អត្ថបទព្រះគម្ពីរ ថ្ងៃអាទិត្យ ទី០៥ ខែមករា ឆ្នាំ២០២៥

បពិត្រព្រះអម្ចាស់ជាព្រះបិតា ប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! ព្រះអង្គ​ចាត់ព្រះបុត្រាឱ្យយាងមកបំភ្លឺមនុស្សគ្រប់ជាតិសាសន៍ឱ្យស្គាល់ព្រះអង្គ និងឱ្យស្គាល់តម្លៃ​ដ៏ខ្ពង់ខ្ពស់នៃជីវិតរបស់ខ្លួនផង។ សូមទ្រង់ព្រះមេត្តាបំភ្លឺចិត្តគំនិតយើងខ្ញុំឱ្យខិតខំស្វែង​រកសេចក្តីពិតជានិច្ច! សូមពង្រឹងជំនឿយើងខ្ញុំផង!។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្យាការីអេសាយ អស ៦០,១-៦

ក្រុងយេរូសាឡឹមអើយ! ចូរក្រោកឡើង! ចូរបញ្ចាំងពន្លឺឡើង! ដ្បិតពន្លឺរបស់អ្នកមកដល់ហើយ! សិរីរុងរឿងរបស់ព្រះអម្ចាស់ភ្លឺមកលើអ្នកដូចថ្ងៃរះ។ សូមមើល! ផែនដី ទាំងមូលនៅងងឹតស្លុង ហើយភាពអន្ធការគ្របលើប្រជាជនទាំងឡាយ តែពន្លឺរបស់ព្រះអម្ចាស់រះឡើងបំភ្លឺអ្នក សិរីរុងរឿងរបស់ព្រះអង្គក៏លេចមកដូចថ្ងៃរះចាំងមកលើអ្នកដែរ។ ប្រជាជាតិនានានាំគ្នាដើរទៅរកពន្លឺរបស់អ្នក ហើយស្តេចទាំងឡាយក៏ដើរទៅរករស្មីដែលចាំងចេញពីអ្នកដែរ។ ចូរងើបមុខឡើង មើលជុំវិញខ្លួន! មនុស្សទាំងអស់​ជួបជុំគ្នា ដើរតម្រង់មករកអ្នក។ កូនប្រុសៗរបស់អ្នកនឹងមកពីទីឆ្ងាយ ហើយប្រជាជាតិនានាក៏បីកូនស្រីៗរបស់អ្នកមកដែរ។ ពេលណាអ្នកឃើញ អ្នកនឹងត្រេក​អរសប្បាយរីករាយនិងរំភើបចិត្ត។ គេនឹងនាំភោគសម្បត្តិពីខាងនាយសមុទ្រមកឱ្យអ្នក ហើយធនធានរបស់ប្រជាជាតិនានា ក៏នឹងហូរមកដល់អ្នកដែរ។ សត្វអូដ្ឋទាំងហ្វូងៗនឹងមកពេញទីក្រុង គឺអូដ្ឋរបស់ពួកម៉ាឌីយ៉ាន និងពួកអេផា។ អ្នកស្រុកសាបាទាំងអស់នឹងនាំគ្នាមក ពួកគេយកមាស និងកំញានមកជាមួយផង ហើយលើកតម្កើងការអស្ចារ្យដែលព្រះអម្ចាស់បានប្រព្រឹត្ត។

ទំនុកតម្កើងលេខ ៧២ (៧១),១-២.៧-១៣ បទកាកគតិ

១. ព្រះជាម្ចាស់អើយ សូមប្រទានឱ្យ រាជបុត្រនេះចេះ
វិនិច្ឆ័យក្តី តាមព្រះតម្រិះ សុចរិតវិសេស
របស់ព្រះអង្គ
២. សូមឱ្យរាជា គ្រប់គ្រងគ្រប់គ្នា ប្រជារាស្ត្រទ្រង់
ដោយយុត្តិធម៌ សុចរិតផូរផង់ វិសេសឥតហ្មង
ត្រឹមត្រូវតាមច្បាប់
៧. សូមឱ្យសេចក្តី សុចរិតថ្លាថ្លៃ ចម្រើនខ្ពង់ខ្ពស់
នៅក្នុងរជ្ជកាល រាជាអង្គនោះ កុំបីមានទាស់
សុខសាន្តតទៅ
៨. សូមព្រះរាជា គ្រប់គ្រងកុំរា កុំឱ្យហ្មងសៅ
ពីសមុទ្រមួយ មិនបង្អង់នៅ រហូតដល់ទៅ
ស្រុកដាច់ស្រយាល
៩. ប្រជាដែលរស់ តាមវាលទាំងនោះ នឹងត្រេកត្រអាល
ក្រាបថ្វាយបង្គំ គ្រប់សម័យកាល សត្រូវច្រួសច្រាល
វិនាសអាសារ
១០. អស់ស្តេចទាំងឡាយ នឹងយកតង្វាយ មកថ្វាយករុណា
ឥតមានខកខាន មួយវេលាណា ទាំងកោះនានា
យកមកទាំងអស់
១១. ស្តេចទាំងប៉ុន្មាន ឥតមានខកខាន ចូលរួមដោយស្មោះ
ក្រាបថ្វាយបង្គំ រាជាទាំងអស់ ប្រជាទាំងនោះ
បម្រើករុណា
១២. ទ្រង់នឹងរំដោះ អ្នកក្រទាំងអស់ ដោយធម៌មេត្តា
អ្នកទុគ៌តស្រែ សុំក្តីករុណា ព្រះអង្គរក្សា
អ្នកគ្មានទីពឹង
១៣. ទ្រង់សែនអាណិត អាសូរពេកពិត អ្នកអត់លំនឹង
និងជនកម្សត់ គ្មានអ្វីរំពឹង ព្រះអម្ចាស់នឹង
សង្គ្រោះជីវិត

អត្ថបទទី២៖ សូមថ្លែងលិខិតរបស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងអេភេសូ អស ៣,២-៣.៥-៦

បងប្អូនជាទីស្រឡាញ់! បងប្អូនបានឮគេនិយាយអំពីមុខងារដែលព្រះជាម្ចាស់ប្រណីសន្តោសផ្ញើឱ្យខ្ញុំបំពេញ ដើម្បីជាប្រយោជន៍ដល់បងប្អូននោះហើយគឺព្រះអង្គបានបង្ហាញ​គម្រោងការដ៏លាក់កំបាំងរបស់ព្រះអង្គឱ្យខ្ញុំស្គាល់។ ព្រះជាម្ចាស់ពុំបានបង្ហាញគម្រោងការនេះឱ្យមនុស្សជំនាន់ដើម ដូចព្រះអង្គបង្ហាញឱ្យក្រុមគ្រីស្តទូត និងឱ្យព្យាការី​ដ៏សុទ្ធ​របស់ព្រះអង្គនាបច្ចុប្បន្នកាល ស្គាល់ដោយសារព្រះវិញ្ញាណនោះឡើយ គឺថាដោយសារ​ដំណឹងល្អ សាសន៍ដ៏ទៃមានសិទ្ធិចូលរួមទទួលមត៌ក មានសិទ្ធិចូលរួមក្នុងព្រះកាយតែមួយ និងមានសិទ្ធិទទួលព្រះពរតាមព្រះបន្ទូលសន្យារួមជាមួយសាសន៍អ៊ីស្រាអែលក្នុងអង្គព្រះ​គ្រីស្តយេស៊ូដែរ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ២,២

អាលេលូយ៉ា! អាលេលូយ៉ា!
យើងខ្ញុំបានឃើញផ្កាយរបស់ព្រះអង្គរះនៅទិសខាងកើត ហើយយើងខ្ញុំមកថ្វាយបង្គំព្រះអង្គ។​​ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ២,១-១២

ព្រះយេស៊ូប្រសូតនៅភូមិបេថ្លេហិម ក្នុងស្រុកយូដា នារជ្ជកាលព្រះបាទហេរ៉ូដ។ មានពួកហោរាចារ្យនាំគ្នាធ្វើដំណើរពីទិសខាងកើត មកដល់ក្រុងយេរូសាឡឹម សួរថា៖​«ព្រះមហាក្សត្ររបស់ជនជាតិយូដាដែលទើបនឹងប្រសូតទ្រង់គង់នៅឯណា? យើងខ្ញុំបានឃើញផ្កាយរបស់ព្រះអង្គនៅទិសខាងកើត ហើយយើងខ្ញុំមកថ្វាយបង្គំព្រះអង្គ»។ កាលព្រះបាទហេរ៉ូដឮដំណឹងនេះ ទ្រង់រន្ធត់ព្រះហឫទ័យយ៉ាងខ្លាំង ហើយអ្នកក្រុងយេរូសាឡឹមទាំងអស់ក៏រន្ធត់ចិត្តជាមួយព្រះអង្គដែរ។ ព្រះរាជាត្រាស់ហៅនាយបូជាចារ្យ និង​ពួកធម្មាចារ្យទាំងប៉ុន្មានរបស់ប្រជាជនមក ដើម្បីសួរគេពីកន្លែងដែលព្រះគ្រីស្តត្រូវប្រសូត។ គេទូលស្តេចថា ព្រះគ្រីស្តត្រូវប្រសូតនៅភូមិបេថ្លេហិម ក្នុងស្រុកយ៉ូដា ដ្បិតមានសេចក្តីចែងទុកមកដោយសារព្យាការីថា៖ “ភូមិបេថ្លេហិមជាដែនដីយូដាអើយ! ក្នុង​បណ្តាក្រុងសំខាន់ៗនៃស្រុកយូដា អ្នកមិនមែនតូចជាងគេទេ ដ្បិតនឹងមានគង្វាលម្នាក់កើតចេញពីអ្នក លោកនឹងថែរក្សាជនជាតិអ៊ីស្រាអែលជាប្រជារាស្ត្ររបស់យើង”។ ពេលនោះព្រះបាទហេរ៉ូដហៅពួកហោរាចារ្យមកជាសម្ងាត់ សួរបញ្ជាក់អំពីពេលដែលផ្កាយរះឡើង។ បន្ទាប់មក ទ្រង់ចាត់ហោរាចារ្យទាំងនោះឱ្យទៅភូមិបេថ្លេហិម ដោយមានរាជឱង្ការថា៖«សុំអស់លោកនាំគ្នាទៅចុះ ហើយស៊ើបសួរដំណឹងអំពីព្រះឱរសនោះឱ្យបានច្បាស់លាស់។ កាលបានឃើញហើយ ចូរមកប្រាប់យើងវិញផង ដើម្បីឱ្យយើងទៅថ្វាយបង្គំព្រះអង្គដែរ»។ ក្រោយពីបានទទួលរាជឱង្ការហើយ គេក៏នាំគ្នាចេញទៅ។ ពេលនោះផ្កាយដែលគេឃើញនៅទិសខាងកើត នាំមុខគេរហូតដល់កន្លែងដែលព្រះឱរស គង់ទើបឈប់។ កាលហោរាចារ្យទាំងនោះឃើញផ្កាយ គេសប្បាយចិត្តពន់ប្រមាណ។ គេចូលទៅក្នុងផ្ទះ ឃើញព្រះឱរសគង់នៅជាមួយនាងម៉ារីជាមាតា គេក៏នាំគ្នាក្រាបថ្វាយបង្គំព្រះអង្គ រួចបើកហិបយកជំនូនរបស់ខ្លួន គឺមាស គ្រឿងក្រអូប និងជ័រល្វីងទេស​មកថ្វាយព្រះអង្គ។ បន្ទាប់មក គេវិលត្រឡប់ទៅស្រុករបស់ខ្លួនវិញ តាមផ្លូវមួយផ្សេងទៀត ដ្បិតព្រះជាម្ចាស់មានព្រះបន្ទូលប្រាប់គេក្នុងសុបិននិមិត្តមិនឱ្យវិលទៅគាល់ព្រះបាទហេរ៉ូដវិញឡើយ។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ពួកហោរាចារ្យពីដើមយកកំញាន និងជ័រល្វីងមកថ្វាយព្រះបុត្រាព្រះអង្គ! យើងខ្ញុំមិនយកទ្រព្យសម្បត្តិថ្លៃថ្លាមកថ្វាយដូចគេទេ គឺយើងខ្ញុំសូមយកប្រាក់ ធូប ផ្កា ទៀន នំ និងស្រា ដែលជានិមិត្តរូបនៃជីវិតរបស់ខ្លួន។ យើងខ្ញុំក៏សូមថ្វាយ កាយ វាចា ចិត្ត មកថ្វាយទៀតផង។ សូមទ្រង់ព្រះមេត្តាបញ្ចូលយើងខ្ញុំក្នុងសក្ការបូជារបស់ព្រះយេស៊ូគ្រីស្តដែលមានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។

បពិត្រព្រះអម្ចាស់ជាព្រះបិតា ប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! ព្រះអង្គបានបំភ្លឺចិត្តគំនិតមនុស្សគ្រប់ជាតិសាសន៍ ដោយចាត់ព្រះបុត្រាឱ្យប្រសូតជាមនុស្ស។ ព្រះ​បុត្រាពិតជាពន្លឺដែលបំភ្លឺមនុស្សលោកមែន! ព្រះអង្គក៏បានប្រោសមនុស្សដែលជឿលើព្រះបុត្រាឱ្យមានសេចក្តីសង្ឃឹមយ៉ាងមាំដែរ។ យើងខ្ញុំលែងដើរក្នុងទីងងឹតទៀតហើយ គឺយើងខ្ញុំពិតជាមានទីដៅមែន! យើងខ្ញុំស្គាល់ធម៌មេត្តាករុណារបស់ព្រះអង្គចំពោះមនុស្ស ហើយយើងខ្ញុំក៏អាចជួបជុំគ្នាបានដោយចិត្តស្រឡាញ់ដែរ។ អាស្រ័យហេតុនេះហើយ បានជាយើងខ្ញុំសូមចូលរួមជាមួយអស់អ្នកដែលជឿសង្ឃឹមលើព្រះអង្គ ដើម្បីប្រកាសថា៖ “សន្តវិសុទ្ធ!”។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គណែនាំយើងខ្ញុំឱ្យស្គាល់ព្រះគ្រីស្តជាពន្លឺដែលបំភ្លឺមនុស្សលោក សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យទទួលស្គាល់សញ្ញាសម្គាល់នៃវត្តមានរបស់ព្រះអង្គក្នុងពិភពលោកនេះ ព្រមទាំងពង្រឹងជំនឿ និងសេចក្តីសង្ឃឹមរបស់យើងខ្ញុំផង!

Facebook
Twitter
LinkedIn