សុក្រ – ស្វ – រដូវរង់ចាំ
សន្ដីលូស៊ីជាព្រហ្មចារិនី
នាងលូស៊ី (ឈ្មោះនេះមានន័យថា “ពន្លឺ”) ជាស្ត្រីអ៊ីតាលីម្នាក់។ រដ្ឋអំណាចធ្វើទារុណកម្មនាងនៅក្រុងស៊ីរ៉ាកូស (កោះស៊ីស៊ីល) ប្រហែលនៅឆ្នាំ៣០៤។ តាំងពីសតវត្សទី៦ ព្រះសហគមន៍ក្រុងរ៉ូមតែងតែគោរពនាង។
ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គបានសង្គ្រោះយើងខ្ញុំដោយសារព្រះយេស៊ូគ្រីស្ត។ សូមទ្រង់ព្រះមេត្តាបំភ្លឺចិត្តគំនិតយើងខ្ញុំឱ្យប្រុងស្មារតីក្នុងពេលយើងខ្ញុំទទួលព្រះគ្រីស្តយាងមក។ សូមជួយយើងខ្ញុំឱ្យទទួលស្គាល់ព្រះភក្ត្រព្រះអង្គក្នុងមនុស្សគ្រប់រូបដែលយើងខ្ញុំជួបជារៀងរាល់ថ្ងៃ។
អត្ថបទទី១ សូមថ្លែងព្រះគម្ពីរព្យាការីអេសាយ អស ៤៨,១៧,១៩
ព្រះអម្ចាស់ជាព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែលដែលបានលោះអ្នកមក ទ្រង់មានព្រះបន្ទូលថា៖ «យើងនេះហើយជាព្រះអម្ចាស់ ជាព្រះរបស់អ្នក យើងប្រៀនប្រដៅអ្នក អំពីអ្វីដែលមានប្រយោជន៍ដល់អ្នក។ យើងណែនាំអ្នកឱ្យដើរក្នុងមាគ៌ាដែលអ្នកកំពុងដើរ។ ប្រសិនបើអ្នកយកចិត្តទុកដាក់ធ្វើតាមសេចក្តីដែលយើងបង្គាប់ នោះសេចក្តីសុខសាន្តមុខជាហូរមកលើអ្នកដូចទឹកទន្លេ។ សេចក្តីសុចរិតក៏មុខជាបក់បោរលើអ្នកដូចរលកសមុទ្រ។ ពូជពង្សរបស់អ្នកនឹងកើនច្រើនឡើងដូចចំនួនគ្រាប់ខ្សាច់នៅតាមឆ្នេរសមុទ្រ ហើយឈ្មោះរបស់អ្នកនឹងស្ថិតស្ថេរនៅមុខយើងរហូតឥតបាត់សូន្យឡើយ»។
ទំនុកតម្កើងលេខ ១,១-៤.៦ បទកាកគតិ
១. | អ្នកមិនប្រព្រឹត្ត | តាមមនុស្សទុច្ចរិត | មិនស្តាប់ទូន្មាន |
ហើយមិនចូលចិត្ត | ដើរតាមស្នាមដាន | អ្នកនោះនឹងមាន | |
មង្គលពេកក្រៃ | ។ | ||
២. | តែតាមការពិត | ពួកគេចូលចិត្ត | នឹងធម្មវិន័យ |
របស់ព្រះម្ចាស់ | ទាំងថ្ងៃទាំងយប់ | សញ្ជឹងរំពៃ | |
ឥតមានភ្លេចភ្លឹក | ។ | ||
៣. | អ្នកនោះប្រៀបបាន | ដើមឈើល្អថ្កាន | ដុះក្បែរផ្លូវទឹក |
មិនស្លោកស្រពោន | ឱ្យផលផ្លែស្លឹក | ចម្រើនសន្ធឹក | |
តាមកាលរដូវ | ។ | ||
៤. | រីមនុស្សអាក្រក់ | មានចិត្តគំរក់ | កេរ្តិ៍ឈ្មោះអាស្រូវ |
ពួកគេប្រៀបបាន | អង្កាមដែលត្រូវ | ខ្យល់ផាត់ប៉ើងទៅ | |
បាចសាចខ្ចាត់ខ្ចាយ | ។ | ||
៦. | ដ្បិតព្រះអម្ចាស់ | ស្គាល់ប្រាកដណាស់ | មាគ៌ាប្រណីត |
នៃមនុស្សល្អ | ស្មោះសរសុចរិត | មាគ៌ាឧក្រិដ្ឋ | |
នាំខ្លួនអន្តរាយ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម អស ៤៥,៨
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់យាងមក! ចូរចេញទៅទទួលព្រះអង្គ! ព្រះអង្គពិតជាអម្ចាស់នៃសន្តិភាពមែន!។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១១,១៦-១៩
ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់មហាជនថា៖ «តើខ្ញុំប្រដូចមនុស្សជំនាន់នេះទៅនឹងជនប្រភេទណា? អ្នកទាំងនោះប្រៀបបានទៅនឹងកូនក្មេងដែលអង្គុយលេងនៅតាមផ្សារ ហើយស្តីបន្ទោសគ្នាទៅវិញទៅមកថា “យើងបានផ្លុំខ្លុយ តែឯងរាល់គ្នាពុំព្រមរាំ យើងបានស្មូតបទទំនួញ តែឯងរាល់គ្នាក៏ពុំព្រមគក់ទ្រូងយំដែរ”។ យ៉ាងណាមិញ លោកយ៉ូហានមក លោកតមអាហារ តមសុរា តែគេថាលោកមានខ្មោចចូល។ រីឯបុត្រមនុស្សក៏មកដែរ លោកបរិភោគអាហារ និងពិសាសុរា តែគេថា “មើលចុះ! អ្នកនេះគិតតែពីស៊ីផឹក ហើយសេពគប់ជាមួយពួកទារពន្ធ និងមនុស្សបាប”។ ប៉ុន្តែ មនុស្សលោកទទួលស្គាល់ថា ព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ ពិតជាល្អត្រឹមត្រូវមែន ដោយគេបានឃើញកិច្ចការដែលព្រះអង្គធ្វើ»។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គដាស់តឿនយើងខ្ញុំឱ្យប្រុងស្មារតីជានិច្ច។ យើងខ្ញុំសូមថ្វាយ កាយ វាចា ចិត្ត ធ្វើជាតង្វាយរួមជាមួយសក្ការបូជារបស់ព្រះយេស៊ូគ្រីស្ត សូមទ្រង់មេត្តាទទួលដោយអនុគ្រោះផង។
ពាក្យអរព្រះគុណ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! យើងខ្ញុំសូមអរព្រះគុណព្រះអង្គ ដែលបានប្រទានព្រះបន្ទូល និងព្រះកាយព្រះគ្រីស្តក្នុងអភិបូជានេះ។ សូមទ្រង់ព្រះមេត្តាបំភ្លឺចិត្តគំនិតយើងខ្ញុំ ឱ្យទទួលស្គាល់សញ្ញាសម្គាល់របស់ព្រះអង្គ ដែលត្រាស់ហៅយើងខ្ញុំសព្វថ្ងៃនេះ។ សូមប្រោសយើងខ្ញុំឱ្យសុខចិត្តកាន់កិរិយាដែលគាប់ព្រះហឫទ័យព្រះអង្គផង។
ក្រហ – សន្ដីលូស៊ីជាព្រហ្មចារិនី និងជាមរណសាក្សី
អត្ថបទទី១៖ សូមថ្លែងលិខិតទី ២ របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូរិនថូស
អ្នកណាចង់អួតអាងត្រូវអួតអាងអំពីកិច្ចការដែលព្រះអម្ចាស់បានធ្វើ។ អ្នកដែលគួរឱ្យគេទុកចិត្ត មិនមែនអ្នកដែលតែងតាំងខ្លួនឯងទេ គឺអ្នកដែលព្រះអម្ចាស់តែងតាំងនោះវិញ។ ព្រោះខ្ញុំប្រច័ណ្ឌបងប្អូន ដោយចិត្តប្រច័ណ្ឌមកពីព្រះជាម្ចាស់ ដ្បិតខ្ញុំបានដណ្ដឹងបងប្អូនឱ្យធ្វើជាគូដណ្ដឹង នឹងស្វាមីតែមួយគត់ គឺខ្ញុំនាំបងប្អូនមក ដូចជានាំក្រមុំព្រហ្មចារីយកទៅថ្វាយព្រះគ្រីស្ត។
ទំនុកតម្កើងលេខ ៨៤,៣-៦.៨.១១ បទព្រហ្មគីតិ
៣. | ខ្ញុំសែនអន្ទះសារ | ចិត្តប្រាថ្នាយ៉ាងជាក់ច្បាស់ |
ចង់ចូលវិហារព្រះ | ជាអម្ចាស់ទាំងចិត្តកាយ ។ | |
ចិត្តចង់នៅជាមួយ | ព្រះអង្គជួយមិនរសាយ | |
អស់ពីកម្លាំងកាយ | មិនមានណាយរួមទាំងចិត្ត ។ | |
៤. | ត្រចៀកកាំនិងចាប | ជាដរាបវានែបនិត្យ |
សំបុកធ្វើនៅជិត | អាសនៈពិតនៃព្រះអង្គ ។ | |
៥. | អស់អ្នកដែលបានស្នាក់ | ក្នុងដំណាក់ដ៏ត្រចង់ |
មានសុខ មង្គលផង | សរសើរថ្កើងទ្រង់មិនឈប់ ។ | |
៦. | អ្នកណាដែលផ្អែកពឹង | លើកម្លាំងព្រះជាម្លប់ |
ដ្បិតគេស្វែងមិនឈប់ | ដំណាក់គាប់ដោយស្មោះសរ ។ | |
៨. | គេខិតកាន់តែជិត | ឥតភ័យភិតព្រួយចំបែង |
មានកម្លាំងក្រៃលែង | នឹកស្ញប់ស្ញែងគ្រប់អាត្មា ។ | |
នៅចំពោះព្រះភក្ត្រ | ព្រះអម្ចាស់ដ៏ថ្លៃថ្លា | |
លើភ្នំដ៏អស្ចារ្យ | ឈ្មោះហៅថាភ្នំស៊ីយ៉ូន ។ | |
១១. | មួយថ្ងៃដែលនៅក្នុង | វិហារទ្រង់សប្បាយក្រៃ |
ជាងរស់មួយពាន់ថ្ងៃ | នៅកន្លែងដទៃទៀត ។ | |
ខ្ញុំបានសម្រេចចិត្ត | ឈរនៅជិតមិនចង់ឃ្លាត | |
ជាជាងស្នាក់នៅបៀត | លំនៅញាតិមនុស្សអាក្រក់ ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទំន ៨៥,៨
អាលេលូយ៉ា! អាលេលូយ៉ា!
ឱព្រះអម្ចាស់អើយ! សូមសម្តែងព្រះហឫទ័យមេត្តាករុណាចំពោះយើងខ្ញុំ សូមសង្គ្រោះយើងខ្ញុំផង!។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ២៥, ១-១៣
«ព្រះរាជ្យនៃស្ថានបរមសុខប្រៀបបានទៅនឹងស្ត្រីក្រមុំដប់នាក់ ដែលយកចង្កៀងចេញទៅទទួលស្វាមី។ ក្នុងចំណោមពួកនាង មានប្រាំនាក់ជាស្ត្រីឥតគំនិត ប្រាំនាក់ទៀតជាស្ត្រីឈ្លាសវៃ។ ស្ត្រីឥតគំនិតយកចង្កៀងទៅ តែមិនយកប្រេងទៅបង្ការជាមួយទេ។ រីឯស្ត្រីឈ្លាសវៃវិញ នាងបានយកចង្កៀងទៅមានទាំងប្រេងបង្ការផង។ ដោយស្វាមីក្រមកដល់ នាងទាំងដប់នាក់ងោកងុយពេក ក៏ដេកលក់ទាំងអស់គ្នាទៅ។ លុះដល់ពាក់កណ្ដាលអធ្រាត្រ មានគេស្រែកឡើងថា “ស្វាមីមកដល់ហើយ! ចូរនាំគ្នារត់ទៅទទួលលោក!”។ ស្ត្រីក្រមុំទាំងនោះក៏ក្រោកឡើងរៀបចំអុជចង្កៀង។ ស្ត្រីឥតគំនិតនិយាយទៅកាន់ស្ត្រីឈ្លាសវៃថា “សុំចែកប្រេងឱ្យយើងខ្លះផង ព្រោះចង្កៀងយើងចង់រលត់អស់ហើយ”។ ស្ត្រីឈ្លាសវៃឆ្លើយទៅវិញថា “ទេមិនបានទេ! បើយើងចែកឱ្យពួកនាង ក្រែងមិនគ្រាន់សម្រាប់យើងផង សម្រាប់ពួកនាងផង។ ចូរនាំគ្នាទៅទិញនៅផ្ទះលក់ប្រេងទៅ!”។ នៅពេលស្ត្រីឥតគំនិតទាំងប្រាំចេញទៅរកទិញប្រេងផុតទៅ ស្រាប់តែស្វាមីមកដល់ ឯស្ត្រីប្រាំនាក់ដែលត្រៀមខ្លួនជាស្រេច នាំគ្នាចូលទៅក្នុងរោងការជាមួយលោក ហើយគេបិទទ្វារជិត។ ក្រោយមក ស្ត្រីប្រាំនាក់ទៀតមកដល់ ស្រែកហៅថាៈ “លោកម្ចាស់ លោកម្ចាស់! សូមបើកទ្វារឱ្យយើងខ្ញុំចូលផង!”។ ស្វាមីឆ្លើយទៅវិញថាៈ “ខ្ញុំសុំប្រាប់ឱ្យនាងទាំងអស់គ្នាដឹងច្បាស់ថា ខ្ញុំមិនស្គាល់ពួកនាងទេ!”។ ដូច្នេះ ចូរអ្នករាល់គ្នាប្រុងស្មារតី ដ្បិតអ្នករាល់គ្នាពុំដឹងថា បុត្រមនុស្សនឹងមកដល់ថ្ងៃណា ពេលណាឡើយ»។