អត្ថបទព្រះគម្ពីរ ថ្ងៃចន្ទ ទី១៦ ខែធ្នូ ឆ្នាំ២០២៤

ជនដ៏មានសុភមង្គលទាំង ៧
នៅប្រទេសថៃ ជាមរណសាក្សី

នៅប្រទេសថៃសម័យនោះ គ្រីស្តបរិស័ទរងការបៀតបៀនយ៉ាងខ្លាំងពីអាជ្ញាធរ។ គេហាមលោកគ្រូស៊ីផន អាយុ ២៣ឆ្នាំ មិនឱ្យអប់រំជំនឿជាដាច់ខាត ព្រមទាំងបង្ខំគាត់ឱ្យបោះបង់ជំនឿចោលទៀតផង។ ប៉ុន្តែ គាត់មិនព្រមធ្វើតាមទេ ដូច្នេះហើយ គេក៏សម្លាប់គាត់នៅថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ១៩៤០។
នៅភូមិមួយទៀត ប៉ូលីសចាប់ដូនជី ២នាក់ គឺបងស្រី អាញ៉ែស និងបងស្រី លូស៊ី ឱ្យបោះបង់ចោលព្រះជាម្ចាស់ តែគាត់មិនព្រមធ្វើតាមទេ។ ប៉ូលីសខឹងណាស់ ក៏នាំបងស្រីពីរនាក់ទៅសម្លាប់នៅឯដីព្រះពរ (ដីរបស់ព្រះសហគមន៍ សម្រាប់កប់សពគ្រីស្តបរិស័ទ)។ ពេលនោះបងប្អូនឯទៀតៗក៏សុខចិត្តលះបង់ជិវិតរួមជាមួយបងស្រីដែរ។
ប៉ូលីសបាញ់ប្រហែល ២០គ្រាប់ រួចគេក៏ត្រឡប់ទៅវិញភ្លាម។ ភ្លាមនោះ អ្នកភូមិក៏ទៅជួយជីករណ្តៅសម្រាប់កប់សពទាំងប្រាំមួយនាក់នោះ គឺ៖ ១.បងស្រីអាញ៉ែស ភីឡា ៣១ឆ្នាំ ២.បងស្រីលូស៊ី ខាំបាង ២៣ឆ្នាំ ៣.អាកាថា ភុតថា ៥៩ឆ្នាំ ៤.សេស៊ីលីយ៉ា = ប៊ុតស៊ីវ៉ង់ ១៦ឆ្នាំ ៥. ប៉ីប៉ីអាណាអាំផៃ វ៉ង់វ៉ៃ ១៥ឆ្នាំ ៦. ម៉ារី ផន រ៉ង់វ៉ៃ ១៤ឆ្នាំ។

ពាក្យអធិដ្ឋានពេលចូល

បពិត្រព្រះអម្ចាស់ជាព្រះបិតា! យើងខ្ញុំសូមសរសើរតម្កើងព្រះអង្គដែលមានព្រះហឫទ័យ មេត្តាករុណាដ៏លើសលប់ចំពោះមនុស្សលោក។ ព្រះអង្គចាត់ព្រះបុត្រាឱ្យយាងមកបំភ្លឺមនុស្សលោក។ ក៏ប៉ុន្តែ យើងខ្ញុំមិនសូវស្គាល់ព្រះអង្គនៅឡើយ! សូមទ្រង់ព្រះមេត្តា ពង្រឹងជំនឿ ពង្រឹងសេចក្តីសង្ឃឹម និងពង្រឹងសេចក្តីស្រឡាញ់របស់យើងខ្ញុំផង។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរជំរឿនប្រជាជន ជរ ២៤,២-៧.១៥.១៧

ព្រះបាទបាឡាកចាត់ហោរាបាឡាម ឱ្យទៅប្រទេចផ្តាសាប្រជាជនអ៊ីស្រាអែល។ កាលលោកទៅដល់កន្លែងជនជាតិអ៊ីស្រាអែលបោះជំរំ លោកសម្លឹងមើលទៅឃើញជនជាតិអ៊ីស្រាអែលបោះជំរំតាមកុលសម្ព័ន្ធរបស់គេរៀងៗខ្លួន។ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ក៏យាងមកសណ្ឋិតលើលោកបាឡាម លោកថ្លែងសេចក្តីដូចតទៅ៖«នេះជាពាក្យរបស់បាឡាម កូនរបស់បេអ៊រ ជាពាក្យរបស់អ្នកពូកែឈ្វេងយល់ ជាពាក្យរបស់អ្នកដែលឮព្រះបន្ទូលរបស់ព្រះជាម្ចាស់ អ្នកដែលឃើញនិមិត្តហេតុពីព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត អ្នកដែលស្លុងស្មារតី ហើយមើលឃើញយ៉ាងច្បាស់។ កូនចៅយ៉ាកុបអើយ! ពន្លារបស់អ្នកស្អាតណាស់! កូនចៅអ៊ីស្រាអែលអើយ! ទីលំនៅរបស់អ្នកក៏ស្អាតដែរ! គឺប្រៀបដូចជាទឹកជ្រោះហូរ ដូចសួនឧស្យានដែលស្ថិតនៅក្បែរទន្លេ ដូចដើមក្រឹស្នាដែលព្រះអម្ចាស់បានដាំ ដូចដើមតាត្រៅដែលដុះនៅតាមមាត់ទឹក។ មានវីរបុរសម្នាក់កើតចេញពីពូជពង្សរបស់លោកយ៉ាកុប ហើយគ្រងរាជ្យលើប្រជាជនជាច្រើន នគររបស់លោករីកចម្រើនគ្រប់ទីកន្លែង ព្រះរាជ្យរបស់ព្រះអង្គប្រសើរបំផុត»។ លោកបាឡាមថ្លែងទៀតថា៖«នេះជាពាក្យរបស់បាឡាមកូនរបស់បេអ៊រ ជាពាក្យរបស់អ្នកពូកែឈ្វេងយល់។ ខ្ញុំឃើញវីរបុរសនោះ តែមិនមែនក្នុងពេលឥឡូវនេះទេ ខ្ញុំសម្លឹងមើលស្តេចនោះតែមិនមែននៅជិតទេ។ មានផ្កាយមួយរះចេញពីពូជពង្សរបស់លោកយ៉ាកុប មានដំបងរាជ្យមួយចេញពីអ៊ីស្រាអែល»។

ទំនុកតម្កើងលេខ ២៥,៤-១០.១៤ បទពាក្យ ៧

៤. ឱព្រះអម្ចាស់ទូលបង្គំ សូមជួយណែនាំនិងបង្រៀន
ឱ្យស្គាល់មាគ៌ាល្អថ្កើងថ្កាន វិសុទ្ធហួសស្មាននៃព្រះអង្គ ។
៥. សូមជួយអប់រំខ្ញុំឱ្យរស់ តាមក្តីពិតស្មោះព្រះអង្គផង
ដ្បិតទ្រង់សង្គ្រោះខ្ញុំឥតហ្មង សង្ឃឹមព្រះអង្គរៀងរាល់ថ្ងៃ ។
៦. ឱព្រះអម្ចាស់សូមកុំភ្លេច ចាំជាប់ជានិច្ចពេញព្រះទ័យ
ដែលធ្លាប់អាណិតពន់ពេកក្រៃ ករុណាប្រណីខ្ញុំជានិច្ច ។
៧. សូមបំភ្លេចបាបនិងកំហុស ដែលខ្ញុំមានទៅច្រើនឬតិច
នៅពីក្មេងខ្ចីសូមបំភ្លេច ទ្រង់គ្មានកលកិច្ចធ្លាប់មេត្តា ។
៨. ព្រះអម្ចាស់មានព្រះហឫទ័យ សប្បុរសពេកក្រៃករុណា
សូមជួយបង្ហាញពីមាគ៌ា មនុស្សបាបរាល់គ្នាបានស្គាល់ផង ។
៩. ព្រះអង្គនាំមនុស្សដែលមានចិត្ត សុភាពសុចរិតតាមគន្លង
មាគ៌ាត្រឹមត្រូវល្អផូរផង់ មិនឱ្យមានហ្មងស្គាល់ផ្លូវល្អ ។
១០. មាគ៌ារបស់ព្រះអម្ចាស់ សម្តែងយ៉ាងច្បាស់ករុណាធម៌
ដល់អ្នកគោរពទោះក្រីក្រ ខ្ពង់ខ្ពស់បវរតាមសម្ពន្ធ ។
១៤. ព្រះតែងសម្តែងភក្តីភាព អ្នកតូចខ្ពស់ទាបយ៉ាងស្ម័គ្រស្មោះ
អ្នកដែលកោតខ្លាចទ្រង់សប្បុរស ឱ្យគេទាំងអស់ស្គាល់មេត្រី ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទំន ៨៥,៨

អាលេលូយ៉ា! អាលេលូយ៉ា!
ឱព្រះអម្ចាស់អើយ! សូមសម្តែងព្រះហឫទ័យមេត្តាករុណាចំពោះយើងខ្ញុំ សូមសង្គ្រោះយើងខ្ញុំផង!។​ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ២១,២៣-២៧

ព្រះយេស៊ូយាងចូលក្នុងព្រះវិហារ នៅពេលព្រះអង្គកំពុងតែបង្រៀនគេ ពួកនាយកបូជាចារ្យ និងពួកព្រឹទ្ធាចារ្យរបស់ប្រជាជននាំគ្នាចូលមកសួរព្រះអង្គថា៖«តើលោកធ្វើការទាំងនេះដោយអាងអំណាចអ្វី? អ្នកណាប្រគល់អំណាចនេះឱ្យលោក?» ព្រះយេស៊ូមានព្រះបន្ទូលតបថា៖«ខ្ញុំក៏សុំសួរសំណួរតែមួយដល់អស់លោកដែរ បើអស់លោកប្រាប់ខ្ញុំ ខ្ញុំនឹងប្រាប់អស់លោកវិញថា ខ្ញុំធ្វើការទាំងនេះដោយអាងលើអំណាចអ្វី។ តើនរណា​ចាត់លោកយ៉ូហានឱ្យមកធ្វើពិធីជ្រមុជទឹក? ព្រះជាម្ចាស់ ឬមនុស្ស?»។ គេពិ​គ្រោះ​​គ្នាថា៖ «បើយើងឆ្លើយថា “ព្រះជាម្ចាស់ចាត់លោកយ៉ូហានឱ្យមក” គាត់មុខ​ជា​សួរ​យើងថា“ហេតុ​​​អ្វី​បានជាអ្នករាល់គ្នាមិនជឿលោកយ៉ូហាន?” បើយើងឆ្លើយថា “មនុស្ស​ចាត់លោក​យ៉ូហានឱ្យមក” នោះយើងខ្លាចប្រជាជនរករឿង ត្បិតមនុស្សគ្រប់ៗគ្នាចាត់ទុកលោកយ៉ូហានជាព្យាការី»។ ដូច្នេះគេទូលឆ្លើយព្រះយេស៊ូថា៖«យើង​មិន​ដឹង​ទេ!»។ ព្រះអង្គ​មាន​ព្រះបន្ទូលទៅវិញថា៖ «រីឯខ្ញុំវិញ ខ្ញុំក៏មិនប្រាប់អស់លោកថាខ្ញុំ​ធ្វើការទាំងនេះដោយ​អាង​​​លើអំណាចអ្វីដែរ»។

ពាក្យថ្វាយតង្វាយ

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គណែនាំយើងខ្ញុំតាមរបៀបផ្សេងៗឱ្យស្គាល់ ព្រះអង្គ។ យើងខ្ញុំសូមថ្វាយខ្លួនទាំងស្រុងចំពោះព្រះអង្គ រួមជាមួយព្រះយេស៊ូដែលបានបូជាព្រះជន្ម។ ទ្រង់មានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។

ពាក្យអរព្រះគុណ

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គចាត់ព្យាការីជាច្រើនឱ្យមកប្រៀនប្រដៅយើងខ្ញុំក្នុងនាមព្រះអង្គ។ យើងខ្ញុំសូមអរព្រះគុណព្រះអង្គ សូមទ្រង់ព្រះមេត្តាបំភ្លឺចិត្តគំនិតយើងខ្ញុំឱ្យទទួលស្គាល់ព្រះបន្ទូលព្រះអង្គ ដោយសារអស់អ្នកដែលនិយាយមកយើងខ្ញុំក្នុងព្រះនាមព្រះអង្គសព្វថ្ងៃ។ សូមពង្រឹងជំនឿរបស់យើងខ្ញុំផង។

Facebook
Twitter
LinkedIn