លោក​អភិបាល៖ ជីវិត​គ្រីស្ត​បរិស័ទ​​ផ្ទាល់ ជា​​ព្រះវិហារនិង​ទីសក្ការៈ​របស់​​ព្រះជាម្ចាស់

គ្រីស្តបរិស័ទ​មក​ពី​ទី​ជិត​ឆ្ងាយ​ក្នុងនិង​ក្រៅ​ប្រទេស​កម្ពុជា បាន​ជួប​ជុំ​គ្នា​ប្រមាណ​ជិត​១០០០នាក់ ដើម្បី​ធ្វើ​ពិធី​បុណ្យ​ឆ្លង​ព្រះវិហារ​សន្តប៉ូល ស្ថិត​នៅ​ក្នុង​ក្រុង​បាវិត​ ខេត្ត​ស្វាយ​រៀង កាលពីថ្ងៃទី​១៨ ខែ​មករា ឆ្នាំ​២០២០ ក្រោម​អធិបតីភាព​របស់​លោកអភិបាល​ប្រ៊ុយ​ណូ កូសម៍ ជា​អភិបា​ល​ព្រះសហគមន៍​កាតូលិក​ភូមិភាគកំពង់​ចាម​ ដោយ​មាន​ការ​ចូលរួម​ពី​លោក​បូជាចារ្យ​និង​អ្នក​បួស​ជាច្រើន​នាក់។

មុន​ពេល​ចាប់​ផ្តើម​កម្មវិធី​ថ្វាយ​អភិបូជា លោកអភិបាល​ បូជាចារ្យ និង​គ្រីស្ត​បរិស័ទ​បាន​ដង្ហែ​បីជុំ​ព្រះវិហារ។ បន្ទាប់​មក​លោកអភិបាល​ប្រ៊ុយ​ណូ បាន​ប្រគល់​សោរ​ព្រះវិហារ​ជូន​លោក​បូជាចារ្យ​ឡាយ​ ប៉ូល​ដែល​ជា​អ្នក​ទទួល​ខុស​ត្រូវ​ព្រះសហគមន៍នេះ ហើយ​លោក​បានអញ្ជើញ​ឲ្យ​គ្រីស្ត​បរិស័ទទាំង​អស់​ចូល​ក្នុង​វិហារ​ថ្មី និង​បន្ត​កម្មវិធី​អធិដ្ឋាន។

លោក​ប្រ៊ុយណូ កូសម៍​ជាអភិបាល​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​កំពង់​ចាមមាន​ប្រសាសន៍​ក្នុង​ធម្មទេសនា​ក្នុងថ្ងៃ​បើក​ព្រះវិហារ​ថ្មីនេះថា កាលពីដើម ព្រះវិហារ​​ដែល​ជន​ជាតិ​យូដា​បាន​សាង​សង់ ដើម្បីគោរពថ្វាយ​បង្គំ​ព្រះជាម្ចាស់​គឺ​ជា​អគារ​ធំ ប៉ុន្តែ​នៅ​ខាង​ក្នុង​គឺ​ទទេ។ ប៉ុន្តែ​ពេល​ព្រះយេស៊ូ​យាង​មក ព្រះអង្គ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ព្រះ​វិហារ​គឺ​នៅ​ក្នុង​​ខ្លួន​យើង ហើយ​យើង​គោរព​ព្រះជាម្ចាស់​នៅ​ទីណាក៏បាន គឺជាទីសក្ការៈ។ យើង​ជា​ដំណាក់​របស់​ព្រះជាម្ចាស់។

លោកអភិបាល​បាន​បញ្ជាក់​ទៀត​ថា យើង​ជា​គ្រីស្ត​បរិស័ទ​ក៏​មាននូវ​កន្លែង​មួយ​ទៀត​ដែល​យើង​អាច​ជួប​ព្រះជាម្ចាស់ផ្ទាល់​ខ្លួន គឺ​ព្រះវិហារ​។ ជា​ហេតុ​ព្រះសហគមន៍​មាន​ព្រះវិហារ​ជាអគារ «ប៉ុន្តែជា​មួយ​ព្រះយេស៊ូ  យើង​ដឹងថា ព្រះវិហារ​របស់​យើង អគារ​របស់​យើងមិន​មែន​សុទ្ធ​តែ​ជា​ថ្ម។ ជាថ្ម​ប៉ុន្តែ​ដែល​មាន​ជីវិត​ គឺ​យើង​ផ្ទាល់ ដែល​កសាង​ព្រះវិហារ​របស់​ព្រះជាម្ចាស់»។

លោកអភិបាល​ប្រ៊ុយណូ បន្ថែមថា តាម​រយៈ​វត្ត​មាន​របស់​យើង​ ​តុសក្ការៈ លោកបូជាចារ្យ និងអគ្គសញ្ញា​នីមួយៗព្រះជាម្ចាស់​​គង់នៅ​ក្នុង​​កណ្តាល​ចំណោម​យើង។​ លោកបន្តថា «ម្យ៉ាង​មាន​ចំណុច​២​ដ៏សំខាន់  យើង​គោរព​កន្លែងនេះ (ព្រះវិហារថ្មី) ​និង​យើង​(ក៏)គោរព​កន្លែង​របស់យើង​​(ដែលជា)ទីសក្ការៈ​របស់​យើង គឺជីវិត​ផ្ទាល់របស់​យើង​ជាគ្រីស្ត​បរិស័ទ ក្រុម​គ្រួសារ​របស់​យើង ក៏ជា​កន្លែង​ដែលយើង​អាច​ជួប​ព្រះជាម្ចាស់​បាន​ដែរ»។

លោក​បូជាចារ្យ​ឡាយ ប៉ូល ជា​អ្នក​ទទួល​ខុស​ត្រូវ​ព្រះវិហារ​សន្ត​ប៉ូល​នៅ​បាវិត​មាន​ប្រសាសន៍​ថា អគារព្រះវិហារ​ថ្មីនេះ​មានទំហំ ទទឹង​១២ម៉ែត្រ និង​បណ្តោយ​៣០​ម៉ែត្រ ដែល​អាច​​ផ្ទុក​មនុស្ស​បាន​ជា​ច្រើន​រយ​នាក់​ផងដែរ។ លោក​បាន​ប្រាប់​ឲ្យ​ដឹង​ថា សព្វ​ថ្ងៃ​គ្រីស្ត​បរិស័ទ​ដែល​មក​ចូល​រួម​ថ្វាយ​អភិបូជា​រៀង​រាល់​ថ្ងៃអាទិត្យ​គឺ​ភាគ​ច្រើន​ជា​កម្មករ​និង​ជាង​សំណង់ ដែល​មាន​ភាគ​ច្រើន​ជាជន​ជាតិ​វៀតណាម និង​មាន​ខ្លះ​ជា​ជន​ជាតិ​ហ្វីលីពីន។

លោក​បូជាចារ្យទទួល​ខុស​ត្រូ​វ​បាន​រៀប​រាប់​អំពី​ប្រវត្តិ​នៃ​ព្រះសហគមន៍នេះ​ថា ក្នុង​ឆ្នាំ​១៩៩៩ លោក ​អន់តូនីសាមី ស៊ូសៃរាជ្យ អតីត​អភិបាល​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​កំពង់ចាម និងបងស្រី អាឡាំង បានដើរ​ប្រមូល​គ្រីស្ត​បរិស័ទ មាន​ត្រឹម​តែ​២-៣​គ្រួសារ​គ្រីស្ត​បរិស័ទ​ប៉ុណ្ណោះ ហើយ​ពួកគេ​រស់នៅ​ឆ្ងាយ​ៗ​ពី​គ្នាដោយសុំផ្ទះ​របស់​គេ​​ជួប​ជុំ​គ្នា​អធិដ្ឋាន។ ក្រោយ​មក​ក៏​សុំ​ធ្វើ​ជា​ខ្ទម​តូច​មួយ​ដើម្បីជួប​ជុំ​គ្នា​លើ​ដី​របស់​គេ​ដដែល​  ​ហើយ​ចំនួន​គ្រីស្ត​បរិស័ទ​កាន់តែ​កើន​ឡើង​បន្តិច​ម្តងៗ។

ក្នុង​ឆ្នាំ​២០០៩ នៅ​ពេល​លោក​ប៉ូល​ទទួល​ខុស​ត្រូវ ​ចំនួន​គ្រីស្ត​បរិស័ទ​ក៏​ចេះ​តែ​កើន​ឡើង​ច្រើន​ជាង​មុន។ លោកបូជាចារ្យ​រូប​នេះ​បន្តថា «បាន​ប្រហែល​២-៣​ឆ្នាំ យើង​ក៏​ចាប់​ផ្តើម​រក​ដី​។ សំណាង​ យើង​រក​ដី​នេះ​បាន​ យើង​ក៏​កសាងកូន​ព្រះវិហារ​ប័ង្កសីមួយ​តូច​ដែរដើម្បី​ចាប់​ផ្តើម»។

លោក​ប៉ូល​បន្ថែម​ថា «រាល់​អាទិត្យ​ យើង​មាន​កើន​ឡើង​ប្រហែល​ ជិត​៨០ ទៅដល់​១០០​ជាង ដែលនាំ​ឲ្យ​យើង​រិះគិត អត់​កើត។ កូន​ព្រះវិហារ​យើង​វាក្តៅ ហើយ​វា​ចង្អៀតដូច្នេះ យើង​ក៏​សុំ​ច្បាប់​ជួស​ជួល ដោយ​គ្រីស្ត​បរិស័ទ​ចូលរួម​ទាំង​ជិត​ឆ្ងាយ។… តាម​សទ្ធា​តាមសមត្ថភាព​ ខ្លះ​១០០០(ដុល្លារ) ខ្លះ​៥០០(ដុល្លារ) ខ្លះ៥០(ដុល្លារ) ខ្លះ​២០(ដុល្លារ)»។

ព្រះវិហារ​សន្តប៉ូល​នេះ គ្រីស្ត​បរិស័ទ​មាន​សកម្មភាព​ដូចជា សកម្មភាព​សង្គហៈដោយ​ដើរ​សួរ​សុខ​ទុក្ខ​ចាស់​ជរានិងអ្នកជំងឺ​តាម​ផ្ទះ និងសកម្មភាព​ឧបត្ថម្ភ​​កុមារ​ឲ្យទៅរៀន។ លោក​បូជាចារ្យ​បាន​ឲ្យ​ដឹង​ទៀតថា ទោះ​បី​មាន​ចំនួន​គ្រីស្ត​បរិស័ទ​ច្រើន​ក៏​ពិត​មែន ប៉ុន្តែ​គ្រីស្ត​បរិស័ទ​មិន​សូវ​មាន​ពេល​វេលា​ដើម្បី​ចូលរួម​ក្នុង​សកម្មភាព​ព្រះសគមន៍​នោះ​ទេ ពីព្រោះ​តែ​កិច្ច​ការ​រកស៊ី និង​ម្យ៉ាង​វិញ​ទៀត​ពួកគាត់​រស់​នៅ​ឆ្ងាយ​ៗ​ពី​គ្នា​។

គម្រោង​ទៅ​អនាគត​សម្រាប់ទីតាំង​ថ្មីនេះ ព្រះសហគមន៍​ចង់​បង្កើត​កម្មវិធី​អប់រំ​​សម្រាប់​កុមារ​តូចៗដែល​ឪពុក​ម្តាយ​របស់​គេ​ មិន​អាច​មើល​ថែនិង​អប់រំ​កុមារ​នៅ​ផ្ទះ​បាន ដោយ​មាន​ឡាន​ទៅ​ទទួល​ពួកគេ​មក​សិក្សាទាំង​អប់រំ​ទូទៅ និង​អប់រំជំនឿ​។ លោក​បូជាចារ្យ​ប៉ូល​ឲ្យ​ដឹងថា «ទៅអនាគត​យើង​គិត​អំពី​កុមារ​ អំពីការ​សិក្សា​របស់​កុមារ​។ យើង​មាន​ការ​លំបាក​ធំនៅ​ទីនេះ គឺ​កុមារ​តូចៗខ្ចាត់​ខ្ជាយ​មែន​ទែន។ ឪពុក​ម្តាយ​ទៅ​ធ្វើ​ការ​អស់ គេ​ទុក​(កូន)​ដូច​ពាស​ពេញ​ស្រុក​ខ្មែរ​។ គេ​ទុក(កូន)​ឲ្យ​យា​យ​នៅ​ផ្ទះ​ ហើយ​យាយ​នៅ​ឆ្ងាយ​ក៏​ពិបាក​នាំ​មក»។

នៅ​លើ​ដី​របស់​ព្រះសហគមន៍នេះ ក៏​មាន​នូវ​អគារសម្រាប់​ធ្វើ​​សកម្មភាព​នានា​របស់​ព្រះសហគមន៍​ដែលមាន​ទំហំ ទទឹង​១០ម៉ែត្រ និង​បណ្តោយ​២៤ម៉ែត្រ។ លោក​បូជាចារ្យ​ឡាយ​ ប៉ូល​បន្ត​ថា អគារនោះ​សម្រាប់​លោក​បូជាចារ្យ​ស្នាក់នៅ​ មាន​បន្ទប់​ប្រជុំ​ធំ​មួយ​ ឬ​អា​ច​ធ្វើ​ជា​បន្ទប់​សាលា​មត្តេយ្យ​ និង​មាន​បន្ទប់​អប់រំជំនឿ ឬ​កន្លែ​ងស្នាក់​នៅ​របស់​ភ្ញៀវជាដើម៕

ដោយ​កែវ កញ្ញា

Facebook
Twitter
LinkedIn