ថ្លែងទៅកាន់គណៈប្រតិភូដែលបានចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ កាលពីថ្ងៃអាទិត្យ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានអំពាវនាវយ៉ាងទទូចដល់មេដឹកនាំពិភពលោក ឱ្យ «វិនិយោគឡើងវិញលើសន្តិភាព» ចំពេលដែលជម្លោះសកលកំពុងកើនឡើង គ្រោះមហន្តរាយអាកាសធាតុ និងការទន្ទ្រានរំខានពីបញ្ញាសិប្បនិម្មិត(AI)។
មានប្រសាសន៍ក្នុងអំឡុងពេលអភិបូជាថ្ងៃអាទិត្យជាភាសាបារាំង ដែលស្របពេលជាមួយទិវាជនក្រីក្រពិភពលោកលើកទី១០ នៅព្រះវិហារសន្តយ៉ូសែប (ផ្សារតូច) ក្នុងរាជធានីភ្នំពេញ ដែលមានអ្នកចូលរួមជិត ២០០ នាក់ លោកអភិបាល អូលីវីយ៉េ បានផ្សារភ្ជាប់ប្រធានបទស្នូលនៃកិច្ចប្រជុំកំពូលនេះ ទៅនឹងវិបុលភាពរួម និងស្ថិរភាពប្រកបដោយចីរភាព ដោយប្រៀបប្រដូចពាក្យប្រស្នាក្នុងគម្ពីរដែលនិយាយអំពីប្រាក់ណែន ដោយជំរុញឱ្យមេដឹកនាំកុំបណ្តោយឱ្យអំណោយទាននៃសន្តិភាព «ស្លាប់បន្តិចម្តងៗ» ដោយសារតែភាពព្រងើយកន្តើយ។
ដើម្បីបង្ហាញពីភាពផុយស្រួយ និងតម្លៃនៃសន្តិភាព លោកអភិបាលបានពាក់ឈើឆ្កាងរបស់លោកអភិបាល យ៉ូសែប ឆ្មារ សាឡាស់ ដែលជាអតីតអភិបាលព្រះសហគមន៍កាតូលិកជនជាតិខ្មែរដំបូងគេ ដែលបានទទួលអគ្គសញ្ញាតែងតាំងជាអភិបាលនៅខែមេសា ឆ្នាំ១៩៧៥ តែប៉ុន្មានថ្ងៃមុនពេលខ្មែរក្រហមចូលកាន់កាប់ទីក្រុងភ្នំពេញ។ លោកអភិបាល សាឡាស់ បានទទួលមរណភាពដោយសារការងារហួសកម្លាំងនិងដោយបង្ខំ ក្នុងឆ្នាំ១៩៧៧ រួមជាមួយជនរួមជាតិប្រមាណ ២,៥ លាននាក់។ ម្តាយរបស់លោកបានរក្សាឈើឆ្កាងនេះទុក ដោយលាក់វានៅក្រោមសំបុកមាន់។
លោកអភិបាល អូលីវីយ៉េ បានមានប្រសាសន៍ទៅកាន់សហគមន៍គ្រីស្តបរិស័ទថា៖ «នេះមិនត្រឹមតែជាសញ្ញាសម្គាល់នៃទុក្ខវេទនាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាភាពធន់របស់ប្រជាជនមួយក្រុម ដែលអស់រយៈពេលជាង ៣០ ឆ្នាំមកហើយ បានតស៊ូដើម្បីកសាងសន្តិភាព»។
ដោយភ្ជាប់ស្លាកស្នាមប្រវត្តិសាស្ត្រទៅនឹងស្ថានភាពជាក់ស្តែងនាពេលបច្ចុប្បន្ន លោកអភិបាលបានលើកឡើងពីភាពតានតឹងនៅតាមព្រំដែននាពេលថ្មីៗនេះរវាងប្រទេសថៃ និងកម្ពុជា ដោយកត់សម្គាល់ថា សន្តិភាពមិនដែលទទួលបានជាអចិន្ត្រៃយ៍នោះទេ ហើយត្រូវតែបណ្តុះបណ្តាលជារៀងរាល់ថ្ងៃ។ លោកបានរំលឹកពីផលប៉ះពាល់ភ្លាមៗលើមនុស្សជាតិពីអស្ថិរភាពក្នុងតំបន់កាលពីមួយឆ្នាំមុន ដែលបណ្តាលឱ្យមានការបិទព្រំដែន សាលារៀនរាប់រយត្រូវបានបិទទ្វារ មនុស្សរាប់លាននាក់បាត់បង់ការងារធ្វើ និងការផ្លាស់ទីលំនៅរបស់ប្រជាជនរាប់សែននាក់។
ដោយដកស្រង់បន្ទូលរបស់សម្តេចប៉ាប ឡេអូ ទី១៤ លោកគង្វាលរូបនេះ បានព្រមានថា ខណៈដែល «សន្តិភាពគឺជាការដកហូតអាវុធ» ការរីកសាយភាយនៃអាវុធបណ្តុះឱ្យមានការស្អប់ខ្ពើម និងបង្កគ្រោះថ្នាក់ដល់ជនក្រីក្រ កុមារ និងមនុស្សចាស់ជាងគេ។ លោកបានជំរុញឱ្យគណៈប្រតិភូហ៊ានប្រឈមមុខនឹងភាពចលាចលក្នុងសតវត្សទី២១ រួមទាំងទុក្ខវេទនាដែលបណ្តាលមកពីអាកាសធាតុ និងបញ្ហាក្រមសីលធម៌ដែលបង្កឡើងដោយបញ្ញាសិប្បនិម្មិត ដោយដាក់សេចក្តីថ្លៃថ្នូររបស់មនុស្សជាស្នូលក្នុងគោលនយោបាយ។
តាមរយៈបទពិសោធន៍និងប្រវត្តិផ្ទាល់ខ្លួនរបស់លោក ក្នុងនាមជាជនជាតិអាល់ហ្សាស(Alsatian) ដែលមានជីតាត្រូវបានកេណ្ឌដោយបង្ខំឱ្យចូលបម្រើក្នុងកងទ័ពអាល្លឺម៉ង់ក្នុងអំឡុងសង្គ្រាមលោកលើកទី២ និងបានស្លាប់នៅប្រទេសបេឡារុស លោកអភិបាល បានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់របស់ប្រទេសបារាំង និងអង្គការហ្វ្រង់កូហ្វូនី ក្នុងការកសាងភាពសុខដុមរមនាក្រោយសង្គ្រាម។
លោកបានលើកឡើងពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសំខាន់ៗនិងបុគ្គលចំនួនពីរដែលបានតយុទ្ធនឹងសង្គ្រាម។ ក្នុងនោះមានលោក រ៉ូប៊ែរ ស្ហ៊ូម៉ាន់ (Robert Schuman) ដែលជាបិតាស្ថាបនិកម្នាក់នៃសហភាពអឺរ៉ុប។ លោកអភិបាលបានដកស្រង់សម្តីរបស់គាត់ថា៖ «សន្តិភាពពិភពលោកមិនអាចត្រូវបានការពារ ដោយគ្មានការខិតខំប្រឹងប្រែងប្រកបដោយភាពច្នៃប្រឌិត ទៅតាមទំហំគ្រោះថ្នាក់ដែលគំរាមកំហែងនោះទេ»។
ចំណែកឃ្លាមួយទៀតពីសុន្ទរកថាជាប្រវត្តិសាស្ត្ររបស់ប្រធានាធិបតីបារាំង លោក ហ្សាល ដឺ ហ្គោល (Charles de Gaulle) នៅទីក្រុងភ្នំពេញកាលពីខែកញ្ញា ឆ្នាំ១៩៦៦ ដែលបានអំពាវនាវឱ្យបញ្ចប់សង្គ្រាមវៀតណាមតាមផ្លូវការទូត លោកអភិបាលកត់សម្គាល់ថាលោក ដឺ ហ្គោល បានចូលរួមអភិបូជាជារៀងរាល់ព្រឹកនៅព្រះវិហារព្រះមាតា (Notre-Dame)នាក្រុងភ្នំពេញ ដែលមានចម្ងាយត្រឹមតែ ២០០ ម៉ែត្រពីព្រះវិហារនេះប៉ុណ្ណោះ។
នៅចុងបញ្ចប់នៃធម្មទេសនា លោកអភិបាល បានជំរុញឱ្យគណៈប្រតិភូហ្វ្រង់កូហ្វូនី បដិសេធចោល «ផ្នត់គំនិត» ដែលទុកជនងាយរងគ្រោះនៅមួយឡែក ដើម្បីផលប្រយោជន៍នៃគម្រោងអភិវឌ្ឍន៍ខ្នាតធំ។ ផ្ទុយទៅវិញ លោកបានអំពាវនាវឱ្យមានការបែងចែកទ្រព្យសម្បត្តិប្រកបដោយសមធម៌ និងការទទួលបានសេវាថែទាំសុខភាព ការអប់រំ និងវប្បធម៌ជាសកល។
លោកបានមានប្រសាសន៍ថា៖ «ស្ថិរភាពនៅក្នុងពិភពលោក និងភាពសុខដុមរមនានៅក្នុងសង្គមរបស់យើង ត្រូវបានកសាងឡើងជារៀងរាល់ថ្ងៃដោយការសម្រេចចិត្តដ៏ក្លាហាន» ដោយអង្វរសុំព្រះនាងម៉ារីនៃទន្លេមេគង្គ ព្រះមហាក្សត្រីនៃសន្តិភាព ជួយទូលអង្វរឱ្យ និងបានដាស់តឿនដល់មេដឹកនាំឱ្យពិចារណាអំពីពិភពលោកបែបណាដែលពួកគេនឹងបន្សល់ទុកសម្រាប់មនុស្សជំនាន់ក្រោយ។
ប្រទេសកម្ពុជា ជាទីតាំងពិសេសមួយនៅក្នុងប្រវត្តិសាស្ត្ររបស់អង្គការនេះ ក្នុងនាមជារដ្ឋស្ថាបនិកមួយ។ ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅរាជធានីភ្នំពេញ នាថ្ងៃទី១៥–១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់មួយ និងជាលើកទីមួយដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ និងជាលើកទីមួយដែលកិច្ចប្រជុំកំពូលបានវិលត្រឡប់មកទ្វីបអាស៊ីវិញក្នុងរយៈពេលជិតបីទសវត្សរ៍ ដែលលើកទី១ បានធ្វើឡើងនៅទីក្រុងហាណូយ ប្រទេសវៀតណាម ក្នុងឆ្នាំ១៩៩៧។ កម្ពុជាបានទទួលតំណែងជាប្រធានប្តូរវេននៃកិច្ចប្រជុំកំពូលនេះបន្តពីប្រទេសបារាំង ក្រោមប្រធានបទ «វិនិយោគឡើងវិញលើសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពប្រកបដោយចីរភាព»។
អង្គការហ្វ្រង់កូហ្វូនី (La Francophonie) គឺជាអង្គការអន្តរជាតិមួយដែលតំណាងឱ្យប្រទេស និងតំបន់នានា ដែលប្រើប្រាស់ភាសាបារាំង គឺជាភាសាប្រើប្រាស់ទូទៅ ជាកន្លែងដែលមាន ប្រជាជននិយាយភាសាបារាំងយ៉ាងច្រើន ឬជាកន្លែងដែលមានទំនាក់ទំនងវប្បធម៌ និងប្រវត្តិសាស្ត្រគួរឱ្យកត់សម្គាល់ជាមួយប្រទេសបារាំង។ អង្គការនេះមានសមាជិកចំនួន ៩០ ប្រទេសនៅជុំវិញពិភពលោក។
នៅថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៧០ នៅទីក្រុងនីយ៉ាម៉េ (Niamey) ប្រទេសនីហ្សេ អង្គការនេះត្រូវបានបង្កើតឡើងជាផ្លូវការក្រោមឈ្មោះថា ទីភ្នាក់ងារសម្រាប់កិច្ចសហប្រតិបត្តិការវប្បធម៌ និងបច្ចេកទេស (ACCT)។ អង្គការនេះត្រូវបានផ្តួចផ្តើមឡើង ដោយមេដឹកនាំដែលមានចក្ខុវិស័យវែងឆ្ងាយចំនួន ៤ រូប៖
១. លោក លេអូប៉ូល សេដា សេងហ្គ័រ (Léopold Sédar Senghor) (ប្រធានាធិបតីសេណេហ្គាល់)
២. លោក ហាប៊ីប បួហ្គីបា (Habib Bourguiba) (ប្រធានាធិបតីទុយនេស៊ី)
៣. លោក ហាម៉ានី ឌីយ៉ូរី (Hamani Diori) (ប្រធានាធិបតីនីហ្សេ)
៤. ព្រះបរមរតនកោដ្ឋ សម្តេចព្រះបាទ នរោត្តម សីហនុ (ព្រះប្រមុខរដ្ឋនៃប្រទេសកម្ពុជា)
ស្ថាប័ននេះបានឆ្លងកាត់ការផ្លាស់ប្តូរឈ្មោះជាច្រើនដង ហើយក្រោយមកក៏ក្លាយជាទីភ្នាក់ងារអន្តររដ្ឋាភិបាលនៃហ្វ្រង់កូហ្វូនី ក្នុងឆ្នាំ១៩៩៨ ហើយបានប្តូរមកប្រើឈ្មោះបច្ចុប្បន្ន គឺ អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ក្នុងឆ្នាំ២០០៥។ ទីស្នាក់ការកណ្តាលរបស់អង្គការនេះ មានទីតាំងនៅទីក្រុងប៉ារីស ប្រទេសបារាំង។ ការងាររបស់អង្គការនេះត្រូវបានដឹកនាំដោយបេសកកម្មស្នូលចំនួន ៤៖
- លើកកម្ពស់ភាសាបារាំង និងភាពចម្រុះនៃវប្បធម៌ និងភាសា។
- លើកកម្ពស់សន្តិភាព លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស (រួមទាំងការឃ្លាំមើលការបោះឆ្នោត និងការសម្របសម្រួលក្នុងវិបត្តិនយោបាយ)។
- គាំទ្រការអប់រំ ការបណ្តុះបណ្តាល ឧត្តមសិក្សា និងការស្រាវជ្រាវ។
- អភិវឌ្ឍកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដើម្បីបម្រើដល់ការអភិវឌ្ឍប្រកបដោយចីរភាព៕
ដោយ កែវ កញ្ញា






