ពាក្យអធិដ្ឋាននៅពេលចូល
បពិត្រព្រះអម្ចាស់ជាព្រះបិតា ប្រកបដោយធម៌មេត្ដាករុណាយ៉ាងក្រៃលែង! ព្រះអង្គសព្វព្រះហឫទ័យត្រាស់ហៅយើងខ្ញុំឱ្យធ្វើជាព្រះសហគមន៍របស់ព្រះអង្គ។ សូមទ្រង់ព្រះមេត្ដាថែរក្សាការពារមហាគ្រួសាររបស់ព្រះអង្គ តាមសេចក្ដីសង្ឃឹមរបស់យើងខ្ញុំផង។
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្យាការីយេរេមី យរ ១៧,៥-៨
ព្រះអម្ចាស់មានព្រះបន្ទូលថា៖«ជនណាផ្ញើជីវិតលើមនុស្ស គឺទុកចិត្ដលើអ្វីៗដែលជាលោកីយ៍ ដោយបែរចិត្ដចេញពីព្រះអម្ចាស់ ជននោះមុខជាត្រូវវេទនាពុំខាន គេប្រៀប បាននឹងដើមឈើក្រិននៅតាមព្រៃល្បោះ គេពុំអាចជួបនឹងសុភមង្គលបានឡើយ។ គេរស់នៅតាមកន្លែងក្ដៅហួតហែង ក្នុងវាលរហោស្ថាន ជាដីដែលគ្មានអ្វីដុះ និងគ្មានមនុស្សរស់នៅ។ រីឯអ្នកដែលផ្ញើជីវិតលើព្រះអម្ចាស់ និងយកព្រះអង្គធ្វើជាបង្អែក ពិតជាទទួលព្រះពរមិនខាន! អ្នកនោះប្រៀបបាននឹងដើមឈើដុះនៅក្បែរផ្លូវទឹក ដែលមានឫសចាក់ទៅរកទឹកហូរ វាមិនខ្លាចកម្ដៅ ហើយស្លឹករបស់វានៅខៀវខ្ចីជានិច្ច។ នៅពេលរាំងស្ងួត វាមិនព្រួយបារម្ភអ្វីទេ គឺវានៅតែបង្កើតផ្លែផ្កាដដែល។
ទំនុកតម្កើងលេខ ទំនុកតម្កើងលេខ ១,១-៤.៦ បទកាកគតិ
១ | អ្នកមិនប្រព្រឹត្ដ | តាមមនុស្សទុច្ចរិត | មិនស្ដាប់ទូន្មាន | ហើយមិនចូលចិត្ដ |
ដើរតាមស្នាមដាន | អ្នកនោះនឹងមាន | មង្គលពេកក្រៃ | ។ | |
២ | តែតាមការពិត | ពួកគេចូលចិត្ដ | នឹងធម្មវិន័យ | របស់ព្រះម្ចាស់ |
ទាំងយប់ទាំងថ្ងៃ | សញ្ជឹងរំពៃ | ឥតមានភ្លេចភ្លឹក | ។ | |
៣ | អ្នកនោះប្រៀបបាន | ដើមឈើល្អថ្កាន | ដុះក្បែរផ្លូវទឹក | មិនស្លោកស្រពោន |
ឱ្យផលផ្លែស្លឹក | ចម្រើនសន្ធឹក | តាមកាលរដូវ | ។ | |
៤ | រីមនុស្សអាក្រក់ | មានចិត្ដគម្រក់ | កេរិ៍្ដឈ្មោះអាស្រូវ | ពួកគេប្រៀបបាន |
អង្កាមដែលត្រូវ | ខ្យល់ផាត់ប៉ើងទៅ | បាចសាចខ្ចាត់ខ្ចាយ | ។ | |
៦ | ដ្បិតព្រះអម្ចាស់ | ស្ដាប់ប្រាកដណាស់ | មាគ៌ាប្រណីត | នៃមនុស្សល្អ |
ស្មោះសរសុចរិត | មាគ៌ាឧក្រិដ្ឋ | នាំខ្លួនអន្ដរាយ | ។ |
អត្ថបទទី២៖ សូមថ្លែងលិខិតទី១ របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូរិនថូស ១ករ ១៥,១២.១៦-២០
បងប្អូនជាទីស្រឡាញ់!
ប្រសិនបើយើងប្រកាសថា ព្រះគ្រីស្ដទទួលព្រះជន្មថ្មីដ៏រុងរឿង ហេតុអ្វីបានជាមានអ្នកខ្លះក្នុងចំណោមបងប្អូន បែរជាពោលថា មនុស្សស្លាប់មិនទទួលជីវិតដ៏រុងរឿងដូច្នេះ? បើមនុស្សស្លាប់មិនទទួលជីវិតដ៏រុងរឿងទេ ព្រះគ្រីស្ដក៏មិនបានទទួលព្រះជន្មដ៏រុងរឿងដែរ ហើយបើព្រះគ្រីស្ដមិនបានទទួលព្រះជន្មដ៏រុងរឿងទេ ជំនឿរបស់បងប្អូនគ្មានន័យអ្វីទាល់តែសោះ បងប្អូនក៏នៅតែជាប់បាបដដែល។ រីឯអស់អ្នកដែលស្លាប់រួមជាមួយព្រះគ្រីស្ដ ក៏ត្រូវវិនាសសាបសូន្យទាំងអស់គ្នាដែរ។ ប្រសិនបើយើងសង្ឃឹមទៅលើព្រះគ្រីស្ដសម្រាប់តែជីវិតនេះប៉ុណ្ណោះទេ យើងជាអ្នកវេទនាជាងគេបំផុត ក្នុងចំណោមមនុស្សទាំងអស់ហើយ!។ ប៉ុន្ដែ ព្រះគ្រីស្ដពិតជាបានទទួលព្រះជន្មថ្មីដ៏រុងរឿងមែន។ ក្នុងចំណោមមនុស្សស្លាប់ ព្រះអង្គទទួលព្រះជន្មថ្មីដ៏រុងរឿងមុនគេបង្អស់។
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម លក ៦,២៣
អាលេលូយ៉ា! អាលេលូយ៉ា!
ចូរមានអំណរសប្បាយឡើង ដ្បិតអ្នករាល់គ្នាទទួលរង្វាន់យ៉ាងធំនៅស្ថានបរមសុខ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៦,១៧.២០-២៦
ព្រះយេស៊ូយាងចុះពីលើភ្នំជាមួយសាវ័កទាំងដប់ពីរនាក់ ព្រះអង្គប្រថាប់នៅត្រង់កន្លែងមួយរាបស្មើ។ នៅទីនោះមានសាវ័កជាច្រើនអនេក និងមហាជនមកពីស្រុកយូដា ពីក្រុងយេរូសាឡឹម ពីក្រុងទីរ៉ូស និងក្រុងស៊ីដូននៅតាមមាត់សមុទ្រ មករង់ចាំព្រះអង្គយ៉ាងកកកុញ។ ព្រះយេស៊ូងើបព្រះភ័ក្ដ្រទតមើលសាវ័ករបស់ព្រះអង្គ ហើយមានព្រះបន្ទូលថា៖«អ្នករាល់គ្នាដែលជាជនក្រខ្សត់អើយ! អ្នកមានសុភមង្គល ដ្បិតអ្នករាល់គ្នាបានទទួលព្រះរាជ្យរបស់ព្រះជាម្ចាស់ហើយ។ អ្នករាល់គ្នាដែលកំពុងតែស្រេកឃ្លាន ឥឡូវនេះអើយ! អ្នកមានសុភមង្គលហើយ ដ្បិតអ្នករាល់គ្នានឹងបានឆ្អែត។ អ្នករាល់គ្នាដែលកំពុងតែយំសោកឥឡូវនេះអើយ! អ្នកមានសុភមង្គលហើយ ដ្បិតអ្នករាល់គ្នានឹង បានត្រេកអរ។ ប្រសិនបើមានគេស្អប់លែងរាប់រកអ្នករាល់គ្នា ប្រសិនបើគេត្មះតិះដៀល បង្ខូចឈ្មោះអ្នករាល់គ្នា ព្រោះតែបុត្រមនុស្ស អ្នករាល់គ្នាមានសុភមង្គលហើយ។ នៅគ្រានោះ ចូរមានអំណរសប្បាយឡើង ដ្បិតអ្នករាល់គ្នាទទួលរង្វាន់យ៉ាងធំនៅស្ថានបរមសុខ។ កាលពីជំនាន់មុន បុព្វបុរសរបស់គេក៏បានប្រព្រឹត្ដចំពោះពួកព្យាការីដូច្នោះដែរ។
ចំណែកឯអ្នករាល់គ្នាដែលជាអ្នកមានអើយ! អ្នកពិតជាវេទនាមែន ព្រោះអ្នករាល់គ្នាបានទទួលការសម្រាលទុក្ខរួចស្រេចហើយ។ អ្នករាល់គ្នាដែលឆ្អែតឥឡូវនេះអើយ! អ្នក ពិតជាវេទនាមែន! ដ្បិតអ្នករាល់គ្នានឹងស្រេកឃ្លានជាពុំខាន។ អ្នករាល់គ្នាដែលកំពុងតែត្រេកអរឥឡូវនេះអើយ! អ្នកពិតជាវេទនាមែន! ព្រោះអ្នករាល់គ្នានឹងកាន់ទុក្ខ ហើយយំសោកជាពុំខាន។ អ្នករាល់គ្នាដែលមនុស្សទាំងអស់កោតសរសើរអើយ! អ្នកពិតជាវេទនាមែន ព្រោះបុព្វបុរសរបស់គេក៏បានប្រព្រឹត្ដចំពោះពួកព្យាការីក្លែងក្លាយដូច្នោះដែរ!»។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះជាអម្ចាស់! ព្រះអង្គបានបង្កើតអ្វីៗទាំងអស់ដែលមាននៅក្នុងពិភពលោក។ យើងខ្ញុំសូមលើកនំប័ុង និងស្រានេះមកថ្វាយព្រះអង្គ ដើម្បីតបស្នងព្រះគុណព្រះអង្គ។ សូមទ្រង់ព្រះមេត្ដាទទួលដោយអនុគ្រោះ។ សូមប្រោសប្រទានឱ្យនំប័ុង និងស្រានេះ បាន ទៅជាព្រះកាយ និងព្រះលោហិតរបស់ព្រះយេស៊ូគ្រីស្ដ ដែលបានសង្គ្រោះមនុស្សលោក។ ព្រះអង្គមានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។
ពាក្យអរព្រះគុណ
បពិត្រព្រះបិតាប្រកបដោយធម៌មេត្ដាករុណាយ៉ាងក្រៃលែង! យើងខ្ញុំសូមអរព្រះគុណព្រះអង្គ ដែលបានប្រោសយើងខ្ញុំឱ្យទទួលព្រះកាយព្រះគ្រីស្ដជាប្រភពជីវិតរបស់យើងខ្ញុំ។ សូមទ្រង់ព្រះមេត្ដាប្រោសពង្រឹងជំនឿយើងខ្ញុំ ឱ្យជាប់ចិត្ដនឹងព្រះគ្រីស្ដជានិច្ច ក្នុងគ្រប់កិច្ចការដែលយើងខ្ញុំប្រព្រឹត្ដ សូមឱ្យយើងខ្ញុំជួយស្រោចស្រង់មនុស្ស ដោយមិនប្រកាន់វណ្ណៈ ឬឋានៈអ្វីឡើយ។