អត្ថបទព្រះគម្ពីរ​ ថ្ងៃពុធ ទី០២ ខែតុលា ឆ្នាំ២០២៤

បៃតង – រដូវធម្មតា

សូមថ្លែងព្រះគម្ពីរលោកយ៉ូប យប ៩,១-១២.១៤-១៦

លោកយ៉ូបមានប្រសាសន៍តបមិត្តសម្លាញ់ដែលរិះគន់លោកវិញថា៖ ពិតមែនហើយ​ ខ្ញុំដឹងថា អស់លោកមានប្រសាសន៍ពិតមែនហើយ។ មនុស្សមិនអាចតវ៉ានៅចំពោះ​ព្រះភក្ត្រព្រះជាម្ចាស់ថា ខ្លួនសុចរិតបានឡើយ។ បើគេចង់ជជែកវែកញែកជាមួយ​ព្រះអង្គ ក្នុងមួយពាន់សំណួរ សូម្បីតែមួយក៏មនុស្សពុំអាចឆ្លើយបានផង។ ព្រះអង្គ​ប្រកបទៅដោយព្រះប្រាជ្ញាញាណ និងមហិទ្ធិប្ញទ្ធិ អ្នកដែលប្រឆាំងនឹងព្រះអង្គ មិន​អាចរួចខ្លួនបានទេ។ ព្រះអង្គរើភ្នំទាំងឡាយមិនឱ្យវាដឹងខ្លួន ព្រះអង្គរំលើងភ្នំ ដោយ​​សារព្រះពិរោធរបស់ព្រះអង្គ។ ព្រះអង្គធើ្វឱ្យផែនដីកក្រើកនៅលើគ្រឹះរបស់វា ហើយ​សសររបស់វាក៏រញ្ជួយដែរ។ ព្រះអង្គមានព្រះបន្ទូលទៅកាន់ថ្ងៃ នោះថ្ងៃមិនរះទេ​ ព្រះអង្គក៏ឃាត់ផ្កាយមិនឱ្យចាំងពន្លឺដែរ។ ព្រះអង្គលាតសន្ធឹងផ្ទៃមេឃដោយគ្មាន​នរណាជួយ ព្រះអង្គយាងនៅលើរលកសមុទ្រ។ ព្រះអង្គបានបង្កើតផ្កាយក្រពើ ផ្កាយ​នង្គ័ល និងផ្កាយកូនមាន់ ព្រមទាំងកញ្ចុំផ្កាយនៅទិសខាងត្បូង។ ព្រះអង្គបានធើ្វការដ៏​ធំអស្ចារ្យដែលពុំអាចយល់បាន ព្រមទាំងការដ៏ល្អវិសេសច្រើនឥតគណនា។ ព្រះអង្គ​យាងមកក្បែរខ្ញុំ ក៏ខ្ញុំមើលព្រះអង្គមិនឃើញ ព្រះអង្គយាងទៅបាត់ ក៏ខ្ញុំមិនអាចយល់​បាន។ ពេលព្រះអង្គដកយកអ្វីទៅហើយ គ្មាននរណាអាចឃាត់ព្រះអង្គបានទេ ហើយក៏​គ្មាននរណាអាចពោលទៅព្រអង្គថា “ហេតុអ្វីបានជាព្រះអង្គធ្វើដូច្នេះ” ដែរ។ ហេតុនេះ តើឱ្យខ្ញុំឆ្លើយតបទៅព្រះអង្គដូចម្ដេចបាន? តើខ្ញុំមានពាក្យអ្វីទូលទៅកាន់ព្រះអង្គ? ទោះបីខ្ញុំ​សុចរិតក្ដី ក៏ខ្ញុំពុំអាចឆ្លើយនឹងព្រះអង្គបានដែរ គឺខ្ញុំមានតែអង្វរសូមចៅក្រម​របស់ខ្ញុំ មេត្តាប្រណីសន្ដោសខ្ញុំប៉ុណ្ណោះ។ ទោះបីព្រះអង្គឆ្លើយ​តបមកខ្ញុំ នៅពេល​ខ្ញុំស្រែកហៅព្រះអង្គក៏ដោយ ក៏ខ្ញុំមិនជឿថា ព្រះអង្គផ្ទៀងព្រះកាណ៍ស្ដាប់ពាក្យទូលអង្វរ​របស់ខ្ញុំដែរ។

ទំនុកតម្កើងលេខ ៨៨ (៨៧) ,១០-១៥ បទព្រហ្មគីតិ

១០ ភ្នែកខ្ញុំប្រែស្រវាំង វេទនាខ្លាំងពេកកន្លង
ខ្ញុំអង្វរព្រះអង្គ លើកដៃផងសូមប្រណី
១១ តើមនុស្សដែលស្លាប់ទៅ នឹងនិត្យនៅក្រោកឃ្មាតខ្មី
តម្កើងជោគសិរី ព្រះអង្គថ្លៃកើតប្ញទេ
១២ តើអ្នកនៅក្នុងផ្នូរ អាចថ្លែងអរគិតរិះរេ
ពីព្រះទ័យស្និទ្ធស្នេហ៍ ព្រះអង្គដែរកើតទេឬ?
១៣ តើពួកអ្នកដែលស្ថិត ទីងងឹតអាចដឹងឮ
ស្គាល់ស្នាដៃរន្ទឺ ព្រះអង្គឬ ដូចម្ដេចបាន?
១៤ ឱព្រះអម្ចាស់អើយ ខ្ញុំដង្ហោយឥតស្រាកស្រាន
អង្វរម្ចាស់ថ្កើងថ្កាន លំឱនប្រាណតាំងពីព្រឹក
១៥ ឱព្រះអម្ចាស់អើយ ហេតុម្ដេចឡើយទ្រង់មិននឹក
ចោលខ្ញុំឱ្យវរវឹក មិននានឹកខ្ញុំយ៉ាងនេះ?

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម សម ៣,៩,យហ ៩,៥៧

អាលេលូយ៉ា! អាលេលូយ៉ា!
នៅថ្ងៃនេះ ព្រះអម្ចាស់ត្រាស់ហៅយើងខ្ញុំ! យើងខ្ញុំនាំគ្នាដើរតាមព្រះអង្គ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៩,៥៧-៦២

ព្រះយេស៊ូកំពុងយាងតាមផ្លូវជាមួយសាវ័ក ស្រាប់តែមានបុរសម្នាក់ទូលព្រះអង្គ​ថា៖«ខ្ញុំប្របាទនឹងទៅតាមលោក ទោះបីលោកអញ្ជើញទៅទីណាក៏ដោយ»។ ព្រះ​យេស៊ូមានព្រះបន្ទូលតបទៅគាត់វិញថា៖«សត្វកញ្ជ្រោងមានរូងរបស់វា បក្សាបក្សី​ក៏មានសំបុករបស់វាដែរ ប៉ុន្ដែ បុត្រមនុស្សគ្មានទីជម្រកសម្រាកឡើយ»។ ព្រះអង្គ​មានព្រះបន្ទូលទៅម្នាក់ទៀតថា៖«សុំអញ្ជើញមកតាមខ្ញុំ»។ ប៉ុន្ដែ អ្នកនោះទូលព្រះអង្គថា៖«សូមលោកមេត្តាអនុញ្ញាតឱ្យខ្ញុំប្របាទទៅបញ្ចុះសពឪពុកខ្ញុំសិន»។ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគាត់វិញថា៖«ទុកឱ្យមនុស្សស្លាប់បញ្ចុះសពគ្នាគេចុះ។ រីឯអ្នក​វិញ ចូរអ្នកទៅប្រកាសដំណឹងអំពីព្រះរាជ្យរបស់ព្រះជាម្ចាស់»។ មានម្នាក់ទៀត ទូល​ព្រះអង្គ​ថា៖«លោកម្ចាស់! ខ្ញុំប្របាទសុខចិត្តទៅតាមលោកដែរ ប៉ុន្ដែ សូមលោក​អនុញ្ញាតឱ្យខ្ញុំប្របាទទៅជម្រាបលាក្រុមគ្រួសារខ្ញុំសិន»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់វិញថា៖«អ្នកណាកាន់នង្គ័ល ហើយបែរជាងាកមើលក្រោយ អ្នកនោះគ្មានសារប្រយោជន៍អ្វីដល់ព្រះរាជ្យរបស់ព្រះជាម្ចាស់ឡើយ»។

ស្វាយ – បុណ្យឧទ្ទិសដល់មរណបុគ្គលទាំងឡាយ (ភ្ជុំបិណ្ឌ)

បពិត្រព្រះបិតាដ៏មានតេជានុភាពសព្វប្រការ!​ មានតែព្រះអង្គទេដែលអាចប្រទានជីវិតថ្មីឱ្យមនុស្សលោកបាន។ ព្រះបុត្រាព្រះអង្គក៏បានរំដោះមនុស្សលោកឱ្យរួចពីបាបដែរ សូមទ្រង់ព្រះមេត្តាអាណិតអាសូរដល់វិញ្ញាណក្ខន្ធអស់បុគ្គលដែលចែកស្ថានទៅហើយផង សូមប្រោសទទួលវិញ្ញាណក្ខន្ធទាំងនោះនៅស្ថានបរមសុខ សូមឱ្យគេបានជីវិតរស់នៅអស់កល្បជានិច្ចរួមជាមួយព្រះអង្គផង។

អត្ថបទទី១ សូមថ្លែងព្រះគម្ពីរព្យាការីអេសាយ អស ២៥,៦-៩

ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​នឹង​ជប់‌លៀងប្រជាជន​ទាំង​អស់​នៅ​លើ​ភ្នំ​ស៊ីយ៉ូន គឺ​មាន​ម្ហូប​ដ៏​ឆ្ងាញ់​ពិសា និង​ស្រា​ទំពាំង‌បាយ‌ជូរ​ដ៏​មាន​ឱជា‌រស​បំផុត មាន​សាច់​ចំឡក និង​ស្រា​ទំពាំង‌បាយ‌ជូរដែល​គេ​សម្រាំង​យ៉ាង​ល្អ។ នៅ​លើ​ភ្នំ​នោះ ព្រះ‌អង្គ​នឹង​ដក​ស្បៃ​កាន់​ទុក្ខ​ចេញ​ពី​ជាតិ​សាសន៍​ទាំង​ប៉ុន្មាន ហើយ​ក៏​ដក​វាំងនន​ទុក្ខ​ព្រួយ​ចេញ​ពីប្រជា‌ជាតិ​ទាំង​អស់​ដែរ។ ព្រះ‌អង្គ​នឹង​បំបាត់​សេចក្ដី​ស្លាប់​រហូត​ត​ទៅ ព្រះ‌ជា‌អម្ចាស់​នឹង​ជូត​ទឹក​ភ្នែក​ចេញ​ពី​មុខរបស់​មនុស្ស​ទាំង​អស់។ ព្រះ‌អង្គ​ក៏​ដក​ការ​អាម៉ាស់​នៃ​ប្រជា‌រាស្ដ្ររបស់​ព្រះ‌អង្គ ចេញ​ពី​ទឹក​ដី​ទាំង​មូល​ដែរ។ – នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ នៅ​ថ្ងៃ​នោះ គេ​នឹង​ប្រកាស​ថា៖«ព្រះ‌ជាម្ចាស់​ជា​ព្រះ​នៃ​យើង យើង​បាន​ផ្ញើ​ជីវិត​លើ​ព្រះ‌អង្គ ហើយ​ព្រះ‌​អង្គ​សង្គ្រោះ​យើង យើង​បាន​ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់​មែន! ចូរ​យើង​សប្បាយ​រីក‌រាយ និង​មាន​អំណរ​ឡើង ដ្បិត​ព្រះ‌អង្គ​សង្គ្រោះ​យើង!»។

ទំនុកតម្កើងលេខ ៣១ (៣០),២.៦.៨-៩.១៥-១៧.២៣ បទកាកគតិ

ឱព្រះអម្ចាស់ ខ្ញុំសូមប្រកាស សូមជ្រកក្រោមម្លប់
ជារៀងរហូត ឥតមានឈរឈប់ ទាំងថ្ងៃទាំងយប់
សូមរំដោះផង
ខ្ញុំសូមប្រគល់ វិញ្ញាណនិមល ថ្វាយអង្គក្សត្រា
ទៅក្នុងព្រះហស្ត ព្រះម្ចាស់ហើយណា ព្រោះព្រះអង្គជា
ព្រះទុកចិត្តបាន
ចិត្តខ្ញុំស្រស់ថ្លា អរឥតឧបមា រីករាយសប្បាយ
ដោយសារព្រះអង្គ ទ្រង់មានព្រះទ័យ ករុណាប្រណី
ពេលខ្ញុំវេទនា
ទ្រង់មិនបណ្តោយ ឱ្យរូបខ្ញុំធ្លោយ ខ្លោចផ្សាគ្រាំគ្រា
ធ្លាក់ទៅក្នុងដៃ របស់បច្ចា សូមទ្រង់ករុណា
មេត្តាប្រណី
១៥ បពិត្រព្រះម្ចាស់ ទូលបង្គំភ័យណាស់ សូមផ្ញើជីវ៉ា
ទៅលើព្រះអង្គ ហើយសូមពោលថា ព្រះអង្គពិតជា
ព្រះរបស់ខ្ញុំ
១៦ អាយុជីវិត របស់ខ្ញុំស្ថិត ដោយក្តីសុខដុម
នៅក្នុងព្រះហស្ត ព្រះម្ចាស់ឧត្តម សូមរំដោះខ្ញុំ
ផុតពីដៃខ្មាំង
១៧ សូមបែរព្រះភក្ត្រ ទតមកមើលអ្នក បម្រើព្រះអង្គ
មេត្តាសង្គ្រោះ ទូលបង្គំផង ដោយហឫទ័យទ្រង់
ប្រណីករុណា
២៣ ពេលខ្ញុំខ្វល់ចិត្ត វិលវល់គំនិត ជួបទុក្ខគ្រោះភ័យ
ខ្ញុំនឹកស្មានថា ទ្រង់លែងប្រណី តែពេលខ្ញុំស្តី
ទ្រង់ស្តាប់ពាក្យខ្ញុំ

អត្ថបទទី២៖ សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងរ៉ូម រ៉ូ ១៤,៧-១២

បងប្អូនជាទីស្រឡាញ់!
​ក្នុង​ចំណោម​បង‌ប្អូន គ្មាន​នរណា​ម្នាក់​រស់ ឬ​ស្លាប់​សម្រាប់​ខ្លួន​ឯង​ឡើយ ដ្បិត​បើ​យើង​រស់ យើង​រស់​សម្រាប់​ព្រះ‌អម្ចាស់ ហើយ​បើ​យើង​ស្លាប់ ក៏​ស្លាប់​សម្រាប់​ព្រះ‌អម្ចាស់​ដែរ។ ទោះ​បី​យើង​រស់​ក្តី ស្លាប់​ក្តី យើង​ថ្វាយ​ខ្លួន​ទៅ​ព្រះ‌អម្ចាស់​ជា‌និច្ច ដ្បិត​ព្រះ‌គ្រីស្ដ​បាន​សោយ​ទិវង្គត និង​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ដើម្បី​ធ្វើ​ជា​ព្រះ‌អម្ចាស់​ទាំង​លើ​មនុស្ស​ស្លាប់​ទាំង​លើ​មនុស្ស​រស់។ រីឯ​អ្នក ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​ថ្កោល​ទោស​បង‌ប្អូន​របស់​អ្នក? ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​មើល‌ងាយ​បង‌ប្អូន​របស់​អ្នក?។ យើង​ទាំង​អស់​គ្នា​នឹង​ទៅ​ឈរ​នៅ​មុខ​តុលា​ការ​របស់​ព្រះ‌ជាម្ចាស់ ដ្បិត​មាន​ចែង​ទុក​មក​ថាៈ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា ពិត​ដូច​យើង​មាន​ជីវិត​រស់​យ៉ាង​ណា​ មនុស្ស​ទាំង​អស់​ពិត​ជា​លុត​ជង្គង់​ថ្វាយ‌បង្គំ​យើង ហើយ​ប្រកាស​ទទួល​ស្គាល់​ព្រះ‌ជាម្ចាស់ យ៉ាង​នោះ​ដែរ​។ ដូច្នេះ យើង​ត្រូវ​រៀប​រាប់​ទូល​ព្រះ‌ជាម្ចាស់​នូវ​អំពើ​ដែល​ខ្លួន​យើង​ម្នាក់ៗ​បាន​ប្រព្រឹត្ត។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្តាម លក ២១,៣៦

អាលេលូយ៉ា! អាលេលូយ៉ា!
ចូរប្រុងស្មារតី និងទូលអង្វរគ្រប់ពេលវេលា ដើម្បីឱ្យអ្នករាល់គ្នាអាចឈរនៅមុខបុត្រមនុស្ស។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១២,៣៥-៤០

ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ក្រុមសាវ័កថា៖«ចូរ​ប្រុង‌ប្រៀប​ខ្លួន ហើយ​ទុក​ឱ្យចង្កៀង​របស់​អ្នក​រាល់​គ្នា​នៅ​ឆេះ។ ចូរ​ប្រព្រឹត្ត​ឱ្យ​បាន​ដូច​ពួក​អ្នក​បម្រើដែល​រង់‌ចាំ​ម្ចាស់​វិល​ត្រឡប់​មក​ពី​ជប់‌លៀង​វិញ គឺ​នៅ​ពេល​មក​ដល់ លោក​គោះ​ទ្វារ អ្នក​បម្រើ​ទៅ​បើក​ជូន​ភ្លាម។ ពេល​ម្ចាស់​ត្រឡប់​មក​ដល់ ឃើញ​អ្នក​បម្រើ​ណា​នៅ​រង់‌ចាំ​លោក អ្នក​បម្រើ​នោះ​មាន​សុភមង្គល​ហើយ។ ខ្ញុំ​សុំ​ប្រាប់​ឱ្យអ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា លោក​នឹង​ឱ្យអ្នក​បម្រើ​អង្គុយ​បរិភោគ ហើយ​លោក​រៀប‌ចំ​ខ្លួន​បម្រើ​គេ​វិញ។ បើ​លោក​វិល​មក​វិញ​នៅ​ពាក់​កណ្ដាល​អធ្រាត្រ ឬ​ជិត​ភ្លឺ ហើយ​ឃើញ​អ្នក​បម្រើ​ទាំង​នោះ​នៅ​រង់‌ចាំ​ដូច្នេះ ពួក​គេ​ប្រាកដ​ជា​មាន​សុភមង្គល។ អ្នក​រាល់​គ្នា​ដឹង​ហើយ​ថា បើ​ម្ចាស់​ផ្ទះ​ដឹង​ចោរ​ចូល​មក​ប្លន់​ថ្មើរ​ណា គាត់​នឹង​មិន​បណ្ដោយ​ឱ្យ​វា​ចូល​មក​ក្នុង​ផ្ទះ​គាត់​ឡើយ។ រីឯ​អ្នក​រាល់​គ្នា​វិញ ចូរ​ត្រៀម​ខ្លួន​ជា‌និច្ច ដ្បិត​បុត្រ​មនុស្សនឹង​មក​ដល់ នៅ​វេលា​ដែល​អ្នក​រាល់​គ្នា​ពុំ​បាន​គិត»។

បពិត្រព្រះជាម្ចាស់ជាព្រះបិតា! សូមទ្រង់ព្រះមេត្តាប្រោសទទួលតង្វាយទាំងនេះ ដែលជានិមិត្តរូបនៃអំពើទាំងឡាយរបស់ញាតិមិត្តយើងខ្ញុំដែលទទួលមរណភាពទៅហើយ។ សូមព្រះអង្គញ៉ាំងតង្វាយទាំងនេះឱ្យចូលរួមជាមួយនឹងសក្ការបូជារបស់ព្រះយេស៊ូគ្រីស្ត ដែលទ្រង់មានព្រះជន្មគង់នៅអស់កល្បជាអង្វែងតរៀងទៅ។

បពិត្រព្រះបិតាដ៏វិសុទ្ធបំផុត! យើងខ្ញុំសូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ ជាព្រះដែលមានព្រះជន្មគង់នៅអស់កល្បជានិច្ច ហើយដែលមានតេជានុភាពសព្វប្រការ! ព្រះអង្គប្រោសព្រះគ្រីស្តឱ្យទទួលព្រះជន្មថ្មីដ៏រុងរឿង។ ព្រះអង្គប្រោសយើងខ្ញុំឱ្យមានសេចក្តីសង្ឈឹមជានិច្ច។ ទោះបីយើងខ្ញុំជៀសផុតពីសេចក្តីស្លាប់ពុំបានក៏ដោយ ក៏យើងខ្ញុំនៅតែមានសង្ឈឹមយ៉ាងមាំថា នឹងមានជិវិតរស់នៅអស់កល្បជានិច្ច រួមជាមួយព្រះគ្រីស្តដែរ។ យើងខ្ញុំជឿជាក់ថា ពេលយើងខ្ញុំទទួលមរណភាព យើងខ្ញុំមិនបាត់បង់ជីវិតរហូតទេ គឺជីវិតយើងខ្ញុំ គ្រាន់តែប្រែភេទប៉ុណ្ណោះ។ ពេលយើងខ្ញុំឈប់ធ្វើដំណើរនៅនាលោកនេះ យើងខ្ញុំមានទីលំនៅថ្មីមួយនៅឯស្ថានបរមសុខជាមួយព្រះអង្គ។ អាស្រ័យដោយហេតុនេះហើយ បានជាយើងខ្ញុំសូមចូលរួមជាមួយអស់ទេវទូត និងសន្តបុគ្គលទាំងឡាយ ដើម្បីប្រកាសថា៖ “ព្រះដ៏វិសុទ្ធ! ព្រះដ៏វិសុទ្ធ! ព្រះដ៏វិសុទ្ធ!”។

បពិត្រព្រះបិតាដ៏មានតេជានុភាពសព្វប្រការ! សូមទ្រង់ព្រះមេត្តាប្រោសវិញ្ញាណក្ខន្ធរបស់ដូនតា មាតាបិតា អ្ន​កមានគុណលើយើងខ្ញុំ ទាំងអស់ឱ្យចូលរួមជាមួយព្រះអង្គនៅស្ថានបរមសុខផង សូមនាំវិញ្ញាណក្ខន្ធទាំងនោះឆ្លងទៅកាន់ជីវិតដ៏ពេញលេញ រួមជាមួយព្រះយេស៊ូគ្រីស្តដែលទទួលព្រះជន្មថ្មីដ៏រុងរឿង គឺព្រះអង្គដែលមានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។

Facebook
Twitter
LinkedIn