អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរកំណើត កណ ៩,១-១៣
ព្រះជាម្ចាស់ប្រទានព្រះពរឱ្យលោកណូអេ និងឱ្យកូនប្រុសទាំងបីរបស់លោកដោយមានព្រះបន្ទូលថា៖ «ចូរបង្កើតកូនចៅឱ្យកើតបានចំនួនច្រើនឡើងពាសពេញផែនដីទៅ! សត្វទាំងប៉ុន្មាននៅលើផែនដី បក្សាបក្សីដែលហើរនៅលើមេឃ សត្វល្អិតៗដែលលូនវារលើដី និងត្រីក្នុងសមុទ្រទាំងប៉ុន្មាននឹងកោតខ្លាចអ្នករាល់គ្នា។ យើងប្រគល់សត្វទាំងនោះឱ្យអ្នករាល់គ្នាប្រើប្រាស់ហើយ។ យើងប្រគល់សព្វសត្វទាំងអស់ដែលមានជីវិតរស់រវើករវ័ណ្ឌឱ្យអ្នករាល់គ្នាធ្វើជាអាហារ គឺយើងឱ្យអ្វីៗទាំងអស់មកអ្នករាល់គ្នា ដូចយើងបានប្រគល់ធញ្ញជាតិឱ្យអ្នករាល់គ្នាកាលពីមុនដែរ។ ប៉ុន្តែ អ្នករាល់គ្នាមិនត្រូវបរិភោគសាច់ដែលមានឈាមជាប់នៅឡើយទេ ព្រោះឈាមជាជីវិតរបស់សត្វ។ រីឯជីវិតផ្ទាល់របស់អ្នករាល់គ្នាវិញ ក៏ដូច្នេះដែរ ប្រសិនបើមានមនុស្ស ឬសត្វណាបង្ហូរឈាមអ្នករាល់គ្នា យើងនឹងឱ្យមនុស្សឬសត្វនោះសងឈាមដែលជាជីវិតអ្នករាល់គ្នា។ អ្នកណាប្រហារជីវិតមនុស្សដូចគ្នា យើងក៏នឹងឱ្យអ្នកនោះសងជីវិតវិញដែរ។ អ្នកណាបង្ហូរឈាមមនុស្ស អ្នកនោះមុខជាត្រូវមនុស្សបង្ហូរឈាមវិញជាពុំខាន ដ្បិតព្រះជាម្ចាស់បានបង្កើតមនុស្សមកជាតំណាងរបស់ព្រះអង្គ។ ចំពោះអ្នករាល់គ្នាវិញ ចូរបង្កើតកូនចៅឱ្យកើនបានច្រើនឡើងពាសពេញផែនដីទៅ!»។ បន្ទាប់មក ព្រះជាម្ចាស់មានព្រះបន្ទូលមកលោកណូអេ និងកូនប្រុសទាំងបីរបស់លោកថា៖ «យើងចងសម្ពន្ធមេត្រីជាមួយអ្នករាល់គ្នា និងជាមួយពូជពង្សអ្នករាល់គ្នាតរៀងទៅ។ យើងក៏ចងសម្ពន្ធមេត្រីជាមួយសត្វមានជីវិតទាំងប៉ុន្មានដែលនៅជាមួយអ្នករាល់គ្នាដែរ មានបក្សាបក្សី សត្វស្រុក សត្វព្រៃ ពោលគឺសត្វទាំងអស់ដែលចេញពីសំពៅជាមួយអ្នករាល់គ្នា។ យើងនឹងចងសម្ពន្ធមេត្រីជាមួយអ្នករាល់គ្នាដូចតទៅ “គ្មានសត្វលោកណាមួយត្រូវបាត់បង់ជីវិតដោយទឹកជន់លិចទៀតឡើយ ហើយក៏នឹងលែងធ្វើឱ្យមានទឹកជន់លិចបំផ្លាញផែនដីទៀតដែរ”។ ព្រះជាម្ចាស់មានព្រះបន្ទូលទៀតថា៖ «នេះជាសញ្ញាសម្គាល់នៃសម្ពន្ធមេត្រីដែលយើងចងជាមួយអ្នករាល់គ្នា និងជាមួយសត្វលោកទាំងឡាយដែលនៅជាមួយអ្នករាល់គ្នាគ្រប់ជំនាន់តរៀងទៅ គឺយើងដាក់ធ្នូរបស់យើងនៅលើមេឃ ធ្វើជាសញ្ញាសម្គាល់នៃសម្ពន្ធមេត្រី ដែលយើងចងជាមួយនឹងសត្វលោកនៅលើផែនដី»។
ទំនុកតម្កើងលេខ ១០២ (១០១),១៦-២៣.២៩ បទព្រហ្មគីតិ
១៦ | សូមឱ្យមនុស្សគ្រប់សាសន៍ | កោតខ្លាចព្រះកុំមានភ្លេច | |
សូមឱ្យអ្នកទាំងស្តេច | លើផែនដីក៏កោតក្រែង | ។ | |
១៧ | ពេលព្រះអម្ចាស់សង់ | ស៊ីយ៉ូនក្រុងគួរស្ញប់ស្ញែង | |
ព្រះអង្គនឹងសម្តែង | សិរីរុងរឿងទាំងអស់ | ។ | |
១៨ | ពេលនោះទ្រង់នឹងបែរ | ព្រះភក្រ្តរេទតមកមនុស្ស | |
លែងធ្វើជើយទ្រគោះ | ពាក្យអង្វរគេទៀតហើយ | ។ | |
១៩ | សូមកាត់ក្តីនេះចុះ | ទុកឱ្យមនុស្សជំនាន់ក្រោយ | |
ប្រជារាស្រ្តកើតហើយ | កុំកន្តើយថ្កើងព្រះអង្គ | ។ | |
២០ | ព្រះអម្ចាស់ទតពី | សក្ការៈទីដ៏ត្រចង់ | |
ស្ថានបរមសុខឥតហ្មង | មិនរំលងសព្វផែនដី | ។ | |
២១ | ដើម្បីស្តាប់សម្រែក | ពួកឈ្លើយស្រែកទាំងយប់ថ្ងៃ | |
អ្នកដែលត្រូវក្សិណក្ស័យ | គេកាត់ក្តីមិនសុចរិត | ។ | |
២២ | គេនឹងប្រកាសប្រាប់ | ព្រះនាមគាប់ដ៏មានប្ញទ្ធិ | |
សរសើរតម្កើងពិត | ពីក្រុងយេរូសាឡឹម | ។ | |
២៣ | គឺពេលប្រជាជាតិ | ទាំងឆ្ងាយជិតមកមូលផ្តុំ | |
នឹងនាំគ្នាមកជុំ | គេគោរពបម្រើព្រះ | ។ | |
២៩ | កូនចៅរបស់ខ្ញុំ | នៅជួបជុំបម្រើស្រាប់ | |
រស់ដោយសុខគួរគាប់ | ទ្រង់នឹងថែកូនចៅគេ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ៦,៦៣.៦៨
អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះអម្ចាស់! ព្រះបន្ទូលរបស់ព្រះអង្គសុទ្ធតែចេញមកពីព្រះវិញ្ញាណ និងផ្តល់ជីវិត!។ ព្រះបន្ទូលព្រះអង្គប្រទានជីវិតអស់កល្បជានិច្ច។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ៨,២៧-៣៣
ព្រះយេស៊ូចេញទៅតាមភូមិនានាដែលនៅជិតក្រុងសេសារេភីលីពជាមួយក្រុមសាវ័ក។ នៅតាមផ្លូវ ព្រះអង្គមានព្រះបន្ទូលសួរគេថា៖ «តើមនុស្សទាំងឡាយថាខ្ញុំជានរណា?»។ ក្រុមសាវ័កទូលឆ្លើយថា៖ «អ្នកខ្លះថា លោកជាលោកយ៉ូហានបាទីស្ត អ្នកខ្លះថា លោកជាព្យាការីអេលី ហើយអ្នកខ្លះទៀតថា លោកជាព្យាការីមួយរូប»។ ព្រះអង្គមានព្រះបន្ទូលសួរគេថា៖ «ចុះអ្នករាល់គ្នាវិញ តើអ្នករាល់គ្នាថា ខ្ញុំជានរណាដែរ?»។ លោកសិលាទូលព្រះអង្គថា៖ «លោកជាព្រះគ្រីស្ត»។ ព្រះយេស៊ូហាមប្រាមសាវ័កមិនឱ្យនិយាយប្រាប់គេអំពីព្រះអង្គឡើយ។
បន្ទាប់មក ព្រះយេស៊ូក៏ចាប់ផ្តើមបង្រៀនក្រុមសាវ័កដោយមានព្រះបន្ទូលថា៖ «បុត្រមនុស្សត្រូវរងទុក្ខលំបាកយ៉ាងខ្លាំង។ ពួកព្រឹទ្ធាចារ្យ ពួកនាយកបូជាចារ្យ ពួកធម្មាចារ្យនឹងបោះបង់ព្រះអង្គចោល ថែមទាំងសម្លាប់លោកទៀតផង តែបីថ្ងៃក្រោយមក ព្រះអង្គទទួលព្រះជន្មថ្មីដ៏រុងរឿងវិញ» ព្រះអង្គមានព្រះបន្ទូលបញ្ជាក់ប្រាប់គេដោយឥតលាក់លៀម។ លោកសិលាយាងព្រះអង្គចេញទៅឆ្ងាយពីគេបន្តិច ហើយបន្ទោសព្រះអង្គ។ ព្រះយេស៊ូងាកទតទៅក្រុមសាវ័កឯទៀតៗ ហើយទ្រង់មានព្រះបន្ទូលបន្ទោសលោកសិលាវិញថា៖ «នែ! មារសាតាំង! ថយទៅក្រោយខ្ញុំទៅ! ដ្បិតគំនិតអ្នកមិនមែនជាគំនិតរបស់ព្រះជាម្ចាស់ទេ គឺជាគំនិតរបស់មនុស្សលោកសុទ្ធសាធ»។