លោកអភិបាល គីកេ ហ្វីហ្ការ៉េដូ ដឹកនាំក្រុមសិល្បករមានពិការភាពកម្ពុជា ទៅសម្តែងនៅអឺរ៉ុប៖ បេសកកម្មផ្សព្វផ្សាយវប្បធម៌ និងក្តីសង្ឃឹម

បាត់ដំបង៖ លោកអភិបាល គីកេ ហ្វីការេដូ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគបាត់ដំបង បានដឹកនាំក្រុមយុវសិល្បករ-សិល្បការិនីប្រពៃណីខ្មែរប្រមាណជាង ៣០ នាក់ ចេញដំណើរទៅសម្តែងនៅប្រទេសអេស្ប៉ាញ និងបណ្តាប្រទេសមួយចំនួននៅទ្វីបអឺរ៉ុប។ ដំណើរទស្សនកិច្ចសិល្បៈនេះ មិនត្រឹមតែជាការលើកតម្កើងមរតកវប្បធម៌ខ្មែរលើឆាកអន្តរជាតិនោះទេ ប៉ុន្តែថែមទាំងជាការបង្ហាញពីស្មារតីតស៊ូ ក្តីសង្ឃឹម និងភាពថ្លៃថ្នូររបស់ជនមានពិការភាពនៅកម្ពុជា។ ក្រុមនេះបានចាកចេញពីប្រទេសកម្ពុជាកាលពីថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅ។
សមាជិកភាគច្រើននៃក្រុមយុវសិល្បករទាំងនេះ គឺជាជនមានពិការភាព ដែលរងគ្រោះដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះសេសសល់ពីសម័យសង្គ្រាម រួមទាំងពិការភាពដោយសារជំងឺគ្រុនស្វិតដៃជើង និងកត្តាផ្សេងៗទៀត។ តាមរយៈកាយវិការរស់រវើកនៃរបាំបុរាណ និងប្រពៃណីខ្មែរ យុវជនទាំងនេះបានបំប្លែងភាពឈឺចាប់ និងឧបសគ្គរាងកាយ ទៅជាថាមពលសិល្បៈដ៏រស់រវើក ដែលធ្វើឱ្យទស្សនិកជននៅអឺរ៉ុបកោតស្ងើចសរសើរយ៉ាងក្រៃលែងចំពោះភាពអង់អាច និងទេពកោសល្យដ៏ប៉ិនប្រសប់របស់ពួកគេ។
លោកអភិបាល គីកេ ហ្វីការេដូ ដែលប្រជាជនខ្មែរ និងអន្តរជាតិស្គាល់យ៉ាងច្បាស់តាមរយៈរហស្សនាមថា លោកអភិបាលនៃរទេះរុញ (Bishop of the Wheelchairs) បានលះបង់ពេលវេលា និងកម្លាំងកាយចិត្តអស់ជាច្រើនទសវត្សរ៍ ក្នុងការបម្រើប្រជាជនកម្ពុជា ជាពិសេសជនងាយរងគ្រោះនៅក្នុងសង្គម។
ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៨០ ក្នុងនាមជាបូជាចារ្យJesuit លោកបានធ្វើការយ៉ាងសកម្មនៅតាមជំរំជនភៀសខ្លួនតាមព្រំដែនកម្ពុជា-ថៃ។ នៅទីនោះ លោកបានផ្តួចផ្តើមផលិត រទេះរុញមេគង្គ (Mekong Wheelchair) ធ្វើពីឈើ និងដែកក្នុងស្រុក ដើម្បីជួយជនរងគ្រោះដោយសារគ្រាប់មីនឱ្យមានលទ្ធភាពធ្វើដំណើរ និងស្តារឯករាជ្យភាពនៃជីវិតឡើងវិញ។
បន្ទាប់ពីទទួលបានការជ្រើសតាំងជាអភិបាលព្រះសហគមន៍កាតូលិកភូមិភាគបាត់ដំបងក្នុងឆ្នាំ ២០០០ លោកអភិបាល គីកេ បានកសាងសមិទ្ធផលមនុស្សធម៌ និងការអភិវឌ្ឍសហគមន៍យ៉ាងច្រើនឥតគណនា ។
ដំណើរការសម្តែងនៅអឺរ៉ុបនាពេលនេះ គឺជាសក្ខីភាពមួយទៀតនៃការប្តេជ្ញាចិត្តរបស់លោកអភិបាល គីកេ ក្នុងការបង្ហាញឱ្យពិភពលោកឃើញថា ជនមានពិការភាពមិនមែនជាបន្ទុករបស់សង្គមនោះឡើយ ប៉ុន្តែពួកគេជាទូតសុច្ឆន្ទៈនៃវប្បធម៌ និងជាតួអង្គសំខាន់ក្នុងការកសាងពិភពលោកមួយដែលប្រកបដោយក្តីស្រឡាញ់ សាមគ្គីភាព និងការរួមរស់ជាមួយគ្នាដោយគ្មានការរើសអើង៕
Facebook
Twitter
LinkedIn