ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គសព្វព្រះហឫទ័យឱ្យព្រះបុត្រារបស់ព្រះអង្គប្រសូតជាមនុស្ស ដោយសារស្ត្រីព្រហ្មចារីម្នាក់។ ដោយព្រះបុត្រាបានប្រោសយើងខ្ញុំឱ្យចូលរួមក្នុងពិភពលោកថ្មី ដែលទ្រង់បានបង្កើតមកនោះ សូមព្រះបុត្រារំដោះយើងខ្ញុំឱ្យរួចពីបាបនានាផង។
អត្ថបទទី១៖ សូមថ្លែងលិខិតទី១របស់គ្រីស្ដទូតយ៉ូហាន ១យហ ២,២៩-៣,៦
មា្នលកូនចៅជាទីស្រឡាញ់! អ្នករាល់គ្នាដឹងស្រាប់ហើយថា ព្រះជាម្ចាស់សុចរិត ហេតុនេះ ចូរអ្នករាល់គ្នាដឹងដែរថា អស់អ្នកដែលប្រព្រឹត្តតាមសេចក្តីសុចរិត សុទ្ធតែកើតមកពីព្រះអង្គទាំងអស់។ សូមគិតមើល៍ ព្រះបិតាមានព្រះហឫទ័យស្រឡាញ់យើងខ្លាំងដល់កម្រិតណា! គឺព្រះអង្គស្រឡាញ់យើងរហូតដល់ទៅហៅយើងថា ជាបុត្រធីតារបស់ព្រះអង្គ ហើយយើងពិតជាបុត្រធីតារបស់ព្រះអង្គមែន! ហេតុនេះហើយ បានជាមនុស្សលោកមិនស្គាល់យើង មកពីគេមិនបានស្គាល់ព្រះអង្គ។ កូនចៅជាទីស្រឡាញ់អើយ! ពេលនេះ យើងទាំងអស់គ្នាជាបុត្រធីតារបស់ព្រះជាម្ចាស់ ហើយដែលយើងនឹងបានទៅជាយ៉ាងណាៗ នោះព្រះអង្គពុំទាន់សម្តែងឱ្យយើងដឹងនៅឡើយទេ។ ប៉ុន្តែ នៅពេលព្រះគ្រីស្តយាងមកដល់ យើងនឹងបានដូចព្រះអង្គដែរ ដ្បិតព្រះអង្គមានភាពយ៉ាងណា យើងក៏នឹងបានឃើញព្រះអង្គយ៉ាងនោះដែរ។ អ្នកណាមានសេចក្តីសង្ឃឹមទៅលើព្រះអង្គបែបនេះ អ្នកនោះបានជម្រះខ្លួនឱ្យបរិសុទ្ធ ដូចព្រះអង្គទ្រង់បរិសុទ្ធដែរ។ អ្នកណាប្រព្រឹត្តអំពើបាប អ្នកនោះបំពានលើវិន័យ ដ្បិតអំពើបាបជាការបំពានលើវិន័យ។ អ្នករាល់គ្នាដឹងស្រាប់ហើយថា ព្រះយេស៊ូយាងមកដើម្បីដកបាបចេញពីមនុស្សលោក ដ្បិតគ្មានបាបនៅក្នុងព្រះអង្គទាល់តែសោះ។ អ្នកណាស្ថិតនៅជាប់នឹងព្រះអង្គ អ្នកនោះមិនប្រព្រឹត្តអំពើបាបទេ។ រីឯអ្នកប្រព្រឹត្តអំពើបាបវិញ មិនដែលបានឃើញព្រះអង្គ ព្រមទាំងមិនស្គាល់ព្រះអង្គផង។
ទំនុកតម្កើងលេខ ៩៨ (៩៧) ,១.៣-៦ បទកាកគតិ
១ | ចូរច្រៀងបទថ្មី | ថ្វាយព្រះម្ចាស់ថ្លៃ | កុំភ្លេចឡើយណា |
ដ្បិតទ្រង់ប្រព្រឹត្ត | សព្វកិច្ចអស្ចារ្យ | ដោយឫទ្ធិចេស្តា | |
យកជ័យជម្នះ | ។ | ||
៣ | ព្រះអង្គនៅតែ | សម្តែងឥតប្រែ | ករុណាត្រចង់ |
ព្រះទ័យស្មោះស្ម័គ្រ | អ៊ីស្រាអែលផង | សុចរិតឥតហ្មង | |
ចងចាំទាំងអស់ | ។ | ||
មនុស្សម្នាមូលមីរ | រស់នៅគ្រប់ទី | ឆ្ងាយទាំងស្រីប្រុស | |
នៃភពផែនដី | ឃើញការសង្គ្រោះ | ព្រះម្ចាស់របស់ | |
យើងគ្រប់ៗគ្នា | ។ | ||
៤ | ជនទាំងប្រុសស្រី | នៅលើផែនដី | រៀបចំអង្គា |
អបអរសាទរ | ថ្វាយព្រះនាមា | ស្រែកហ៊ោខ្ញៀវខ្ញារ | |
ដោយតូរ្យតន្ត្រី | ។ | ||
៥ | សូមផ្ញើចិត្តកាយ | ដេញទាំងពិណថ្វាយ | ព្រះធ្លាប់ប្រណី |
ព្រោះព្រះអង្គនោះ | ធ្លាប់ថ្នមបមបី | ថែទាំយប់ថ្ងៃ | |
រៀងរាល់វេលា | ។ | ||
៦ | ចូរនាំគ្នាផ្លុំ | ត្រែស្នែងប្រគុំ | ថ្វាយព្រះរាជា |
អបអរសាទរ | អង្គព្រះនាមា | ខ្ពស់លើពសុធា | |
គ្មានអ្វីស្មើព្រះ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ១,១៤.១២
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះបន្ទូលប្រសូតជាមនុស្ស ហើយគង់នៅជាមួយយើង។ អស់អ្នកដែលទទួលព្រះបន្ទូលនឹងទៅជាបុត្រធីតារបស់ព្រះបិតា។អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ១,២៩-៣៤
នៅគ្រានោះ លោកយ៉ូហានបាទីស្តឃើញព្រះយេស៊ូយាងតម្រង់មករកលោក លោកមានប្រសាសន៍ថា៖ ”មើលហ្ន៎! លោកនេះហើយជាកូនចៀមរបស់ព្រះជាម្ចាស់ដែលដកបាបចេញពីមនុស្សលោក គឺលោកនេះហើយដែលខ្ញុំប្រាប់អ្នករាល់គ្នាថា លោកដែលមកក្រោយខ្ញុំប្រសើរជាងខ្ញុំ ដ្បិតលោកមានជីវិតមុនខ្ញុំ។ កាលពីដើម ខ្ញុំពុំស្គាល់ឋានៈរបស់លោកទេ ប៉ុន្តែខ្ញុំមកធ្វើពិធីជ្រមុជក្នុងទឹក ដើម្បីឱ្យលោកបង្ហាញខ្លួនឱ្យប្រជារាស្ត្រអ៊ីស្រាអែលស្គាល់”។ លោកយ៉ូហានផ្តល់សក្ខីភាពថា៖ «ខ្ញុំបានឃើញព្រះវិញ្ញាណយាងចុះដូចសត្វព្រាបពីស្ថានបរមសុខមក ហើយសណ្ឋិតលើលោក។ ពីមុនខ្ញុំពុំស្គាល់ឋានៈលោកទេ ប៉ុន្តែ ព្រះជាម្ចាស់ដែលចាត់ខ្ញុំឱ្យមកធ្វើពិធីជ្រមុជក្នុងទឹក ទ្រង់មានព្រះបន្ទូលមកខ្ញុំថា “អ្នកឃើញព្រះវិញ្ញាណយាងចុះមកសណ្ឋិតលើអ្នកណា គឺអ្នកនោះហើយដែលធ្វើពិធីជ្រមុជក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ“។ ខ្ញុំបានឃើញដូច្នោះមែន ហើយខ្ញុំសូមបញ្ជាក់ថា លោកនេះពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់មែន»។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! សូមទ្រង់ព្រះមេត្តាទទួលតង្វាយរបស់យើងខ្ញុំដោយអនុគ្រោះ។ ដោយយើងខ្ញុំចូលរួមជាមួយព្រះយេស៊ូក្នុងអភិបូជានេះ សូមទ្រង់ព្រះមេត្តាប្រោសប្រទានព្រះជន្មផ្ទាល់របស់ព្រះអង្គឱ្យយើងខ្ញុំ តាមជំនឿរបស់យើងខ្ញុំផង។
ធម៌លើកតម្កើង
បពិត្រព្រះអម្ចាស់ជាព្រះបិតា ប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! យើងខ្ញុំសូមថ្លែងអំណរព្រះគុណព្រះអង្គ ដែលចាត់ព្រះបុត្រាឱ្យប្រសូតជាមនុស្សដូចយើងខ្ញុំ! ព្រះបុត្រាបានសម្តែងសិរីរុងរឿង និងធម៌មេត្តាករុណាដ៏លើសលប់របស់ព្រះអង្គឱ្យយើងខ្ញុំឃើញ។ ព្រះបុត្រាបានប្រសូតជាមនុស្ស ដើម្បីឱ្យមនុស្សទៅជាបុត្រធីតារបស់ព្រះបិតា។ ព្រះអង្គសព្វព្រះហឫទ័យលះបង់ឋានៈខ្ពង់ខ្ពស់បំផុត ដើម្បីកើតជាមនុស្សសាមញ្ញធម្មតា ទ្រង់រួមសុខរួមទុក្ខជាមួយយើងខ្ញុំ។ ព្រះបុត្រាពិតជាពន្លឺបង្ហាញអត្ថន័យនៃដំណើរជីវិតយើងខ្ញុំមែន!។ អាស្រ័យហេតុនេះហើយ បានជាយើងខ្ញុំសូមចូលរួមជាមួយអស់ទេវទូតនៅស្ថានបរមសុខ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គដោយប្រកាសថា៖ ”ព្រះដ៏វិសុទ្ធ!”
ពាក្យអរព្រះគុណ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ពេលយើងខ្ញុំទទួលព្រះកាយព្រះគ្រីស្ត ព្រះអង្គយាងមករកយើងខ្ញុំ។ មានតែព្រះអង្គទេដែលអាចរៀបចំចិត្តគំនិតយើងខ្ញុំឱ្យទទួលព្រះកាយព្រះគ្រីស្តយ៉ាងសមសួនបាន។ សូមទ្រង់ព្រះមេត្តាតម្រែតម្រង់ចិត្តគំនិតយើងខ្ញុំឱ្យបានទៀងត្រង់ ដើម្បីឱ្យយើងខ្ញុំរស់នៅយ៉ាងសក្តិសមនឹងព្រះកាយដែលយើងខ្ញុំបានទទួលនៅពេលនេះផង។