គ្រីស្តបរិស័ទជាច្រើននាក់ដែលមកពីតំបន់នានាជិតព្រះសហគមន៍កំពង់គោក្រោម បានជួបជុំគ្នាធ្វើពិធីបញ្ចុះបឋមសិលារបស់ព្រះវិហារសន្តីតេរេសា ស្ថិតក្នុងភូមិកំពង់គោក្រោម ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខែត្តកំពង់ធំ ក្រោមអធិបតីភាព លោកអភិបាលអេនរីគេ ហ្វីការេដូ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគបាត់ដំបង រួមនិងលោកបូជាចារ្យជាច្រើនអង្គ និងអាជ្ញាធរដែនដី កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២០។
លោកញ៉ឹល សារិទ្ធ ជាគ្រីស្តបរិស័ទចំណុះវិហារនេះមានប្រសាសន៍ថា ព្រះវិហារថ្មីនេះធ្វើឲ្យគាត់សប្បាយចិត្ត ដោយបានរំលឹកគាត់អំពីអតីតកាល។ លោក សារិទ្ធ «កាលខ្ញុំពីតូចធ្លាប់មានព្រះវិហារមួយ ហើយដល់ពេលខ្លួនធំឡើង សង្គ្រាម វាអត់ព្រះវិហារ ហើយដល់ពេលចាស់ទៅឃើញព្រះវិហារមក ហាក់បីដូចខ្លួននៅក្មេងវិញ មើលទៅវាដូចនៅឈិបៗ វាអត់ឃ្លាតឆ្ងាយ។ ហើយមានកម្លាំងឡើងវិញ ហាក់បីដូចខ្លួនហ្នឹងមានអារម្មណ៍សប្បាយដូចនៅពីក្មេងអីចឹង»។
លោកសារិទ្ធបន្ថែមថា គាត់ចង់ឲ្យយុវជននៅក្នុងព្រះសហគមន៍ទាំងអស់ ចេះមើលគំរូរបស់ចាស់ទុំដើម្បីសេចក្តីសុខ។ លោក សារិទ្ធ «ភាពសុខសាន្ត ភាពសុខដុមរមនារបស់ចាស់ពីដើម ដោយសារគាត់ឡើងវិហាររាល់ថ្ងៃអាទិត្យ ហើយគាត់សួរសុខទុក្ខគ្នារាល់ថ្ងៃអាទិត្យ»។
យុវនារីម៉ៅ សាវៀត ជាអ្នកគ្រូបង្រៀនសាលាមត្តេយ្យរបស់ព្រះសហគមន៍ និងជាគ្រូអប់រំជំនឿមានប្រសាសន៍ថា នាងមានអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំងដែលនឹងមានព្រះវិហារធ្វើអំពីថ្មក្នុងពេលឆាប់ៗនេះ។ សាវៀត «យើងបានព្រះវិហារថ្មនេះហើយ យើងនឹងចូលរួមហាត់ ហើយធ្វើឲ្យសំឡេងរបស់យើងពីរោះជាងមុន»។
សាវៀត បានឲ្យដឹងទៀតថា ក្នុងតំបន់កំពង់គោក្រោមយុវជនភាគច្រើនគឺជាកូនចៅគ្រីស្តបរិស័ទ។ ក្នុងនោះព្រះសហគមន៍មានកម្មវិធីមួយចំនួនដើម្បីប្រមូលពួកគាត់ឲ្យមកព្រះវិហារ។ សាវៀត «ពួកខ្ញុំតែងតែមានកម្មវិធី ហាត់ចម្រៀងរួមគ្នា និងមានប្រជុំយុវជន ហើយពេលខ្លះយើងមានពេលវេលា ថ្ងៃណាសម្រាក យើងមានកម្មវិធីដើរលេងកំសាន្តជាមួយគ្នា ដើម្បីយើងបង្កើតបរិយាកាស ដើម្បីទាក់ទាញយុវជន ព្រោះយុវជនទាំងនេះសុទ្ធតែជាកូនចៅគ្រីស្តបរិស័ទ។ ប្រសិនបើយើងអត់បានធ្វើចំណាប់អារម្មណ៍ឲ្យគេ អត់បានប្រមូលគេទេ គឺគេបែកគំនិតអស់»។
សាវៀត និយាយថា កិច្ចការបម្រើព្រះសហមន៍គឺជាធ្វើឲ្យនាងមានជំនឿ និងសប្បាយចិត្ត។
លោកបូជាចារ្យ ម៉ាក លូប៉េស ជាអ្នកទទួលខុសត្រូវនៅព្រះសហគមន៍តំបន់កំពង់ធំទាំងមូល មានប្រសាសន៍ថា ទីតាំងនៃដីរបស់ព្រះវិហារនេះ គឺជាដីសក្ការៈដែលព្រះសហគមន៍គោរពតាំងពីដើមដែលមានប្រវត្តិ១០០ឆ្នាំមកហើយ។
សព្វថ្ងៃនេះ គ្រីស្តបរិស័ទបានប្រារព្ធពិធីបុណ្យនានានៅក្នុងព្រះវិហារធ្វើអំពីឈើ។ ពេលមានព្រះវិហារថ្មី អាគារនោះនឹងក្លាយជាកន្លែងសម្រាប់រៀបចំកម្មវិធីអប់រំជំនឿ និងសុខភាពសម្រាប់ព្រះសហគមន៍វិញម្តង។ នេះបើតាមសម្តីរបស់លោកម៉ាក។
ព្រះវិហារសន្តីតេរេសាថ្មីនឹងមានទំហំ ១២គុណនឹង២០ម៉ែត្រ ហើយនឹងមានអាសនៈរបស់ប្រារព្ធពិធីនៅកណ្តាលព្រះវិហារ។ លោកម៉ាក ពន្យល់ថា «ដើម្បីពេលថ្វាយអភិបូជាបងប្អូននឹងអង្គុយមិនមែននៅខាងមុខអសនៈទេ គឺអង្គុយនៅទាំងខាងស្តាំដៃនិងឆ្វេងដៃ និងខាងមុខ»។ លោកបូជាចារ្យបន្ថែមថា យើងទទួលវត្តមានរបស់ព្រះជាម្ចាស់តាមរយៈព្រះកាយព្រះគ្រីស្ត ហើយក៏តាមរយៈវត្តមានគ្រីស្តបរិស័ទដែលមកជួបជុំគ្នា «គេមើលមុខគ្នា និងសង្ឃឹមថា គេញញឹម ហើយគេមានអារម្មណ៍ថា យើងជាគ្រួសារធំតែមួយ»។
លោកអភិបាលអេនរីគេ ហ្វីការេដូ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគបាត់ដំបងមានប្រសាសន៍ថា ព្រះវិហារថ្មីនេះ គឺជាការចូលក្នុងប្រវត្តិសាស្ត្ររបស់ព្រះសហគមន៍ ដែលយើងចាប់ផ្តើមមានជីវិតថ្មី។ លោកអភិបាលបន្តថា «ព្រះសហគមន៍កំពង់គោមានជីវិត និងនាំឲ្យព្រះសហគមន៍ដទៃមានជីវិតដែរ ទាំងនៅក្នុងសង្គមកម្ពុជានិងបរទេស។ ព្រះសហគមន៍កំពង់គោ មានសកម្មភាពច្រើន កូនក្មេងច្រើន គណៈកម្មការសកម្ម យុវជនបានទៅស្រុកគេ ព្រះសហគមន៍មានជីវិតមែនទែន»។
លោកអភិបាលបានរំលឹកថា នៅពេលមានព្រះវិហារថ្មី សូមឲ្យគ្រីស្តបរិស័ទកាន់ជំនឿតាមរបៀបល្អសមរម្យ ដោយចូលរួមយ៉ាងសកម្មសម្រាប់ភូមិស្រុកអភិវឌ្ឍ មានកិត្តិយស និងជីវិតដ៏ល្អ ដោយចៀសវាងចំណាកស្រុកទៅភូមិស្រុកដទៃ។ លោកអភិបាលបន្ថែមថា «ខ្ញុំអរណាស់ៗ ដោយសារ ខ្ញុំឃើញគណៈកម្មការសប្បាយ រួបរួមគ្នា លោករួមគ្នា និងខ្ញុំមានជំនាន់ថ្មីដោយមានរបៀបថ្មី។ យើងចាប់ផ្តើមជីវិតថ្មីឆ្នាំ២០២០នេះ»។
សព្វថ្ងៃព្រះសហគមន៍កំពង់គោមានចំនួន៦៨គ្រួសារគ្រីស្តបរិស័ទ ដែលមានសកម្មភាពជាច្រើនដូចជា សាលាមត្តេយ្យ ថ្នាក់បង្រៀនបំប៉នសិស្សបឋមសិក្សា ការការពារបរិស្ថានឡាដាវតូស៊ី មណ្ឌលសន្តហ្វ្រង់ស៊ីស្កូ ពិនិត្យសុខភាព។