រះអង្គតែងផ្ចិតផ្ចង់ហើយតម្រង់តាមសន្យា
ព្រះអង្គសព្វព្រះទ័យនឹងសេចក្ដីពិតសត្យា
សុចរិតគ្រប់ប្រការហើយរក្សាយុត្តិធម៌
ផែនដីទំាងមូលថ្លែងខំសម្ដែងដោយអំណរ
ពីហប្ញទ័យបវរករុណាល្អព្រះជាម្ចាស់
១០ទ្រង់បំបែកផែនការនៃប្រជាអសប្បុរស
គម្រោងការរបស់ជនទំាងនោះត្រូវរលាយ
១១ឯផែនការព្រះអង្គស្ថិតនៅគង់មិនអន្ដរាយ
គម្រោងការទំាឡាយមិនរលាយនៅស្ថិតស្ថេរ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម លក ២១,៣៦

អាលេលូយ៉ា! អាលេលូយ៉ា!
អ្នកដែលប្រុងស្មារតីអធិដ្ឋានគ្រប់ពេលវេលា ពិតជាមានសុភមង្គល! ដ្បិតគេអាចឈរនៅមុខបុត្រមនុស្ស។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ២៥,១-១៣

នៅគ្រានោះ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ក្រុមសាវ័ក អំពីពេលព្រះអង្គយាង​មក​វិញ។ ព្រះអង្គមានព្រះបន្ទូលជាប្រស្នាថា៖«ព្រះ​រាជ្យនៃស្ថានបរមសុខ បៀបបាន​ទៅនឹងស្រ្ដី​ក្រមុំដប់នាក់ដែលយកចង្កៀងចេញទៅទទួលស្វាមី។ ក្នុងចំណោមពួកនាង​មានប្រាំនាក់ជា​ស្រ្ដីឥតគំនិត ប្រាំនាក់ទៀតជាស្រី្ដឈ្លាសវៃ។ ស្រី្តឥតគំនិតយកចង្កៀង​ទៅ តែមិនយកប្រេងទៅបង្ការជាមួយទេ។ រីឯស្ដ្រីឈ្លាសវៃវិញ នាងបានយកចង្កៀងទៅ មានទំាងប្រេងបង្ការផង។ ដោយស្វាមីក្រមកដល់ នាងទំាងដប់នាក់ងោកងុយ​ពេក ក៏ដេកលក់ទំាងអស់គ្នា។ លុះដល់​ពាក់កណ្ដាលអាធ្រាត្រ មានគេស្រែឡើងថា​ ស្វាមីមកដល់ហើយ! ចូរនំាគ្នារត់ទៅទទួលលោក​!»។ ស្រ្ដីក្រមុំទំាងនោះក៏ក្រោកឡើង​​រៀបចំអុជចង្កៀង ស្រ្ដីឥតគំនិតនិយាយទៅកាន់ស្រ្ដីឈ្លាសវៃ​ថា “សុំចែកប្រេងឱ្យយើង​ខ្លះផង ព្រោះចង្កៀងយើងចង់រលត់ហើយ»។ ស្រ្ដីឈ្លាសវៃឆ្លើយទៅ​វិញថា៖«ទេ! មិន​បានទេ! បើយើងចែកឱ្យពួកនាង ក្រែងមិនគ្រាន់សម្រាប់យើងផង សម្រាប់ពួកនាង​ផង។ ចូរនំាគ្នា​ទៅទិញ​នៅផ្ទះលក់ប្រេងទៅ!»។ នៅពេលដែលស្រ្ដីឥតគំនិតទំាងប្រាំចេញទៅរកទិញប្រេងផុតទៅ ស្រាប់តែស្វាមី​មកដល់ ឯស្រី្ដប្រាំនាក់ដែលត្រៀមខ្លួនជាស្រេច នំាគ្នាចូលទៅក្នុងរោងការជាមួយលោក​ ហើយគេបិទទ្វារជិត។ ក្រោយមក ស្រ្ដីប្រាំនាក់ទៀតមកដល់ ហើយស្រែកហៅថា៖ «លោកម្ចាស់! លោកម្ចាស់! សូមបើកទ្វារឱ្យយើងខ្ញុំចូលផង!»។ ស្វាមីឆ្លើយទៅវិញ​ថា៖«ខ្ញុំសុំប្រាប់ឱ្យនាងទំាងអស់គ្នាដឹង​ច្បាស់ថា ខ្ញុំមិនស្គាល់ពួកនាងទេ!” ដូច្នេះ ចូរអ្នក​រាល់គ្នាប្រុងស្មារតី ដ្បិតអ្នករាល់គ្នាពុំដឹងថា ​បុត្រមនុស្សនឹងមកដល់ថ្ងៃណា ពេលណា​ឡើយ»។

Facebook
Twitter
LinkedIn