អត្តបទព្រះគម្ពីរ ថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ ឆ្នាំ២០២៤

បពិត្រព្រះអម្ចាស់ប្រកបដោយតេជានុភាពសព្វប្រការ! ព្រះអង្គចាត់ព្រះបុត្រាឱ្យយាងមកសង្គ្រោះយើងខ្ញុំ។ សូមទ្រង់ព្រះមេត្តាបំប្រែចិត្តគំនិតរបស់យើងខ្ញុំ ឱ្យស្ម័គ្រចិត្តរៀបចំផ្លូវថ្វាយព្រះគ្រីស្ដដែលកំពុងយាងមក។ សូមឱ្យយើងខ្ញុំយកចិត្តទុកដាក់បម្រើព្រះអង្គ ដោយក្តីស្រឡាញ់ និងដោយជួយអ្នកកម្សត់ទុគ៌តផង។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្យាការីអេសាយ អស ៤១,១៣-២០

យើងជាព្រះអម្ចាស់! ជាព្រះរបស់អ្នក! យើងកាន់ដៃស្តាំរបស់អ្នក។ យើងប្រាប់អ្នកថា កុំភ័យខ្លាចអ្វី យើងមកជួយអ្នកហើយ! កូនចៅលោកយ៉ាកុបអើយ! អ្នករាល់គ្នាទន់ខ្សោយ ប្រៀបបាននឹងដង្កូវមែន! តែកុំភ័យខ្លាចអ្វី! ប្រជាជនអ៊ីស្រាអែលអើយ! អ្នកដូចសាកសពមែន! តែយើងមកជួបអ្នក! យើងជាព្រះដ៏វិសុទ្ធរបស់ប្រជាជនអ៊ីស្រាអែលយើងមកលោះអ្នក។ នេះជាព្រះបន្ទូលរបស់ព្រះជាម្ចាស់! យើងធ្វើឱ្យអ្នកប្រែទៅជារនាស់ដែកថ្មី ដែលមានធ្មេញយ៉ាងមុត អ្នកនឹងរាស់កម្ទេចភ្នំតូច ភ្នំធំ ឱ្យទៅជាធូលី។ អ្នកកម្ចាត់កម្ចាយពួកគេឱ្យរសាត់តាមខ្យល់ ហើយខ្យល់កួចយកពួកគេទៅអស់គ្មានសល់។ រីឯអ្នកវិញ អ្នកនឹងរីករាយដោយសារព្រះអម្ចាស់។ អ្នកនឹងខ្ពស់មុខដោយសារព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែល។
ជនក្រីក្រ និងអ្នកទុគ៌តស្វែងរកទឹកផឹក តែរកមិនបាន គេស្រេកខះក។ យើងជាព្រះអម្ចាស់នឹងតបឆ្លើយចំពោះពាក្យអង្វររបស់ពួកគេ យើងជាព្រះនៃជនជាតិអ៊ីស្រាអែល មិនបោះបង់គេចោលឡើយ។ យើងនឹងធ្វើឱ្យមានទន្លេហូរចេញពីភ្នំត្រងិល ហើយមានប្រភពទឹកផុសឡើងតាមជ្រលងភ្នំ។ យើងនឹងធ្វើឱ្យវាលរហោស្ថានប្រែទៅជាបឹងបួរ ឱ្យដីហួតហែងប្រែទៅជាប្រភពទឹកវិញ។ យើងធ្វើឱ្យមានដើមគគី បេង នាងនួន ពពាលខែដុះក្នុងវាលរហោស្ថាន និងដើមកកោះ ស្រល់ ស្រឡៅ ដុះជាមួយគ្នាតាមព្រៃ របោះ។ ដូច្នេះ មនុស្សទាំងអស់នឹងឃើញហើយស្គាល់ ព្រមទាំងពិចារណា និងយល់នៅពេលជាមួយគ្នាថា គឺព្រះអម្ចាស់ជាព្រះដ៏វិសុទ្ធនៃជនជាតិអ៊ីស្រាអែល បានប្រព្រឹត្តការអស្ចារ្យទាំងនេះ ព្រះអង្គបានបង្កើតការទាំងនោះដោយព្រះបារមីព្រះអង្គផ្ទាល់។

ទំនុកតម្កើងលេខ ១៤៥,១.៩-១៣ បទកាកគតិ

១. បពិត្រព្រះម្ចាស់ ជាក្សត្ររបស់ រូបទូលបង្គំ
ពេលនេះខ្ញុំកោត នាមព្រះឧត្តម អស់កល្បយូរលង់
ជារៀងដរាប
៩. ព្រះជាអម្ចាស់ ព្រះទ័យសប្បុរស លើមនុស្សលោកា
ទ្រង់មានព្រះទ័យ សន្តោសករុណា មនុស្សគ្រប់អាត្មា
រស់ពេញផែនដី
១០. បពិត្រព្រះម្ចាស់ សត្វលោកទាំងអស់ មានច្រើនពេកក្រៃ
នាំគ្នាតម្កើង រុងរឿងសិរី រាស្ត្រទាំងប្រុសស្រី
ក៏ថ្កើងទ្រង់ដែរ
១១. គេនឹងរៀបរាប់ ព្រះរាជ្យគួរគាប់ រុងរឿងស្ថិតស្ថេរ
របស់ព្រះអង្គ ឥតមានប្រួលប្រែ អានុភាពឥតកែ
ព្រះអង្គនៅគង់
១២. ដើម្បីឱ្យមនុស្ស ទាំងស្រីទាំងប្រុស គ្រប់គ្នាបានដឹង
ពីការអស្ចារ្យ របស់ព្រះអង្គ រស្មីរឿងរុង
ចិញ្ចែងចិញ្ចាច
១៣. ព្រះរាជ្យព្រះអង្គ ស្ថិតនៅយូរលង់ ពេញដោយអំណាច
គ្រងរាជ្យអស់កល្ប ព្រោះទ្រង់ជាស្តេច បារមីអង់អាច
ស្ថិតយូរវស្សា
ព្រះអម្ចាស់តែង គោរពឥតក្លែង បន្ទូលសន្យា
អ្វីដែលទ្រង់ធ្វើ សុទ្ធតែអស្ចារ្យ សប្បុរសមេត្តា
ករុណាអាសូរ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម អស ៤៥,៨

អលេលូយ៉ា! អាលេលូយ៉ា!
ផ្ទៃមេឃអើយ! ចូរសម្រក់អ្នកសុចរិត ដូចសម្រក់ទឹកសន្សើមមក! ផែនដីអើយ! ចូរបើកឡើង!
ដើម្បីឱ្យការសង្គ្រោះលេចចេញមកផង!។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១១,១១-១៥

ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់មហាជនថា៖«ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាបានដឹងច្បាស់ថា ក្នុងបណ្តាមនុស្សដែលកើតមកនាលោកនេះ ពុំមាននរណាមានឋានៈធំជាងលោក យ៉ូហានបាទីស្តឡើយ។ ប៉ុន្តែ អ្នកណាតូចជាងគេនៅក្នុងព្រះរាជ្យនៃស្ថានបរមសុខ អ្នកនោះប្រសើរលើសលោកយ៉ូហានទៅទៀត។ តាំងពីសម័យលោកយ៉ូហានបាទីស្តមកទល់សព្វថ្ងៃ ព្រះរាជ្យនៃស្ថានបរមសុខបានរងនូវអំពើឃោរឃៅ ហើយពួកមនុស្សឃោរឃៅ នាំគ្នាប្រើកម្លាំងដណ្តើមយកព្រះរាជ្យនេះផង។ តាំងពីដើមរហូតមកដល់សម័យលោកយ៉ូហាន ព្យាការីទាំងអស់បានថ្លែងទុកអំពីព្រះរាជ្យនេះ ហើយក្នុងគម្ពីរធម្មវិន័យ ក៏មានចែងទុកអំពីព្រះរាជ្យដែរ។ សុំជឿខ្ញុំចុះ! លោកយ៉ូហានហ្នឹងហើយជាព្យាការីអេលីដែលត្រូវមក។ អ្នកណាឮពាក្យនេះ សុំយកទៅពិចារណាចុះ!»។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គបានប្រៀនប្រដៅយើងខ្ញុំ ដោយសារព្យាការីទាំងឡាយ។ តែក្រៅពីព្រះយេស៊ូ គ្មាននរណាអាចគាប់ព្រះហឫទ័យព្រះអង្គបានឡើយ។ សូមទ្រង់ព្រះមេត្តាទទួលកាយ វាចា ចិត្ត ដែលយើងខ្ញុំសូមថ្វាយរួមជាមួយព្រះយេស៊ូដែលបានបូជាព្រះជន្ម។ សូមប្រោសយើងខ្ញុំឱ្យចូលរួមក្នុងសក្ការបូជាដ៏វិសេសរបស់ព្រះយេស៊ូ ដែលទ្រង់មានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គបានប្រោសប្រទានព្រះបន្ទូល និងព្រះកាយព្រះគ្រីស្តក្នុងអភិបូជានេះ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យមានចិត្តចង់ជួយអ្នកកើតទុក្ខដែលរស់នៅក្បែរយើងខ្ញុំ សូមឱ្យយើងខ្ញុំបង្ហាញព្រះហឫទ័យស្រឡាញ់របស់ព្រះអង្គឱ្យគេស្គាល់ផង។

Facebook
Twitter
LinkedIn