អត្ថបទព្រះគម្ពីរ ថ្ងៃទី០៤ ខែមករា សប្ដាហ៍បុណ្យព្រះយេស៊ូប្រសូត ពណ៌ស

បពិត្រព្រះអម្ចាស់ប្រកបដោយតេជានុភាពសព្វប្រការ ហើយដែលមានព្រះជន្មគង់នៅជានិច្ច! ព្រះអង្គបានប្រោសឱ្យមនុស្សគ្រប់ជាតិគ្រប់សាសន៍ស្គាល់ព្រះសង្គ្រោះដែលទើបនឹងប្រសូតមក។ សូមទ្រង់ព្រះមេត្តាបំភ្លឺចិត្តគំនិតយើងខ្ញុំឱ្យធ្វើជាសក្សីបញ្ជាក់ថា ព្រះអង្គពិតជាបានរំដោះយើងខ្ញុំមែន។

អត្ថបទទី១៖ សូមថ្លែងលិខិតទី១របស់គ្រីស្ដទូតយ៉ូហាន ១យហ ៣,៧-១០

ម្នាលកូនចៅជាទីស្រឡាញ់! សូមកុំឱ្យនរណាម្នាក់មកបញ្ឆោតអ្នករាល់គ្នាឡើយ។ អ្នកណាប្រព្រឹត្តអំពើសុចរិត អ្នកនោះជាមនុស្សសុចរិត ដូចព្រះយេស៊ូទ្រង់សុចរិតដែរ។ អ្នកណាប្រព្រឹត្តអំពើបាប អ្នកនោះកើតចេញពីមារ ដ្បិតមារបានប្រព្រឹត្តអំពើបាបតាំងពីដើមរៀង​មក។ ព្រះបុត្រារបស់ព្រះជាម្ចាស់បានយាងមកដើម្បីរំលាយកិច្ចការរបស់មារ។ អ្នកដែលកើតមកព្រះជាម្ចាស់មិនប្រព្រឹត្តអំពើបាបទេ ដ្បិតពូជរបស់ព្រះអង្គស្ថិតនៅក្នុងអ្នកនោះ ហើយអ្នកនោះពុំអាចប្រព្រឹត្តអំពើបាបបានឡើយ ព្រោះគេកើតមកពីព្រះជាម្ចាស់។ គឺនៅត្រង់ហ្នឹងហើយដែលបង្ហាញឱ្យឃើញច្បាស់ថា នរណាជាបុត្រធីតារបស់ព្រះជាម្ចាស់ និងនរណាជាកូនចៅរបស់មារ។ អ្នកណាមិនប្រព្រឹត្តអំពើសុចរិត អ្នកនោះមិនមែនកើតមកពីព្រះជាម្ចាស់ទេ ហើយអ្នកណាមិនស្រឡាញ់បងប្អូន អ្នកនោះក៏មិនមែនកើតមកពីព្រះអង្គដែរ។

ទំនុកតម្កើងលេខ ៩៨ (៩៧) ,១.៧-៩ បទកាកគតិ

ចូរច្រៀងបទថ្មី ថ្វាយព្រះម្ចាស់ថ្លៃ កុំភ្លេចឡើយណា
ដ្បិតទ្រង់ប្រព្រឹត្ត សព្វកិច្ចអស្ចារ្យ ដោយឫទ្ធិចេស្តា
យកជ័យជម្នះ
ចូរសមុទ្រលាន់ រលករាប់ពាន់ រំពងអាកាស
ចូរឱ្យផែនដី និងអ្វីទាំងអស់ មានជីវិតរស់
ស្រែកឮអឺងកង
ទន្លេទាំងឡាយ ចូរអរសប្បាយ សាទរត្រសង
ចូរភ្នំទាំងអស់ ស្រែកហ៊ោអឺងកង ព្រមៗគ្នាឡើង
ដោយស័ព្ទខ្ញៀវខ្ញារ
ចំពោះព្រះភក្ត្រ ព្រះអម្ចាស់ជាក់ គ្រប់គ្រងលោកា
លើភពផែនដី យុត្តិធម៌ថ្លៃថ្លា អស់រាស្ត្រប្រជា
ទៀងត្រង់បរិសុទ្ធ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ១,៤១.១៧

អាលេលូយ៉ា! អាលេលូយ៉ា!
យើងទទួលស្គាល់ថា ព្រះយេស៊ូពិតជាព្រះគ្រីស្ត! ព្រះហឫទ័យប្រណីសន្តោស និងសេចក្តីពិតមកដល់យើងដោយសារព្រះអង្គ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ១,៣៥-៤២

ពេលនោះ លោកយ៉ូហានបាទីស្តនៅជាមួយសិស្សរបស់លោកពីរនាក់ លោកសម្លឹងមើលព្រះយេស៊ូយាងកាត់តាមនោះ ហើយមានប្រសាសន៍ថា៖ «មើលហ្ន៎! លោកនេះហើយជាកូនចៀមរបស់ព្រះជាម្ចាស់»។ កាលសិស្សទាំងពីរបានឮពាក្យនេះ គេនាំគ្នាដើរតាមព្រះយេស៊ូទៅ។ ព្រះយេស៊ូងាកមកក្រោយទតឃើញអ្នកទាំងពីរដើរតាម ព្រះអង្គក៏មានព្រះបន្ទូលសួរទៅថា៖ «អ្នកទាំងពីរមករកអ្វី?»។ គេទូលព្រះអង្គថា៖ «រ៉ាប៊ី! (ពាក្យ “រ៉ាប៊ី”នេះប្រែថា“លោកគ្រូ”) តើលោកនៅកន្លែងណា?»។ ព្រះអង្គមានព្រះបន្ទូលទៅគេវិញថា៖ «សុំអញ្ជើញមក អ្នកនឹងឃើញ!»។ គេក៏ទៅឃើញកន្លែងដែលព្រះអង្គគង់នៅ ហើយក៏នៅជាមួយព្រះអង្គនៅថ្ងៃនោះ (ពេលនោះប្រហែលជាម៉ោងបួនរសៀល)។ ក្នុងចំណោមសិស្សទាំងពីរដែលបានឮពាក្យរបស់លោកយ៉ូហាន ហើយតាមព្រះយេស៊ូទៅនោះ មានម្នាក់ឈ្មោះអន់ដ្រេ ជាប្អូនរបស់លោកស៊ីម៉ូនសិលា។ គាត់ទៅជួបលោកស៊ីម៉ូនជាបងមុនគេ ហើយប្រាប់ថា៖ «យើងបានរកព្រះមេស្ស៊ីឃើញហើយ!» (ពាក្យ “មេស្ស៊ី” នេះប្រែថា “ព្រះគ្រីស្ត”)។ គាត់ក៏នាំលោកស៊ីម៉ូនទៅគាល់ព្រះយេស៊ូ។ ព្រះយេស៊ូសម្លឹងមើលលោកស៊ីម៉ូន ក៏មានព្រះបន្ទូលថា៖ «អ្នកឈ្មោះស៊ីម៉ូន ជាកូនរបស់លោកយ៉ូហាន។ អំណើះតទៅអ្នកត្រូវមានឈ្មោះថា “កេផាស” (ពាក្យ “កេផាស” នេះប្រែថា “សិលា”)»។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! មានតែព្រះអង្គទេដែលប្រោសមនុស្សឱ្យអាចបម្រើព្រះអង្គដោយចិត្តស្មោះ ព្រមទាំងឱ្យគេអាចកសាងសន្តិភាពបានផង។ សូមទ្រង់ព្រះមេត្តាទទួលសក្ការបូជាដែលយើងខ្ញុំសូមថ្វាយនៅពេលនេះ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ។ សូមបង្រួបបង្រួមយើងខ្ញុំជាធ្លុងតែមួយ ដោយស្រឡាញ់ព្រះអង្គ និង​ស្រ​ឡាញ់អ្នកដទៃកាន់តែខ្លាំងឡើងៗផង។

បពិត្រព្រះអម្ចាស់ជាព្រះបិតា ប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! យើងខ្ញុំសូមថ្លែងអំណរព្រះគុណព្រះអង្គ ដែលចាត់ព្រះបុត្រាឱ្យប្រសូតជាមនុស្សដូចយើងខ្ញុំ! ព្រះបុត្រាបានសម្តែងសិរីរុងរឿង និងធម៌មេត្តាករុណាដ៏លើសលប់របស់ព្រះអង្គឱ្យយើងខ្ញុំឃើញ។ ព្រះបុត្រាបានប្រសូតជាមនុស្ស ដើម្បីឱ្យមនុស្សទៅជាបុត្រធីតារបស់ព្រះបិតា។ ព្រះអង្គសព្វព្រះហឫទ័យលះបង់ឋានៈខ្ពង់ខ្ពស់បំផុត ដើម្បីកើតជាមនុស្សសាមញ្ញធម្មតា ទ្រង់រួមសុខរួមទុក្ខជាមួយយើងខ្ញុំ។ ព្រះបុត្រាពិតជាពន្លឺបង្ហាញអត្ថន័យនៃដំណើរជីវិតយើងខ្ញុំមែន!។ អាស្រ័យហេតុនេះហើយ បានជាយើងខ្ញុំសូមចូលរួមជាមួយអស់ទេវទូតនៅស្ថានបរមសុខ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គដោយប្រកាសថា៖ ”ព្រះដ៏វិសុទ្ធ!”

បពិត្រព្រះអម្ចាស់ជាព្រះបិតា! យើងខ្ញុំសូមអរព្រះគុណព្រះអង្គ ដែលតែងតែជួយប្រជារាស្ត្ររបស់ព្រះអង្គគ្រប់យ៉ាង ក្នុងពេលដែលយើងខ្ញុំធ្វើដំណើរនៅនាលោកនេះ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យប្រើសម្បត្តិលោកីយ៍ដ៏មិនទៀងទាត់នេះ ទាំង​ភ្ជាប់​​ចិត្តទៅនឹងសម្បត្តិសួគ៌ដែលនៅស្ថិតស្ថេរអស់កល្បជានិច្ចផង។

Facebook
Twitter
LinkedIn