អត្ថបទព្រះគម្ពីរ ថ្ងៃពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរកំណើត កណ ៨,៦-១៣.២០-២២

សែសិបថ្ងៃក្រោយទឹកជន់លិចផែនដីមក លោកណូអេបើកបង្អួចសំពៅដែលគាត់បានធ្វើ។ លោកលែងក្អែកមួយឱ្យចេញទៅ ក្អែកនោះហើរទៅហើរមក រហូតទាល់តែដី​គោកលេចឡើង។ បន្ទាប់មក លោកណូអេលែងព្រាបមួយឱ្យចេញទៅ ដើម្បីដឹងថា​ ទឹកបានស្រកហើយឬយ៉ាណា។ តែព្រាបនោះរកកន្លែងទំគ្មាន ក៏វិលមកសំពៅវិញ​ ព្រោះទឹកនៅមានពាសពេញលើផែនដីទាំងមូលនៅឡើយ។ លោកណូអេក៏លាតដៃទទួលព្រាបនោះមកក្នុងសំពៅវិញ។ ប្រាំពីរថ្ងៃបន្ទាប់មក លោកលែងព្រាបឱ្យចេញ​ទៅម្តងទៀត។ នៅពេលល្ងាច ព្រាបនោះវិលមកវិញទាំងពាំត្រួយអូលីវស្រស់មកជាមួយផង។ ដូច្នេះលោកណូអេដឹងថា ទឹកបានស្រកហើយ។ លោកនៅចាំប្រាំពីរថ្ងៃ​ទៀត ទើតលែងព្រាបឱ្យទៅ។ លើកនេះ ព្រាបមិនត្រឡប់មកវិញ។ លោកណូអេ​បើកដំបូលសំពៅឃើញថា ដីគោករឹងស្ងួតហើយ។ លោកណូអេសាងអាសនៈមួយសម្រាប់ធ្វើយញ្ញបូជាថ្វាយព្រះអម្ចាស់។ ក្នុង​ចំណោមសត្វបរិសុទ្ធគ្រប់ប្រភេទ និងបក្សាបក្សីបរិសុទ្ធគ្រប់ប្រភេទ លោកយកសត្វខ្លះមកធ្វើយញ្ញបូជាទាំងមូលថ្វាយព្រះអម្ចាស់នៅលើអាសនៈនោះ។ ព្រះអម្ចាស់គាប់ព្រះ​ហប្ញទ័យនឹងក្លិនដ៏ឈ្ងុយឈ្ងប់នេះ ហើយសម្រេចថា៖ «ទោះបីមនុស្សប្រព្រឹត្តអំពើអាក្រក់យ៉ាងណាក៏ដោយ ក៏យើងមិនដាក់បណ្តាសាផែនដីទៀតឡើយ ព្រោះចិត្តមនុស្សលម្អៀងទៅប្រព្រឹត្តអំពើអាក្រក់តាំងពីក្មេងមកម្លេះ។ តែយើងមិនវាយបំផ្លាញសត្វ​លោកទាំងប៉ុន្មានដែលមានជីវិត ដូចយើងបានវាយបំផ្លាញកន្លងមកហើយនោះទៀតទេ។ ដរាបណានៅមានផែនដីនៅឡើយ ដរាបនោះនឹងមានរដូវសាបព្រោះ មាន​រដូវច្រូតកាត់ មានត្រជាក់ មានក្តៅ មានរដូវប្រាំ មានរដូវវស្សា មានថ្ងៃ មានយប់ ជាប់រហូតមិនអាក់ខានឡើយ»។

ទំនុកតម្កើងលេខ ១១៦ (១១៤-១១៥),១២-១៣.១៥-១៦.១៨-១៩ បទព្រហ្មគីតិ

១២ ព្រះគុណព្រះអង្គថ្លៃ ទោះយកអ្វីក៏មិនបាន
ប្រសើរឱ្យស្មើបាន ត្រូវតបស្នងឱ្យសមរម្យ
១៣ គឺខ្ញុំត្រូវលើកពែង ទាំងសម្តែងនាងឧត្តម
ព្រះអង្គរំដោះខ្ញុំ ដោយស្រែករកព្រះជាម្ចាស់
១៥ ទ្រង់ព្រួយព្រះទ័យណាស់ ពេលមានរាស្រ្តសូន្យសង្ខារ
ទោះជនវិសុទ្ធណា ទ្រង់មិនចង់ឱ្យស្លាប់ឡើយ
១៦ ឱ! ព្រះម្ចាស់ប្រសើរ ខ្ញុំបម្រើព្រះអង្គហើយ
ព្រះអង្គមិនកន្តើយ រំដោះខ្ញុំរួចពីស្លាប់
១៨ ខ្ញុំនឹងយកតង្វាយ មកដាក់ថ្វាយលាបំណន់
នៅមុខប្រជាជន ដែលជារាស្រ្តនៃព្រះអង្គ
១៩ គឺនៅក្នុងទីធ្លា ព្រះវិហារស្រស់បំព្រង
ស្ថិតនៅកណ្តាលក្រុង សូមសរសើរតម្កើងព្រះ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ១៤៦,១.៨

អាលេលូយ៉ា! អាលេលូយ៉ា!
ខ្ញុំសូមច្រៀងសសើរតម្កើងព្រះអម្ចាស់! ព្រះអង្គប្រោសមនុស្សខ្វាស់ឱ្យមើលឃើញ ព្រះអង្គលើកអ្នកដែលអស់សង្ឃឹមឱ្យងើបឡើងវិញ។​ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ៨,២២-២៦

​ព្រះយេស៊ូ និងក្រុមសាវ័កធ្វើដំណើរមកដល់ភូមិបេតសៃដា។ នៅពេលនោះ មានគេនាំមនុស្សខ្វាក់ម្នាក់មកគាល់ព្រះអង្គ ហើយទូលអង្វរសូមឱ្យព្រះអង្គពាល់គាត់។ ព្រះយេស៊ូក៏ដឹកដៃមនុស្សខ្វាក់នោះនាំចេញទៅខាងក្រៅភូមិ ព្រះអង្គយកទឹកព្រះឱស្ឋដាក់លើភ្នែកគាត់ ហើយដាក់ព្រះហស្តលើគាត់ ទាំងមានព្រះបន្ទូលសួរថា «តើអ្នកមើល ឃើញអ្វីខ្លះទេ?»។ បុរសនោះបើកភ្នែកឡើង ទូលថា៖«ខ្ញុំឃើញមនុស្សដើរស្ទុងៗមើលទៅដូជាដើមឈើ»។ ព្រះយេស៊ូក៏ដាក់ព្រះហស្តលើភ្នែកគាត់ម្តងទៀត។ បុរស នោះមើលឃើញច្បាស់ទាំងអស់ ភ្នែកគាត់បានជា។ ព្រះយេស៊ូប្រាប់គាត់ឱ្យវិលត្រឡប់ទៅផ្ទះវិញ ដោយមានព្រះបន្ទូលថា៖ «កុំចូលទៅក្នុងភូមិឱ្យសោះ»។

Facebook
Twitter
LinkedIn