អត្ថបទព្រះគម្ពីរ ថ្ងៃពុធ ទី០៨ ខែមករា ឆ្នាំ២០២៥

បពិត្រព្រះអម្ចាស់ជាព្រះបិតា ព្រះអង្គប្រៀបបាននឹងព្រះអាទិត្យដែលបំភ្លឺមនុស្សគ្រប់ជាតិសាសន៍។ ដោយព្រះគ្រីស្ត ព្រះអង្គបានសម្តែងព្រះហឫទ័យមេត្តាករុណាចំពោះមនុស្សគ្រប់ៗរូបដែរ។ សូមទ្រង់ព្រះមេត្តាប្រោសមនុស្សលោកឱ្យស្គាល់ព្រះអង្គគ្រប់គ្នា។ សូមឱ្យប្រជាជាតិនានានៅលើផែនដី បានប្រកបដោយសេចក្តីសុខសាន្តផង។

អត្ថបទទី១៖ សូមថ្លែងលិខិតទី ១ របស់គ្រីស្តទូតយ៉ូហាន ១យហ ៤,១១-១៨

មា្នលកូនចៅជាទីស្រឡាញ់! ប្រសិនបើព្រះជាម្ចាស់ស្រឡាញ់យើងដល់កម្រិតនេះទៅ ហើយយើងក៏ត្រូវស្រឡាញ់គ្នាទៅវិញទៅមកដែរ។ ពុំដែលមាននរណាបានឃើញព្រះ ជាម្ចាស់ឡើយ។ ប្រសិនបើយើងស្រឡាញ់គ្នាទៅវិញទៅមក ព្រះជាម្ចាស់ស្ថិតនៅជាប់នឹងយើង ហើយព្រះហឫទ័យស្រឡាញ់របស់ព្រះអង្គនឹងបានគ្រប់លក្ខណៈនៅក្នុងយើង​ដែរ។ យើងដឹងថា យើងស្ថិតនៅជាប់នឹងព្រះអង្គ ហើយព្រះអង្គស្ថិតនៅជាប់នឹងយើងដោយទ្រង់បានចែកព្រះវិញ្ញាណរបស់ព្រះអង្គឱ្យយើង។ រីឯយើងវិញ យើងបានឃើញ ហើយយើងផ្តល់សក្ខីភាពថា ព្រះបិតាបានចាត់ព្រះបុត្រាឱ្យយាងមកសង្គ្រោះមនុស្សលោក។ អ្នកណាប្រកាសជំនឿថា ព្រះយេស៊ូពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់ ព្រះជាម្ចាស់ នឹងស្ថិតនៅជាប់នឹងអ្នកនោះ ហើយអ្នកនោះក៏ស្ថិតនៅជាប់នឹងព្រះអង្គដែរ។ រីឯយើងវិញ យើងស្គាល់ព្រះហឫទ័យស្រឡាញ់របស់ព្រះជាម្ចាស់ក្នុងចំណោមយើង ហើយយើងក៏បានជឿ។ ព្រះជាម្ចាស់ជាសេចក្តីស្រឡាញ់ អ្នកណាស្ថិតនៅជាប់នឹងសេចក្តីស្រឡាញ់អ្នកនោះស្ថិតនៅជាប់នឹងព្រះជាម្ចាស់ ហើយព្រះជាម្ចាស់ក៏ស្ថិតនៅជាប់នឹងអ្នកនោះដែរ។
បើសេចក្តីស្រឡាញ់ពិតជាបានគ្រប់លក្ខណៈនៅក្នុងយើងមែននោះ យើងនឹងមានចិត្តរឹងប៉ឹងនៅថ្ងៃព្រះជាម្ចាស់វិនិច្ឆ័យមនុស្សលោក ដ្បិតក្នុងលោកនេះ យើងមានរបៀប រស់នៅដូចព្រះយេស៊ូដែរ។ បើយើងមានសេចក្តីស្រឡាញ់ក្នុងខ្លួន យើងឥតមានភ័យខ្លាចទេ។ សេចក្តីស្រឡាញ់ដ៏គ្រប់លក្ខណៈ បណ្តេញការភ័យខ្លាចឱ្យចេញផុត។ អ្នក​ណានៅភ័យខ្លាច អ្នកនោះតែងតែខ្លាចទទួលទណ្ឌកម្ម ដូច្នេះសេចក្តីស្រឡាញ់ពុំទាន់បានគ្រប់លក្ខណៈក្នុងខ្លួនគេនៅឡើយ។

ទំនុកតម្កើងលេខ ៧២ (៧១),១-២.១០-១៣ បទកាកគតិ

១. ព្រះជាម្ចាស់អើយ សូមប្រទានឱ្យ រាជបុត្រនេះចេះ វិន័យច្ឆ័យក្តី
តាមព្រះតម្រិះ សុចរិតវិសេស របស់ព្រះអង្គ
២. សូមឱ្យរាជា គ្រប់គ្រង់គ្រប់គ្នា ប្រជារាស្ត្រទ្រង់ ដោយយុត្តិធម៌
សុចរិតផូរផង់ វិសេសឥតហ្មង ត្រឹមត្រូវតាមច្បាប់
១០. អស់ស្តេចទាំងឡាយ នឹងយកតង្វាយ មកថ្វាយករុណា ឥតមានខកខាន
មួយវេលាណា ទាំងកោះនានា យកមកទាំងអស់
១១. ស្តេចទាំងប៉ុន្មាន ឥតមានខកខាន ចូលរួមដោយស្មោះ ក្រាបថ្វាយបង្គំ
រាជាទាំងអស់ ប្រជាទាំងនោះ បម្រើករុណា
១២. ទ្រង់នឹងរំដោះ អ្នកក្រទាំងអស់ ដោយធម៌មេត្តា អ្នកទុគ៌តស្រែក
សុំក្តីករុណា ព្រះអង្គរក្សា អ្នកគ្មានទីពឹង
១៣. ទ្រង់សែនអាណិត អាសូរពេកពិត អ្នកអត់លំនឹង និងជនកម្សត់
គ្មានអ្វីរំពឹង ព្រះអម្ចាស់នឹង សង្គ្រោះជីវិត

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ១ធម ៣,១៦

អលេលូយ៉ា! អាលេលូយ៉ា!
សូមលើកតម្កើងព្រះយេស៊ូគ្រីស្ត ដែលយាងមកក្នុងឋានៈជាមនុស្ស។ គេប្រកាសអំពីព្រះអង្គក្នុងចំណោមជាតិសាសន៍នានាក្នុងពិភពលោក! គេបានជឿលើព្រះអង្គ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ៦,៤៥-៥២

ក្រោយពីព្រះយេស៊ូចែកនំបុ័ងឱ្យបណ្តាជនមក ព្រះអង្គបញ្ជាក្រុមសាវ័កឱ្យចុះទូកឆ្លងទៅត្រើយម្ខាង ឆ្ពោះទៅភូមិបេតសៃដាមុនព្រះអង្គ ហើយព្រះអង្គប្រាប់បណ្តាជន ឱ្យ​ត្រឡប់ទៅវិញ។ កាលព្រះយេស៊ូឱ្យបណ្តាជនចេញអស់ ព្រះអង្គយាងទៅអធិដ្ឋាននៅលើភ្នំ។ លុះដល់យប់ ទូកបានទៅដល់កណ្តាលសមុទ្រ រីឯព្រះយេស៊ូវិញព្រះអង្គគង់នៅលើគោកតែមួយព្រះអង្គឯង។ ព្រះអង្គទតឃើញក្រុមសាវ័កកំពុងតែអុំទូកយ៉ាងលំបាក ដ្បិតបញ្ច្រាសខ្យល់។ ពេលជិតភ្លឺ ព្រះអង្គយាងលើទឹកឆ្ពោះទៅរកគេ ហើយធ្វើដូចជាចង់យាងបង្ហួស។ កាលក្រុមសាវ័កឃើញព្រះអង្គយាងលើទឹកសមុទ្រដូច្នេះ គេស្មានថាខ្មោចលង ក៏នាំគ្នាស្រែកឡើង ដ្បិតគេឃើញព្រះអង្គគ្រប់គ្នា ហើយ​ភ័យរន្ធត់ជាខ្លាំង។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេភ្លាមថា៖«ចូរតាំងចិត្តក្លាហានឡើង ខ្ញុំទេតើ កុំខ្លាចអី!»។ បន្ទាប់មក ព្រះអង្គយាងចូលក្នុងទូកជាមួយគេ ហើយខ្យល់ក៏ស្ងប់។ ក្រុមសាវ័កងឿងឆ្ងល់ពន់ពេកណាស់ ដ្បិតគេពុំទាន់យល់អំពីរឿងនំបុ័ងនៅឡើយ មកពីគេមាន ចិត្តរឹងរូស ។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! មានតែព្រះអង្គទេដែលប្រោសមនុស្សឱ្យអាចបម្រើព្រះអង្គដោយចិត្តស្មោះ ព្រមទាំងឱ្យអាចកសាងសន្តិភាពបាន។ សូមទ្រង់ព្រះមេត្តាទទួលសក្ការបូជាដែលយើងខ្ញុំសូមថ្វាយនៅពេលនេះ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ។ សូមពង្រឹងជំនឿយើងខ្ញុំផង​។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គតែងតែណែនាំប្រជារាស្ត្រព្រះអង្គ នៅពេលយើងខ្ញុំធ្វើដំណើរនៅនាលោកនេះ។ សូមទ្រង់ព្រះមេត្តាពង្រឹងជំនឿយើងខ្ញុំ សូមបំភ្លឺចិត្តគំនិតយើងខ្ញុំឱ្យនឹកដល់ព្រះអង្គដែលស្ថិតនៅជាមួយយើងខ្ញុំជានិច្ច។ សូមប្រោសយើងខ្ញុំឱ្យប្រើសម្បត្តិលោកីយ៍ដ៏មិនទៀងទាត់នេះ ទាំងភ្ជាប់ចិត្តទៅនឹងសម្បត្តិសួគ៌ ដែលនៅស្ថិតស្ថេរអស់កល្បជានិច្ចផង។

Facebook
Twitter
LinkedIn