អត្ថបទព្រះគម្ពីរ ថ្ងៃអាទិត្យ ទី២៩ ខែកញ្ញា ឆ្នាំ២០២៤

បពិត្រព្រះអម្ចាស់ជាព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! ព្រះអង្គ សម្តែងតេជានុភាពដ៏ខ្លាំងក្លារបស់ព្រះអង្គ ដោយមានព្រះហឫទ័យអត់ធ្មត់ចំពោះអ្នក បាប និងអាណិតអាសូរគេជានិច្ច។ សូមទ្រង់ព្រះមេត្តាលើកលែងទោសឱ្យយើងខ្ញុំ ជារៀងរហូត។ សូមប្រោសប្រណីមកយើងខ្ញុំ សូមឱ្យយើងខ្ញុំខិតខំស្វែងរកសម្បត្តិ សួគ៌ផង។

អត្ថបទទី១៖​ សូមថ្លែងព្រះគម្ពីរជំរឿនប្រជាជន ជរ ១១,២៥-២៩

ព្រះអម្ចាស់យាងចុះមកក្នុងពពក រួចសន្ទនាជាមួយលោកម៉ូសេ។ ព្រះអង្គយកព្រះ វិញ្ញាណមួយចំណែកពីលោកម៉ូសេ ប្រគល់ឱ្យទៅព្រឹទ្ធាចារ្យទាំងចិតសិបនាក់។ ពេល ព្រះវិញ្ញាណយាងមកសណ្ឋិតលើពួកគេ ពួកគេចាប់ផ្តើមថ្លែងព្រះបន្ទូល តែមិនថ្លែង យូរទេ។
មានព្រឹទ្ធាចារ្យពីរនាក់ ម្នាក់ឈ្មោះអេលដាដ និងម្នាក់ទៀតឈ្មោះម៉េដាដ ស្ថិត នៅក្នុងជំរំ ហើយព្រះវិញ្ញាណគង់ជាមួយលោកទាំងពីរ។ លោកទាំងពីរមានឈ្មោះ ក្នុងបញ្ជីព្រឹទ្ធាចារ្យដែលលោកម៉ូសេបានជ្រើសរើសនោះ តែពុំបានទៅព្រះពន្លាជួបព្រះ អម្ចាស់ទេ។ លោកទាំងពីរក៏នាំគ្នាថ្លែងព្រះបន្ទូលនៅក្នុងជំរំ។ យុវជនម្នាក់រត់ទៅ ជម្រាបលោកម៉ូសេថា៖«លោកអេលដាដនិងម៉េដាដ កំពុងតែថ្លែងព្រះបន្ទូលនៅក្នុង ជំរំ»។ ពេលនោះ លោកយ៉ូស៊ូអា ជាកូនរបស់លោកនូន និងជាសហការីរបស់លោក ម៉ូសេតាំងពីយុវវ័យមកមានប្រសាសន៍ថា៖ «លោកម្ចាស់! សូមឃាត់លោកទាំងពីរ ទៅ!»។ លោកម៉ូសេតបថា៖«តើអ្នកមានចិត្តច្រណែនជំនួសខ្ញុំឬ?សូមឱ្យប្រជារាស្រ្ត របស់ព្រះអម្ចាស់ទៅជាព្យាការីទាំងអស់គ្នាផង!។ សូមព្រះអម្ចាស់ប្រទានព្រះវិញ្ញាណ របស់ព្រះអង្គ ឱ្យមកសណ្ឋិតលើពួកគេទាំងអស់គ្នាទៅ!»។

ទំនុកតម្កើងលេខ ១៩ (១៨), ៨.១០.១២-១៤ បទកាកគតិ

ព្រះធម្មវិន័យ ល្អល្អះឥតបី ប្រសើរថ្កើងថ្កាន
ផ្តល់កម្លាំងចិត្ត ឥតមានស្រាកស្រាន្ត មនុស្សល្ងង់ប្រែប្រាណ
ជាមានប្រាជ្ញា
១០ ការឱ្យគោរពកោត ព្រះអម្ចាស់សោត វិសេសយល់យង់
ស្ថិតស្ថេរចីរកាល តទៅគង់វង់ ការវិនិច្ឆ័យទ្រង់
ក៏សុទ្ធត្រឹមត្រូវ
១២ ព្រះធម្មវិន័យ បំពេញអត្ថន័យ ខ្ញុំភ្លឺឥតហ្មង
ខ្ញុំអ្នកបម្រើ របស់ព្រះអង្គ ធ្វើតាមឥតហ្មង
បានផលប្រណីត
១៣ គ្មាននរណាម្នាក់ ឃើញកំហុសជាក់ ដែលខ្លួនប្រព្រឹត្ត
ដោយអចេតនា មិនបានរិះគិត សូមទ្រង់អាណិត
លើកលែងទោសា
១៤ សូមការពារខ្ញុំ ឱ្យរួចទុក្ខធំ អំនួតឫស្យា
សូមកុំឱ្យចិត្ត អួតអាងអាត្មា សោយរាជ្យត្រួតត្រា
លើទូលបង្គំ

អត្ថបទទី​២៖ សូមថ្លែងលិខិតរបស់គ្រីស្តទូតយ៉ាកុប យក ៥,១-៦

អ្នកមានអើយ! សូមស្តាប់ខ្ញុំសិន! ចូរស្រែកទ្រហោយំទៅ ព្រោះទុក្ខលំបាកនឹងកើត មានដល់អ្នករាល់គ្នាជាពុំខាន!។ ទ្រព្យសម្បត្តិរបស់អ្នករាល់គ្នារលួយអស់ហើយ សម្លៀកបំពាក់របស់អ្នករាល់គ្នា ក៏ត្រូវកណ្តៀរស៊ីដែរ។ មាសប្រាក់របស់អ្នករាល់គ្នា ត្រូវច្រែះស៊ី ហើយច្រែះនេះ ធ្វើជាបន្ទាល់ទាស់នឹងអ្នករាល់គ្នា ព្រមទាំងស៊ីសាច់អ្នក រាល់គ្នា ដូចភ្លើងឆេះសុសដែរ។ គ្រានេះ ជាគ្រាចុងក្រោយបំផុត អ្នករាល់គ្នាបាន ប្រមូលទ្រព្យសម្បត្តិទុក ឥតបើកប្រាក់ឈ្នួលឱ្យពួកកម្មករដែលច្រូតកាត់ក្នុងស្រែរបស់អ្នករាល់គ្នាឡើយ។ មើល៍! សម្រែកអ្នកច្រូតទាំងនោះ បានលាន់ឮទៅដល់ព្រះអម្ចាស់ នៃពិភពទាំងមូលហើយ។ អ្នករាល់គ្នា រស់នៅលើផែនដីនេះយ៉ាងសម្បូណ៌សប្បាយថ្កុំ ថ្កើងរុងរឿង ហើយអ្នករាល់គ្នាបំពេញចំណង់ចិត្តខ្លួនយ៉ាងឆ្អែតស្កប់ស្កល់ ដូចនៅថ្ងៃ ដែលគេសម្លាប់សត្វ។ អ្នករាល់គ្នាបានដាក់ទោស និងប្រហារជីវិតមនុស្ស សុចរិត តែ គេពុំបានប្រឆាំងតបតនឹងអ្នករាល់គ្នាវិញឡើយ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ១៧,១៧

អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះអម្ចាស់! ព្រះបន្ទូលរបស់ ព្រះអង្គជាសេចក្តីពិត! សូមប្រោសយើងខ្ញុំឱ្យបានវិសុទ្ធ ដោយសារសេចក្តីពិតនេះ!។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស ៩,៣៨-៤៣.៤៥.៤៧-៤៨

លោកយ៉ូហាន ជាសាវ័កម្នាក់ក្នុងចំណោមសាវ័កទាំងដប់ពីរ ទូលព្រះអង្គថា៖ «ព្រះគ្រូ! យើងខ្ញុំឃើញបុរសម្នាក់ដេញខ្មោចក្នុងនាមព្រះគ្រូ។ យើងខ្ញុំបានឃាត់គេ ព្រោះគេមិនមកតាមយើងខ្ញុំទេ»។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «កុំឃាត់គេអី ពុំ ដែលមាននរណាអាចធ្វើការអស្ចារ្យក្នុងនាមខ្ញុំ រួចបែរជានិយាយអាក្រក់អំពីខ្ញុំភ្លាមនោះ ឡើយ ដ្បិតអ្នកណាមិនជំទាស់នឹងយើង អ្នកនោះជាគ្នាយើងហើយ។ ម្យ៉ាងទៀត បើអ្នកណាឱ្យទឹកមួយកែវដល់អ្នករាល់គ្នាក្នុងនាមអ្នករាល់គ្នាជាសិស្សរបស់ព្រះគ្រីស្តខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកនោះនឹងទទួលរង្វាន់ជាមិនខាន។ អ្នកណានាំអ្នកតូចតាចម្នាក់ក្នុងបណ្តាអ្នកជឿទាំងនេះ ឱ្យប្រព្រឹត្តអំពើបាប ចំពោះអ្នកនោះ ប្រសិនបើគេយកត្បាល់ថ្មយ៉ាងធំ មកចងកគាត់ទម្លាក់ទៅក្នុងសមុទ្រ នោះប្រសើរ ជាជាងទុកឱ្យគាត់នៅរស់។ ប្រសិនបើ ដៃនាំអ្នកឱ្យប្រព្រឹត្តអំពើបាប ចូរកាត់ចោលទៅ បើអ្នកចូលទៅក្នុងជីវិតមានដៃតែម្ខាង ប្រសើរជាងមានដៃពីរ ហើយត្រូវធ្លាក់ទៅ ក្នុងនរកដែលមានភ្លើងមិនចេះរលត់។ ប្រសិនបើជើងនាំអ្នកឱ្យប្រព្រឹត្តអំពើបាប ចូរ កាត់ចោលទៅ បើអ្នកចូលទៅក្នុងជីវិត មានតែជើងមួយនោះ ប្រសើរជាងមានជើងពីរ ហើយត្រូវគេបោះទៅក្នុងនរក។ ប្រសិនបើភ្នែកនាំអ្នកឱ្យប្រព្រឹត្តអំពើបាប ចូរខ្វេះ ចេញទៅ បើអ្នកចូលទៅក្នុងព្រះរាជ្យព្រះជាម្ចាស់ មានតែភ្នែកម្ខាងនោះ ប្រសើរជាង មានភ្នែកពីរ ហើយត្រូវគេបោះទៅក្នុងនរក ជាកន្លែងដែលមានដង្កូវមិនចេះងាប់ មាន ភ្លើងមិនចេះរលត់»។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! យើងខ្ញុំគ្មានអ្វីមកថ្វាយព្រះអង្គ ក្រៅពី កាយ វាចា ចិត្ត និងពាក្យអធិដ្ឋានទេ។ សូមទ្រង់ព្រះមេត្តាទទួលតង្វាយរបស់យើងខ្ញុំដោយអនុ គ្រោះ សូមប្រោសឱ្យយើងខ្ញុំចូលរួមក្នុងពិធីជប់លៀងរបស់ព្រះអង្គនៅស្ថានបរមសុខ ថ្ងៃណាមួយផង។

បពិត្រព្រះបិតាដែលមានព្រះជន្មគង់នៅអស់កល្បជានិច្ច! ពេលយើងខ្ញុំទទួលព្រះ កាយព្រះគ្រីស្ត យើងខ្ញុំទទួលស្គាល់កិត្យានុភាពដ៏ខ្ពង់ខ្ពស់របស់យើងខ្ញុំជាបុត្រធីតារបស់ ព្រះអង្គ។ សូមទ្រង់ព្រះមេត្តាពង្រឹងជំនឿរបស់យើងខ្ញុំ ព្រមទាំងប្រោសឱ្យយើងខ្ញុំ ប្រព្រឹត្តអ្វីៗទាំងអស់តាមជំនឿនេះផង។

(សន្តមីកាអែល កាព្រីអែល និងរ៉ាហ្វា​អែលជាអគ្គទេវទូត)

ក្នុងព្រះគម្ពីរ ទេវទូតជាអ្នកនាំដំណឹងពីព្រះជាម្ចាស់។​ ដោយគេយល់ថា ព្រះជាម្ចាស់វិសុទ្ធបំផុត ហើយខ្ពង់ខ្ពស់ពេក រីឯមនុស្សទាបពេក អ្នកនិពន្ធព្រះគម្ពីរនឹកគិតថា​ ត្រូវតែមានទូតមកនាំសាររបស់ព្រះអង្គឱ្យមនុស្ស។ តាមគម្ពីរ ទេវទូតគឺព្រះអម្ចាស់ផ្ទាល់ ឬដូចជា “ព្រះឧិស្ឋ ជាព្រះហស្ត និងជាព្រះបាទរបស់ព្រះជាម្ចាស់”។ ក្នុងព្រះគម្ពីរ ពេលណាមានរ៉ាយរ៉ាប់អំពីទេវទូតលេចចេញមក ត្រូវយល់ថា ព្រះអម្ចាស់មានព្រះបន្ទូល ឬសម្តែងសេចក្តីមួយដែលមនុស្សយើងពុំអាចយល់ដោយប្រាជ្ញាខ្លួនឯងបាន។ ទេវទូតពន្យល់អត្ថន័យ ព្រឹត្តការណ៍ដែលកើតមានឡើង។ មានរ៉ាយរ៉ាប់អំពីអគ្គទេវទូតមីកាអែល ក្នុងគម្ពីរដានីអែល និងវីវរណៈ។ ឈ្មោះ “មីកាអែល” មានន័យ ថា៖ “នរណាបានដូចព្រះម្ចាស់?”។ តាមគម្ពីរ អគ្គទេវទូតមីកាអែលយាងមកបង្ក្រាបមារ។ ឈ្មោះ “កាព្រីអែល” មានន័យថា៖ “ព្រះជាម្ចាស់មានឫទ្ធិ”។ តាមព្រះគម្ពីរអគ្គទេវទូតកាព្រីអែល នាំដំណឹងអំពីព្រះជាម្ចាស់សង្គ្រោះប្រជាជនរបស់ព្រះអង្គ នៅពេលចុងក្រោយបំផុត។ អគ្គទេវទូតកាព្រីអែលនាំដំណឹងនេះដល់ព្យាការី ដានីអែល និងដល់ព្រះនាងម៉ារី។ ឈ្មោះ “រ៉ាហ្វាអែល” មានន័យថា “ព្រះជាម្ចាស់ព្យាបាល”។ អគ្គទេវទូតវ៉ាហ្វាអែលបានព្យាបាលលោកតូប៊ីតឱ្យបានជា។ ព្រះសហគមន៍គ្រីស្តបរិស័ទគោរពទេវទូត ដោយមានបំណងលើកតម្កើងព្រះជាម្ចាស់ដែលណែនាំ និងថែរក្សាមនុស្សលោកដោយព្រះហឫទ័យសប្បុរស។

ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះជាម្ចាស់ជាព្រះបិតា! យើងខ្ញុំសូមកោតសរសើរព្រះប្រាជ្ញាញ្ញាណ ព្រះអង្គដែលបានចាត់ចែងមុខងារផ្សេងៗឱ្យទេវទូត និង​ឱ្យ​មនុស្សលោកបំពេញ។ សូមទ្រង់ព្រះមេត្តាថែរក្សាយើងខ្ញុំដែលរស់នៅលើផែនដីនេះ។ សូមប្រោសយើងខ្ញុំឱ្យយកចិត្តទុកដាក់នឹងសញ្ញាសម្កាល់របស់ព្រះអង្គក្នុងលោកនេះផង។

សូមថ្លែងព្រះគម្ពីរព្យាការដានីអែល ដន ៧,៩-១០.១៣-១៤
«ពេល​នោះ ខ្ញុំ​នៅ​តែ​គន់​មើល​ត​ទៅ​ទៀត ឃើញ​គេ​យក​រាជ​បល្ល័ង្ក​ជា​ច្រើន​មក​តាំង ហើយ​ព្រះ‌ជាម្ចាស់​នៃ​ពេល​វេលាដែល​មាន​ព្រះ‌ជន្មា​យុ​យឺន‌យូរ គង់​នៅ​លើ​បល្ល័ង្ក​មួយ ព្រះ‌អង្គ​មាន​ព្រះ‌ភូសា​ពណ៌​ស​ដូច​កប្បាស ហើយ​ព្រះ‌កេសា​របស់​ព្រះ‌អង្គ​ស​ដូច​សម្លី។ បល្ល័ង្ក​របស់​ព្រះ‌​អង្គ​ប្រៀប​បាន​នឹង​អណ្ដាត​ភ្លើង ហើយ​មាន​កង់​កំពុង​ឆេះ​សន្ធោ‌សន្ធៅ។ មាន​ទន្លេ​មួយ​ហូរ​សុទ្ធ​តែ​ភ្លើងចេញ​ពី​មុខ​បល្ល័ង្ក។ មាន​មនុស្ស​រាប់‌ម៉ឺន​រាប់​សែន​នាក់​គោរព​បម្រើ​ព្រះ‌អង្គ និង​រាប់​លាន​រាប់​កោដិ​នាក់​ទៀត​ឈរ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គ។ ពេល​នោះ ចៅ‌ក្រម​នាំ​គ្នា​អង្គុយ ហើយ​គេ​ក៏​បើក​ក្រាំង​ផ្សេងៗ។ ក្នុង​សុបិន​និមិត្ត​នៅ​ពេល​យប់​នោះ ខ្ញុំ​ឃើញ​មាន​ម្នាក់​ដូច​បុត្រ​មនុស្សមក​ជា​មួយ​ពពក​នៅ​លើ​ផ្ទៃ​មេឃ លោក​ចូល​ទៅ​ជិត​ព្រះ‌ជាម្ចាស់​នៃ​ពេល​វេលាដែល​មាន​ព្រះ‌ជន្មាយុ​យឺន‌យូរ ហើយ​គេ​ក៏​នាំ​លោក​ទៅ​គាល់​ព្រះ‌អង្គ។ លោក​បាន​ទទួល​អំណាច​គ្រប់‌គ្រង​ព្រះ‌កិត្តិ‌នាម ព្រម​ទាំង​រាជ‌សម្បត្តិ​ផង។ ប្រជាជន​ទាំង​អស់ ប្រជា‌ជាតិ​ទាំង​អស់ និង​មនុស្ស​គ្រប់​ភាសា នាំ​គ្នា​គោរព​បម្រើ​លោក អំណាច​គ្រប់‌គ្រង​របស់​លោក​នៅ​ស្ថិត‌ស្ថេរ​អស់​កល្ប‌ជានិច្ច​ឥត​សាប‌សូន្យ​ឡើយ។ រាជ‌សម្បត្តិ​របស់​លោក​មិន​ត្រូវ​រលាយ​ដែរ។

ឬសូមថ្លែងព្រះគម្ពីរវីវរណៈ វវ ១២,៧-១២ក
ពេល​នោះ ក៏​មាន​ចម្បាំង​ផ្ទុះ​ឡើងនៅ​លើ​មេឃ គឺ​មហា​ទេវទូត​មីកាអែល និង​ពួក​ទេវទូត​របស់​លោក​នាំ​គ្នា​ច្បាំង​នឹង​នាគ ហើយ​នាគ​រួម​ជា​មួយ​ពួក​បរិវារ​វា​ក៏​ច្បាំង​តទល់​វិញ​ដែរ ក៏​ប៉ុន្តែ វា​ច្បាំង​មិន​ឈ្នះ ហើយ​រក​កន្លែង​ស្នាក់​នៅ​លើ​មេឃ​មិន​បាន​ទៀត​ឡើយ។ នាគ​ធំ​នោះក៏​ត្រូវ​គេ​ទម្លាក់​ចុះ​មក គឺ​នាគ​ធំ​ហ្នឹង​ឯងជា​ពស់​ពី​បុរាណឈ្មោះ​មារ ឬ​សាតាំង ដែល​បាន​នាំ​មនុស្ស​នៅ​លើ​ផែន‌ដី​ទាំង​មូល​ឱ្យវង្វេង។ វា​ត្រូវ​គេ​ទម្លាក់​ចុះ​មក​ផែន‌ដី ហើយ​ពួក​បរិវារ​វា​ក៏​ត្រូវ​គេ​ទម្លាក់​ចុះ​មក​ជា​មួយ​ដែរ។ ពេល​នោះ ខ្ញុំ​បាន​ឮ​សំឡេង​មួយ​បន្លឺ​យ៉ាង​ខ្លាំង​នៅ​លើ​មេឃ​ថា៖«ឥឡូវ​នេះ ដល់​ពេល​ព្រះ‌ជាម្ចាស់​សង្គ្រោះ​មនុស្ស​លោក​ហើយ ហើយ​ឫទ្ធា‌នុភាព និង​ព្រះ‌រាជ្យ​ព្រះ‌ជាម្ចាស់​របស់​យើងព្រម​ទាំង​អំណាច​ព្រះ‌គ្រីស្ដ​របស់​ព្រះ‌អង្គ​ក៏​បាន​មក​ដល់​ដែរ ដ្បិត​អ្នក​ចោទ​ប្រកាន់​ទោស​បង‌ប្អូន​យើងត្រូវ​គេ​ទម្លាក់​ចោល​ហើយ គឺ​អ្នក​នោះ​ឯង​ដែល​ចោទ​ប្រកាន់​បង‌ប្អូន​យើងទាំង​ថ្ងៃ​ទាំង​យប់នៅ​មុខ​ព្រះ‌ភ័ក្ត្រ​នៃ​ព្រះ​របស់​យើង។ បង‌ប្អូន​យើង​បាន​ឈ្នះ​វា ដោយ‌សារ​ព្រះ‌លោហិត​របស់​កូន​ចៀម និង​ដោយ​សក្ខី‌ភាព​របស់​ពួក​គេ ហើយ​បង‌ប្អូន​ទាំង​នោះ​បាន​ស៊ូ​ប្ដូរ​ជីវិតឥត​ស្ដាយ​សោះ​ឡើយ។ ហេតុ​នេះ ស្ថាន​បរម‌សុខ និង​អស់​អ្នក​ដែល​រស់​នៅ​ក្នុង​ស្ថាន​បរម‌សុខ​អើយ ចូរ​មាន​អំណរ​សប្បាយ​ឡើង! រីឯ​ផែន‌ដី និង​សមុទ្រ​វិញ អ្នក​ត្រូវ​វេទនា​ជា​ពុំ‌ខាន! ដ្បិត​មារបាន​ចុះ​ទៅ​រក​អ្នក​រាល់​គ្នា ទាំង​មាន​កំរោល​ចូល​យ៉ាង​ខ្លាំង​ផង ព្រោះ​វា​ដឹង​ថា វា​នៅ​សល់​ពេល​តែ​បន្ដិច​ប៉ុណ្ណោះ»។

ទំនុកតម្កើងលេខ ១៣៨ (១៣៧),១-៥ បទកាកគតិ
១ ខ្ញុំសូមតម្កើង ព្រះម្ចាស់ខ្ពស់ឡើង អស់ពីដួងចិត្ត
នៅមុខទេវតា ខ្ញុំស្មូត្រជាបទ តម្កើងថ្វាយថ្វាត់
ដល់ព្រះអង្គថ្លៃ ។
២ ខ្ញុំក្រាបបែរមុខ តម្រង់ទៅរក វិហារប្រពៃ
ខ្ញុំលើកតម្កើង ព្រះនាមថ្លាថ្លៃ ដោយព្រះហឫទ័យ
ស្មោះស្ម័គ្រឥតស្បើយ ។
៣ នៅថ្ងៃដែលខ្ញុំ ស្រែកអង្វរសុំ ព្រះអង្គតបឆ្លើយ
ព្រះអង្គប្រទាន ឥតមានកន្តើយ ឱ្យខ្ញុំបានស្បើយ
ក្នុងចិត្តក្លាហាន ។
៤ ឱ! ព្រះម្ចាស់អើយ សូមទ្រង់ផ្តល់ឱ្យ ស្តេចទាំងប៉ុន្មាន
នៅលើផែនដី នាំគ្នាគ្រប់ប្រាណ តម្កើងពេលបាន
ឮទ្រង់សន្យា ។
៥ សូមឱ្យគេនាំ គ្នីគ្នាច្រៀងរាំ តម្កើងកិច្ចការ
ថា « ព្រះអម្ចាស់ រុងរឿងអស្ចារ្យ ឧត្តមថ្លៃថ្លា
បំផុតគ្មានពីរ ។
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ដន ៣,៥៨
អាលេលូយ៉ា! អាលេលូយ៉ា!
ទេវទូតទាំងឡាយ! ចូរនាំគ្នាកោតសរសើរព្រះអម្ចាស់!​ ចូរលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ! អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ១,៤៧-៥១
លោក​ភីលីព​ប្រាប់​គាត់​ថា៖«សូម​អញ្ជើញ​មក អ្នក​នឹង​បាន​ឃើញ!»។ កាល​ព្រះ‌យេស៊ូ​ទត​ឃើញ​លោក​ណាថា‌ណាអែល​ដើរ​មក​រក​ព្រះ‌អង្គ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​អំពី​គាត់​ថា៖«អ្នក​នេះ​ជា​ជាតិ​អ៊ីស្រា‌អែល​ដ៏​ពិត​ប្រាកដ​មែន ដ្បិត​គាត់​គ្មាន​ពុត‌ត្បុត​អ្វី​ក្នុង​ខ្លួន​សោះ»។ លោក​ណាថា‌ណាអែល​ទូល​សួរ​ព្រះ‌អង្គ​ថា៖«តើ​លោក​គ្រូ​ដែល​ស្គាល់​ខ្ញុំ​ពី​អង្កាល់?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ថា៖«ខ្ញុំ​បាន​ឃើញ​អ្នក កាល​អ្នក​នៅ​ក្រោម​ដើម​ឧទុម្ពរ មុន​ភីលីព​ហៅ​អ្នក​ទៅ​ទៀត»។ លោក​ណា‌ថា‌ណាណែល​ទូល​ព្រះ‌អង្គ​ថា៖«ព្រះ‌គ្រូ! ព្រះ‌អង្គ​ពិត​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់ ហើយ​ពិត​ជា​ព្រះ‌មហា​ក្សត្រ​របស់​ជន​ជាតិ​អ៊ីស្រា‌អែល​មែន»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖«អ្នក​បាន​ជឿ​មក​ពី​ឮ​ខ្ញុំ​និយាយ​ថា ខ្ញុំ​បាន​ឃើញ​អ្នក​នៅ​ក្រោម​ដើម​ឧទុម្ពរ ថ្ងៃ​ក្រោយ អ្នក​មុខ​តែ​ឃើញ​ការ​អស្ចារ្យ​លើស​នេះ​ទៅ​ទៀត»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថែម​ទៀត​ថា៖«ខ្ញុំ​សុំ​ប្រាប់​ឱ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​រាល់​គ្នា​នឹង​ឃើញ​​ផ្ទៃ​មេឃ​បើក​ចំហ ហើយ​មាន​ពួក​ទេវទូត​របស់​ព្រះ‌ជាម្ចាស់​ចុះ​ឡើង​នៅ​ពី​លើ​បុត្រ​មនុស្ស»។

ពាក្យថ្វាយតង្បាយ
បពិត្រព្រះជាម្ចាស់ជាព្រះបិតា! យើងខ្ញុំសូមថ្វាយសក្ការបូជានេះ ដើម្បីអរព្រះគុណព្រះអង្គ។ សូមឱ្យទេវទូតទាំងឡាយនាំយកសក្ការបូជាទាំងនេះទៅថ្វាយចំពោះព្រះភក្រ្តព្រះអង្គ ប្រកបដោយសិរីរុងរឿងដ៏ខ្ពង់ខ្ពស់បំផុត។ សូមទ្រង់ព្រះមេត្តាទទួលដោយអនុគ្រោះ ហើយសូមសង្គ្រោះយើងខ្ញុំផង។

ពាក្យអរគុណ
បពិត្រព្រះជាម្ចាស់ជាព្រះបិតា! យើងខ្ញុំសូមអរព្រះគុណព្រះអង្គដែលបានប្រទានព្រះកាយព្រះគ្រីស្តទុកជាអាហារផ្តល់ជិវិត។ សូមទ្រង់ព្រះមេត្តាថែរក្សាការពារយើងខ្ញុំជានិច្ច។ សូមឱ្យយើងខ្ញុំលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ ដោយរស់តាមរបៀបដែលគាប់ព្រះហឫទ័យព្រះអង្គផង។

Facebook
Twitter
LinkedIn