អត្ថបទព្រះកម្ពីរ​ថ្ងៃសៅរ៍ ទី២១ ខែកញ្ញា ឆ្នាំ២០២៤

រដូវធម្មតា«ឆ្នាំគូ»ពណ៌បៃតង

សូមថ្លែងលិខិតទី១ របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូរិនថូស ១ករ ១៥,៣៥-៣៧.៤២-៤៩

បងប្អូនជាទីស្រឡាញ់!
ប្រហែលជាមានម្នាក់ចង់សួរថា៖ «តើមនុស្សស្លាប់នឹងរស់​ឡើងវិញបែបដូចម្ដេច? តើអ្នករស់ឡើងវិញមានរូបកាយយ៉ាងណា?»។ មនុស្សឆោត​ល្ងង់អើយ! គ្រាប់ពូជដែលអ្នកសាបព្រោះហើយ វាមានជីវិតបានលុះត្រាតែវាស្លាប់សិន។ គ្រាប់ពូជដែលអ្នកសាបព្រោះទៅនោះ មិនមែនមានរូបរាងដូចដើមដែលនឹងដុះនោះ​ឡើយ គឺគ្រាន់តែជាគ្រាប់មួយ ដូចគ្រាប់ស្រូវ ឬគ្រាប់អ្វីមួយផ្សេងទៀតប៉ុណ្ណោះ​ចំណែកមនុស្សស្លាប់ដែលរស់ឡើងវិញក៏ដូច្នោះដែរ រូបកាយដែលគេកប់ក្នុងដី រមែង​តែងតែរលួយ រីឯរូបកាយដែលរស់ឡើងវិញមិនចេះរលួយទេ។ រូបកាយដែលគេកប់​ក្នុងដី ជារូបកាយដ៏ថោកទាប រីឯរូបកាយដែលរស់ឡើងវិញ ជារូបកាយប្រកបដោយសិរីរុងរឿង។ រូបកាយដែលគេកប់ក្នុងដី ជារូបកាយដ៏ទន់ខ្សោយ រីឯរូបកាយដែលរស់​ឡើងវិញ ជារូបកាយប្រកបដោយឫទ្ធានុភាព។ រូបកាយដែលគេកប់ក្នុងដីជារូបកាយ​ដែលធ្លាប់មានជីវិត រីឯរូបកាយដែលរស់ឡើងវិញ ជារូបកាយប្រកបដោយព្រះ​វិញាណ។ ប្រសិនបើមានរូបកាយដែលមានជីវិតមែន រូបកាយប្រកបដោយវិញ្ញាណ​ក៏មានដែរ។ ហេតុនេះហើយ បានជាមានចែងទុកមកថា “មនុស្សទីមួយ គឺលោកអដាំ ជាមនុស្សដែលមានជីវិត”។ រីឯលោកអដាំចុងក្រោយបង្អស់ ជាព្រះវិញ្ញាណដែលផ្ដល់​ជីវិត។ មិនមែនរូបកាយប្រកបដោយព្រះវិញ្ញាណទេដែលកើតមុន គឺរូបកាយដែល​មានជីវិតវិញឯណោះទេដែលបានកើតមុន ទើបរូបកាយប្រកបដោយព្រះវិញ្ញាណកើតមកតាមក្រោយ។ មនុស្សទីមួយកើតចេញពីដីមកមានលក្ខណៈជាដី។ រីឯមនុស្សទីពីរ​វិញកើតមកពីស្ថានបរមសុខ។ អស់អ្នកដែលកើតពីដី ក៏មានលក្ខណៈដូចអ្វីៗនៅលើដី​នេះ ហើយអស់អ្នកដែលកើតពីស្ថានបរមសុខ ក៏មានលក្ខណៈដូចព្រះអង្គដែលនៅស្ថានបរមសុខដែរ។ យើងដូចមនុស្សដែលមានលក្ខណៈជាដីយ៉ាណា យើងក៏នឹងដូចព្រះ​អង្គដែលគង់នៅស្ថានបរមសុខយ៉ានោះដែរ។

ទំនុកតម្កើងលេខ ៥៦ (៥៥) ,៤-៥.១០-១៤ក ២ បទព្រហ្មគីតិ

ឱព្រះជាម្ចាស់អើយ ថ្ងៃនេះហើយខ្ញុំតក់ស្លុត
ភ័យខ្លាចញ័ររន្ធត់ ផ្ញើជីវិតលើព្រះអង្គ
ខ្ញុំកោតសរសើរព្រះ បន្ទូលច្បាស់មិនដែលឆ្គង
ទុកចិត្តលើព្រះអង្គ ខ្ញុំគ្មានហ្មងមិនខ្លាចអ្វី
១០ ថ្ងៃខ្ញុំស្រែករកព្រះ ជាអម្ចាស់លើលោកា
សត្រូវថយគ្រប់គ្នា ខ្ញុំដឹងថាព្រះជួយខ្ញុំ
១១ ខ្ញុំកោតខ្លាចខ្លាំងណាស់ សន្យាច្បាស់ឥតបន្លំ
ព្រះបន្ទូលរងំ ធើ្វឱ្យខ្ញុំស្ញប់ស្ញែងក្រៃ
១២ ខ្ញុំទុកចិត្តលើព្រះ ជាអម្ចាស់រៀងរាល់ថ្ងៃ
មនុស្សដែលតែងតែក្ស័យ អាចធើ្វអ្វីរូបខ្ញុំបាន?
១៣ ឱព្រះជាម្ចាស់អើយ ពេលនេះហើយមិនហ៊ានខាន
ថ្វាយតង្វាយប៉ុន្មាន ដែលខ្ញុំបានពោលបែរបន់
១៤ ដ្បិតទ្រង់បានរំដោះ ខ្ញុំឱ្យរស់រានមានជន្ម
ការពារគ្រាអាសន្ន មិនឱ្យមានអ្វីរំខាន
ឱ្យខ្ញុំបានដើរឆ្ពោះ រកភក្រ្តព្រះដោយសុខសាន្ដ
ក្រោមពន្លឺថ្កើងថ្កាន បំភ្លឺស្ថានមនុស្សលោក

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម លក ៨,១៥

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះគ្រីស្ដបានសាបព្រោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ក្នុងចិត្តយើង។ អ្នកដែលទទួលព្រះបន្ទូលនេះ ហើយធើ្វឱ្យព្រះបន្ទូលបង្កើតផល ពិតជាមានសុភមង្គលមែន។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៨,៤-១៥

បណ្ដាលជនច្រើនកុះករចេញពីក្រុងនានាមករកព្រះយេស៊ូ។ ព្រះអង្គមានព្រះបន្ទូល​ជាប្រស្នាថា៖«មានបុរសម្នាក់ចេញទៅព្រោះគ្រាប់ពូជ។ ពេលគាត់ព្រោះ មានគ្រាប់​ពូជខ្លះធ្លាក់ទៅលើផ្លូវត្រូវគេដើរជាន់ ហើយសត្វមកចឹកស៊ីអស់។ មានគ្រាប់ពូជខ្លះទៀតធ្លាក់ទៅលើដីមានថ្ម កាលពន្លកដុះឡើងក៏ក្រៀមស្វិតទៅវិញ ព្រោះខ្វះទឹក។ ​មានគ្រាប់ពូជខ្លះទៀតធ្លាក់ទៅលើដីមានបន្លា បន្លាដុះឡើងជាមួយគ្រាប់ពូជ ហើយរួបរឹត​ពូជនោះមិនឱ្យដុះឡើងបាន។ មានគ្រាប់ពូជខ្លះទៀតធ្លាក់ទៅលើដីមានជីជាតិល្អ គ្រាប់ពូជដុះឡើងឱ្យផលមួយជាមួយរយ»។ ព្រះយេស៊ូបន្លឺព្រះសូរសៀងបន្ថែមទៀតថា៖«អស់អ្នកដែលឮពាក្យនេះ សូមយកទៅពិចារណាចុះ!»។ សាវ័ករបស់ព្រះយេស៊ូទូលសួរព្រះអង្គថា៖«តើពាក្យប្រស្នានោះមានន័យដូម្ដេច?»។ ព្រះអង្គមានព្រះ​បន្ទូលតបថា៖«ព្រះជាម្ចាស់បានប្រោសប្រទាន​ឱ្យអ្នករាល់គ្នាយល់គម្រោងការដ៏លាក់​កំបាំងនៃព្រះរាជ្យរបស់ព្រះអង្គ។ ចំពោះអ្នកដ៏ទៃ ព្រះអង្គប្រើជាពាក្យប្រស្នាវិញ។ ដូច្នេះ ទោះបីគេមើលក៏ពុំឃើញ ទោះបីគេស្ដាប់ក៏ពុំយល់ដែរ។ រីឯប្រស្នានោះមានន័យដូចតទៅ៖គ្រាប់ពូជគឺជាព្រះបន្ទូលរបស់ព្រះជាម្ចាស់។ មនុស្សខ្លះប្រៀបបីដូចជាផ្លូវ​ដែលគ្រាប់ពូជធ្លាក់ គេបានស្ដាប់ព្រះបន្ទូល តែមារសាតាំងមកឆក់យកពីចិត្តគេដើម្បី​កុំឱ្យគេជឿ និងកុំឱ្យគេរួចជីវិត។ មនុស្សខ្លះទៀត ប្រៀបបីដូចជាដីមានថ្ម កាលបាន​ស្ដាប់ព្រះបន្ទូលហើយ គេទទួលយកដោយអំណរ។ ប៉ុន្ដែ គេជឿតែមួយភ្លែត ពុំទុកឱ្យ​ព្រះបន្ទូលចាក់ប្ញសឡើយ នៅពេលណាមានការល្បួងគេបោះបង់ចោលជំនឿ។ គ្រាប់ពូជដែលធ្លាក់ទៅលើដីមានបន្លា ប្រៀបបីដូចជាអស់អ្នកដែលបានស្ដាប់ព្រះបន្ទូល តែ​ចិត្តខ្វល់ខ្វាយ ចិត្តលោភលន់ចង់បានទ្រព្យសម្បត្តិ និងចិត្តស្រើបស្រាលមករួបរឹតផលផ្លែ​មិនឱ្យទុំបានឡើយ។ រីឯគ្រាប់ពូជធ្លាក់ទៅលើដីមានជីជាតិល្អ ប្រៀបបីដូចជាអស់អ្នកដែលស្ដាប់ព្រះបន្ទូល ហើយចងចាំទុកយ៉ាងស្មោះអស់ពីចិត្ត រហូតដល់បានបង្កើតផល​ផ្លែជាច្រើនដោយចិត្តស៊ូទ្រាំ»។

សន្តម៉ាថាយ ជាគ្រីស្តទូត និងជាអ្នកនិពន្ធគម្ពីរដំណឹងល្អ

រីស្តទូតថាម៉ាយ មានឈ្មោះលេវីដែរ។ លោកប្រកបអាជីវកម្មទារពន្ធដារ ជារបររកស៊ីដែលជនជាតិយូដាតែងមើលងាយ ដោយ​ចោទថា អ្នកធ្វើការងារនេះជា “អ្នកបាប”។ ព្រះយេស៊ូត្រាសហៅ “អ្នកបាប” ម្នាក់ឱ្យធ្វើជាសាវ័ក និងជាទូតរបស់ព្រះអង្គថែមទៀត! លោកបំពេញមុខងារជាគ្រីស្តទូតដោយប្រកាសព្រះបន្ទូលព្រះអង្គផង ប្រមែប្រមូលព្រះបន្ទូលព្រះយេស៊ូក្នុងកណ្ឌគម្ពីរមួយផង។ លោក (ឬគ្រីស្តបរិស័ទម្នាក់ដែលយកឈ្មោះលោក) និពន្ធគម្ពីរដំណឹងល្អក្នុងគោលបំណងចង់បញ្ជាក់ថា ព្រះយេស៊ូពិតជាព្រះគ្រីស្តដែលយាងមក ស្របតាមគម្ពីរ ព្រះអង្គមិនយាងមកបំផ្លាញធម្មវិន័យរបស់លោកម៉ូសេទេ គឺទ្រង់យាងមកបំពេញអត្ថន័យ! លោកក៏ចាប់អារម្មណ៍ជាខ្លាំងអំពីរបៀបគ្រីស្តបរិស័ទរស់ជាព្រះសហគមន៍ដែរ។

បពិត្រព្រះជាម្ចាស់ប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! ព្រះអង្គសព្វព្រះហឫទ័យជ្រើសរើសសន្តម៉ាថាយ ជាអ្នកទារពន្ធម្នាក់ ឱ្យធ្វើជាគ្រីស្តទូត និងឱ្យនិពន្ធគម្ពីរថែមទៀតផង។ សូមទ្រង់ព្រះមេត្តាបំភ្លឺចិត្តគំនិតយើងខ្ញុំឱ្យយកចិត្តទុកដាក់រួមរស់ក្នុងព្រះសហគ​មន៍ ដូចបងប្អូនបង្កើតក្នុងមហាគ្រួសារតែមួយ ដើម្បីទៅជាសាក្សីពីព្រះយេស៊ូគ្រីស្តដែលមានព្រះជន្មគង់នៅជាមួយយើងខ្ញុំសព្វថ្ងៃនេះ​ផង។

សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងអេភេសូ អភ ៤,១-៧.១១-១៣

បងប្អូនជាទីស្រឡាញ់!
ខ្ញុំ​ដែល​ជាប់​ឃុំ‌ឃាំង សូម​ដាស់‌តឿន​បង‌ប្អូនក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់​ថា ដោយ​ព្រះ‌ជាម្ចាស់​បាន​ត្រាស់​ហៅ​បង‌ប្អូន ចូរ​រស់​នៅ​ឱ្យបាន​សមរម្យ​នឹង​ការ​ត្រាស់​ហៅ​នោះ​ទៅ។ ចូរ​បន្ទាប​ខ្លួន មាន​ចិត្ត​ស្លូត​បូត និង​ចេះ​អត់‌ធ្មត់ ព្រម​ទាំង​ទ្រាំ‌ទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​សេចក្ដី​ស្រឡាញ់។ចូរ​យក​ចិត្ត​ទុក​ដាក់​រក្សា​ឯក‌ភាព​ដែល​មក​ពី​ព្រះ‌វិញ្ញាណ ដោយ​យក​សេចក្ដី​សុខ‌សាន្ត​ធ្វើ​ជា​ចំណង​ប្រាស្រ័យ​ទាក់‌ទង​គ្នា។ ព្រះ‌កាយ​មាន​តែ​មួយ ហើយ​ព្រះ‌វិញ្ញាណ​ក៏​មាន​តែ​មួយ ដូច​ព្រះ‌ជាម្ចាស់​បាន​ត្រាស់​ហៅ​បង‌ប្អូន​ឱ្យ​មាន​សេចក្ដី​សង្ឃឹម​តែ​មួយ​នោះ​ដែរ។ ព្រះ‌អម្ចាស់​មាន​តែ​មួយ ជំនឿ​មាន​តែ​មួយ ពិធី​ជ្រមុជ​ទឹក​មាន​តែ​មួយ។ ព្រះ‌ជាម្ចាស់​មាន​តែ​មួយ ព្រះ‌អង្គ​ជា​ព្រះ‌បិតា​របស់​មនុស្ស​ទាំង​អស់ ព្រះ‌អង្គ​ខ្ពង់‌ខ្ពស់​លើស​អ្វីៗ​ទាំង​អស់ ហើយ​ព្រះ‌អង្គ​ធ្វើ​ការ​តាម‌រយៈ​មនុស្ស​ទាំង​អស់ និង​សណ្ឋិត​នៅ​ក្នុង​មនុស្ស​ទាំង​អស់។ ព្រះ‌អង្គ​​បាន​ប្រណី‌សន្ដោស​យើង​ម្នាក់ៗ​តាម​កម្រិត​ព្រះ‌អំណោយ​ទានដែល​ព្រះ‌គ្រីស្ត​ប្រទាន​មក​យើង។ គឺ​ព្រះ‌អង្គ​ហើយដែល​បាន​ប្រទាន​ឱ្យអ្នក​ខ្លះ​មាន​មុខ‌ងារ​ជា​គ្រីស្ត​ទូត ឱ្យអ្នក​ខ្លះ​ថ្លែង​ព្រះ‌បន្ទូល អ្នក​ខ្លះ​ផ្សាយ​ដំណឹង‌ល្អ អ្នក​ខ្លះ​ជា​គង្វាល និង​អ្នក​ខ្លះ​ទៀត​ជា​អ្នក​បង្រៀន ដើម្បី​រៀបចំ​ប្រជាជន​ដ៏‌វិសុទ្ធ​ឱ្យ​បំពេញ​មុខ‌ងារ​បម្រើ និង​កសាង​ព្រះ‌កាយ​របស់​ព្រះ‌គ្រីស្ត​ឡើង រហូត​ដល់​យើង​ទាំង​អស់​រួម​គ្នាមាន​ជំនឿ​តែ​មួយ មាន​គំនិត​តែ​មួយ ក្នុង​ការ​ស្គាល់​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់ និង​ទៅ​ជា​មនុស្ស​ពេញ​វ័យ ឡើង​ដល់​កម្ពស់​របស់​ព្រះ‌គ្រីស្ត​ដែល​បំពេញ​អ្វីៗ​ទាំង​អស់​។

ទំនុកតម្កើងលេខ ១៩ (១៨),២-៥ បទកាកគតិ

ផ្ទៃមេឃថ្លាថ្លែង រុងរឿងស្ញប់ស្ញែង របស់ព្រះម្ចាស់
អាកាសវេហាស៍ ក៏បានប្រកាស ពីស្នាព្រះហស្ត
របស់ព្រះអង្គ
ថ្ងៃមួយពោលប្រាប់ ថ្ងៃមួយទៀតស្តាប់ មិននៅរេរង់
យប់មួយទៀតប្រាប់ យប់ផ្សេងឱ្យដឹង អំពីដំណឹង
ល្បីល្បាញអស្ចារ្យ
មិនប្រើសម្តី មិនចារសេចក្តី ឬប្រើភាសា
ហើយក៏មិនចេញ សូរស័ព្ទវាចា បន្តិចឡើយណា
ឱ្យគេដឹងឮ
ដំណឹងទាំងនោះ ឮឆ្ងាយសាយសុស ពេញពាសរន្ទឺ
លើភពផែនដី ទីងងឹតភ្លឺ លាន់ល្បីរន្ទឺ
គ្មានសល់ចន្លោះ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ

អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះអម្ចាស់! យើងខ្ញុំសូមកោតសរសើរព្រះអង្គ! គ្រីស្តទូតលើកតម្កើងព្រះអង្គ! យើងខ្ញុំអបអរសាទរព្រះអង្គ! អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ៩,៩-១៣

ព្រះយេស៊ូយាងពីក្រុងកាផានុម ព្រះអង្គទតឃើញបុរសម្នាក់ឈ្មោះម៉ាថាយអង្គុយនៅកន្លែងយកពន្ធ។ ព្រះអង្គមានបន្ទូលទៅគាត់ថា៖ «សុំអញ្ជើញមកតាមខ្ញុំ»។ គាត់ក៏ក្រោកឡើងដើរតាមព្រះអង្គទៅ។ បន្ទាប់មក ព្រះអង្គសោយព្រះស្ងោយនៅផ្ទះលោកម៉ាថាយ មានអ្នកទារពន្ធ ព្រមទាំងមនុស្សបាបជាច្រើនមកអង្គុយរួមតុជាមួយព្រះយេស៊ូ និងពួកសាវ័កដែរ។ ពួកខាងគណៈផារីស៊ីឃើញដូច្នេះ គេនិយាយទៅកាន់សាវ័កព្រះអង្គថា៖ “ហេតុអ្វីបានជាគ្រូរបស់អ្នករាល់គ្នាបរិភោគជាមួយអ្នកទារពន្ធ និងមនុស្សបាប?”។ ព្រះយេស៊ូឮដូច្នេះ ក៏មានព្រះបន្ទូលថា៖ «មនុស្សសុខភាពល្អមិនត្រូវការគ្រូពេទ្យទេ មានតែអ្នកជំងឺប៉ុណ្ណោះដែលត្រូវការ។ ចូរអ្នករាល់គ្នាទៅរិះគិតមើលសេចក្តីដែលមានចែងទុកមកថា “យើងមិនចង់បានយញ្ញបូជាទេ គឺចង់បានតែសេចក្តីមេត្តាករុណាប៉ុណ្ណោះ” មានន័យដូចម្តេច?។ ខ្ញុំមិនមែនមករកមនុស្សសុចរិតទេ គឺមករកមនុស្សបាបវិញ»។

បពិត្រព្រះជាម្ចាស់ជាព្រះបិតា! នៅថ្ងៃគោរពសន្តម៉ាថាយ យើងខ្ញុំសូមថ្វាយសក្ការបូជាដែលសង្គ្រោះមនុស្សលោក។ សូមទ្រង់ព្រះមេត្តាទទួលដោយអនុគ្រោះ។ សូមពង្រឹងជំនឿព្រះសហគមន៍ សូមឱ្យព្រះសហគមន៍ប្រកាសដំណឹងល្អដល់មនុស្សនាបច្ចុប្បន្នកាលនេះផង។

បពិត្រព្រះជាម្ចាស់ជាព្រះបិតា! ជាព្រះជាម្ចាស់ដ៏មានតេជានុភាពសព្វប្រការ ហើយដែលមានព្រះជន្មគង់នៅអស់កល្បជានិច្ច! យើងខ្ញុំសូមលើកតម្កើង និងអរព្រះគុណព្រះអង្គ! ព្រះអង្គពិតជាគង្វាលដែលមានព្រះហឫទ័យស្មោះត្រង់ មិនដែលលះបង់ព្រះសហគមន៍ព្រះអង្គឡើយ គឺព្រះអង្គនៅតែថែរក្សាការពារព្រះសហគមន៍ដោយសារគ្រីស្តទូត។ សព្វថ្ងៃនេះ ក៏ព្រះអង្គនៅតែណែនាំព្រះសហគមន៍ដោយចាត់ចែងឱ្យមានគង្វាលបន្តមុខងារពីគ្រីស្តទូតក្នុងព្រះនាមព្រះបុត្រាព្រះអង្គ។ អាស្រ័យហេតុនេះហើយ បានជាយើងខ្ញុំសូមចូលរួមជាមួយអស់ទេវទូត និងសន្តបុគ្គលទាំងឡាយ សូមលើកតម្កើងសិរីរុងរឿងព្រះអង្គដោយប្រកាសថា៖ “ព្រះដ៏វិសុទ្ធ! ព្រះដ៏វិសុទ្ធ! ព្រះដ៏វិសុទ្ធ!”។

បពិត្រព្រះជាម្ចាស់ជាព្រះបិតា! យើងខ្ញុំនាំគ្នាលើកតម្កើងសិរីរុងរឿងរបស់ព្រះគ្រីស្តឱ្យយើងខ្ញុំទទួលទាន នៅថ្ងៃគោរពសន្តម៉ាថាយ។ យើងខ្ញុំដែលជាអ្នកបាបមានអំណរសប្បាយដូចសន្តម៉ាថាយ នៅពេលទទួលព្រះយេស៊ូក្នុងផ្ទះរបស់លោក។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យបង្ហាញធម៌មេត្តាករុណារបស់ព្រះអង្គដល់អ្នកទន់ទាប និងអ្នកបាបសព្វថ្ងៃនេះផង។

Facebook
Twitter
LinkedIn