អត្ថបទព្រះគម្ពីរ ថ្ងៃអង្គារ ទី១៧ ខែធ្នូ ឆ្នាំ២០២៤

ពាក្យអធិដ្ឋានពេលចូល

បពិត្រព្រះអម្ចាស់! យើងខ្ញុំសូមលើកតម្កើងព្រះអង្គ ដែលបង្កើតនិងរំដោះមនុស្សលោក។ ព្រះអង្គសព្វព្រះហឫទ័យឱ្យព្រះបន្ទូលដែលមានព្រះជន្មគង់នៅតាំងពីដើមរៀងមកប្រសូតជាមនុស្ស ដោយសារព្រះនាងព្រហ្មចារីម៉ារី។ ព្រះបុត្រាប្រសូតមកជាមនុស្សដូចយើងខ្ញុំយ៉ាងណា សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យទទួលព្រះជន្មរបស់ព្រះជាម្ចាស់ ដោយរួមជាមួយព្រះបុត្រាយ៉ាងនោះដែរ។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរកំណើត កណ ៤៩,១-២.៨-១០

លោក​យ៉ាកុប​ហៅ​កូនៗ​ឱ្យ​មក​ជុំ​គ្នា ហើយ​មាន​ប្រសាសន៍​ថា៖«ចូរ​មក​ជួប‌ជុំ​គ្នា ពុក​នឹង​ប្រាប់​ឱ្យកូនៗ​ដឹង​អំពី​ហេតុ‌ការណ៍ដែល​ត្រូវ​កើត​មាន​ដល់​កូនៗ​ក្នុង​ពេល​អនាគត។កូន​ចៅ​របស់​យ៉ាកុប​អើយ! ចូរ​មក​ជួប‌ជុំ​គ្នា ហើយ​ស្តាប់ ចូរ​ស្តាប់​អ៊ីស្រា‌អែល​ជា​ឪពុក។ យូដា​អើយ បង‌ប្អូន​កូន​នឹង​លើក​តម្កើង​កូន​ឡើងកូន​នឹង​មាន​អំណាច​បង្ក្រាប​ខ្មាំង​សត្រូវ​របស់​កូន បង‌ប្អូន​បង្កើត​របស់​កូន​នឹង​ក្រាប​ថ្វាយ‌បង្គំ​កូន។ យូដា​កូន​អើយ កូន​ប្រៀប​បាន​នឹង​សត្វសិង្ហ​ស្ទាវ ដែល​វិល​មក​ពី​ចាប់​សត្វ​ស៊ី ពេល​សិង្ហ​ស្ទាវ​នេះ​ក្រាប​ក្តី ដេក​ក្តី វា​មាន​ប្ញទ្ធិ​ដូច​សិង្ហ​ឈ្មោល និង​សិង្ហ​ញីគ្មាន​នរណា​ហ៊ាន​ដាស់​ទេ។ ព្រះ‌ខ័ន‌រាជ្យ​នឹង​មិន​ចាក​ចេញ​ពី​យូដា​ឡើយ ពូជ‌ពង្ស​យូដា​នឹង​គ្រង​រាជ្យ​ជា‌និច្ចរហូត​ទាល់​តែ​ព្រះ​មហា‌ក្សត្រដែល​ជា​ម្ចាស់​នៃ​ព្រះ‌ខ័ន​រាជ្យ​នេះ​យាង​មក​ដល់ ហើយ​ប្រជា‌រាស្ត្រ​នានា​ត្រូវ​តែ​ចុះ​ចូលនឹង​ព្រះ‌អង្គ។

ទំនុកតម្កើងលេខ ៧២,១-៤.៧-៨.១៧ បទកាកគតិ

១. ព្រះជាម្ចាស់អើយ សូមប្រទានឱ្យ រាជ្យបុត្រនេះចេះ
វិនិច្ឆ័យក្តី តាមព្រះតម្រិះ សុចរិតវិសេស
របស់ព្រះអង្គ ។
២. សូមឱ្យរាជា គ្រប់គ្រងគ្រប់គ្នា ប្រជារាស្ត្រទ្រង់
ដោយយុត្តិធម៌ សុចរិតផូរផង់ វិសេសឥតហ្មង
ត្រឹមត្រូវតាមច្បាប់ ។
៣. សូមឱ្យអស់ភ្នំ ទាំងតូចទាំងធំ ផ្តល់ផលគួរគាប់
សម្បូរសប្បាយ ឱ្យបានសព្វគ្រប់ នាំមកស្រោចស្រព
ក្តីសុចរិតផង ។
៤. សូមរាជារក យុត្តិធម៌មក កុំបីមានហ្មង
ដល់ជនក្រីក្រ កម្សត់ទាំងពួង ហើយកម្ទេចផង
អ្នកដែលជិះជាន់ ។
៧. សូមឱ្យសេចក្តី សុចរិតថ្លាថ្លៃ ចម្រើនខ្ពង់ខ្ពស់
នៅក្នុងរជ្ជកាល រាជាអង្គនោះ កុំបីមានទាស់
សុខសាន្តតទៅ ។
៨. សូមព្រះរាជា គ្រប់គ្រងកុំរា កុំឱ្យហ្មងសៅ
ពីសមុទ្រមួយ មិនបង្អង់នៅ រហូតដល់ទៅ
ស្រុកដាច់ស្រយាល ។
១៧. សូមឱ្យរាជា មានព្រះនាមា ល្បីល្បាញត​ទៅ
នាមព្រះករុណា ស្ថិតស្ថេរគង់នៅ ដរាបរៀងទៅ
លើដីក្រោមមេឃ ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ

អាលេលូយ៉ា! អាលេលូយ៉ា!
ឱ! ព្រះប្រាជ្ញាញាណរបស់ព្រះដ៏ខ្ពង់ខ្ពស់! សូមយាងមក! ព្រះអង្គគ្រប់គ្រងពិភពទាំងមូល! សូមបង្រៀនយើងខ្ញុំឱ្យស្គាល់មាគ៌ានៃសេចក្តីពិត!។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១,១-១៧

នេះជាបញ្ជីរាយនាមព្រះអយ្យកោរបស់ព្រះយេស៊ូគ្រីស្ត ជាព្រះរាជវង្សរបស់ព្រះបាទដាវីឌ និងជាពូជពង្សរបស់លោកអប្រាហាំ។ លោកអប្រាហាំបង្កើតលោកអ៊ីសាក លោកអ៊ីសាកបង្កើតលោកយ៉ាកុប លោកយ៉ាកុបបង្កើតលោកយូដា និងបងប្អូនរបស់លោក លោកយូដា និងនាងថាម៉ារបង្កើតផារេស និងសារ៉ា ផារេសបង្កើតហេតស្រូម ហេតស្រូម បង្កើតអរ៉ាម អរ៉ាមបង្កើតអមីណាដាប់ អមីណាដាប់បង្កើតណាសូន ណាសូនបង្កើតសាលម៉ូន សាលម៉ូន និងនាងរ៉ាហាបបង្កើតលោកបូអូស លោកបូអូស និងនាងរ៉ូថបង្កើតលោកអូបេដ លោកអូបេដបង្កើតលោកយេសាយ លោកយេសាយបង្កើតព្រះបាទដាវីឌ។
ព្រះបាទដាវីឌ និងភរិយារបស់លោកអ៊ូរីបង្កើតព្រះបាទសាឡូម៉ូន ព្រះបាទសាឡូម៉ូន បង្កើតស្តេចរ៉ូបោម ស្តេចរ៉ូបោមបង្កើតស្តេចអប៊ីយ៉ា ស្តេចអប៊ីយ៉ាបង្កើតស្តេចអសាភ ស្តេចអសាភបង្កើតស្តេចយ៉ូសាផាត ស្តេចយ៉ូសាផាតបង្កើតស្តេចយូរ៉ាម ស្តេចយ៉ូរ៉ាមបង្កើតស្តេចអូស៊ីយ៉ា ស្តេចអូស៊ីយ៉ាបង្កើតស្តេចយ៉ូថាម ស្តេចយ៉ូថាមបង្កើតស្តេចអខាស ស្តេចអខាសបង្កើតស្តេចអេសេគីយ៉ា ស្តេចអេសេគីយ៉ាបង្កើតស្តេចម៉ាណាសេ ស្តេចម៉ាណាសេបង្កើតស្តេចអរម៉ូន ស្តេចអរម៉ូនបង្កើតស្តេចយ៉ូស៊ីយ៉ា ស្តេចយ៉ូស៊ីយ៉ាបង្កើតស្តេចយេកូនីយ៉ា និងអនុជ​របស់ព្រះអង្គ នៅគ្រាដែលគេកៀរជនជាតិអ៊ីស្រាអែលយកទៅធ្វើជាឈ្លើយនៅស្រុកបាប៊ីឡូន។
ក្រោយគ្រាដែលគេកៀរជនជាតុអ៊ីស្រាអែល យកទៅធ្វើជាឈ្លើយនៅស្រុកបាប៊ីឡូន ស្តេចយេកូនីយ៉ាបង្កើតសាឡាធីអែល សាឡាធីអែលបង្កើតសូរ៉ូបាបែល សូរ៉ូបាបែលបង្កើតអប៊ីយូដ អប៊ីបង្កើតអេលីយ៉ាគីម អេលីយ៉ាគីមបង្កើតអស៊រ អស៊របង្កើតសាដុក សាដុកបង្កើតអគីម អគីមបង្កើតអេលីយូដ អេលីយូដបង្កើតអេឡាសារ អេឡាសារបង្កើតម៉ាថាន ម៉ាថានបង្កើតយ៉ាកុប យ៉ាកុបបង្កើតលោកយ៉ូសែបជាស្វាមីរបស់នាងម៉ារី ដែលបង្កើតព្រះយេស៊ូ ហៅថា “ព្រះគ្រីស្ត”។
ដូច្នេះ ចាប់ពីលោកអប្រាហាំមកទល់ព្រះបាទដាវីឌ មានដប់បួនតំណ។ ចាប់ពីព្រះបាទដាវីឌ មកទល់នឹងគ្រាដែលគេកៀរជនជាតិអ៊ីស្រាអែលយកទៅធ្វើជាឈ្លើយនៅស្រុកបាប៊ីឡូន មានដប់បួនតំណ ហើយចាប់ពីគ្រាដែលគេកៀរជនជាតិអ៊ីស្រាអែលយកទៅធ្វើជាឈ្លើយនៅស្រុកបាប៊ីឡូនមកទល់ព្រះគ្រីស្ត ក៏មានដប់បួរតំណរដែរ។

ពាក្យថ្វាយតង្វាយ

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គសព្វព្រះហឫទ័យឱ្យព្រះបុត្រាយាងមកចូលរួមជាមួយយើងខ្ញុំជាមនុស្ស។ សូមទ្រង់ព្រះមេត្តាទទួលកាយ វាចា ចិត្ត យើងខ្ញុំទុកជាតង្វាយរួមជាមួយព្រះបុត្រា ដែលបានបូជាព្រះជន្មថ្វាយព្រះអង្គ ក្នុងនាមយើងខ្ញុំទាំងអស់គ្នា។

ពាក្យអរព្រះគុណ

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គបានប្រទានព្រះកាយព្រះគ្រីស្តឱ្យយើងខ្ញុំ។ សូមទ្រង់ព្រះមេត្តាប្រទានព្រះវិញ្ញាណដ៏វិសុទ្ធឱ្យយើងខ្ញុំ។ សូមឱ្យយើងខ្ញុំមានចិត្តស្រឡាញ់ ព្រះអង្គកាន់តែខ្លាំងឡើងៗ និងប្រព្រឹត្តតែអំពើណាដែលគាប់ព្រះហឫទ័យព្រះអង្គជានិច្ច នៅពេលព្រះបុត្រាយាងមក សូមឱ្យយើងខ្ញុំភ្ញាក់ស្មារតីអាចទទួលព្រះអង្គបានផង។

Facebook
Twitter
LinkedIn