អត្ថបទព្រះគម្ពីរ ប្រចាំថ្ងៃ ៖ ថ្ងៃសៅរ៍ ទី០៣ ខែតុលា ឆ្នាំ២០២៦

សូមថ្លែងព្រះគម្ពីរលោកយ៉ូប យប ៤២,១-៣.៥-៦.១២-១៧

លោកយ៉ូបទូលព្រះអម្ចាស់ថា៖ «ទូលបង្គំទទួលស្គាល់ថា ព្រះអង្គអាចធ្វើគ្រប់កិច្ចការ​ទាំងអស់បាន ហើយគ្មានការអ្វីមួយដែលធ្វើឱ្យព្រះអង្គទាល់តម្រិះឡើយ។ ព្រះអង្គ​មានព្រះបន្ទូលមកទូលបង្គំថា “ម្ដេចអ្នកសង្ស័យលើគម្រោងការរបស់យើងដោយពោល​ពាក្យឥតខ្លឹមសារដូចច្នេះ?” ពិតមែនហើយ ទូលបង្គំបានថ្លែងនូវសេចក្ដីដ៏អស្ចារ្យដោយពុំដឹងខ្លួន គឺការអស្ចារ្យខ្ពស់លើសពីប្រាជ្ញាដែលទូលបង្គំអាចយល់ និងអាចស្គាល់។ កាលពីមុន ទូលបង្គំគ្រាន់តែបានឮគេនិយាយអំពីព្រះអង្គ ឥឡូវនេះ ទូលបង្គំឃើញព្រះអង្គផ្ទាល់នឹងភ្នែកតែម្ដង។ ហេតុនេះ ទូលបង្គំសូមសារភាពកំហុស ហើយដាក់ខ្លួនដោយក្រាបនៅក្នុងធូលីដី និងផេះ»។ ព្រះអម្ចាស់ប្រទានពរដល់លោកយ៉ូបលើកនេះច្រើនជាងមុនទៅទៀត គឺលោកមានចៀមមួយម៉ឺនបួនពាន់ក្បាល អូដ្ឋប្រាំមួយពាន់ក្បាល គោមួយពាន់នឹម និងលាញីមួយពាន់ក្បាល។ លោកមានកូនប្រុសប្រាំពីរនាក់ និងកូនស្រីបីនាក់។ លោកដាក់ឈ្មោះកូនស្រីទីមួយថា«លលក»កូនស្រីទីពីរ«ផ្កាម្លីស» និងកូនស្រីទីបី​«សម្ជស្ស»។ ក្នុងស្រុកនោះទាំងមូល គ្មាននារីណាមានរូបឆោមល្អស្អាតដូចកូនស្រីរបស់លោកយ៉ូប​ទេ។ លោកយ៉ូបជាឪពុកក៏បានចែកមត៌កឱ្យនាងទាំងបី ដូចបងប្អូនប្រុសៗទាំងប្រាំពីរ​នាក់ដែរ។ ក្រោយមក លោកយ៉ូបរស់បានមួយរយសែសិបឆ្នាំទៀត លោកបានឃើញ​កូនចៅរបស់លោករហូតដល់បួនតំណ។ បន្ទាប់ពីមានអាយុយឺនយូរ សម្បូណ៌សប្បាយ​មក លោកយ៉ូបក៏លាចាកលោកនេះទៅ។

ទំនុកតម្កើងលេខ ១១៩ (១១៨) ,៦៦.៧១.៧៥.៩១.១២៥.១៣០ បទពាក្យ ៧

៦៦ សូមប្រាសប្រណីឱ្យខ្ញុំចេះ គិតគូរវៃឈ្លាសមានប្រាជ្ញា
ឱ្យស្គាល់វិន័យសព្វប្រការ ដ្បិតខ្ញុំនេះណាមិនក្រឡះ ។
៧១ ទូលបង្គំរងទុក្ខវេទនា នោះក៏គឺជាប្រពៃណាស់
ដើម្បីខ្ញុំបានរៀនឱ្យច្បាស់ ពីវិន័យព្រះដ៏ថ្លៃថ្លា ។
៧៥ បពិត្រព្រះម្ចាស់អើយខ្ញុំស្គាល់ ខ្ញុំដឹងខ្ញុំយល់ថាព្រះម្ចាស់
សម្រេចពីអ្វីសុចរិតច្បាស់ ទ្រង់ដាក់ទោសណាស់ក៏ត្រឹមត្រូវ ។
៩១ អ្វីៗទាំងអស់សព្វសារពើ ឥតប្រែប្រួលរើឬស្វិតក្រៀម
មកដល់សព្វថ្ងៃឥតលាក់លៀម សុទ្ធតែនៅក្រោមអំណាចព្រះ ។
សូមដូរបទកាកគតិ
១២៥ សូមមេត្តាព្រះ ប្រទានខ្ញុំចេះ កុំនៅបង្អង់
ចេះពិចារណា ខុសត្រូវឆ្គាំឆ្គង ដំបូន្មានផង
ទ្រង់ទូន្មានខ្ញុំ ។
សូមដូរបទពាក្យ៧
១៣០ ការស្វែងរកព្រះបន្ទូលទ្រង់ ឱ្យចិត្តភ្លឺស្វាងប្រាកដណាស់
ហើយធ្វើឱ្យអ្នកទន់ទាបចេះ ពិចារណាត្រិះរិះគូរគិត ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ១១,២៥

អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះបិតាជាអម្ចាស់នៃស្ថានបរសុខ និងជាអម្ចាស់នៃផែនដី! យើងខ្ញុំសូមសរសើរតម្កើងព្រះអង្គ ព្រោះទ្រង់បានសម្ដែងការអស្ចារ្យនៃព្រះរាជ្យឱ្យមនុស្សតូចតាចយល់។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១០,១៧-២៤

សាវ័កទាំងចិតសិបពីរនាក់ត្រឡប់មកវិញទាំងត្រេកអរ ហើយទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់អើយ! ដោយសារព្រះនាមព្រះអង្គ សូម្បីតែខ្មោចក៏ចុះចូលក្រោមអំណាចយើងខ្ញុំដែរ»។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំបានឃើញមារសាតាំង​ធ្លាក់ចុះពីលើមេឃមក ដូចផ្លេកបន្ទោរ។ ខ្ញុំឱ្យអ្នករាល់គ្នាមានអំណាចដើរជាន់ពស់ និងខ្យាដំរី ព្រមទាំងបង្ក្រាបប្ញទិ្ធអំណាចគ្រប់យ៉ាងរបស់មារសត្រូវផង ហើយគ្មានអ្វីអាចធ្វើទុក្ខអ្នករាល់គ្នាបានឡើយ។ ប៉ុន្ដែ ទោះជាយ៉ាងណាក៏ដោយ កុំត្រេកអរនឹងឃើញខ្មោចចុះចូលអ្នករាល់គ្នា គឺត្រូវត្រេកអរដោយអ្នករាល់គ្នាមានឈ្មោះកត់ទុក​នៅ​ស្ថានបរសុខវិញ»។ ខណៈនោះ ព្រះវិញ្ញាណធ្វើឱ្យព្រះយេស៊ូមានព្រះហប្ញទ័យរីករាយយ៉ាងខ្លាំង។ ព្រះអង្គមានព្រះបន្ទូលថា៖ «បពិត្រព្រះបិតាជាអម្ចាស់នៃស្ថានបរមសុខ និងជាអម្ចាស់​​នៃផែនដី! ទូលបង្គំសូមសរសើរតម្កើងព្រះអង្គ ព្រោះទ្រង់បានសម្ដែងការណ៍ទាំងនេះឱ្យមនុស្សតូចតាចយល់ តែទ្រង់បានលាក់មិនឱ្យអ្នកប្រាជ្ញ និងអ្នកចេះដឹងយល់ទេ។ មែនហើយ! ព្រះអង្គសព្វព្រះហប្ញទ័យសម្រេចដូចច្នេះ។ ព្រះបិតារបស់ខ្ញុំបានប្រគល់អ្វីៗ​ទាំងអស់មកខ្ញុំ។ គ្មាននរណាស្គាល់ព្រះបុត្រា ក្រៅពីព្រះបិតា ហើយក៏គ្មាននរណា​ស្គាល់ព្រះបិតាក្រៅពីព្រះបុត្រា និងអ្នកដែលព្រះបុត្រាសព្វព្រះហប្ញទ័យសម្ដែងឱ្យស្គាល់នោះដែរ»។ បន្ទាប់មក ព្រះយេស៊ូបែរទៅរកសាវ័ក ហើយមានព្រះបន្ទូលដាច់ឡែកពីមហាជនទៅពួកគេថា៖«អ្នករាល់គ្នាមានសុភមង្គលហើយ ព្រោះអ្នករាល់គ្នាឃើញ​ហេតុការណ៍ទាំងអស់នេះ!។ ខ្ញុំសូមបញ្ជាក់ប្រាប់អ្នករាល់គា្នថា មានព្យាការី និងស្ដេច​ជាច្រើនចង់ឃើញហេតុការណ៍ដែលអ្នករាល់គ្នាឃើញនេះដែរតែមិនបានឃើញ ហើយ​​គេចង់ឮសេចក្ដីដែលអ្នករាល់គា្នបានឮនេះដែរ តែមិនបានឮសោះ»។

Facebook
Twitter
LinkedIn