អត្ថបទទី ១
១ ព្រះអម្ចាស់នៃពិភពទាំងមូល
មានព្រះបន្ទូលថា៖
«យើងចាត់ទូតរបស់យើងអោយទៅមុន
ដើម្បីរៀបចំផ្លូវសំរាប់យើង។
រំពេចនោះព្រះអម្ចាស់ដែលអ្នករាល់គ្នាស្វែងរក
នឹងយាងចូលក្នុងព្រះវិហាររបស់ព្រះអង្គ។
រីឯទូតនៃសម្ពន្ធមេត្រី ដែលអ្នករាល់គ្នារង់ចាំ
កំពុងតែមកហើយ»។
២ ប៉ុន្តែ នៅថ្ងៃដែលព្រះអង្គយាងមកដល់
តើនរណាអាចទ្រាំបាន?
នៅពេលព្រះអង្គលេចមក
តើនរណាអាចឈរបាន?
ដ្បិតព្រះអង្គប្រៀបបាននឹងភ្លើងរបស់ជាងដែក
និងដូចសាប៊ូរបស់អ្នកបោកសម្លៀកបំពាក់។
៣ ព្រះអង្គនឹងគង់កាត់ក្ដី ដូចជាងទងអង្គុយ
រំលាយ និងបន្សុទ្ធសាច់ប្រាក់។
ព្រះអង្គនឹងជំរះកូនចៅលេវីអោយបានបរិសុទ្ធ
ព្រះអង្គនឹងបន្សុទ្ធពួកគេ
ដូចបន្សុទ្ធមាស និងប្រាក់។
ពួកគេនឹងនាំតង្វាយត្រឹមត្រូវតាមវិន័យ
មកថ្វាយព្រះអម្ចាស់ដោយចិត្តស្មោះត្រង់។
៤ ពេលនោះ ព្រះអម្ចាស់សព្វព្រះហឫទ័យទទួល
តង្វាយរបស់អ្នកស្រុកយូដា
និងអ្នកក្រុងយេរូសាឡឹម
ដូចកាលពីដើម នៅជំនាន់មុនៗ។
ទំនុកតម្កើងលេខ ២៥៖ ៤-៥, ៨-៩
៤. ឱព្រះអម្ចាស់ទូលបង្គំ សូមជួយណែនាំនិងបង្រៀន
អោយស្គាល់មាគ៌ាល្អថ្កើងថ្កាន វិសុទ្ធហួសស្មាននៃព្រះអង្គ ។
៥. សូមជួយអប់រំខ្ញុំអោយរស់ តាមក្តីពិតស្មោះព្រះអង្គផង
ដ្បិតទ្រង់សង្រ្គោះខ្ញុំឥតហ្មង សង្ឃឹមព្រះអង្គរៀងរាល់ថ្ងៃច័ន្ទ។
៨. ព្រះអម្ចាស់មានព្រះហប្ញទ័យ សប្បុរសពេកក្រៃករុណា
សូមជួយបង្ហាញពីមាគ៌ា មនុស្សបាបរាល់គ្នាបានស្គាល់ផង ។
៩. ព្រះអង្គនាំមនុស្សដែលមានចិត្ត សុភាពសុចរិតតាមគន្លង
មាគ៌ាត្រឹមត្រូវល្អផូរផង់ មិនអោយមានហ្មងស្គាល់ផ្លូវល្អ ។
អត្ថបទគម្ពីរដំណឹងល្អតាមសន្តលូកា ១៖ ៥៧-៦៦
កំណើតលោកយ៉ូហានបាទីស្ត
លុះនាងអេលីសាបិតគ្រប់ខែហើយ គាត់សំរាលបានកូនប្រុសមួយ។ អ្នកជិតខាងនិងញាតិសន្តាននាំគ្នាអបអរសាទរជាមួយគាត់ ព្រោះគេបានឮដំណឹងថា ព្រះអម្ចាស់សម្តែងព្រះហប្ញទ័យមេត្តាករុណាចំពោះគាត់យ៉ាងច្រើនអនេក។
ប្រាំបីថ្ងៃក្រោយមក គេធ្វើពិធីកាត់ស្បែក ឲ្យទារកនោះ ហើយចង់ដាក់ឈ្មោះថា”សាការី”ដូចឪពុកដែរ តែម្តាយប្រាប់ថា៖ «ទេ ត្រូវដាក់ឈ្មោះថា ”យ៉ូហាន” វិញ»។ ពួកគេតបថា៖ «ក្នុងញាតិសន្តានរបស់អ្នក គ្មាននរណាមានឈ្មោះហ្នឹងទេ»។ គេធ្វើសញ្ញាសួរទៅលោកសាការីថា ចង់ដាក់ឈ្មោះអ្វីឲ្យកូន។ លោកសាការីសុំឲ្យគេយកក្តារឆ្នួនមួយមក ហើយសរសេរថា «កូននេះឈ្មោះ យ៉ូហាន»។ ពួកគេងឿងឆ្ងល់គ្រប់គ្នា។ រំពេចនោះស្រាប់តែលោកនិយាយបានដូចដើមវិញ រួចលោកបន្លឺសំឡេងសរសើរព្រះជាម្ចាស់។ អ្នកជិតខាងកោតស្ញប់ស្ញែងគ្រប់ៗគ្នា ហើយព្រឹត្តិការណ៍នេះឮសុសសាយពេញតំបន់ភ្នំក្នុងស្រុកយូដា។ អស់អ្នកដែលបានឮក៏ចងចាំរឿងនេះទុកក្នុងចិត្ត ហើយដណ្តឹងសួរខ្លួនឯងថា៖ «តើថ្ងៃក្រោយ កូននេះនឹងទៅជាយ៉ាងណា?» ដ្បិតព្រះបារមីរបស់ព្រះអម្ចាស់តាមជួយថែរក្សាកូននេះ។