អត្ថបទព្រះកម្ពីរ ថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥

សៅរ៍ – បៃតង – ថ្ងៃធម្មតា

សន្ដស៊ីរីល ជាបព្វជិត និងសន្ដមេតូដ
ជាអភិបាលព្រះសហគមន៍
បុណ្យរម្លឹក

ពណ៌ស

លោកកុងស្តង់ទីន ហៅថា “ស៊ីរីល” និងលោកម៉េថូដជាបងប្អូនបង្កើត គឺជាកូនមន្ត្រីជាន់ខ្ពស់ម្នាក់​នៅក្រុងថេស្សាឡូនិក។ លោកទាំងពីរចូលបួស រួចទទួលភារកិច្ចទៅប្រកាសដំ​ណឹង​នៅ​ទ្វីប​អឺរ៉ុបកណ្តាល។ លោកទាំងពីរបកប្រែព្រះគម្ពីរជាភាសាស្លាវុង ទាំងបង្កើតអក្សរម្យ៉ាងដែលមានប្រើរហូត​មក​ដល់សព្វថ្ងៃ។ មានគ្រីស្តបរិស័ទជំទាស់នឹងលោកទាំងពីរដែលប្រើភាសាសាមញ្ញដូច្នេះ តែ​សម្តេច​ប៉ាប​​គាំទ្រគេ។ លោកម៉េថូដទទួលមុខងារជាអភិបាលព្រះសហគមន៍ក្រុមស្មៀរញ៉ម និងជាតំណាងសម្តេច​​ប៉ាបទៀត។ លោកស៊ីរីលទទួល មរណភាពនៅថ្ងៃ ១៤ កុម្ភៈ ៨៦៩។ រីឯលោក​ម៉េថូដ​ទទួល​មរណ​ភាពនៅឆ្នាំ ៨៨៥។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរកំណើត កណ ៣,១-៨

ពស់ជាសត្វមួយមានកលល្បិចជាងគេ ក្នុងចំណោមសត្វព្រៃទាំងអស់ដែលព្រះជា​អម្ចាស់ប្រតិស្ឋានមក។​ វាពោលទៅកាន់ស្រ្តី​ថា៖ «តើព្រះជាម្ចាស់ពិតជាមានព្រះបន្ទូលថា អ្នកទាំងពីរមិនត្រូវបរិភោគផ្លែឈើទាំងប៉ុន្មានដែលនៅក្នុងសួនឧទ្យានមែនឬ?»។ ស្រ្តីឆ្លើយតបទៅពស់ថា៖ «យើងអាចបរិភោគផ្លែឈើទាំងឡាយនៅក្នុងសួនឧទ្យានបាន តែដើមឈើដែលស្ថិតនៅកណ្តាលសួនឧទ្យានវិញ ព្រះជាម្ចាស់បានហាមថា “កុំបរិភោគ​ផ្លែវាឡើយ ហើយក៏មិនត្រូវប៉ះពាល់ដែរ ខ្លាចក្រែងអ្នកទាំងពីរនឹងស្លាប់ជាមិនខាន”។ ពស់ប្រាប់ស្ត្រីថា៖ «ទេ! អ្នកទាំងពីរមិនត្រូវស្លាប់ឡើយ! តែព្រះជាម្ចាស់ជ្រាបថា ថ្ងៃណា​អ្នកបរិភោគផ្លែឈើនោះ ភ្នែកអ្នកនឹងភ្លឺ ហើយអ្នកនឹងបានដូចព្រះដែលស្គាល់អ្វីផ្តល់សុខ និងអ្វីផ្តល់ទុក្ខជាមិនខាន»។ ស្ត្រីមើលទៅដើមឈើឃើញថា មានរស់ជាតិឆ្ងាញ់ពិសា​ ល្អគយគន់ ហើយអាចផ្តល់ឱ្យមានប្រាជ្ញាវាងវៃថែមទៀតផង។ នាងក៏បេះផ្លែមួយ​មកបរិភោគ ព្រមទាំងបែកឱ្យប្តីដែលនៅជាមួយ ហើយប្តីក៏បរិភោគដែរ។ ពេលនោះ ស្រាប់តែភ្នែកអ្នទាំងពីរភ្លឺឡើង ហើយគេដឹងថានៅខ្លួនទទេ។ អ្នកទាំងពីរក៏បេះ​ស្លឹកចារមកខ្ទាស់ធ្វើជាប៉ឹងបិទបាំងរាង្គកាយ។ ពេលថ្ងៃ កាលមានខ្យល់បក់រំភើយៗ​អ្នកទាំងពីរឮស្នូរព្រះជាអម្ចាស់យាងកំសាន្តក្នុងសួនឧទ្យាន។ បុរស និងស្រ្តីក៏នាំគ្នារត់ពួននៅក្រោយដើមឈើក្នុងសួនឧទ្យាន កុំឱ្យព្រះជាអម្ចាស់ទតឃើញ។

ទំនុកតម្កើងលេខ ៣២ (៣១),១-២.៥-៧ បទព្រហ្មគីតិ

អ្នកដែលព្រះជាម្ចាស់ លើកលែងទោសប្រោសប្រណី
រួចពីបាបទុក្ខភ័យ មានសេរីសុខមង្គល
អស់អ្នកដែលព្រះម្ចាស់ មិនចាប់ទោសផុតអំពល់
គ្មានចិត្តរៀចវិលវល់ មានមង្គលសុខឥតល្ហែ
រូបខ្ញុំបានសារភាព អំពើបាបមុខព្រះម្ចាស់
ខ្ញុំមិនលាក់លៀមសោះ នូវកំហុសខ្ញុំនោះឡើយ
ទូលបង្គំពោលថា ខ្ញុំនេះណាសារភាពហើយ
ទោសខ្ញុំធ្ងន់ឥតស្បើយ ទ្រង់លើឱ្យរួចពីបាប
ហេតុនេះហើយបានជា អ្នករាល់គ្នាប្រណិប័តន៍ក្រាប
ព្រះម្ចាស់ជាដរាប ជាប់រៀងរៀបមិភិតភ័យ
ទោះជាមានកង្វល់ ជួបព្យុះខ្យល់ទឹកជន់ក្តី
ព្រះម្ចាស់តែងប្រណី មិនឱ្យក្ស័យឬលិចលង់
ព្រះអង្គជាជំរក ឱ្យខ្ញុំជ្រកមិនឱ្យហ្មង
ការពាររូបខ្ញុំផង កំចាត់បង់អាស្នភ័យ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ៥១,១៧

អាលេលូយ៉ា! អាលេលូយ៉ា!
ឱព្រះអម្ចាស់អើយ! សូមជួយខ្ញុំឱ្យបន្លឺសំឡេងពោលពាក្យសរសើរតម្កើងព្រះអង្គផង!។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ៧,៣១-៣៧

ព្រះយេស៊ូយាងចេញពីតំបន់ក្រុងទីរ៉ូស កាត់តាមតំបន់ក្រុងស៊ីដូន និងតំបន់ស្រុកដេកា​​ប៉ូល ឆ្ពោះទៅសមុទ្រកាលីឡេវិញ។ គេនាំបុរសថ្លង់ម្នាក់មកគាល់ព្រះអង្គ។ ម្យ៉ាងទៀត បុរសនោះពុំអាចនិយាយបានស្រួលដូចធម្មតាផង។ គេទូលអង្វរសូមឱ្យព្រះអង្គដាក់ព្រះហស្តលើគាត់។ ព្រះអង្គនាំគាត់ចេញទៅដោយឡែកដាច់ពីបណ្តាជន ទ្រង់ដាក់ព្រះអង្គុលីក្នុងត្រចៀកគាត់ ហើយស្តោះទឹកព្រះឱស្ឋយកទៅផ្តិតលើអណ្តាតគាត់ រួចព្រះអង្គងើបព្រះភ័ក្រ្តឡើងទតទៅលើមេឃ ដកដង្ហើមធំ ហើយមានព្រះបន្ទូលថា៖ «អេផាថា» (ពាក្យនេះប្រែថា៖ “ចូរបើកឡើង”)។ រំពេចនោះ ស្រាប់តែត្រចៀករបស់បុរសនោះអាចស្តាប់ឮបាន អណ្តាតរបស់គាត់ក៏គ្រលាស់បាន ហើយគាត់ក៏និយាយស្តីបានច្បាស់លាស់។ ព្រះយេស៊ូហាមប្រាមពួកគេមិនឱ្យនិយាយហេតុការណ៍នេះប្រាប់នរណាសោះឡើយ។ ប៉ុន្តែ ទោះបីព្រះអង្គហាមប្រាមយ៉ាងណាក៏ដោយ ក៏គេរឹតតែ​ប្រកាសខ្លាំងឡើងៗ។ មនុស្សម្នាងឿវឆ្ងល់ពន់ពេកណាស់ ហើយពោលថា៖ «គ្រប់​កិច្ចការដែលលោកធ្វើ សុទ្ធតែល្អទាំងអស់ សូម្បីតែមនុស្សថ្លង់ក៏លោកធ្វើឱ្យឮបាន មនុស្សគក៏លោកធ្វើឱ្យនិយាយបានដែរ»។

ស – ឬសន្ដយេរ៉ូម អេមីលីយ៉ាំងជាបូជាចារ្យ ឬ សន្ដីយ៉ូសែហ្វីន បាគីតា ជាព្រហ្មចារិនី

បពិត្រព្រះអម្ចាស់ប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! ព្រះអង្គសព្វព្រះហឫទ័យណែនាំ​ប្រជា​ជន​​ជាច្រើឱ្យស្គាល់ព្រះអង្គ ដោយសារសន្តស៊ីរីល និងសន្តម៉េតូដ ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យយល់​អត្ថន័យព្រះបន្ទូលព្រះអង្គ សូមឱ្យយើងខ្ញុំមានជំនឿកាន់តែមាំមួនឡើង និងរួបរួមគ្នាជាធ្លុងតែមួយ ដើម្បី​ឱ្យមនុស្ស​លោកអាចជឿលើដំណឹងល្អបានផង។

សូមថ្លែងលិខិតទី២ របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូរិនថូស ២ករ ៤,១-២.៥-៧

បើ​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា ប្រគល់​មុខ‌ងារ​នេះ​មកឱ្យយើង​បំពេញ យើង​មិន​បាក់​ទឹក​ចិត្ត​ឡើយ។ យើង​បដិសេធ​មិន​ប្រព្រឹត្ត​ការ​លួច​លាក់​ណា​ដែល​គួរ​ឱ្យអៀន​ខ្មាស​នោះ​ទេ ហើយ​យើង​ក៏​មិន​បោក​បញ្ឆោត​គេ ឬ​ក្លែង​បន្លំ​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់​ដែរ។ ផ្ទុយ​ទៅ​វិញ យើង​បង្ហាញ​ឱ្យមនុស្ស​លោក​ស្គាល់​សេចក្ដី​ពិត ទាំង​នាំ​គេ​ឱ្យ​ទុក​ចិត្ត​លើ​យើងនៅ​ចំពោះ​ព្រះ‌ភក្ត្រ​ព្រះ‌ជាម្ចាស់។ យើង​មិន​ប្រកាស​អំពី​ខ្លួន​យើង​ទេ គឺ​យើង​ប្រកាស​អំពី​ព្រះ‌យេស៊ូ‌គ្រីស្ត​ជា​ព្រះ‌អម្ចាស់ ហើយ​យើង​ដាក់​ខ្លួន​ជា​អ្នក​បម្រើ​បង‌ប្អូន ព្រោះ​តែ​ព្រះ‌យេស៊ូ​នេះ​ហើយ។ ព្រះ‌ជាម្ចាស់​ដែល​មាន​ព្រះ‌បន្ទូល​ថា «ចូរ​ឱ្យមាន​ពន្លឺ​ភ្លឺ​ចេញ​ពី​ងងឹត!» ព្រះ‌អង្គ​ក៏​បាន​បំភ្លឺ​ចិត្ត​គំនិត​របស់​យើង​ឱ្យ​ស្គាល់​យ៉ាង​ច្បាស់នូវ​សិរី‌រុង​រឿង​របស់​ព្រះ‌ជាម្ចាស់ដែល​ភ្លឺ​ចាំង​ពី​ព្រះ‌ភក្ត្រ​របស់​ព្រះ‌គ្រីស្ត​ដែរ។ យើង​មាន​មុខ‌ងារ​ដ៏​ប្រសើរ​​នេះប្រៀប​បី​ដូច​ជា​ឆ្នាំង​ដីដែល​មាន​កំណប់​នៅ​ខាង​ក្នុង ដើម្បី​ឱ្យ​មនុស្ស​លោក​ឃើញ​ថា ឫទ្ធា‌នុភាព​ដ៏​ប្រសើរ​ខ្ពង់‌ខ្ពស់​នេះ ជា​ឫទ្ធា‌នុភាព​របស់​ព្រះ‌ជាម្ចាស់ មិន​មែន​ជា​របស់​យើង​ទេ។

ទំនុកតម្កើងលេខ ៩៦ ( ៩៥ ),១-៧.៧-៨.១០ បទព្រហគីតិ

ចូរច្រៀងបទថ្មីថ្វាយ ព្រះម្ចាស់ថ្លៃកុំឈរឈប់
មនុស្សនៅលើពិភព ច្រៀងកុំឈប់ថ្វាយព្រះអង្គ
ចូរច្រៀងថ្វាយព្រះម្ចាស់ តម្កើងព្រះនាមត្រចង់
ប្រកាសរាល់ថ្ងៃផង ពីបំណងដ៏ថ្លាថ្លៃ
ចូរប្រកាសនៅម្តុំ ចំណោមក្រុមជាតិទីទៃ
នូវរុងរឿងសិរី ព្រះហស្តថ្លៃដ៏អស្ចារ្យ
ដ្បិតព្រះម្ចាស់ឧត្តម យើងត្រូវខំសរសើរថា
អស់ពីដួងចិន្តា ព្រះក្សត្រាប្រសើរខ្ពស់
ព្រះនៃសាសន៍ផ្សេងណា មិនបានការអ្វីទាំងអស់
រីឯព្រះអម្ចាស់ ទ្រង់ជាក់ច្បាស់សាងផ្ទៃមេឃ
មានពន្លឺរស្មី ចែងចាំងក្រៃល្អពន់ពេក
ដំណាក់គន់គាប់ភ្នែក បារមីប្លែកថ្កើងត្រចង់
ប្រជាទាំងឡាយអើយ កុំកន្តើយចូរតម្រង់
លើកតម្កើងព្រះអង្គ ថ្លែងឥតហ្មងពីឫទ្ធា
លើកតម្កើងសិរី រុងរឿងជ័យព្រះនាមា
យកតង្វាយគ្រប់គ្នា ទៅព្រះវិហារថ្វាយក្សត្រា
ចូរក្រាបថ្វាយបង្គំ ពេលទ្រង់សម្តែងបាដិហារីយ៍
មនុស្សលើផែនលោកា ញ័រកាយាចំពោះភក្ត្រ
១០ ចូរប្រកាសនៅម្តុំ ចំណោមក្រុមជាតិច្រើននាក់
ថាទ្រង់គ្រងរាជ្យជាក់ ឥតបែកបាក់រឹងមាំល្អ
ព្រះម្ចាស់គ្រប់គ្រងលើ សព្វសារពើមានអំណរ
ពេញដោយយុត្តិធម៌ រាស្រ្តអបអរពន់ពេកក្រៃ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ

អាលេលូយ៉ា! អាលេលូយ៉ា!
អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស  មក ៤,១-៩

 ព្រះ‌យេស៊ូ​ចាប់‌ផ្ដើម​បង្រៀន​បណ្ដា‌ជន​នៅ​តាម​ឆ្នេរ​សមុទ្រ​ម្ដង​ទៀត។ មាន​បណ្ដា‌ជន​ច្រើន​កុះ‌ករ​នាំ​គ្នា​មក​រក​ព្រះ‌អង្គ ព្រះ‌អង្គ​ក៏​យាង​ចុះ​ទៅ​គង់​ក្នុង​ទូក​មួយនៅ​ក្បែរ​មាត់​ច្រាំង រីឯ​បណ្ដា‌ជន​អង្គុយ​នៅ​លើ​គោកតាម​ឆ្នេរ​សមុទ្រ។ ព្រះ‌អង្គ​ប្រើ​ពាក្យ​ប្រស្នា​បង្រៀន​គេ​អំពី​សេចក្ដី​ជា​ច្រើន។ ព្រះ‌អង្គ​បង្រៀន​គេ​ថា៖ «ចូរ​ស្ដាប់ មាន​បុរស​ម្នាក់​ចេញ​ទៅ​ព្រោះ​ស្រូវ។ ពេល​គាត់​ព្រោះ មាន​គ្រាប់​ពូជ​ខ្លះ​ធ្លាក់​ទៅ​លើ​ផ្លូវ ហើយ​សត្វ​មក​ចឹក​ស៊ី​អស់​ទៅ។ មាន​គ្រាប់​ពូជ​ខ្លះ​ទៀត​ធ្លាក់​ទៅ​លើ​កន្លែង​មាន​ថ្ម​ពុំ​សូវ​មាន​ដី គ្រាប់​ពូជ​ក៏​ដុះ​ឡើង​ភ្លាម ព្រោះ​ដី​មិន​ជ្រៅ។ លុះ​ដល់​ថ្ងៃ​ក្ដៅ ពន្លក​ដែល​ដុះ​ឡើង​នោះក៏​ក្រៀម​ស្វិត​អស់​ទៅ ព្រោះ​ឫស​ចាក់​មិន​បាន​ជ្រៅ។ មាន​គ្រាប់​ពូជ​ខ្លះ​ទៀត​ធ្លាក់​ទៅ​លើ​ដី​ដែល​មាន​បន្លា។ បន្លា​ក៏​ដុះ​ឡើង​រួប‌រឹត​ស្រូវមិន​ឱ្យ​បង្កើត​ផល​បាន​ឡើយ។ គ្រាប់​ពូជ​ឯ​ទៀតៗ​ធ្លាក់​ទៅ​លើ​ដី​មាន​ជី‌ជាតិ​ល្អ គ្រាប់​ពូជ​ក៏​ដុះ​ឡើង ហើយ​លូត‌លាស់​បង្កើត​ផល ខ្លះឱ្យផល​មួយ​ជា​សាម‌សិប ខ្លះ​ទៀត​ឱ្យ​មួយ​ជា​ហុក‌សិប និង​ខ្លះ​ទៀត​មួយ​ជា​មួយ‌រយ»។ បន្ទាប់​មក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «អស់​អ្នក​ដែល​ឮ​ពាក្យ​នេះ សូម​យក​ទៅ​ពិចារណា​ចុះ!»។

Facebook
Twitter
LinkedIn