អត្ថបទព្រះគម្ពីរ ថ្ងៃអង្គារ ទី១០ ខែធ្នូ ឆ្នាំ២០២៤

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គមានព្រះបន្ទូលសន្យាថានឹងចាត់ព្រះគ្រីស្តឱ្យយាងមកសង្គ្រោះមនុស្សគ្រប់ជាតិសាសន៍។ ព្រះគ្រីស្តក៏យាងមករួចហើយតាមព្រះបន្ទូលសន្យារបស់ព្រះអង្គមែន! សូមទ្រង់ព្រះមេត្តាប្រទានឱ្យយើងខ្ញុំប្រុងស្មារតី ទទួលព្រះគ្រីស្ត ដែលកំពុងតែយាងមកដែរ។ សូមឱ្យយើងខ្ញុំយកចិត្តទុកដាក់លាតត្រដាងការសង្គ្រោះរបស់ព្រះអង្គនៅកន្លែងយើងខ្ញុំរស់នៅសម័យឥឡូវនេះផង។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្យាការីអេសាយ អស ៤០,១-១១

ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាមានព្រះបន្ទូលថា៖«ចូរជួយសម្រាលទុក្ខប្រជារាស្ត្ររបស់យើង ចូរជួយសម្រាលទុក្ខកុំបង្អង់ឡើង! ចូរលើកទឹកចិត្តអ្នកក្រុងយេរូសាឡឹម ហើយប្រកាសប្រាប់គេថា ពេលវេលាដែលខ្មាំងបង្ខំឱ្យធ្វើការយ៉ាងធ្ងន់នោះ បានចប់សព្វគ្រប់ហើយ! គេរងទុក្ខទោសគ្រប់គ្រាន់ហើយ! ព្រះអម្ចាស់បានដាក់ទោសគេ ព្រោះ អំពើបាបទាំងប៉ុន្មានដែលគេបានប្រព្រឹត្ត គេបានរងទុក្ខទោសនោះមួយទ្វេជាពីរហើយ»។
មានសម្លេងមួយប្រកាសថា៖«ចូររៀបចំផ្លូវក្នុងវាលរហោស្ថានថ្វាយព្រះអម្ចាស់! ចូរឆាយដីឱ្យរាបស្មើក្នុងវាលហួតហែង ធ្វើផ្លូវថ្វាយព្រះរបស់យើង! ត្រូវបំពេញច្រកភ្នំ ទាំងឡាយហើយពង្រាបភ្នំតូចភ្នំធំទាំងប៉ុន្មានឱ្យរាប ផ្លូវក្រវិចក្រវៀនត្រូវតម្រង់ឱ្យត្រង់ កន្លែងណារដិបរដុបក៏ត្រូវពង្រាបឱ្យស្មើផងដែរ! បន្តិចទៀត ព្រះអម្ចាស់នឹងសម្តែង សិរីរុងរឿងរបស់ព្រះអង្គ ហើយសត្វលោកទាំងឡាយនឹងឃើញក្នុងពេលជាមួយគ្នាថា ព្រះអម្ចាស់ប្រព្រឹត្តតាមព្រះបន្ទូលសន្យារបស់ព្រះអង្គមែន»។
មានសម្លេងមួយបង្គាប់ថា៖«ចូរប្រកាសចុះ!»។ មានសម្លេងមួយទៀតសួរថា៖ «តើឱ្យខ្ញុំប្រកាសអ្វី?»។ សម្លេងទីមួយឆ្លើយថា ៖ «សត្វលោកប្រៀបបីដូចស្មៅ រីឯអំពើល្អទាំងប៉ុន្មានរបស់គេ ប្រៀបបីដូចផ្កាដែលដុះតាមវាលស្មៅ ពេលណាខ្យល់របស់ព្រះអម្ចាស់បក់មកលើស្មៅតែងតែក្រៀម ហើយផ្កាក៏ស្រពោនដែរ។ មែនហើយ! ប្រជាជននេះ ប្រៀបបានទៅនឹងស្មៅ ស្មៅតែងតែក្រៀម ផ្កាក៏ស្រពោន ប៉ុន្តែ ព្រះបន្ទូលរបស់ព្រះជាម្ចាស់នៃយើង ស្ថិតស្ថេរនៅអស់កល្បជានិច្ច»។
អ្នកនាំដំណឹងល្អដល់ក្រុងស៊ីយ៉ូនអើយ! ចូរឡើងទៅលើភ្នំខ្ពស់ទៅ! អ្នកនាំដំណឹងល្អដល់ក្រុងយេរូសាឡឹមអើយ! ចូរស្រែកឱ្យអស់ទំហឹង! កុំខ្លាចអ្វីឡើយ! ចូរប្រាប់អ្នកក្រុង ទាំងប៉ុន្មានក្នុងស្រុកយូដាថា មើលហ្ន៎៎! ព្រះរបស់អ្នករាល់គ្នា! មើល៍ហ្ន៎! ព្រះជាអម្ចាស់យាងមកប្រកបដោយឫទ្ធានុភាព ព្រះអង្គយាងមកប្រកបដោយព្រះបារមី ដើម្បីគ្រងរាជ្យ ព្រះអង្គបានជ័យជម្នះ ហើយក៏នាំអស់អ្នកដែលព្រះអង្គបានរំដោះមកជាមួយផង។ ព្រះអង្គនឹងថែរក្សាប្រជារាស្ត្ររបស់ព្រះអង្គ ដូចគង្វាលថែរក្សាហ្វូងចៀមរបស់ខ្លួន ទ្រង់លើកព្រះហស្តឡើងធ្វើសញ្ញាប្រមូលកូនចៀម ព្រះអង្គបីកូនតូចៗជាប់នឹងព្រះឱរា ហើយថែទាំមេចៀមដែលកំពុងបំបៅកូន។

ទំនុកតម្កើងលេខ ៩៦,១-៣.១០-១៣ បទព្រហ្មគីតិ
១. ចូរច្រៀងបទថ្មីថ្វាយ ព្រះម្ចាស់ថ្លៃកុំឈរឈប់
មនុស្សនៅលើពិភព ច្រៀងកុំឈប់ថ្វាយព្រះអង្គ
២. ចូរច្រៀងថ្វាយព្រះម្ចាស់ តម្កើងព្រះនាមត្រចង់
ប្រកាសរាល់ថ្ងៃផង ពីបំណងដ៏ថ្លៃថ្លា
៣. ចូរប្រកាសនៅម្តុំ ចំណោមក្រុមជាតិទីទៃ
នូវរុងរឿងសិរី ព្រះហស្តថ្លៃដ៏អស្ចារ្យ
១០. ចូរប្រកាសនៅម្តុំ ចំណោមក្រុមជាតិច្រើននាក់
ថាទ្រង់គ្រងរាជ្យជាក់ ឥតបែកបាក់រឹងមាំល្អ
ព្រះម្ចាស់គ្រប់គ្រងលើ សព្វសារពើមានអំណរ
ពេញដោយយុត្តិធម៌ រាស្ត្រអបអរពន់ពេកក្រៃ
១១. សូមឱ្យអស់ផ្ទៃមេឃ ផែនដីស្រែកកុំសំចៃ
សមុទ្រមានទឹកប្រៃ និងអ្វីៗមានសង្ឃឹម
១២. ចូរឱ្យស្រែចម្ការ អ្វីសព្វសារអរញញឹម
ឱ្យដើមឈើរេរាំ លោតទន្រ្ទាំមុខព្រះម្ចាស់
១៣. ដ្បិតព្រះអង្គយាងមក វិនិច្ឆ័យរកយុត្តិធម៌ណាស់
កាត់ក្តីប្រជាច្បាស់ គ្មានក្រឡះដោយទៀងត្រង់

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ

អាលេលូយ៉ា! អាលេលូយ៉ា!
ថ្ងៃព្រះអម្ចាស់មកជិតបង្កើយ! ព្រះអង្គយាងមកសង្គ្រោះយើង។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១៨,១២-១៤

ព្រះយេស៊ូមានបន្ទូលទៅកាន់ក្រុមសាវ័កថា៖«ប្រសិនបើបុរសម្នាក់មានចៀមមួយរយក្បាល ហើយចៀមមួយវង្វេងបាត់ តើអ្នករាល់គ្នាយល់យ៉ាងណា?គាត់មុខជាទុកចៀម កៅសិបប្រាំបួននៅលើភ្នំ ហើយទៅតាមរកចៀមដែលបាត់នោះពុំខាន។ ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា បើគាត់រកចៀមនោះឃើញវិញ គាត់មុខជាត្រេកអរសប្បាយ ជាមិនខាន គឺសប្បាយលើសពីឃើញចៀមកៅសិបប្រាំបួនដែលមិនវង្វេងបាត់ទៅទៀត។ រីឯព្រះបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានបរមសុខក៏ដូច្នោះដែរ ទ្រង់មិនសព្វព្រះហឫទ័យឱ្យអ្នកណាម្នាក់ក្នុងចំណោមអ្នកតូចតាចទាំងនេះវិនាសអន្តរាយឡើង»។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គចាត់ព្រះបុត្រាឱ្យយាងស្វែងរកយើងខ្ញុំទាល់តែបានឃើញ។ ក្រៅពីលើកនំ​ ​និងពែងនេះមកថ្វាយ យើងខ្ញុំគ្មានអ្វីតបស្នងព្រះគុណព្រះអង្គទេ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំ ឱ្យចូលរួមជាមួយព្រះយេស៊ូ និងអរ​ព្រះគុណព្រះអង្គ ក្នុងអភិបូជាដ៏ប្រសើរនេះផង។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គបានប្រោសយើងខ្ញុំឱ្យចូលរួមជាមួយព្រះយេស៊ូក្នុងអភិបូជានេះ យើងខ្ញុំសូមអរព្រះគុណព្រះ​អង្គ។ សូមទ្រង់ព្រះមេត្តាបំភ្លឺចិត្តគំនិតយើងខ្ញុំ ឱ្យយល់អំពីព្រះហឫទ័យមេត្តាករុណាដ៏លើសលប់របស់ព្រះអង្គចំពោះមនុស្សលោក។ សូមប្រោសយើងខ្ញុំឱ្យយកចិត្តទុកដាក់បង្ហាញធម៌មេត្តាករុណានេះដល់អ្នកជិតខាងសព្វថ្ងៃនេះដែរ ជាពិសេសដល់អស់អ្នកដែលកើតទុក្ខលំបាកផង។

Facebook
Twitter
LinkedIn