អត្ថបទព្រះគម្ពីរ ថ្ងៃពុធ ទី០២ ខែមេសា ឆ្នាំ២០២៥

ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ពេលយើងខ្ញុំប្រែចិត្តគំនិត ព្រះអង្គប្រទានរង្វាន់ ហើយលើកលែងទោសឱ្យផង។ យើងខ្ញុំសូមទទួលសារភាពថា យើងខ្ញុំជាអ្នកបាប។ សូមទ្រង់ព្រះមេត្តាអាណិតមេត្តាដល់យើងខ្ញុំ សូមប្រណី និងអត់ទោសឱ្យយើងខ្ញុំផង។

សូមថ្លែងព្រះគម្ពីរព្យាការីអេសាយ អស ៤៩,៨-១៥
ព្រះអម្ចាស់មានព្រះបន្ទូលមកអ្នកបម្រើរបស់ព្រះអង្គថា៖ «នៅគ្រាណាដែលយើងគាប់ចិត្ត យើងបានឆ្លើយតបមកអ្នក។ ដល់ថ្ងៃកំណត់ដែលយើងសង្គ្រោះ យើងក៏បានជួយអ្នកដែរ។ យើងបានញែកអ្នកឱ្យនៅដាច់ឡែកពីគេ ដើម្បីចងសម្ពន្ធមេត្រីជាមួយប្រជាជន គឺយើងនឹងស្តារស្រុកទេសឡើងវិញ ហើយចែកដីដែលគេបានបោះបង់ចោលឱ្យប្រជាជន។ យើងនិងប្រាប់ពួកឈ្លើយសឹកថា៖ “ចូរចេញមក!” ហើយប្រាប់អ្នកនៅទីងងឹតថា៖ “ចូរបង្ហាញខ្លួនមក!”។ ពួកគេនឹងរកស៊ីចិញ្ចឹមជីវិតយ៉ាងសុខសាន្តដូចចៀមស៊ីស្មៅនៅតាមផ្លូវ និងស្វែងរកអាហារតាមវាលស្មៅនៅលើកំពូលភ្នំ ពួកគេលែងស្រេកឃ្លានទៀតហើយ។ ខ្យល់ក្តៅ និងព្រះអាទិត្យមិនធ្វើទុក្ខគេទេ ដ្បិតព្រះអម្ចាស់មានហប្ញទ័យមេត្តាករុណាចំពោះគេ ទ្រង់នាំផ្លូវគេឱ្យទៅ។ ព្រះអង្គនឹងដឹកនាំគេឆ្ពោះទៅកាន់ប្រភពទឹក។ យើងនឹងពង្រាបភ្នំទាំងអស់ធ្វើជាផ្លូវ ហើយលើកថ្នល់ទាំងប៉ុន្មានឱ្យខ្ពស់ដែរ សម្រាប់ប្រជាជនរបស់យើង។ មើលហ្ន៎! ពួកគេមកពីឆ្ងាយណាស់ ខ្លះមកពីខាងជើង ខ្លះមកពីខាងលិច ខ្លះទៀតមកពីស្រុកខាងត្បូង។ ផ្ទៃមេឃអើយ! ចូរហ៊ោកញ្ជ្រៀវ។ ផែនដីអើយ! ចូរត្រេកអរសប្បាយ។ ភ្នំទាំងឡាយអើយ! ចូរស្រែកអបអរសាទរឡើង ដ្បិតព្រះអម្ចាស់សម្រាល់ទុក្ខប្រជាជនព្រះអង្គ ព្រះអង្គអាណិតមេត្តាកូនចៅរបស់ព្រះអង្គដែលរងទុក្ខវេទនា។ ក្រុងយេរូសាឡឹមតែងពោលថា៖ “ព្រះអម្ចាស់បានបោះបង់ខ្ញុំចោល! ព្រះអម្ចាស់ភ្លេចខ្ញុំហើយ!”។ តើម្តាយអាចបំភ្លេចកូនរបស់ខ្លួនដែលនៅបៅបានឬ? តើម្តាយលែងអាណិតកូនដែលកើតចេញពីផ្ទៃរបស់ខ្លួនបានឬ? ឧបមាថា ម្តាយបំភ្លេចកូនទៅចុះ ចំណែកយើង យើងមិនអាចបំភ្លេចអ្នកបានឡើយ!»។

ទំនុកតម្កើងលេខ ១៤៥(១៤៤),៨-៩.១៣-១៤.១៧-១៨ បទកាកគតិ
៨ ព្រះជាអម្ចាស់ ប្រកបដោយព្រះ ហប្ញទ័យត្រចង់
ប្រណីសន្តោស ករុណាហ្មត់ហ្មង អត់ធ្មត់កន្លង
អាណិតមេត្តា ។
៩ ព្រះជាអម្ចាស់ ព្រះទ័យសប្បុរស លើមនុស្សលោកា
ទ្រង់មានព្រះទ័យ សន្តោសករុណា មនុស្សគ្រប់អាត្មា
រស់ពេញផែនដី ។
១៣ ព្រះរាជ្យព្រះអង្គ ស្ថិតនៅយូរលង់ ពេញដោយអំណាច
គ្រងរាជ្យអស់កល្ប ព្រោះទ្រង់ជាស្តេច បារមីអង់អាច
ស្ថិតយូរវស្សា ។
ព្រះអម្ចាស់តែង គោរពឥតក្លែង បន្ទូលសន្យា
អ្វីដែលទ្រង់ធ្វើ សុទ្ធតែអស្ចារ្យ សប្បុរសមេត្តា
ករុណាអាសូរ ។
១៤ ព្រះអង្គលើកស្ទួយ អ្នកហេវហត់ព្រួយ ដួលយំស្រែកថ្ងូរ
ទ្រង់លើកអ្នកអស់ សង្ឃឹមឱ្យឈរ ពង្រឹងជំហរ
ឱ្យល្អវិញបាន ។
១៧ ព្រះជាអម្ចាស់ ធ្វើសព្វទាំងអស់ នូវរាល់កិច្ចការ
ដោយព្រះហប្ញទ័យ សុចរិតថ្លៃថ្លា សន្តោសករុណា
ទ្រង់បានប្រព្រឹត្ត ។
១៨ ព្រះអម្ចាស់គង់ នៅជិតអែបអង្គ កៀកកើយនែបនិត្យ
នឹងអ្នកអង្វរ ដោយសុទ្ធចិត្ត រកព្រះអង្គពិត
មិនយាងទៅណា ។
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ១១,២៥.២៦
ប បពិត្រព្រះអម្ចាស់! សូមលើកតម្កើងព្រះកិត្តិនាម ប្ញទ្ធានុភាព និងភាពថ្កុំថ្កើងរបស់ព្រះអង្គ។
គ ខ្ញុំប្រោសមនុស្សឱ្យរស់ឡើងវិញ និងផ្តល់ឱ្យគេមានជីវិត។ អ្នកដែលជឿលើខ្ញុំ មិនត្រូវស្លាប់សោះឡើយ!។
ប បពិត្រព្រះអម្ចាស់! សូមលើកតម្កើងព្រះកិត្តិនាម ប្ញទ្ធានុភាព និងភាពថ្កុំថ្កើងរបស់ព្រះអង្គ។
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ៥,១៧-៣០
ព្រះយេស៊ូបានប្រោសជនពិការម្នាក់នៅថ្ងៃសប្ប័ទ។ រួចព្រះអង្គមានព្រះបន្ទូលទៅជនជាតិយូដាថា៖ «ព្រះបិតាខ្ញុំធ្វើការរហូតមកទល់សព្វថ្ងៃ ខ្ញុំក៏ធ្វើការដូចព្រះអង្គដែរ»។ កាលឮព្រះបន្ទូលនេះ ជនជាតិយូដារឹតតែចង់ធ្វើគុតព្រះអង្គខ្លាំងឡើងៗ មិនមែនត្រឹមតែមកពីព្រះអង្គមិនបានគោរពតាមវិន័យសម្រាប់ថ្ងៃសប្ប័ទតែប៉ុណ្ណោះទេ គឺមកពីព្រះអង្គមានព្រះបន្ទូលថា ព្រះជាម្ចាស់ជាព្រះបិតារបស់ព្រះអង្គផ្ទាល់ថែមទៀត ហើយព្រះអង្គលើកខ្លួនឡើងស្មើនឹងព្រះជាម្ចាស់។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ ​«ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា ព្រះបុត្រាពុំអាចធ្វើអ្វីដោយព្រះអង្គផ្ទាល់បានឡើយ។ គឺព្រះបុត្រាធ្វើតែកិច្ចការណាដែលទ្រង់បានឃើញព្រះបិតាធ្វើប៉ុណ្ណោះ។ កិច្ចការអ្វីដែលព្រះបិតាធ្វើ ព្រះបុត្រាក៏ធ្វើកិច្ចការនោះដែរ។ ព្រះបិតាមានព្រះហប្ញទ័យស្រឡាញ់ព្រះបុត្រា ហើយព្រះអង្គបង្ហាញឱ្យព្រះបុត្រាឃើញគ្រប់កិច្ចការដែលព្រះអង្គធ្វើ ព្រះបិតានឹងបង្ហាញឱ្យព្រះបុត្រាឃើញកិច្ចការធំជាងនេះទៅទៀត ហើយអ្នករាល់គ្នាមុខជាងឿងឆ្ងល់ពុំខាន។ ដូចព្រះបិតាប្រោសមនុស្សស្លាប់ឱ្យមានជីវិតរស់ឡើងវិញ ព្រះបុត្រាប្រទានជីវិតឱ្យនរណាក៏បាន ស្រេចតែនឹងព្រះហប្ញទ័យរបស់ព្រះអង្គ។ ព្រះបិតាមិនវិនិច្ឆ័យនរណាឡើយ គឺព្រះអង្គបានប្រគល់អំណាចវិនិច្ឆ័យគ្រប់យ៉ាង​ឱ្យព្រះបុត្រាវិញ ដើម្បីឱ្យមនុស្សគ្រប់ៗគ្នាគោរពព្រះបុត្រា ដូចគេគោរពព្រះបិតាដែរ។ អ្នកណាមិនគោរពព្រះបុត្រាទេ អ្នកនោះក៏មិនគោរពព្រះបិតាដែលបានចាត់ព្រះបុត្រាឱ្យយាងមកនោះដែរ។ ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាស្តាប់សេចក្តីដែលខ្ញុំនិយាយ ហើយជឿលើព្រះអង្គដែលចាត់ខ្ញុំឱ្យមក អ្នកនោះមានជីវិតអស់កល្បជានិច្ច គេមិនត្រូវទទួលទោសឡើយ គឺបានឆ្លងផុតពីសេចក្តីស្លាប់ទៅរកជីវិត។ ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា ដល់ពេលកំណត់គឺឥឡូវនេះហើយ មនុស្សស្លាប់នឹងឮព្រះសូរសៀងព្រះបុត្រារបស់ព្រះជាម្ចាស់ ហើយអស់អ្នកដែលឮព្រះសូរសៀងនោះនឹងមានជីវិតរស់នៅ ដ្បិតព្រះបិតាជាប្រភពនៃជីវិតយ៉ាងណា ព្រះអង្គក៏ប្រទាន​ឱ្យព្រះបុត្រាធ្វើជាប្រភពនៃជីវិតយ៉ាងនោះដែរ។ ព្រះបិតាក៏ប្រទានឱ្យព្រះបុត្រាមានអំណាចដាក់ទោសថែមទៀតផង ព្រោះព្រះបុត្រាជាបុត្រមនុស្ស។ សុំកុំងឿងឆ្ងល់ឡើយ ដ្បិតដល់ពេលកំណត់ មនុស្សស្លាប់ទាំងប៉ុន្មាននឹងឮព្រះសូរសៀងរបស់ព្រះបុត្រា ហើយចេញពីផ្នូរមក។ អ្នកដែលបានប្រព្រឹត្តអំពើល្អ នឹងក្រោកឡើងពីសេចក្តីស្លាប់ដើម្បីទទួលជីវិត រីឯអ្នកដែលបានប្រព្រឹត្តអំពើអាក្រក់ នឹងក្រោកឡើងពីសេចក្តីស្លាប់ដើម្បីទទួលទោស។ ខ្ញុំមិនអាចធ្វើអ្វីដោយអំណាចខ្ញុំផ្ទាល់បានឡើយ ខ្ញុំវិនិច្ឆ័យគ្រប់ការទាំងអស់តាមសេចក្តីដែលព្រះបិតាមានព្រះបន្ទូលមកខ្ញុំ ហើយការវិនិច្ឆ័យរបស់ខ្ញុំត្រឹមត្រូវ ព្រោះខ្ញុំមិនប្រាថ្នាធ្វើតាមបំណងចិត្តខ្ញុំឡើយ គឺធ្វើតាមព្រះហប្ញទ័យរបស់ព្រះអង្គ ដែលបានចាត់ខ្ញុំឱ្យមកនោះវិញ»។

ពាក្យថ្វាយតង្វាយ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! សូមព្រះអង្គទ្រង់ព្រះមេត្តាទទួលសក្ការបូជានេះដោយអនុគ្រោះ។ សូមប្រោសយើងខ្ញុំឱ្យឃ្លាតចាកពីរបៀបរស់នៅចាស់ និងឱ្យរួមរស់ជាមួយព្រះយេស៊ូ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។

ពាក្យអរព្រះគុណ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គតែងតាំងអគ្គសញ្ញានៃព្រះកាយ និងព្រះលោហិត ដើម្បីប្រោសយើងខ្ញុំឱ្យបានជាសះស្បើយ។ សូមទ្រង់ព្រះមេត្តាកុំបណ្តោយយើងខ្ញុំឱ្យមានទោស ដោយបានទទួលព្រះកាយ និងព្រះលោហិតនេះឡើយ។

Facebook
Twitter
LinkedIn