ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ — លោកអភិបាល អូលីវីយ៉េ បានអញ្ជើញដឹកនាំកិច្ចប្រជុំរបស់សម្ព័ន្ធអង្គការ និងសមាគមកាតូលិកដើម្បីមេត្តាករុណា និងការអភិវឌ្ឍ (CACD) ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងអង្គការ និងសមាគមកាតូលិកដែលជាសមាជិក CACD។ ថ្លែងក្នុងពិធីបើកអង្គប្រជុំ លោកអភិបាល អូលីវីយ៉េ បានគូសបញ្ជាក់ថា បច្ចុប្បន្នពិភពលោកកំពុងមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដែលទាមទារឱ្យយើងទាំងអស់គ្នាត្រូវតែភ្ញាក់ស្មារតី ដើម្បីរួមគ្នាកសាងមរតកដ៏ល្អប្រពៃទុកសម្រាប់កូនចៅជំនាន់ក្រោយ តាមរយៈគោលដៅសំខាន់ៗមាន៖ ១. ការប្រែប្រួលអាកាសធាតុ៖ គ្រោះមហន្តរាយធម្មជាតិ ទឹកជំនន់ និងការប្រែប្រួលប្រភពទឹកនៃទន្លេមេគង្គ គឺជាសញ្ញាដាស់តឿនដ៏ចាំបាច់ ដែលតម្រូវឱ្យយើងរួមដៃគ្នាក្នុងការថែរក្សាបរិស្ថាន និងការពារធនធានធម្មជាតិឱ្យបានគង់វង្ស។ ២. យុគសម័យបញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យា៖ ទោះបីជាបច្ចេកវិទ្យាមានការវិវត្តដើរលឿនយ៉ាងណាក៏ដោយ លោកអភិបាលបានក្រើនរំលឹកថា យើងមិនត្រូវបណ្តោយឱ្យពិភពនិម្មិត (Virtual) មកបំផ្លាញទំនាក់ទំនងពិតប្រាកដនៅក្នុងគ្រួសារ និងសង្គមឡើយ ផ្ទុយទៅវិញ យើងត្រូវរក្សាអត្តសញ្ញាណ និងតម្លៃជាមនុស្សឱ្យបានរឹងមាំជានិច្ច។ ៣. ការកសាងវប្បធម៌សន្តិភាព៖ សន្តិភាពមិនមែនសំដៅត្រឹមតែការឈប់បាញ់គ្នានោះទេ ប៉ុន្តែគឺជាការរស់នៅក្នុងសេចក្តីសុខសាន្ត ការមិនបង្រៀនឱ្យមានការស្អប់ខ្ពើមគ្នា និងការចេះសម្រុះសម្រួលគ្នាទៅវិញទៅមកពីមួយថ្ងៃទៅមួយថ្ងៃ។ ក្រៅពីប្រសាសន៍ណែនាំដ៏មានសារៈសំខាន់របស់លោកអភិបាល អង្គប្រជុំក៏បានរៀបចំបទឈ្វេងយល់ស្តីពីបញ្ហាការប្រែប្រួលអាកាសធាតុ និងវិធានការត្រៀមបង្ការមួយចំនួន ដើម្បីឆ្លើយតបទៅនឹងផលប៉ះពាល់ដែលបង្កឡើងដោយឥទ្ធិពលរលកកម្ដៅនៃបាតុភូតអែលនីណូ (El Niño) ដែលធ្វើបទបង្ហាញដោយអ្នកជំនាញមកពីអង្គការ Plant Cambodia។
ដោយ ៖ លី សុវណ្ណា






