អត្ថបទព្រះគម្គីរ ថ្ងៃអង្គារ ទី០៧ ខែមករា ឆ្នាំ២០២៥

បពិត្រព្រះអម្ចាស់ដែលមានព្រះជន្មគង់នៅអស់កល្បជានិច្ច! ព្រះបុត្រាព្រះអង្គប្រសូតជាមនុស្សដូចយើងខ្ញុំបេះបិទ សូមព្រះអង្គប្រោសយើងខ្ញុំប្រែចិត្តគំនិតឱ្យបានដូចព្រះហឫទ័យព្រះបុត្រាព្រះអង្គផង។

អត្ថបទទី១៖ សូមថ្លែងលិខិតទី ១ របស់គ្រីស្តទូតយ៉ូហាន ១យហ ៤,៧-១០

ម្នាលកូនចៅជាទីស្រឡាញ់ ! យើងត្រូវស្រឡាញ់គ្នាទៅវិញទៅមក ព្រោះសេចក្តីស្រឡាញ់កើតមកពីព្រះជាម្ចាស់។ អ្នកណាមានចិត្តស្រឡាញ់ អ្នកនោះកើតមកពីព្រះ
ជាម្ចាស់ ហើយក៏ស្គាល់ព្រះជាម្ចាស់ដែរ។ រីឯអ្នកដែលមិនចេះស្រឡាញ់ មិនស្គាល់ព្រះជាម្ចាស់ទេ ដ្បិតព្រះជាម្ចាស់ជាសេចក្តីស្រឡាញ់។ ព្រះជាម្ចាស់បានសម្តែងព្រះ​​ហឫទ័យស្រឡាញ់របស់ព្រះអង្គក្នុងចំណោមយើង គឺព្រះអង្គបានចាត់ព្រះបុត្រាតែមួយគត់របស់ព្រះអង្គឱ្យយាងមកក្នុងលោកនេះ ដើម្បីឱ្យយើងមានជីវិតដោយសារព្រះបុត្រា។ សេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់មានដូចតទៅនេះ មិនមែនយើងទេដែលបានស្រឡាញ់ព្រះអង្គ គឺព្រះអង្គទេតើដែលបានស្រឡាញ់យើង និងចាត់ព្រះបុត្រារបស់ព្រះអង្គឱ្យយាងមកបូជាព្រះជន្មដើម្បីលោះយើងឱ្យរួចពីបាបផង។

ទំនុកតម្កើងលេខ ៧២ (៧១),១-៤.៧-៨ បទកាកគតិ

១. ព្រះជាម្ចាស់អើយ សូមប្រទានឱ្យ រាជបុត្រនេះចេះ វិនិច្ឆ័យក្តី
តាមព្រះតម្រិះ សុចរិតវិសេស របស់ព្រះអង្គ
២. សូមឱ្យរាជា គ្រប់គ្រងគ្រប់គ្នា ប្រជារាស្រ្តទ្រង់ ដោយយុត្តិធម៌
សុចរិតផូរផង់ វិសេសឥតហ្មង ត្រឹមត្រូវតាមច្បាប់
៣. សូមឱ្យអស់ភ្នំ ទាំងតូចទាំងធំ ផ្តល់ផលគួរគាប់ សម្បូរសប្បាយ
ឱ្យបានសព្វគ្រប់ នាំមកស្រោចស្រព ក្តីសុចរិតផង
៤. សូមរាជារក យុត្តិធម៌មក កុំបីមានហ្មង ដល់ជនក្រីក្រ
កម្សត់ទាំងពួង ហើយកម្ទេចផង អ្នកដែលជិះជាន់
៧. សូមឱ្យសេចក្តី សុចរិតថ្លាថ្លៃ ចម្រើនខ្ពង់ខ្ពស់ នៅក្នុងរជ្ជកាល
រាជាអង្គនោះ កុំបីមានទាស់ សុខសាន្តតទៅ
៨. សូមព្រះរាជា គ្រប់គ្រងកុំរា កុំឱ្យហ្មងសៅ ពីសមុទ្រមួយ
មិនបង្អង់នៅ រហូតដល់ទៅ ស្រុកដាច់ស្រយាល

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទំន ១៤៧,១២.១៦

អលេលូយ៉ា! អាលេលូយ៉ា!
ក្រុងយេរូសាឡឹមអើយ! ចូរលើកតម្កើងសិរីរុងរឿងរបស់ព្រះអម្ចាស់! ព្រះអង្គចាត់ព្រះបន្ទូលរបស់ព្រះអង្គ
មករស់នៅលើផែនដី។ ព្រះអង្គប្រទានអាហារនៃស្ថានបរមសុខ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ៦,៣៤-៤៤

ព្រះយេស៊ូទតឃើញមហាជនច្រើននៅមាត់ច្រាំង ព្រះអង្គមានព្រះហឫទ័យអាណិតអាសូរគេជាពន់ពេកណាស់ ព្រោះអ្នកទាំងនោះប្រៀបបីដូចចៀមដែលគ្មានគង្វាលថែទាំ។ ព្រះអង្គក៏បង្រៀនគេអំពីសេចក្តីផ្សេងៗជាច្រើន។ ពេលនោះថ្ងៃកាន់តែទាបណាស់ហើយ សាវ័កនាំគ្នាចូលមកគាល់ព្រះយេស៊ូ ទូលព្រះអង្គថា៖«ទីនេះស្ងាត់ណាស់ ថ្ងៃក៏ជិតលិចផង។ សូមប្រាប់អ្នកទាំងនេះឱ្យត្រឡប់ទៅវិញទៅ! ឱ្យគេទៅរកទិញម្ហូបអាហារបរិភោគតាមផ្ទះ តាមភូមិជិតៗនេះ»។ ព្រះយេស៊ូមានព្រះបន្ទូល​តបទៅគេវិញថា៖ «ចូរអ្នករាល់គ្នាយកអាហារឱ្យគេបរិភោគទៅ!»។ គេទូលព្រះអង្គថា៖«តើយើងត្រូវយកប្រាក់ពីររយដួងទៅទិញអាហារឱ្យគេបរិភោគឬ?»។ ព្រះអង្គមានព្រះបន្ទូលសួរគេថា៖ «ទៅមើលមើល៍ តើអ្នករាល់គ្នាមាននំបុ័ងប៉ុន្មានដុំ?»។ កាលបានដឹងហើយ គេទូលព្រះអង្គថា៖«យើងខ្ញុំមាននំបុ័ងប្រាំដុំ និងត្រីងៀតពីរកន្ទុយ»។ ព្រះយេស៊ូបង្គាប់ក្រុមសាវ័កឱ្យប្រាប់បណ្តាជនអង្គុយជាក្រុមៗនៅលើស្មៅខ្ចី។ គេអង្គុយជាជួរ ជួរខ្លះមានមួយរយនាក់ ជួរខ្លះមានហាសិបនាក់។ ព្រះ​យេស៊ូយកនំបុ័ងទាំងប្រាំដុំ និងត្រីពីរកន្ទុយនោះមកកាន់ទ្រង់ ងើបព្រះភក្ត្រឡើងលើ លើកតម្កើងព្រះជាម្ចាស់ ហើយកាច់នំបុ័ងប្រទានឱ្យក្រុមសាវ័ក ដើម្បីឱ្យគេ​ចែកបណ្តាជនបរិភោគ។ ព្រះ​អង្គក៏ចែកត្រីពីរកន្ទុយនោះឱ្យគេទាំងអស់គ្នាដែរ។ អ្នកទាំងនោះបានបរិភោគឆ្អែតគ្រប់ៗគ្នា។ ក្រុមសាវ័កប្រមូលនំបុ័ង និងត្រីដែលនៅសល់ ដាក់បានពេញដប់ពីរល្អី។ ក្នុងចំណោមអ្នកដែលបរិភោគនំបុ័ងមានប្រុសចំនួនប្រាំពាន់នាក់។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គបានប្រោសប្រទាននូវអ្វីៗទាំងអស់ដែលយើងខ្ញុំត្រូវការក្នុងអភិបូជានេះ។ យើងខ្ញុំក៏សូមលើកនំបុ័ង និងស្រានេះ ទុកជាតំណាងនៃព្រះអំណោយទានរបស់ព្រះអង្គមកថ្វាយ ដើម្បីអរព្រះគុណព្រះអង្គ។ សូមទ្រង់ព្រះមេត្តាទទួលតង្វាយទាំងនេះដោយអនុគ្រោះ។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គបានប្រទានទាំងព្រះបន្ទូល ទាំងព្រះកាយព្រះគ្រីស្តឱ្យយើងខ្ញុំធ្វើជាអាហារពិសេសក្នុងអភិបូជានេះ។ ដោយយើងខ្ញុំចូលរួមជាមួយព្រះយេស៊ូ សូមទ្រង់ព្រះមេត្តាប្រទានព្រះជន្មផ្ទាល់របស់ព្រះអង្គឱ្យយើងខ្ញុំ ស្របតាមជំនឿរបស់យើងខ្ញុំផង។

Facebook
Twitter
LinkedIn