អត្ថបទព្រះគម្ពីរ ថ្ងៃអង្គារ ទី០១ ខែតុលា ឆ្នាំ២០២៤

បៃតង – រដូវធម្មតា

ដូនជីតេរេសាម៉ារតាំង (១៨៧៣-១៨៩៧) ទទួលមរណភាពក្នុងជន្មាយុម្ភៃបួនឆ្នាំ នៅអារាមកាមែលក្នុងក្រុងលីស៊ីយើ (ប្រទេស​បារាំង)។ ពេលនោះ គ្មាននរណាម្នាក់ស្គាល់គាត់សោះ។ តែនៅឆ្នាំ ១៩២៥ សម្តេចប៉ាបប្រកាសថា នាងជាសន្តីម្នាក់គួរឱ្យយកតម្រាប់តាម។ នាងបាននិពន្ធប្រវត្តិផ្ទាល់ខ្លួន ដែលបង្ហាញអំពីជំនឿដ៏ជ្រៅបំផុតរបស់នាង គឺត្រូវតែទទួលស្គាល់ភាពទន់ខ្សោយរបស់ខ្លួន និងផ្ញើជីវិតទាំងស្រុងទៅលើធម៌មេត្តាករុណាដ៏លើសលប់របស់ព្រះជាម្ចាស់ ដូចកូនទើបកើតធ្លាប់ផ្ញើជីវិតលើម្តាយរបស់ខ្លួនដែរ។ សន្តី​តេរេសា ជាឧបការិនីរបស់អស់សាសនទូត។

សូមថ្លែងព្រះគម្ពីរលោកយ៉ូប យប ៣,១-៣.១១-១៧.២០-២៣

លោកយ៉ូបចាប់ផ្ដើមនិយាយ ហើយដាក់បណ្ដាសាថ្ងៃកំណើតរបស់លោក។ លោក​យ៉ូបមានប្រសាសន៍ថា៖«សូមឱ្យថ្ងៃដែលខ្ញុំបានកើតមកនោះ ក្លាយទៅជាថ្ងៃអពមង្គល!​ រីឯយប់ដែលគេពោលថា មានកូនប្រុសម្នាក់ចាប់ផ្ទៃហើយនោះ ជាយប់អពមង្គលដែរ!​ ហេតុអ្វីបានជាខ្ញុំមិនស្លាប់តាំងពីក្នុងផ្ទៃម្ដាយ? ហេតុអ្វីបានជាខ្ញុំមិនផុតដង្ហើមនៅពេល​ចេញពីផ្ទៃម្ដាយ? ហេតុអ្វីបានជាមានភ្លៅម្ដាយចាំទទួលខ្ញុំ ហើយមានដោះចាំបំបៅខ្ញុំ​ដូច្នេះ? ប្រសិនបើខ្ញុំស្លាប់តាំងពីកាលណោះ​ ​ម្លេះសមខ្ញុំបានសម្រាកយ៉ាងសុខស្រួល​ក្នុងផ្នូររួមជាមួយស្ដេច និងមន្រ្ដីទាំងប៉ុន្មាននៃផែនដី ជាអ្នកដែលបានកសាងប្រាសាទ​សិលាទុកសម្រាប់ខ្លួន។ ខ្ញុំមុខជាបានសម្រាកជាមួយពួកមេដឹកនាំ ដែលមានមាស​​ប្រាក់ពេញផ្ទះ។ ប្រសិនបើខ្ញុំគ្មានជីវិត គឺដូចកូនរលូត ឬដូចកូនក្មេងដែលមិនធ្លាប់ឃើញពន្លឺថ្ងៃនោះប្រសើរជាង។ នៅក្នុងផ្នូរមនុស្សអាក្រក់លែងមានសកម្មភាព​ទៀតហើយ រី​ឯអ្នកដែលនឿយហត់ អស់កម្លាំង នឹងនាំគ្នាសម្រាក។ ហេតុអ្វីព្រះជាម្ចាស់ប្រទានឱ្យមនុស្សដែលត្រូវវេទនា ស្គាល់ពន្លឺថ្ងៃ ហើយផ្តល់ជីវិតឱ្យអ្នកដែលស្គាល់​តែទុក្ខលំបាក? គេទន្ទឹងរងចាំសេចក្តីស្លាប់ តែមិនឃើញសេចក្តីស្លាប់មកទេ។ គេ​ប្រាថ្នាចង់បានសេចក្តីស្លាប់ ជាងទ្រព្យសម្បត្តិទៅទៀត។ ប្រសិនបើគេរកបានផ្នូរ​សម្រាប់ខ្លួន នោះគេមុខជាសប្បាយរីករាយឥតឧប្បមា។ ប៉ុន្តែ​ ខ្ញុំជាមនុស្សម្នាក់ដែល​រកច្រកចេញពុំរួច ដ្បិតព្រះជាម្ចាស់បានដាក់របងព័ទ្ធជុំវិញខ្ញុំ។

ទំនុកតម្កើងលេខ ៨៨ (៨៧) ,២-៨ បទព្រហ្មគីតិ

បពិត្រព្រះអម្ចាស់ ទ្រង់ជាព្រះសង្គ្រោះខ្ញុំ
ថ្ងៃយប់ខ្ញុំស្រែកយំ អង្វរសុំក្តីមេត្តា
សូមឱ្យពាក្យអង្វរ ខ្ញុំឮខ្ទ័រដល់សោតា
សូមទ្រង់ផ្ទៀងព្រះកាណ៌ ស្តាប់ផងណាសូរសម្រែក
ព្រោះដ្បិតទូលបង្គំ មានទុក្ខធំខ្លាំងអនេក
ខ្លោចផ្សាជាពន់ពេក ក្តីស្លាប់ស្រែកហៅកៀកកិត
គេចាត់ទុករូបខ្ញុំ ក្នុងចំណោមអ្នកដែលជិត
ហៀបនឹងអស់ជីវិត ឬនៅជិតអ្នកដែលស្លាប់
ខ្លួនខ្ញុំដេកស្តូកស្តឹង គ្មានទីពឹងសែនអួរអាប់
បីដូចមនុស្សស្លាប់ ទ្រង់លែងរាប់រកនឹកនា
ព្រះអង្គបានបង់បោះ រូបខ្ញុំរស់នៅកំព្រា
ឱ្យរងទុក្ខវេទនា សែនរងាក្នុងរណ្តៅ
ព្រះពិរោធព្រះអង្គ សង្កត់ចងខ្ញុំទុកនៅ
ដូចទឹកបោកសំដៅ រារាំងផ្លូវទូលបង្គំ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ

អាលេលូយ៉ា! អាលេលូយ៉ា!
បុត្រមនុស្សមកក្នុងពិភពលោកនេះ ដើម្បីបម្រើគេ ព្រមទាំងបូជាជីវិតដើម្បីលោះមនុស្សទាំងអស់ផង។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៩,៥១-៥៦

លុះជិតដល់ថ្ងៃកំណត់ដែលព្រះយេស៊ូត្រូវយាងលាចាកលោកនេះទៅ ព្រះអង្គ​សម្រេចព្រះហប្ញទ័យយាងទៅក្រុងយេរូសាឡឹម។ ព្រះអង្គចាត់អ្នកខ្លះឱ្យទៅមុន។​ អ្នកទាំងនោះចេញដំណើរទៅដល់ភូមិមួយរបស់អ្នកស្រុកសាម៉ារីដើម្បីរៀបចំកន្លែង​ថ្វាយព្រះអង្គ ប៉ុន្ដែ អ្នកស្រុកពុំព្រមទទួលព្រះអង្គឱ្យស្នាក់ឡើយ ព្រោះព្រះអង្គយាងឆ្ពោះទៅក្រុងយេរូសាឡឹម។ សាវ័កយ៉ាកុប និងយ៉ូហានឃើញដូច្នោះ ក៏ទូលព្រះអង្គថា៖«បពិត្រព្រះអម្ចាស់! តើព្រះអង្គសព្វព្រះហប្ញទ័យឱ្យយើងខ្ញុំ ហៅរន្ទះភ្លើងមកកម្ទេចអ្នកទាំងនេះឬ?» ព្រះយេស៊ូបែរទៅរកគេ ហើយស្ដីបន្ទោសគេយ៉ាងខ្លាំង។ បន្ទាប់មក ព្រះអង្គយាងឆ្ពោះទៅកាន់ភូមិមួយផ្សេងទៀតជាមួយសាវ័ក។

ស – សន្តីតេរេសានៃព្រះកុមារយេស៊ូ ជាព្រហ្មចារិនី និងជាគ្រូបាធ្យាយនៃព្រះសហគមន៍

ដូនជីតេរេសាម៉ារតាំង (១៨៧៣-១៨៩៧) ទទួលមរណភាពក្នុងជន្មាយុម្ភៃបួនឆ្នាំ នៅអារាមកាមែលក្នុងក្រុងលីស៊ីយើ (ប្រទេស​បារាំង)។ ពេលនោះ គ្មាននរណាម្នាក់ស្គាល់គាត់សោះ។ តែនៅឆ្នាំ ១៩២៥ សម្តេចប៉ាបប្រកាសថា នាងជាសន្តីម្នាក់គួរឱ្យយកតម្រាប់តាម។ នាងបាននិពន្ធប្រវត្តិផ្ទាល់ខ្លួន ដែលបង្ហាញអំពីជំនឿដ៏ជ្រៅបំផុតរបស់នាង គឺត្រូវតែទទួលស្គាល់ភាពទន់ខ្សោយរបស់ខ្លួន និងផ្ញើជីវិតទាំងស្រុងទៅលើធម៌មេត្តាករុណាដ៏លើសលប់របស់ព្រះជាម្ចាស់ ដូចកូនទើបកើតធ្លាប់ផ្ញើជីវិតលើម្តាយរបស់ខ្លួនដែរ។ សន្តី​តេរេសា ជាឧបការិនីរបស់អស់សាសនទូត។

បពិត្រព្រះជាម្ចាស់ជាព្រះបិតា! ព្រះអង្គសព្វព្រះហឫទ័យសម្តែងការអាថ៌កំបាំងដ៏អស្ចារ្យនៃព្រះរាជឱ្យមនុស្សតូចតាច និងអ្នកទន់ទាបស្គាល់។ សូមទ្រង់ព្រះមេត្តាប្រោសឱ្យយើងខ្ញុំយកតម្រាប់ធ្វើតាមសន្តីតេរេសាផង សូមឱ្យយើងខ្ញុំអាចស្គាល់សិរីរុងរឿងរបស់ព្រះអង្គ ដោយផ្ញើជីវិតទាំងស្រុងទៅលើធម៌មេត្តាករុណាដ៏លើសលប់របស់ព្រះអង្គ។

សូមថ្លែងព្រះគម្ពីរព្យាការីអេសាយ អស ៦៦,១០-១៤

អស់​អ្នក​ដែល​ស្រឡាញ់​ក្រុង​យេរូ‌សាឡឹម​អើយ ចូរ​សប្បាយ​រួម​ជា​មួយ​ក្រុង​នេះ​ចុះ ចូរ​ត្រេក​អរ​រីក‌រាយ​យ៉ាង​ខ្លាំង! អស់​អ្នក​ដែល​កាន់​ទុក្ខ​អាណិតក្រុង​យេរូ‌សាឡឹម​អើយ ចូរ​សប្បាយ​រីក‌រាយរួម​ជា​មួយ​ក្រុង​នេះ​ដែរ។ សូម​ឱ្យ​អ្នក​រាល់​គ្នា​បាន​ស្កប់​ចិត្ត​នឹង​ក្រុង​នេះ ដូច​កូន​ដែល​ម្ដាយ​ថ្នាក់‌ថ្នម​បំបៅ​ដែរ អ្នក​រាល់​គ្នា​នឹង​បាន​ថ្កុំ‌ថ្កើង​រុង‌រឿងដោយ‌សារ​ក្រុង​នេះ។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹងឱ្យសេចក្ដី​សុខ‌សាន្តហូរ​មក​ក្រុង​នេះ ដូច​ទឹក​ទន្លេ យើង​នឹង​បង្ហូរ​ធន‌ធាន​ដ៏​រុង‌រឿង​របស់ប្រជា‌ជាតិ​នានា​ចូល​មក​ក្នុង​ក្រុង​នេះ ដូច​ទឹក​ហូរ​ប្រៀប​មាត់​ច្រាំង។ យើង​នឹង​ថ្នាក់‌ថ្នម​អ្នក​រាល់​គ្នា​ដូច​ម្ដាយ​បំបៅ​កូនបី​វា និង​ថ្នាក់‌ថ្នម​វា​នៅ​លើ​ភ្លៅ។ ម្ដាយ​លួង‌លោម​កូន​យ៉ាង​ណា យើង​នឹង​លួង‌លោម​អ្នក​រាល់​គ្នា​យ៉ាង​នោះ​ដែរ អ្នក​រាល់​គ្នា​នឹង​រស់​នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹមដោយ​លែង​មាន​ទុក្ខ​ព្រួយ​ទៀត។ កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​ក្រុង​យេរូ‌សាឡឹមបាន​សុខ‌សាន្ត​ដូច្នេះ អ្នក​រាល់​គ្នា​នឹង​មាន​ចិត្ត​សប្បាយ​រីក‌រាយ ហើយ​អ្នក​រាល់​គ្នា​នឹង​មាន​កម្លាំង​ឡើង​វិញ ដូច​ស្មៅ​លាស់​ស្រស់​បំព្រង។ ព្រះ‌អម្ចាស់​នឹង​សម្ដែង​ព្រះ‌បារមីឱ្យ​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​ឃើញ តែ​ព្រះ‌អង្គ​សម្ដែង​ព្រះ‌ពិរោធ​ទាស់​នឹងខ្មាំង​សត្រូវ​របស់​ព្រះ‌អង្គ។

សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងរ៉ូម រម ៨,១៤-១៧

បងប្អូនជាទីស្រឡាញ់!
អស់​អ្នក​ដែល​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជាម្ចាស់​ណែ‌នាំ សុទ្ធ​តែ​ជា​បុត្រ‌ធីតា​របស់​ព្រះ‌ជាម្ចាស់។ បង‌ប្អូន​ពុំ​បាន​ទទួល​វិញ្ញាណ​ដែល​ធ្វើ​ឱ្យ​បង‌ប្អូន​ទៅ​ជា​ខ្ញុំ​បម្រើ ហើយ​ឱ្យនៅ​តែ​ភ័យ​ខ្លាច​ទៀត​ទេ គឺ​បង‌ប្អូន​បាន​ទទួល​ព្រះ‌វិញ្ញាណ​ដែល​ធ្វើ​ឱ្យ​បង‌ប្អូន​ទៅ​ជា​បុត្រ‌ធីតា​របស់​ព្រះ‌ជាម្ចាស់។ ដោយ‌សារ​ព្រះ‌វិញ្ញាណ​នេះ យើង​បន្លឺ​សំឡេង​ឡើង​ថា «អប្បា!»​ ឱ​ព្រះ‌បិតា! គឺ​ព្រះ‌វិញ្ញាណ​ផ្ទាល់​ដែល​ផ្ដល់​សក្ខី‌ភាពឱ្យវិញ្ញាណ​របស់​យើង​ដឹង​ថា យើង​ពិត​ជា​បុត្រ‌ធីតា​របស់​ព្រះ‌ជាម្ចាស់​មែន។ ប្រសិន​បើ​យើង​ពិត​ជា​បុត្រ‌ធីតា​មែន នោះ​យើង​មុខ​ជា​ទទួល​មត៌ក​ពុំ‌ខាន។ យើង​នឹង​ទទួល​មត៌ក​ពី​ព្រះ‌ជាម្ចាស់ គឺ​ទទួល​មត៌ក​រួម​ជា​មួយ​ព្រះ‌គ្រីស្ដ។ ដោយ​យើង​រង​ទុក្ខ​លំបាក​រួម​ជា​មួយ​ព្រះ‌អង្គ​ដូច្នេះ យើង​ក៏​នឹង​ទទួល​សិរី‌រុង​រឿង​រួម​ជា​មួយ​ព្រះ‌អង្គ​ដែរ។

ទំនុកតម្កើងលេខ ១៣១ (១៣០),១-៣ បទកាកគតិ

បពិត្រព្រះម្ចាស់ ខ្ញុំជាមនុស្ស ដែលមិនអំនួត
មិនវាយឫកខ្ពស់ មិនអាងមិនអួត មិនចង់ប្រកួត
អ្នកតូចអ្នកទាប
ខ្ញុំមិនលោភលន់ ចង់បានទ្រព្យធន គេជារៀងរាប
មិនចង់បានអ្វី ដែលធំហួសប្រៀប លើសសមត្ថភាព
របស់ខ្ញុំឡើយ
តែផ្ទុយទៅវិញ ចិត្តខ្ញុំពោរពេញ ស្ងៀមស្ងាត់ព្រងើយ
ដូចជាកូនក្មេង ជាប់ទ្រូងម្តាយហើយ វាធ្វើកន្តើយ
នឹងអ្វីទាំងអស់
អ៊ីស្រាអែលអើយ កុំបង្អង់ឡើយ ទុកចិត្តលើព្រះ
តាំងពីឥឡូវ តទៅឥតខ្ចោះ រហូតដល់អស់
កប្បកល្បជានិច្ច

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ១១,២៥

អាលេលូយ៉ា! អាលេលូយ៉ា!
«បពិត្រ​ព្រះ‌បិតាជា​អម្ចាស់​នៃ​ស្ថាន​បរម‌សុខ និង​ជា​អម្ចាស់​នៃ​ផែន‌ដី ទូល‌បង្គំ​សូម​សរ‌សើរ​តម្កើង​ព្រះ‌អង្គ ព្រោះ​ព្រះ‌អង្គ​បាន​សម្ដែង​ការ​ទាំង​នេះ​ឱ្យ​មនុស្ស​តូច‌តាច​យល់ តែ​ព្រះ‌អង្គ​បាន​លាក់​មិន​ឱ្យ​អ្នក​ប្រាជ្ញ និង​អ្នក​ចេះ​ដឹង​យល់​ទេ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១៨,១-៤

ពេល​នោះ សាវ័ក​នាំ​គ្នា​ចូល​មក​គាល់​ព្រះ‌យេស៊ូ ហើយ​ទូល​ថា៖ «តើ​អ្នក​ណា​មាន​ឋានៈ​ធំ​ជាង​គេ​នៅ​ក្នុង​ព្រះ‌រាជ្យនៃ​ស្ថាន​បរម‌សុខ?»។ ព្រះ‌អង្គ​ហៅ​ក្មេង​តូច​ម្នាក់ឱ្យ​មក​ឈរ​នៅ​កណ្ដាល​ចំណោម​ពួក​សាវ័ក រួច​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឱ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា បើ​អ្នក​រាល់​គ្នា​មិន​ដូរ​ចិត្ត​គំនិតឱ្យ​បាន​ដូច​ក្មេង​តូចៗ​ទេ អ្នក​រាល់​គ្នា​មិន​អាច​ចូល​ទៅ​ក្នុង​ព្រះ‌រាជ្យនៃ​ស្ថាន​បរម‌សុខឡើយ។ អ្នក​ណា​ដាក់​ខ្លួន​ដូច​ក្មេង​តូច​នេះ អ្នក​នោះ​មាន​ឋានៈ​ធំ​ជាង​គេក្នុង​ព្រះ‌រាជ្យ​នៃ​ស្ថាន​បរម‌សុខ។ អ្នក​ណា​ទទួល​ក្មេង​តូច​ណា​ម្នាក់​ដូច​ក្មេង​នេះក្នុង​នាម​ខ្ញុំ ក៏​ដូច​ជា​បាន​ទទួល​ខ្ញុំ​ដែរ»។

បពិត្រព្រះជាម្ចាស់ជាព្រះបិតា! ពេលយើងខ្ញុំនាំគ្នាធ្វើពិធីនឹករឭកសន្តីតេរេសា យើងខ្ញុំលើកតម្កើងស្នាព្រះហត្តដ៏អស្ចារ្យរបស់ព្រះអង្គ។ ព្រះអង្គសព្វព្រះហឬទ័យនឹងសន្តីតេរេសា ជាអ្នកតូចតាចដែលមានសេចក្តីក្លាហាន ទ្រាំទុក្ខលំបាកគ្រប់បែបយ៉ាង។ សូមទ្រង់ព្រះមេត្តាទទួលកាយ វាចា ចិត្ត យើងខ្ញុំរួមនឹងសក្ការបូជារបស់ព្រះយេស៊ូគ្រីស្តផង។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គបានប្រទានព្រះកាយព្រះគ្រីស្តឱ្យយើងខ្ញុំទទួលទាន។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យមានចិត្តស្រឡាញ់ព្រះអង្គយ៉ាងខ្លាំង ដូសន្តីតេរេសា ហើយសុខចិត្តផ្ញើជិវិតទាំងស្រុងទៅលើព្រះអង្គ និងយកចិត្តទុកដាក់ចំពោះការសង្គ្រោះរបស់មនុស្សលោកផង។

Facebook
Twitter
LinkedIn