អត្ថបទព្រះគម្ពីរ ថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៥

ឬសន្តសិលាដាមីយ៉ាំងជាអភិបាល និងជាគ្រូបាធ្យាយ

លោកដាមីយ៉ាំង កើតប្រហែលនៅឆ្នាំ១០០៧ នៅក្រុងរ៉ាវ៉ែន (ប្រទេសអ៊ីតាលី)។ កាល​បានអាយុ២៨ឆ្នាំ លោកបួសជាឥសីរស់នៅក្នុងព្រៃ។ លោកយក​ចិត្តទុក​ដាក់​កែ​តម្រង់ព្រះសហគមន៍​ ដោយ​ប្រៀន​ប្រដៅអស់លោកបូជាចារ្យ។ លោកនិពន្ធសៀវភៅជាច្រើនក្បាល ហើយកាន់វិន័យយ៉ាងតឹងរឹង លោក​ទទួលមុខងារជាអភិបាលព្រះសហគមន៍ក្រុងអូស្ទីយ៉ា (អ៊ីតាលី) តែលោកសូមលា​លែង​មុខ​តំ​ណែង​ត្រឡប់ទៅរស់នៅជាឥសីវិញ។ លោកទទួលមរណភាពនៅឆ្នាំ១០៧២។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរកំណើត កណ ១១ ១-៩

នៅសម័នោះ មនុស្សទាំងអស់នៅលើផែនដីទាំងមូលនិយាយភាសាតែមួយ និង​ប្រើពាក្យសម្តីតែមួយ។ ពេលពួកមនុស្សធ្វើដំណើរទៅ​ទិសខាងកើត គេឃើញវាល​មួយនៅតំបន់មេសូប៉ូតាមី ហើយក៏នាំគ្នាតាំងទីលំនៅក្នុងវាលនោះ។ គេនិយាយគ្នា​ទៅវិញទៅមកថា៖ «មក៍! យើងនាំគ្នាយកដីធ្វើឥដ្ឋ ហើយដុតក្នុងឡ!»។ គេក៏យក​ឥដ្ឋទាំងនោះប្រើជំនួសថ្ម ហើយយកប្រេងកាតលាយនឹងដីធ្វើជាបាយអ។ គេនិយាយ​​គ្នាទៀតថា៖ «មក៍! យើងនាំគ្នាសាងក្រុងមួយសម្រាប់ពួកយើងនៅ​ និងសាងប្រាសាទ​មួយមានកំពូលខ្ពស់ដល់មេឃ! ដូច្នេះ យើងនឹងមានឈ្មោះល្បី មិនបែកខ្ញែកគ្នាទៅពាសពេញនៅលើផែនដីទាំងមូលឡើយ»។ ព្រះអម្ចាស់យាងចុះមកទត​មើលក្រុង និងប្រាសាទដែលពួកមនុស្សកំពុងសាងនោះ។ ព្រះអង្គមានព្រះបន្ទូលថា៖ «មើល៍! ពួកគេទាំងអស់រួបរួមគ្នាជាប្រជាជនតែមួយ និយាយភាសាតែមួយ។ ឥឡូវនេះ បើពួកគេ​ធ្វើការនេះកើត ដល់ពេលក្រោយ ពួកគេប្រាថ្នាចង់ធ្វើអ្វីក៏គេអាចធ្វើបានទាំងអស់ដែរ ​គ្មានអ្វីរារាំងគេបានឡើយ! ដូច្នេះ យើងត្រូវតែចុះទៅបំបែកភាសារបស់គេ កុំឱ្យគេស្តាប់គ្នាទៅវិញទៅមកទៀតបាន!»។ ព្រះអម្ចាស់បានកំចាត់កំចាយពួកគេចេញពីទីនោះ ឱ្យបែកខ្ញែកគ្នាទៅពាសពេញនៅលើផែនដីទាំងមូល។ គេក៏ឈប់សាងក្រុង​នោះទៀត។ ហេតុនេះហើយបានជាគេដាក់ឈ្មោះក្រុងនោះថា “បាបិល (ឈ្មោះនេះ​មានន័យថា “បំបែក”) ដ្បិតនៅទីនោះ ព្រះអម្ចាស់បានបំបែកភាសាមនុស្សទាំងអស់។ នៅទីនោះ ព្រះអម្ចាស់ក៏បានកំចាត់កំចាយមនុស្សឱ្យបែកខ្ញែកគ្នាទៅពាសពេញនៅលើ​ផែនដីទាំងមូលដែរ។

ទំនុកតម្កើងលេខ ៣៣ (៣២),១០-១៥ បទព្រហ្មគីតិ

១០ ទ្រង់បំបែកផែនការ នៃប្រជាអសប្បុរស
គម្រោងការរបស់ ជនទាំងនោះត្រូវរលាយ
១១ ឯផែនការព្រះអង្គ ស្ថិតនៅគង់មិនអន្តរាយ
គម្រោងការទាំងឡាយ មិនរលាយនៅស្ថិតស្ថេរ
១២ ប្រជាដែលគោរព បម្រើគ្រប់គ្មានទំនេរ
ទុកជាព្រះឥតប្រែ នោះជួបតែសុខគ្រប់គ្រា
ជនដែលព្រះអង្គជ្រើស ឥតមានឃ្នើសជាទ្រព្យា
ជារាស្រ្តផ្ទាល់អង្គា នោះមុខជារួចផុតទុក្ខ
១៣ ព្រះម្ចាស់ទតមកពី ស្ថានរមណីបរមសុខ
ទតមើលពីលើមក ឃើញមនុស្សលោកយើងទាំងអស់
១៤ ពីព្រះរាជដំណាក់ ល្អដល់ថ្នាក់ឥតមានទាស់
ទតមើលជនទាំងអស់ ដែលនៅរស់លើផែនដី
១៥ គឺពិតជាព្រះអង្គ ដែលបង្កើតចិត្តប្រុសស្រី
ទ្រង់ពិនិត្យរំពៃ មើលសព្វអ្វីដែលគេធ្វើ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ២ធម ១,១០

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះយេស៊ូគ្រីស្តជាព្រះអម្ចាស់នៃយើង​បានបំបាត់អំណាចនៃសេចក្តីស្លាប់ ព្រមទាំងបំភ្លឺយើងឱ្យស្គាល់ជីវិតដោយសារដំណឹងល្អរបស់ព្រះអង្គ​។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ៨,៣៤-៩,១

​ព្រះយេស៊ូត្រាស់ហៅបណ្តាជន និងសាវ័កមក រួចព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «បើអ្នកណាចង់មកតាមក្រោយខ្ញុំ ត្រូវលះបង់ខ្លួនឯងចោល ត្រូវលីឈើឆ្កាងរបស់ខ្លួន ហើយមកតាមខ្ញុំចុះ ដ្បិតអ្នកណាចង់បានរួចជីវិត អ្នកនោះនឹងបាត់បង់ជីវិតពុំខាន ​រីឯអ្នកដែលបាត់បង់ជីវិតព្រោះតែខ្ញុំ និងព្រោះតែដំណឹងល្អនឹងបានរួចជីវិតវិញ​។ បើមនុស្សម្នាក់បានលោកីយ៍ទាំងមូលមកធ្វើជាសម្បត្តិរបស់ខ្លួន តែបាត់បង់ជីវិតនោះនឹងមានប្រយោជន៍អ្វី?។ តើមនុស្សអាចយកអ្វីមកប្តូរនឹងជីវិតរបស់ខ្លួនបាន?។ នៅ​ក្នុងកណ្តាលចំណោមមនុស្សដែលក្បត់ព្រះជាម្ចាស់ និងមនុស្សមានបាបនាសម័យនេះ បើអ្នកណាអៀនខ្មាសមិនហ៊ានទទួលស្គាល់ខ្ញុំ មិនហ៊ានទទួលស្គាល់ពាក្យរបស់ខ្ញុំ លុះដល់បុត្រនៃមនុស្សយាងមកប្រកបដោយសិរីរុងរឿងព្រះបិតារបស់ព្រះអង្គ និងទេវទូតដ៏វិសុទ្ធ ទ្រង់ក៏នឹងខ្មាសអៀនមិនហ៊ានទទួលស្គាល់អ្នកនោះវិញដែរ»។
ព្រះអង្គមានព្រះបន្ទូលថា៖ «ប្រាកដមែន! ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា មនុស្សខ្លះដែលនៅទីនេះនឹងមិនស្លាប់ទេ មុននឹងបានឃើញព្រះរាជ្យរបស់ព្រះជាម្ចាស់មកដល់ប្រកបដោយប្ញទ្ធានុភាព»។

Facebook
Twitter
LinkedIn