អត្ថបទព្រះគម្ពីរ ថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរកំណើត កណ ២,២៨-២៥

ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «បើមនុស្សនៅម្នាក់ឯងមិនស្រួលទេ យើងនឹងបង្កើតម្នាក់ទៀតឱ្យជួយនិងបានជាគ្នា»។ ព្រះជាអម្ចាស់យកដីមកសូនធ្វើជាសត្វស្រុកគ្រប់យ៉ាង និងធ្វើជាបក្សាបក្សីគ្រប់មុខដែលហើរនៅលើអាកាស រួចព្រះអង្គនាំសត្វទាំងនោះ​មកឱ្យមនុស្ស ដោយចង់ជ្រាបថា គេនឹងដាក់ឈ្មោះឱ្យសត្វទាំងនោះយ៉ាងណា។ សត្វទាំងអស់ក៏មានឈ្មោះតាមមនុស្សដាក់ឱ្យ។ មនុស្សដាក់ឈ្មោះឱ្យសត្វស្រុកទាំងអស់ ដាក់ឈ្មោះឱ្យបក្សាបក្សីដែលហើរនៅលើមេឃ និងដាក់ឈ្មោះឱ្យសត្វព្រៃទាំងប៉ុន្មានដែរ ប៉ុន្តែ គាត់ពុំឃើញមានសត្វណាមួយដែលអាចជួយ និងយកមកធ្វើជាគ្នា​បានឡើយ។ ដូច្នេះ ព្រះជាអម្ចាស់សណ្តំមនុស្សឱ្យដេកលង់លក់បាត់ស្មារតី។ ព្រះអង្គយកឆ្អឹងជំនីរមួយរបស់គាត់ចេញមក រួចភ្ជិតសាច់ទៅវិញ។ ព្រះជាអម្ចាស់យកឆ្អឹងជំនីរដែលទ្រង់បានហូតចេញពីមនុស្សប្រុសមកធ្វើជាមនុស្សស្រី រួចព្រះអង្គនាំនាងមកជួប​គាត់។ បុរសក៏ពោលឡើងថា៖ «លើកនេះពិតជា ឆ្អឹងដែលកើតចេញមកពីឆ្អឹងអញ ជាសាច់ដែលកើតចេញមកពីសាច់អញ ត្រូវហៅនាងថា “ស្ត្រី” ព្រោះនាងបានកើតចេញ​ពីបុរស មក»។ ហេតុនេះហើយ បានជាបុរសចាកចេញពីឪពុកម្តាយទៅរួមរស់ជាមួយ​ភរិយា ហើយអ្នកទាំងពីរត្រឡប់ទៅជារូបកាយតែមួយ។ ពេលនោះ ទាំងបុរសទាំងស្រ្តីនៅខ្លួនទទេទាំងពីនាក់ ប៉ុន្តែគេមិនអៀនខ្មាសគ្នាទេ។

ទំនុកតម្កើងលេខ ១២៨ (១២៧),១-៥ បទកាកគតិ

អ្នកណាកោតខ្លាច គោរពអំណាច ព្រះជាអម្ចាស់
  ដើរតាមគន្លង មាគ៌ានៃព្រះ អ្នកនោះឥតទាស់
    ពោរពេញមង្គល
អ្នកនឹងទទួល បានឥតប្រែប្រួល យកនូវភោគផល
  ចេញពីកិច្ចការ គ្រប់ពេលរៀងរាល់ នឹងមានមង្គល
    ចម្រើនពេកក្រៃ
ឯភរិយាអ្នក ដែលនៅក្នុងផ្ទះ ដូចដើមស្រស់ខ្ចី
  មានស្លឹកមានផ្លែ ស្រគាលទុំខ្ចី កូនប្រុសរញ៉ី
    ដូចដើមឈើតូច
នេះជាអំណោយ ទ្រង់ប្រទានឱ្យ គេបានសម្រេច
  ដល់អញនកកោតខ្លាច ប្ញទ្ធិអំណាច ផលច្រើនពន់ពេក
    មិនពិបាករក
សូមទ្រង់ប្រសិទ្ធិ ពរជ័យវិចិត្រ ពីស៊ីយ៉ូនមក
  ជារៀងរាល់ថ្ងៃ កុំបាច់លៃលក ដើរតត្រុករក
    ក្នុងជីវិតអ្នក

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យក ១,២១

អាលេលូយ៉ា! អាលេលូយ៉ា!
យើងត្រូវតែទទួលព្រះបន្ទូលដែលព្រះជាម្ចាស់បានបណ្តុះក្នុងយើង ព្រះបន្ទូលនេះអាចសង្រ្គោះយើងបាន។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ៧,២៤-៣០

ព្រះយេស៊ូយាងទៅកាន់តំបន់ជិតក្រុងទីរ៉ូស។ ព្រះអង្គយាងចូលក្នុងផ្ទះមួយ ទ្រង់ពុំ​ចង់ឱ្យនរណាដឹងថា ទ្រង់គង់នៅទីនោះឡើយ តែលាក់មិនជិត។ ភ្លាមនោះ ស្ត្រី​ម្នាក់ដែលកូនស្រីមានខ្មោចចូលបានឮគេនិយាយអំពីព្រះយេស៊ូ នាងមកក្រាបទៀប​ព្រះបាទទាព្រះអង្គ។ ស្ត្រីនោះជាសាសន៍ក្រិក មានកំណើតនៅភេនីស៊ី ក្នុងស្រុកស៊ីរី។ នាងទូលសូមព្រះយេស៊ូឱ្យដេញខ្មោចចេញពីកូននាង។ ព្រះយេស៊ូមានព្រះបន្ទូល​ទៅនាងថា៖ «ត្រូវទុកឱ្យកូនចៅបរិភោគឆ្អែតជាមុនសិន មិនគួរយកអាហាររបស់​កូនចៅបោះទៅឱ្យកូនឆ្កែស៊ីឡើយ»។ នាងទូលព្រះអង្គថា៖ «ពិតមែនហើយលោក​ម្ចាស់! ប៉ុន្តែ កូនឆ្កែនៅក្រោមតុ វាស៊ីកម្ទេចអាហារដែលកូនក្មេងធ្វើឱ្យជ្រុះនោះបាន»។ ពេលនោះ ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖ «ដោយនាងនិយាយដូច្នេះ ចូរនាង​វិលត្រឡប់ទៅវិញចុះ ខ្មោចបានចេញពីកូននាងហើយ»។ ពេលស្ត្រីនោះមកដល់លើផ្ទះ នាងឃើញកូនស្រីដេកនៅលើគ្រែ ដ្បិតខ្មោចបានចេញពីក្មេងនោះហើយ។

 

Facebook
Twitter
LinkedIn