អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរកំណើត កណ ៣,៩-២៤
ក្រោយពីមនុស្សប្រព្រឹត្តខុសនឹងព្រះបញ្ជារបស់ព្រះជាអម្ចាស់ ព្រះអង្គមានព្រះបន្ទូលហៅមនុស្សប្រុសថា៖ «អ្នកនៅឯណា?»។ គាត់ឆ្លើយថា៖ «ខ្ញុំឮសូរសៀងរបស់ព្រះអង្គក្នុងសួនឧទ្យាន ខ្ញុំភ័យណាស់ ព្រោះខ្ញុំនៅខ្លួនទទេ ហេតុនេះហើយបានជាខ្ញុំរត់ពួន»។ ព្រះអង្គមានព្រះបន្ទូលសួរថា៖ «នរណាប្រាប់អ្នកឱ្យដឹងថានៅខ្លួនទទេដូច្នេះ? តើអ្នកបរិភោគផ្លែឈើដែលយើងបានហាមមិនឱ្យបរិភោគនោះឬ?»។ បុរសឆ្លើយថា៖ «ស្ត្រីដែលព្រះអង្គប្រទានឱ្យមកនៅជាមួយខ្ញុំនោះ គឺនាងហើយដែលឱ្យផ្លែឈើមកខ្ញុំ ហើយខ្ញុំក៏ទទួលទានទៅ»។ ព្រះជាអម្ចាស់មានព្រះបន្ទូលមកស្ត្រីថា៖ «ម្តេចក៏នាងធ្វើដូច្នេះ!»។ ស្ត្រីឆ្លើយថា៖ «ពស់បានបញ្ឆោតនាងខ្ញុំ ហើយនាងខ្ញុំក៏ទទួលទានផ្លែឈើនោះទៅ»។
ព្រះជាអម្ចាស់មានព្រះបន្ទូលមកពស់ថា៖ «ដោយឯងបានធ្វើការនេះ ឯងនឹងត្រូវបណ្តាសាក្នុងចំណោមសត្វស្រុកសត្វព្រៃទាំងប៉ុន្មាន។ ឯងត្រូវតែលូននឹងពោះ ហើយស៊ីធូលីដីជារៀងរាល់ថ្ងៃអស់មួយជីវិត។ យើងនឹងធ្វើឱ្យឯង និងស្រ្តី ព្រមទាំងពូជឯងនិងពូជស្រ្តី ក្លាយទៅជាសត្រូវនឹងគ្នា។ ពូជនាងនឹងជាន់ក្បាលឯង ហើយឯងនឹងចឹកកែងជើងគេ»។ បន្ទាប់មក ព្រះជាម្ចាស់មានព្រះបន្ទូលមកស្រ្តីថា៖ «នៅពេលនាមានផ្ទៃពោះ យើងនឹងធ្វើឱ្យនាងរងទុក្ខលំបាកយ៉ាងខ្លាំង នាងនឹងសម្រាលកូនទាំងឈឺចុកចាប់។ តណ្ហាជំរុញនាងឱ្យត្រូវការប្តី ហើយប្តីនឹងធ្វើជាម្ចាស់លើនាង»។ ព្រះអង្គមានព្រះបន្ទូលមកលោកអដាំថា៖ «ដោយអ្នកបានស្តាប់តាមពាក្យប្រពន្ធ និងបានបរិភោគផ្លែឈើដែលយើងហាមមិនឱ្យបរិភោគ ដីនឹងត្រូវបណ្តាសាព្រោះតែអ្នក។ ដូច្នេះ អ្នកនឹងកាប់គាស់ដីចិញ្ចឹមជីវិតយ៉ាងសែនវេទនាជារៀងរាល់ថ្ងៃអស់មួយជីវិត។ ដីនឹងដុះបន្លា និងអញ្ចាញ ហើយអ្នកនឹងបរិភោគតិណជាតិដែលដុះនៅតាមវាលស្រែ។ អ្នកនឹងរកស៊ីចិញ្ចឹមជីវិតទាំងបង្ហូរញើស រហូតដល់ពេលអ្នកត្រឡប់ទៅដីវិញ ដ្បិតអ្នកមានកំណើតពីដីមក។ មែន! អ្នកកើតពីធូលីដីមក អ្នកត្រូវតែត្រឡប់ទៅធូលីដីវិញ»។
បុរសដាក់ឈ្មោះឱ្យភរិយាថា “អេវ៉ា” (ឈ្មោះនេះមានន័យថា “ស្ត្រីមានជីវិត”) ដ្បិតនាងជាមាតារបស់មនុស្សទាំងអស់ដែលមានជីវិត។ ព្រះជាអម្ចាស់យកស្បែកមកធ្វើជាសំលៀកបំពាក់ឱ្យលោកអដាំនិងភរិយារបស់គាត់។ ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «ឥឡូវនេះ មនុស្សក៏ស្គាល់អ្វីផ្តលសុខ និងអ្វីផ្តល់ទុក្ខ! ទៅជាព្រះដូចយើងដែរ! ដូច្នេះ គួរតែយើងរារាំងគេ កុំឱ្យលូកដៃបេះផ្លែពីដើមឈើដែលផ្តល់ជីវិតឡើយ ក្រែងគេបរិភោគទៅមានជីវិតរស់អស់កល្បជានិច្ច»។
ព្រះជាអម្ចាស់ក៏បណ្តេញមនុស្សចេញពីសួនអេដែន ដើម្បីឱ្យទៅភ្ជួររាស់ដីដែលព្រះអង្គបានយកមកសូនបង្កើតគេនោះ។ ក្រោយពីបានបណ្តេញមនុស្សចេញពីសួនអេដែនរួចហើយ ព្រះអង្គដាក់សត្វខេរ៉ូប៊ីមនៅខាងកើតសួន ។ សត្វទាំងនោះ កាន់ដាវ រន្ទះ រាំងផ្លូវ មិនឱ្យមនុស្សចូលទៅកាន់ដើមឈើដែលផ្តល់ជីវិតបានឡើយ។
ទំនុកតម្កើងលេខ ៩០ (៨៩) ,២-៦.១២-១៣ បទពាក្យ ៧
២ | មុនពេលមានភ្នំកកើតឡើង | មុនពេលព្រះអង្គបង្កើតដី | |
មុនពិភពលោកនិងអ្វីៗ | ព្រះអម្ចាស់ថ្លៃជាបិតា | ។ | |
៣ | ព្រះអង្គធ្វើឱ្យមនុស្សគ្រប់ទី | ក្លាយជាធូលីដីវិញណា | |
គឺព្រះអង្គមានបន្ទូលថា៖ | «អស់ពូជពង្សអដាំវិលវិញ» | ។ | |
៤ | ចំពោះព្រះអង្គរយៈពេល | មួយពាន់ឆ្នាំក្រែដូចម្សិលមិញ | |
ឬដូចជាពេលមួយយប់ពេញ | កន្លងផុតចេញទៅថ្មីៗ | ។ | |
៥ | ព្រះអង្គដកយកជីវិតមនុស្ស | ជីវិតទាំងអស់សព្វអ្វីៗ | |
គឺប្រៀបបីដូចជាស្មៅខ្ចី | មិនពិបាកអីដូចយល់សប្តិ | ។ | |
៦ | នៅពេលព្រឹកព្រាងមានរស្មី | ស្មៅដុះពីដីហើយត្រឡប់ | |
ជាក្រៀមស្រពោនសែនអភ័ព្វ | ពេលល្ងាចស្ងួតងាប់គ្មានសល់អ្វី | ។ | |
១២ | សូមណែនាំខ្ញុំឱ្យដឹងថា | អាយុសង្ខារខ្ញុំឥឡូវ | |
កំណត់ប៉ុណ្ណាឱ្យត្រឹមត្រូវ | ដើម្បីជាផ្លូវខ្ញុំរិះគិត | ។ | |
១៣ | ឱព្រះអម្ចាស់សូមប្រញាប់ | យាងមកឆាប់ៗប្រាប់ការពិត | |
កុំនៅបង្អង់សូមអាណិត | អាសូរដល់ចិត្តអ្នកបម្រើ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ៧៨,២៤
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់ចិញ្ចឹមប្រជារាស្រ្តរបស់ព្រះអង្គនៅវាលរហោស្ថាន ទ្រង់ប្រទានអាហារនៃស្ថានសួគ៌ឱ្យគេបរិភោគឆ្អែត។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ៨,១-១០
នៅពេលនោះ បណ្តាជនយ៉ាងច្រើនកុះករមកប្រជុំគ្នាសាជាថ្មីម្តងទៀត។ ដោយគេគ្មានអ្វីបរិភោគ ព្រះយេស៊ូត្រាស់ហៅក្រុមសាវ័កមក ហើយមានព្រះបន្ទូលថា៖ «ខ្ញុំអាណិតអាសូរបណ្តាជននេះពន់ពេកណាស់ ដ្បិតគេនៅជាមួយខ្ញុំអស់រយៈបីថ្ងៃមកហើយហើយគេគ្មានអ្វីបរិភោគសោះ។ ប្រសិនបើខ្ញុំឱ្យគេត្រឡប់ទៅផ្ទះវិញទាំងពោះទទេ គេមុខជាអស់កម្លាំងដួលតាមផ្លូវជាមិនខាន ព្រោះអ្នកខ្លះបានធ្វើដំណើរមកពីស្រុកឆ្ងាយ»។ ក្រុមសាវ័កទូលព្រះអង្គថា៖ «ទីនេះស្ងាត់ណាស់ តើរកម្ហូបអាហារឯណាឱ្យគេបរិភោគឆ្អែតគ្រប់គ្នាបាន?»។ ព្រះយេស៊ូមានព្រះបន្ទូលសួរថា៖ «តើអ្នករាល់គ្នាមាននំប៉័ងប៉ុន្មានដុំ?»។ ពួកគេទូលថា៖ «មានប្រាំពីរដុំ»។ ព្រះអង្គក៏ប្រាប់បណ្តាជនឱ្យអង្គុយផ្ទាល់នឹងដី ទ្រង់យកនំប៉័ងទាំងប្រាំពីរដុំមកកាន់អរព្រះគុណព្រះជាម្ចាស់ ហើយកាច់ប្រទានឱ្យក្រុមសាវ័កចែកបណ្តាជន។ គេមានត្រីតូចៗខ្លះដែរ។ ព្រះយេស៊ូអរព្រះគុណព្រះជាម្ចាស់ រួចប្រាប់ក្រុមសាវ័កឱ្យចែកត្រីទាំងនោះដល់គេ។ គេបានបរិភោគឆ្អែតទាំងអស់គ្នា ហើយប្រមូលនំប៉័ង និងត្រីដែលនៅសល់បានប្រាំពីរជាល។ នៅពេលនោះ មានមនុស្សទាំងអស់ប្រមាណជាបួនពាន់នាក់។ បន្ទាប់មក ព្រះយេស៊ូប្រាប់គេឱ្យវិញត្រឡប់ទៅផ្ទះវិញ។ ភ្លាមនោះ ព្រះអង្គយាងចុះទូកជាមួយក្រុមសាវ័កឆ្ពោះទៅតំបន់ដាល់ម៉ានូថា។