អត្ថបទព្រះគម្ពីរ ថ្ងៃចន្ទ ទី០៩ ខែធ្នូ ឆ្នាំ២០២៤

ចន្ទ – ស្វ – រដូវរង់ចាំ

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គមានព្រះហឫទ័យមេត្តាករុណាដ៏លើសលប់ចំពោះមនុស្សលោក។ សូមទ្រង់ព្រះមេត្តាទទួលពាក្យអង្វររបស់យើងខ្ញុំ។ សូមតម្រែតម្រង់ចិត្តគំនិតយើងខ្ញុំឱ្យមានឆន្ទៈបរិសុទ្ធទៀងត្រង់ សុខចិត្តរួមស្លាប់រួមរស់ជាមួយព្រះបុត្រា ដែលប្រសូត្រជាមនុស្សដូចយើងខ្ញុំ គឺព្រះអង្គដែលគង់នៅ និងសោយរាជ្យជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្យាការីអេសា អស ៣៥,១-១០

វាលរហោស្ថាន និងដីហួតហែង ចូររីករាយឡើង! រីឯវាលខ្សាច់ ចូរត្រេកអរសប្បាយ ហើយមានផ្ការីកស្គុកស្គាយឡើង! ចូរមានផ្កាដុះដេរដាស ហើយត្រេកអរសប្បាយព្រមទាំងបន្លឺសំឡេងច្រៀងដោយរីករាយ ដ្បិតព្រះអម្ចាស់ប្រទានឱ្យដីនេះរុងរឿង ដូចព្រៃភ្នំលីបង់ មានសោភ័ណភាពដូចព្រៃព្រឹក្សានៅភ្នំកាម៉ែល និងដូចចម្ការដំណាំនៅវាលទំនាបសារ៉ូនដែរ។ ពេលនោះ ប្រជាជននឹងឃើញសិរីរុងរឿង និងភាពថ្កុំថ្កើងរបស់ព្រះអម្ចាស់ជាព្រះនៃរបស់យើង។ ចូរជួយអ្នកដែលទន់ដៃទន់ជើង ឱ្យមានកម្លាំងរឹងប៉ឹងមាំមួនឡើងវិញ! ចូរកម្លាចិត្តអ្នកដែលភ័យតក់ស្លុតថា៖«ចូរមានចិត្តក្លាហានឡើង កុំភ័យខ្លាចអ្វីឡើយ! មើល៍ហ្ន៎ ព្រះរបស់អ្នករាល់គ្នា! ព្រះអង្គយាងមកសងសឹក ព្រះអង្គនឹងប្រព្រឹត្តចំពោះខ្មាំងសត្រូវតាមអំពើដែលគេបានប្រព្រឹត្តលើអ្នករាល់គ្នា ព្រះអង្គផ្ទាល់យាងមកសង្គ្រោះអ្នករាល់គ្នា។ ពេលនោះ មនុស្សខ្វាក់នឹងមើល៍ឃើញ មនុស្សថ្លង់នឹងស្តាប់ឮ មនុស្សខ្វិននឹងលោតដូចប្រើស ហើយមនុស្សគនឹងច្រៀងយ៉ាងរីករាយ ដ្បិតមានទឹកផុសឡើងនៅវាលរហោស្ថាន ព្រមទាំងមានទឹកជ្រោះហូរនៅវាលហួតហែង។ ដីបែកក្រហែង នឹងក្លាយទៅជាបឹងបួរ ស្រុកដែលធ្លាប់តែរីងស្ងួតបែរជាមានប្រភពទឹកផុសឡើងជាច្រើន នៅតាមរូងចចក បែរជាមានដើមត្រែង និងដើមកក់ដុះវិញ។ នៅទីនោះនឹងមានផ្លូវមួយ ឈ្មោះហៅថា «ផ្លូវដ៏វិសុទ្ធ»។
មនុស្សមិនបរិសុទ្ធមិនអាចដើរតាមផ្លូវនោះទេ ហើយអ្នកគោរពព្រះក្លែងក្លាយក៏ដើរតាមផ្លូវនោះមិនបានដែរ ព្រោះព្រះអម្ចាស់ផ្ទាល់ទ្រង់យាងនាំមុខគេ។ គ្មានសត្វសិង្ហ សត្វសាហាវនៅតាមផ្លូវនោះទេ មានតែពួកឈ្លើយដែលព្រះអង្គបានលោះមកវិញប៉ុណ្ណោះ ដែលដើរតាមផ្លូវនោះ។ ពួកឈ្លើយសឹកដែលព្រះអម្ចាស់បានរំដោះនឹងដើរត្រឡប់មកស្រុកវិញ ពួកគេមកដល់ក្រុងស៊ីយ៉ូនដោយស្រែកហ៊ោសប្បាយ។ ទឹកមុខរបស់ពួកគេពោរពេញទៅដោយអំណររកអ្វីប្រៀបស្មើពុំបាន ពួកគេសប្បាយរីករាយឥតឧបមា ដ្បិតទុក្ខព្រួយ និងសម្រែកយំថ្ងូរលែងមានទៀតហើយ។

ទំនុកតម្កើងលេខ ៨៥, ៩-១៤ បទកាកគតិ
៩. យើងខ្ញុំត្រងត្រាប់ ត្រចៀកប្រុងស្តាប់ បន្ទូលព្រះអង្គ
ទ្រង់នឹងប្រទាន សុខសាន្តគ្មានហ្មង លើរាស្ត្រទ្រង់ផង
ដែលមិនលេលា
១០. ក្នុងពេលឆាប់ៗ ទ្រង់នឹងប្រញាប់ ជួយយើងរាល់គ្នា
ដល់អ្នកកោតខ្លាច ករុណាមិនឆ្មើង យុត្តិធម៌កើតឡើង
នៅលើលោកីយ៍
១១. ទ្រង់មានព្រះទ័យ សប្បុរសថ្លាថ្លៃ បារមីរុងរឿង
ព្រះអង្គស្មោះស្ម័គ្រ ករុណាមិនឆ្មើង យុត្តិធម៌កើតឡើង
នៅលើលោកីយ៍
១២. សេចក្តីទៀងត្រង់ ចាប់ដុះរហង់ ពាសពេញផែនដី
សេចក្តីសុចរិត ក៏លាស់ជាថ្មី ពីសួគ៌ាល័យ
ចុះជួយរក្សា
១៣. ព្រះអម្ចាស់ផ្ទាល់ ប្រទានមង្គល ឱ្យយើងគ្រប់គ្នា
ចំណែកផែនដី បង្កើតផលា ភោគផលផ្លែផ្កា
សម្បូរមិនខ្វះ
១៤. សេចក្តីសុចរិត យុត្តិធម៌ប្រណីត នៅមុខព្រះម្ចាស់
សុខសាន្តតាមដាន រៀបផ្លូវថ្វាយព្រះ ឥតមានក្រឡះ
សុខសាន្តរហូត
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះមហាក្សត្រជាអម្ចាស់នៃផែនដីទាំងមូលព្រះអង្គនឹងយាងមក! ព្រះអង្គនឹងរំដោះយើងឱ្យមានសេរីភាព!។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តៈលូកា លក ៥,១៧-២៦

ថ្ងៃមួយ ព្រះយេស៊ូកំពុងតែបង្រៀនបណ្តាជន។ មានពួកខាងគណៈផារីស៊ី និងពួកធម្មាចារ្យអង្គុយស្តាប់ព្រះអង្គដែរ។ អ្នកទាំងនោះធ្វើដំណើរមកពីភូមិនានា ក្នុងស្រុក កាលីឡេ ស្រុកយូដា និងពីក្រុងយេរូសាឡឹម។ ព្រះយេស៊ូប្រកបដោយឫទ្ធានុភាពរបស់ព្រះអម្ចាស់ ទ្រង់ប្រោសអ្នកជំងឺឱ្យបានជា។ ពេលនោះស្រាប់តែមានគេសែងមនុស្ស ខ្វិនដៃខ្វិនជើងម្នាក់មកដល់ គេមានបំណងនាំអ្នកខ្វិននោះចូលទៅជិតព្រះយេស៊ូ។ ប៉ុន្តែ ដោយមានមនុស្សច្រើនពេក គេពុំអាចចូលទៅជិតព្រះអង្គបានឡើយ។ ដូច្នេះ គេក៏សែងអ្នកជំងឺឡើងទៅលើដំបូលផ្ទះ បកក្បឿង រួចសម្រូតគាត់ចុះមកកណ្តាលចំណោមមនុស្ស នៅចំពីមុខព្រះយេស៊ូ។ ព្រះយេស៊ូឈ្វេងយល់ជំនឿរបស់អ្នកទាំងនោះ ទ្រង់មានព្រះបន្ទូលទៅកាន់អ្នកពិការថា៖«អ្នកអើយ! ព្រះជាម្ចាស់អត់ទោសអ្នកឱ្យរួចពីបាបហើយ!»។ ពួកធម្មាចារ្យ និងពួកខាងគណៈផារីស៊ីឮដូច្នោះ រិះគិតក្នុងចិត្តថា៖«អ្នកនេះមានឋានៈអ្វី? បានជាហ៊ានពោលពាក្យប្រមាថព្រះជាម្ចាស់ដូច្នេះ?​​​ ក្រៅពីព្រះជាម្ចាស់មួយព្រះអង្គ តើអ្នកណាអាចអត់ទោសមនុស្សឱ្យរួចពីបាបបាន?»។ ព្រះយេស៊ូឈ្វេងយល់ចិត្តគំនិតអ្នកទាំងនោះ ទើបទ្រង់មានព្រះបន្ទូលទៅគេថា៖«ហេតុអ្វីបានជាអ្នករាល់គ្នារិះគិតបែបនេះ? បើខ្ញុំប្រាប់អ្នកពិការនេះថា ព្រះជាម្ចាស់អត់ទោសអ្នករួចពីបាបហើយ ឬថា ចូរក្រោកឡើង ដើរទៅចុះ តើឃ្លាមួយណាស្រួលនិយាយជាង?។ ប៉ុន្តែ ខ្ញុំចង់ឱ្យអ្នករាល់គ្នាដឹងថា បុត្រមនុស្សមានអំណាចនឹងអត់ទោសមនុស្សនៅក្នុងលោកនេះឱ្យរួចពីបាបបាន»។
ព្រះអង្គក៏ងាកទៅរកអ្នកខ្វិន ហើយមានព្រះបន្ទូលថា៖«ចូរក្រោកឡើង យកគ្រែស្នែងរបស់អ្នក ដើរទៅផ្ទះវិញទៅ»។ រំពេចនោះ អ្នកខ្វិនក្រោកឡើងនៅមុខមនុស្សទាំងអស់ យកគ្រែស្នែងដែលគេសែងខ្លួនមក រួចដើរត្រឡប់ទៅផ្ទះវិញ ទាំងលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ផង។ គេស្លុតស្មារតីគ្រប់គ្នា ហើយលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់។ គេភ័យខ្លាចជាខ្លាំង ហើយនិយាយគ្នាថា៖«ថ្ងៃនេះ យើងបានឃើញហេតុការណ៍ចម្លែកអស្ចារ្យមែន!»។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គលើកលែងទោសឱ្យមនុស្សលោកដោយសារព្រះយេស៊ូគ្រីស្ត។ ក្រៅពីកាយ វាចា ចិត្តរបស់យើងខ្ញុំ យើងខ្ញុំគ្មានអ្វីយកមកថ្វាយតបស្នងគុណព្រះអង្គឡើយ។ សូមទ្រង់ព្រះមេត្តាជម្រះចិត្តគំនិតយើងខ្ញុំ ឱ្យទៅជាតង្វាយដែលគាប់ព្រះហឫទ័យព្រះអង្គផង។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! យើងខ្ញុំសូមអរព្រះគុណព្រះអង្គដែលបានប្រោសមនុស្សលោកឱ្យបានរួចពីបាប។ ដោយព្រះអង្គប្រទានព្រះកាយព្រះគ្រីស្តឱ្យយើងខ្ញុំ ព្រះអង្គក៏បានប្រោសយើងខ្ញុំឱ្យរួមរស់ជាមួយព្រះបុត្រាព្រះអង្គដែរ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំ ឱ្យសុខចិត្តអត់ទោសឱ្យអ្នកដែលបានប្រព្រឹត្តខុសនឹងយើងខ្ញុំផង។

ស – បុណ្យព្រះនាងព្រហ្មចារិនីម៉ារីមិនជំពាក់បាប

សាទរ គ្រីស្តបរិស័ទរួមចិត្តគំនិតជាមួយនាងម៉ារី សូមអង្វរព្រះជាម្ចាស់ឱ្យព្រះរាជ្យព្រះអង្គឆាប់យាងមកដល់។

អត្ថបទទី១ សូមថ្លែងព្រះគម្ពីរកំណើត កណ ៣,៩-១៥.២០

ក្រោយពីលោកអាដាំធ្វើខុសព្រះបញ្ជារបស់ព្រះជាម្ចាស់ ព្រះអង្គមានព្រះបន្ទូលហៅមនុស្សប្រុសថា៖ «អ្នកនៅឯណា?»។ គាត់ឆ្លើយថា៖ «ខ្ញុំបានឮសូរសៀងរបស់ព្រះអង្គ ក្នុងសួនឧស្យាន ខ្ញុំភ័យណាស់ ព្រោះខ្ញុំនៅខ្លួនទទេ ហេតុនេះហើយបានជាខ្ញុំរត់ពួន»។ ព្រះអង្គក៏មានព្រះបន្ទូលសួរថា៖ «នរណាប្រាប់អ្នកឱ្យដឹងថា អ្នកនៅខ្លួនទទេដូច្នេះ? តើអ្នកបរិភោគផ្លែឈើដែលយើងបានហាមមិនឱ្យបរិភោគនោះឬ?»។ បុរសឆ្លើយថា៖ «ស្ត្រីដែលព្រះអង្គប្រទានឱ្យមកនៅជាមួយខ្ញុំនោះ គឺនាងហើយដែលបានឱ្យផ្លែឈើមកខ្ញុំ ហើយខ្ញុំក៏ទទួលទានទៅ»។ ព្រះជាអម្ចាស់មានព្រះបន្ទូលមកស្រ្តីថា៖ «ម្តេចក៏នាងធ្វើដូច្នេះ!»។ ស្ត្រីឆ្លើយថា៖ «ពស់បានមកបញ្ឆោតនាងខ្ញុំ ហើយនាងខ្ញុំក៏ទទួលទានផ្លែឈើនោះទៅ»។ ព្រះជាអម្ចាស់មានព្រះបន្ទូលមកពស់ថា៖ «ដោយឯងបានធ្វើការនេះក្នុងចំណោមសត្វស្រុកសត្វព្រៃទាំងប៉ុន្មាន ឯងនឹងត្រូវបណ្តាសា ហើយឯងត្រូវតែលូននឹងពោះ ហើយស៊ីធូលីជារៀងរាល់ថ្ងៃអស់មួយជីវិត។ យើងនឹងធ្វើឱ្យឯង និងស្ត្រី ព្រមទាំងពូជឯងនឹងពូជស្រ្តី ក្លាយទៅជាសត្រូវនឹងគ្នា។ ពូជនាងនឹងជាន់ក្បាលឯង ហើយឯងនឹងចឹកកែងជើងគេ។ បុរសដាក់ឈ្មោះឱ្យភរិយាថា “អេវ៉ា” (ឈ្មោះនេះមានន័យ ថា“ស្ត្រីមានជីវិត”) ដ្បិតនាងជាមាតារបស់មនុស្សទាំងអស់ដែលមានជីវិត។

ទំនុកតម្កើងលេខ ៩៨,១-៤ បទកាកគតិ
១. ចូរច្រៀងបទថ្មី ថ្វាយព្រះម្ចាស់ថ្លៃ កុំភ្លេចឡើយណា
ដ្បិតទ្រង់ប្រព្រឹត្ត សព្វកិច្ចអស្ចារ្យ ដោយឫទ្ធិចេស្តា
យកជ័យជម្នះ ។
២. ព្រះម្ចាស់បង្ហាញ ប្រជាឱ្យឃើញ ពីការសង្គ្រោះ
ព្រះអង្គសម្តែង ឱ្យគេទាំងអស់ ឃើញសុចរិតស្មោះ
របស់ព្រះអង្គ ។
៣. ព្រះអង្គនៅតែ សម្តែងឥតប្រែ ករុណាត្រចង់
ព្រះទ័យស្មោះស្ម័គ្រ អ៊ីស្រាអែលផង សុចរិតឥតហ្មង
ចងចាំទាំងអស់ ។
មនុស្សម្នាមូលមីរ រស់នៅគ្រប់ទី ឆ្ងាយទាំងប្រុសស្រី
នៃភពផែនដី ឃើញការសង្គ្រោះ ព្រះម្ចាស់របស់
យើងគ្រប់គ្នាៗ ។
៤. ជនទាំងប្រុសស្រី នៅលើផែនដី រៀបចំអង្គា
អបអរសាទរ ថ្វាយព្រះនាមា ស្រែកហ៊ោខ្ញៀវខ្ញារ
ដោយតូរ្យតន្ត្រី ។

អត្ថបទទី២ សូមថ្លែងលិខិតរបស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងអេភេសូ អភ ១,៣-៦.១១-១២

សូមលើកតម្កើងព្រះជាមា្ចស់ និងព្រះបិតារបស់ព្រះយេស៊ូគ្រីស្ត ដែលជាព្រះអម្ចាស់នៃយើង! ព្រះអង្គបានប្រោសប្រទានព្រះពរគ្រប់យ៉ាងផ្នែកខាងវិញ្ញាណពីស្ថានបរមសុខមកយើងក្នុងព្រះគ្រីស្ត។ ព្រះអង្គបានជ្រើសរើសយើងក្នុងអង្គព្រះគ្រីស្ត តាំងពីមុនកំណើតពិភពលោកមកម្ល៉េះ ដើម្បីឱ្យយើងបានវិសុទ្ធ និងឥតសៅហ្មងនៅចំពោះព្រះភក្ត្រព្រះអង្គ ព្រោះព្រះអង្គមានព្រះហឫទ័យស្រឡាញ់យើង។ ព្រះអង្គបានតម្រូវយើងទុកជាមុន ឱ្យធ្វើជាបុត្រធីតារបស់ព្រះអង្គ ដោយសារព្រះយេស៊ូគ្រីស្ត ស្របនឹងព្រះបំណងដ៏សប្បុរសរបស់ព្រះអង្គ ដើម្បីឱ្យយើងកោតសរសើរសិរីរុងរឿងនៃព្រះហឫទ័យប្រណីសន្តោសដែលទ្រង់បានប្រោសប្រទានមកយើង ក្នុងអង្គព្រះបុត្រាដ៏ជាទី ស្រឡាញ់របស់ព្រះអង្គ។ ព្រះជាម្ចាស់បានជ្រើសរើសយើងទុកដោយឡែកក្នុងអង្គព្រះគ្រីស្ត ព្រះអង្គបានតម្រូវយើងទុកជាមុនដូច្នេះ ស្របតាមផែនការរបស់ព្រះអង្គដែលសម្រេចគ្រប់កិច្ចការទាំងអស់តាមព្រះហឫទ័យរបស់ព្រះអង្គ ដើម្បីឱ្យយើងកោតសរសើរសិរីរុងរឿងរបស់ព្រះអង្គ គឺយើងដែលបានសង្ឃឹមលើព្រះគ្រីស្តមុនគេបង្អស់។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម លក ១,២៨

អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះនាងព្រហ្មចារិនីម៉ារី! សូមនាងមានអំណរសប្បាយ! ព្រះអម្ចាស់គង់នៅជាមួយនាង! ព្រះអង្គប្រទានពរមកនាងលើសស្ត្រីទាំងឡាយ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១,២៦-៣៨

ព្រះជាម្ចាស់ចាត់ទេវទូតកាព្រីអែលឱ្យទៅភូមិណាសារ៉ែតក្នុងស្រុកកាលីឡេ ដើម្បីជួបនឹងស្ត្រីក្រមុំព្រហ្មចារីម្នាក់ ជាគូរដណ្តឹងរបស់កំលោះម្នាក់ ឈ្មោះយ៉ូសែប ដែលត្រូវជាញាតិវង្សព្រះបាទដាវីឌ។ ស្រ្តីក្រមុំនោះឈ្មោះម៉ារី។ ទេវទូតចូលទៅក្នុងផ្ទះនាងម៉ារី ហើយមានប្រសាសន៍ទៅកាន់នាងថា៖ «នាងជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់អើយ! ចូរមានអំណរសប្បាយឡើង! ព្រះអង្គគង់ជាមួយនាង»។ ពេលឮពាក្យនេះ នាងម៉ារីរន្ធត់ចិត្តយ៉ាងខ្លាំង ហើយនឹករិះគិតថា តើពាក្យជម្រាបសួរនេះមានន័យដូចម្តេច។ ទេវទូតពោលទៅកាន់នាងថា៖ «កុំខ្លាចអីម៉ារីអើយ! ដ្បិតព្រះជាម្ចាស់គាប់ព្រះហឫទ័យនឹងនាងហើយ។ នាងនឹងមានគ៌ភ ហើយសម្រាលបានបុត្រមួយ ដែលនាងត្រូវថ្វាយព្រះនាមថា “ យេស៊ូ ”។ បុត្រនោះនឹងមានឋានៈដ៏ប្រសើរឧត្តម ហើយគេនឹងថ្វាយព្រះនាមថា “​ព្រះបុត្រានៃព្រះដ៏ខ្ពង់ខ្ពស់បំផុត”។ ព្រះជាម្ចាស់នឹងតាំងបុត្រនោះឱ្យគ្រងរាជ្យលើបល្ល័ង្ករបស់ព្រះបាទដាវីឌ ជាព្រះអយ្យកោររបស់ព្រះអង្គ ទ្រង់នឹងគ្រងរាជ្យលើប្រជារាស្ត្រអ៊ីស្រាអែលអស់កល្បជានិច្ច ហើយរាជ្យរបស់ព្រះអង្គនឹងនៅស្ថិតស្ថេរឥតមានទីបញ្ចប់ឡើយ»។ នាងម៉ារីសួរទៅទេវទូតថា៖ «តើធ្វើដូចម្តេចនឹងឱ្យការនេះកើតឡើងបាន បើនាងខ្ញុំមិនរួមរស់ជាមួយបុរសណាផង?»។ ទេវទូតឆ្លើយទៅនាងវិញថា៖ «ព្រះវិញ្ញាណដ៏វិសុទ្ធនឹងយាងមកសណ្ឋិតលើនាង គឺឫទ្ធានុភាពរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុតនឹងគ្របបាំងនាង។ ហេតុនេះ គេនឹងថ្វាយព្រះនាមដល់បុត្រដ៏វិសុទ្ធ ដែលនឹងប្រសូតមកនោះថា “ព្រះបុត្រារបស់ព្រះជាម្ចាស់”។ ម្យ៉ាងទៀតនាងអេលីសាបិតជាញាតិរបស់នាងមានផ្ទៃពោះប្រាំមួយខែហើយ ថ្វីដ្បិតតែគាត់មានវ័យចាស់ថែមទាំងជាស្ត្រីអារទៀតផងក៏ដោយ ព្រោះគ្មានការអ្វីដែលព្រះជាម្ចាស់ធ្វើមិនកើតនោះឡើយ»។ នាងម៉ារីពោលទៅទេវទូតថា៖ «នាងខ្ញុំជាអ្នកបម្រើរបស់ព្រះអម្ចាស់ សូមឱ្យបានសម្រេចតាមពាក្យរបស់ព្រះអង្គចុះ!»។ បន្ទាប់មក ទេវទូតចាកចេញពីនាងទៅ។

Facebook
Twitter
LinkedIn