អត្ថបទព្រះគម្ពីរប្រចាំ ថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ២០២៤

រដូវ​ធម្មតា (ពណ៌បៃតង)

លោករ៉ូប៊ែរ បេឡាម៉ាំង (១៥៤២-១៦២១) ជាបូជាចារ្យក្នុងក្រុមគ្រួសារ “សហជីវិនរបស់ព្រះយេស៊ូ”។ លោកសាស្ត្រាចារ្យនៅក្រុងរ៉ូម។ ដោយលោកយកចិត្តទុកដាក់នឹងការអប់រំក្មេងៗ លោកនិពន្ធ “ព្រះបណ្តៅ” ជាសៀវភៅដែលមានឈ្មោះល្បី។ ក្រោយមក លោកទទួលមុខងារជាអភិបាលព្រះសហគមន៍។ អស់មួយជិវិត លោកតយុទ្ធការពារលទ្ធិកាតូលិក ដែលត្រូវគ្រីស្តបរិស័ទប្រូតេស្តង់ប្រឆាំង។ ពេលទទួលមរណភាព លោកកំពុងសូត្រធម៌ជឿ។

សូមថ្លែងលិខិតទី១ របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូរិនថូស ១ករ ១២,១២-១៤.២៧-៣១

បងប្អូនជាទីស្រឡាញ់!
សូមបងប្អូនគិតមើល! ទោះបីមនុស្សមានសរីរាង្គច្រើនយ៉ាងណាក្ដី ក៏មានរូបកាយតែមួយ។ សរីរាង្គទាំងនោះ ផ្សំគ្នាជារូបកាយតែមួយ។ ចំពោះ​ព្រះគ្រីស្ដក៏ដូច្នេះដែរ យើងទាំងអស់គ្នា ទោះបីជាសាសន៍យូដាក្ដី សាសន៍ក្រិកក្ដី អ្នកងារ​ក្ដី អ្នកជាក្ដី ក៏យើងបានទទួលពិធីជ្រមុជក្នុងព្រះវិញ្ញាណតែមួយ ដើម្បីផ្សំគ្នាឡើងក្នុង​ព្រះកាយតែមួយ ហើយយើងទាំងអស់គ្នាក៏សុទ្ធតែបានទទួលទានពីព្រះវិញ្ញាណ​តែមួយដែរ។ រូបកាយមិនមែនមានសរីរាង្គតែមួយទេ គឺមានច្រើន។ បងប្អូនជាព្រះកាយរបស់​ព្រះគ្រីស្ដ ហើយម្នាក់ៗជាសរីរាង្គនៃព្រះកាយនេះ តាមចំណែករៀងៗខ្លួន។ ក្នុងព្រះ​សហគមន៍មុនដំបូងបង្អស់ ព្រះជាម្ចាស់បានតែងតាំងឱ្យមានសាសនទូត បន្ទាប់មក​ព្រះអង្គតែងតាំងអ្នកថ្លែងព្រះបន្ទូល បន្ទាប់មកទៀត ព្រះអង្គតែងតាំងអ្នកបង្រៀន។ ក្រោយមក មានព្រះអំណាយទានខាងធ្វើការអស្ចារ្យ ព្រះអំណោយទានខាងប្រោស​អ្នកជំងឺឱ្យជា ព្រះអំណោយទានខាងជួយអ្នកដទៃ​ ព្រះអំណោយទានខាងណែនាំ​ព្រះអំណោយទានខាងនិយាយភាសាចំឡែកអស្ចារ្យ។ តើគ្រប់គ្នាសុទ្ធតែជាសាសនទូត​ឬ? គ្រប់គ្នាសុទ្ធតែជាអ្នកថ្លែងព្រះបន្ទូលឬ? គ្រប់គ្នាសុទ្ធតែជាអ្នកបង្រៀនឬ? គ្រប់គ្នាសុទ្ធតែធើ្វការអស្ចារ្យឬ?។ តើគ្រប់គ្នាសុទ្ធតែទទួលព្រះអំណោយទានខាង​ប្រោសអ្នកជំងឺឱ្យជាឬ? គ្រប់គ្នាសុទ្ធតែមានព្រះអំណោយទានខាងនិយាយភាសា​ចម្លែកអស្ចារ្យឬ?។ គ្រប់គ្នាសុទ្ធតែមានព្រះអំណោយទានខាងបកប្រែភាសាចម្លែក​អស្ចារ្យឬ?។ ចូរប៉ងប្រាថ្នាចង់បានព្រះអំណោយទានណាដែលសំខាន់ៗជាងគេ។

ទំនុកតម្កើងលេខ ១០០ (៩៩) ​,១-៥ បទកាកគតិ

មនុស្សលើផែនដី ទាំងប្រុសទាំងស្រី ចូរអបអរឡើង
សាទរព្រះម្ចាស់ ជាព្រះថ្កុំថ្កើង ព្រះម្ចាស់នៃយើង
កុំរាឡើយណា
នាំគ្នាគោរព ទាំងថ្ងៃទាំងយប់ ដោយចិត្តជ្រះថ្លា
នាំគ្នាមកជិត អង្គព្រះចេស្ដា ច្រៀងហ៊ោរខ្ញៀវខ្ញា
ដោយអរសប្បាយ
ចូរដឹងគ្រប់គ្នា ថាព្រះម្ចាស់ជា ព្រះយើងគ្រប់កាយ
ជាព្រះអម្ចាស់ ពិតឥតក្លែងក្លាយ បង្កើតយើងហើយ
ទ្រង់ថែថ្នាក់ថ្នម
យើងនាំគ្នីគ្នា ចូលកុំរួញរា ដំណាក់សក្ដិសម
ទាំងអរព្រះគុណ ព្រះម្ចាស់ឧត្តម សរសើរបង្គំ
ព្រះនាមព្រះអង្គ
ដ្បិតព្រះអម្ចាស់ ទ្រង់សប្បុរសណាស់ ករុណាហ្មត់ហ្មង
គង់នៅស្ថិតស្ថេរ អង្វែងកន្លង ស្មោះស្ម័គ្រច្បាស់ច្បង
អស់កល្បតទៅ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម លក ៧,១៦

អាលេលូយ៉ា! អាលេលូយ៉ា!
សូមសរសើរលើកតម្កើងព្រះអម្ចាស់ ជាព្រះរបស់យើងខ្ញុំ ព្រះអង្គយាងមករំដោះប្រជារាស្រ្ដរបស់ព្រះអង្គ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ​៧,១១-១៧

ព្រះយេស៊ូយាងឆ្ពោះទៅភូមិមួយឈ្មោះណាអ៊ីន។ សាវ័ករបស់ព្រះអង្គ និងបណ្ដាជន​ជាច្រើនក៏ធ្វើដំណើរទៅជាមួយព្រះអង្គដែរ។ ពេលព្រះអង្គយាងមកជិតដល់ទ្វារ​កំពែងក្រុង មានគេដង្ហែសពយកទៅបញ្ចុះ។ បុគ្គលដែលស្លាប់នោះ ជាកូនប្រុស​តែមួយរបស់ស្រ្ដីមេម៉ាយម្នាក់។ អ្នកស្រុកជាច្រើនមកជួយដង្ហែសពជាមួយគាត់។ កាលព្រះអម្ចាស់ឃើញស្រ្ដីមេម៉ាយនោះ ព្រះអង្គមានព្រះហប្ញទ័យអាណិតអាសូរគាត់​យ៉ាងខ្លាំង។ ព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖«សូមកុំយំអី!»។ ព្រះអង្គយាងចូល​ទៅជិត ទ្រង់ពាល់មឈូស។ ពួកអ្នកសែងក៏នាំគ្នាឈប់។ ព្រះអង្គមានព្រះបន្ទូលថា៖«អ្នកកំលោះអើយ! ចូរក្រោកឡើង»។ រំពេចនោះ បុគ្គលដែលស្លាប់ក៏ក្រោកឡើង​អង្គុយ ហើយចាប់ផ្ដើមនិយាយស្ដី។ ព្រះយេស៊ូប្រគល់អ្នកកំលោះទៅម្ដាយវិញ។ គេ​ស្ញែងខ្លាចទាំងអស់គ្នា ហើយលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ដោយពោលថា៖«មានព្យាការីដ៏ប្រសើរឧត្តមម្នាក់មកនៅក្នុងចំណោមយើងហើយ! ព្រះជាម្ចាស់យាងមករំដោះប្រជារាស្រ្ដរបស់ព្រះអង្គ»។ ពាក្យដែលគេនិយាយអំពីព្រះយេស៊ូបានលេចឮពាសពេញក្នុងស្រុកយូដា និងតំបន់ជិតខាងទាំងមូល។

បុណ្យ​គោរព/រំលឹក​សន្តបុគ្គល(ពណ៌ស)

សន្តរ៉ូប៊ែរ បេឡាម៉ាំង ជាអភិបាល  

លោករ៉ូប៊ែរ បេឡាម៉ាំង (១៥៤២-១៦២១) ជាបូជាចារ្យក្នុងក្រុមគ្រួសារ “សហជីវិនរបស់ព្រះយេស៊ូ”។ លោកសាស្ត្រាចារ្យនៅក្រុងរ៉ូម។ ដោយលោកយកចិត្តទុកដាក់នឹងការអប់រំក្មេងៗ លោកនិពន្ធ “ព្រះបណ្តៅ” ជាសៀវភៅដែលមានឈ្មោះល្បី។ ក្រោយមក លោកទទួលមុខងារជាអភិបាលព្រះសហគមន៍។ អស់មួយជិវិត លោកតយុទ្ធការពារលទ្ធិកាតូលិក ដែលត្រូវគ្រីស្តបរិស័ទប្រូតេស្តង់ប្រឆាំង។ ពេលទទួលមរណភាព លោកកំពុងសូត្រធម៌ជឿ។

បពិត្រព្រះជាម្ចាស់ជាព្រះបិតា! ព្រះអង្គសព្វព្រះហឫទ័យប្រទានឱ្យសន្តរ៉ូបែរ មានចំណេះវិជ្ជាជ្រៅអស្ចារ្យខាងផ្លូវធម៌ និងមានចិត្តក្លាហានការពារជំនឿនៃព្រះសហគមន៍យ៉ាងសកម្មដែរ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យមានជំនឿកាន់តែមាំមួនឡើង និងហ៊ានធ្វើសាក្សីពីជំនឿនេះជារៀងរាល់ថ្ងៃផង។

សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូឡូស កូឡូ ១,២១-២៩

បងប្អូនជាទីស្រឡាញ់!
ចំពោះ​បង‌ប្អូន​វិញ ពី​ដើមបង‌ប្អូន​នៅ​ខាង​ក្រៅ​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌ជាម្ចាស់ ហើយ​ជា​សត្រូវ​នឹង​ព្រះ‌អង្គព្រោះ​តែ​គំនិត និង​អំពើ​អាក្រក់​របស់​បង‌ប្អូន។ តែ​ឥឡូវ​នេះ ព្រះ‌អង្គ​បាន​សម្រុះ‌សម្រួល​បង‌ប្អូនឱ្យជា‌នា​នឹង​ព្រះ‌អង្គ​វិញ ដោយ​ព្រះ‌បុត្រាដែល​កើត​មក​ជា​មនុស្សបាន​សោយ​ទិវង្គត ដើម្បី​ឱ្យបង‌ប្អូន​បាន​វិសុទ្ធឥត​សៅ‌ហ្មង ឥត​កំហុស និង​អាច​ឈរ​នៅ​ចំពោះ​ព្រះ‌ភក្ត្រ​របស់​ព្រះ‌អង្គ។ ប៉ុន្តែបង‌ប្អូន​ត្រូវ​តែ​កាន់​ជំនឿឱ្យ​បាន​រឹង‌ប៉ឹង​ខ្ជាប់‌ខ្ជួន ដើម្បី​កុំ​ឱ្យឃ្លាត​ចាក​ពី​សេចក្ដី​សង្ឃឹម​ដែល​បង‌ប្អូន​មាន តាំង​ពី​បាន​ឮ​ដំណឹង‌ល្អមក​នោះ គឺ​ជា​ដំណឹង‌ល្អ​ដែល​គេ​បាន​ប្រកាស​ដល់​មនុស្ស​លោក​ទាំង​អស់​នៅ​ក្រោម​មេឃ ហើយ​ខ្ញុំប៉ូលបាន​ទទួល​មុខ‌ងារ​បម្រើ​ដំណឹង‌ល្អ​នេះ​ដែរ។ ឥឡូវ​នេះ ខ្ញុំ​មាន​អំណរ​ដោយ​រង​ទុក្ខ​លំបាក​សម្រាប់​បង‌ប្អូន ព្រោះ​ខ្ញុំ​រង​ទុក្ខ​លំបាក​ក្នុង​រូប​កាយ​ដូច្នេះ ដើម្បី​ជួយ​បំពេញ​ទុក្ខ​លំបាក​របស់​ព្រះ‌គ្រីស្ត សម្រាប់​ព្រះ‌កាយ​របស់​ព្រះ‌អង្គ ដែល​ជា​ព្រះ‌សហគមន៍។ ខ្ញុំ​បាន​ទទួល​មុខ‌ងារ​បម្រើ​ព្រះ‌សហគមន៍​នេះ តាម​ការ​ចាត់​ចែង​ដែល​ព្រះ‌ជាម្ចាស់​បាន​ផ្ទុក‌ផ្ដាក់ឱ្យខ្ញុំ​ធ្វើ គឺ​ណែ‌នាំ​បង‌ប្អូនឱ្យស្គាល់​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​បាន​សព្វ​គ្រប់។ នេះ​ហើយ​ជា​គម្រោង‌ការ​ដ៏​លាក់​កំបាំង​ដែល​ព្រះ‌ជាម្ចាស់​បាន​លាក់​ទុកតាំង​ពី​យូរ​អង្វែង​ត​រៀង​មក មិនឱ្យ​មនុស្ស​ជំនាន់​មុនៗ​ស្គាល់​ឡើយ តែ​ឥឡូវ​នេះ ព្រះ‌អង្គ​បាន​បង្ហាញឱ្យប្រជាជន​ដ៏‌វិសុទ្ធរបស់​ព្រះ‌អង្គ​ស្គាល់។ ព្រះ‌ជាម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​ឱ្យប្រជាជន​ដ៏‌វិសុទ្ធ​នេះស្គាល់​សិរី‌រុង​រឿង​ដ៏​ប្រសើរ​បំផុត​នៃ​គម្រោង‌ការ​នេះ​នៅ​ក្នុង​ចំណោម​សាសន៍​ដទៃ ពោល​គឺ​ ព្រះ‌គ្រីស្ត​គង់​នៅ​ក្នុង​បង‌ប្អូន ព្រះ‌អង្គ​ប្រទាន​ឱ្យ​បង‌ប្អូន​មាន​សង្ឃឹម​ថា នឹង​បាន​ទទួល​សិរី‌រុង​រឿង​របស់​ព្រះ‌អង្គ។ ដូច្នេះ យើង​ផ្សព្វ‌ផ្សាយ​ដំណឹង​អំពី​ព្រះ‌គ្រីស្ត​នេះ​ហើយ យើង​ដាស់‌តឿន និង​ប្រៀន‌ប្រដៅ​មនុស្ស​គ្រប់ៗ​រូប ដោយ​ប្រើ​ប្រាជ្ញា​គ្រប់​យ៉ាង ធ្វើ​ឱ្យ​គេ​ទាំង​អស់​គ្នា​បាន​គ្រប់​លក្ខណៈ​ក្នុង​អង្គ​ព្រះ‌គ្រីស្ត។ ខ្ញុំ​ធ្វើ​ការ​នឿយ‌ហត់​ដើម្បី​សម្រេច​គោល‌ដៅ​នេះ​ឯង គឺ​ខំ​ប្រឹង​តយុទ្ធ​ដោយ​ប្រើ​មហិទ្ធិ‌ឫទ្ធិ​របស់​ព្រះ‌អង្គដែល​កំពុង​តែ​មាន​សកម្ម‌ភាព​ក្នុង​រូប​ខ្ញុំ​យ៉ាង​ខ្លាំង។

ទំនុកតម្កើងលេខ ១៩(១៨),៨-១១ បទកាកគតិ

ព្រះធម្មវិន័យ ល្អល្អះប្រពៃ ប្រសើរថ្កើងថ្កាន
ផ្តល់កម្លាំងចិត្ត ឥតមានស្រាកស្រាន្ត អ្នកល្ងង់ប្រែប្រាណ
ជាមានប្រាជ្ញា
បញ្ជារបស់ ព្រះម្ចាស់ទាំងអស់ ត្រឹមត្រូវសត្យា
ឱ្យចិត្តអំណរ សប្បាយក្រៃណា បំភ្លឺចិន្តា
ថ្លៃថ្លាត្រចង់
១០ ការគោរពកោត ព្រះអម្ចាស់លោត វិសេសយល់យង់
ស្ថិតស្ថេចិរកាល តទៅគង់វង្ស ការវិនិច្ឆ័យទ្រង់
ក៏ត្រង់ត្រឹមត្រូវ
១១ គួរឱ្យប្រាថ្នា ចង់បានណាស់ណា ជាងមាសឆ្អិនឆ្អៅ
ផ្អែមជាងទឹកឃ្មុំ ខែចែត្រខែក្តៅ ហូរជោរចេញទៅ
ចាកពីបង្គង

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ

អាលេលូយ៉ា! អាលេលូយ៉ា!
អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ៥,១៣-១៩

«អ្នក​រាល់​គ្នា​ជា​អំបិលសម្រាប់​មនុស្ស​លោក ប៉ុន្តែ បើ​អំបិល​បាត់​ជាតិ​ប្រៃ​ហើយ តើ​គេ​នឹង​យក​អ្វី​មក​ធ្វើ​ឱ្យ​ប្រៃ​ឡើង​វិញ​បាន?។ អំបិល​នោះ​គ្មាន​ប្រយោជន៍​អ្វី​ទៀត​ទេ គឺ​មាន​តែ​បោះ​ចោល​ទៅ​ខាង​ក្រៅឱ្យមនុស្ស​ដើរ​ជាន់​ប៉ុណ្ណោះ។ អ្នក​រាល់​គ្នា​ជា​ពន្លឺសម្រាប់​បំភ្លឺ​មនុស្ស​លោក។ គេ​មិន​អាច​លាក់​បំបាំង​ក្រុង​ណា​ដែល​សង់​នៅ​លើ​ភ្នំ​បាន​ឡើយ។ គេ​មិន​ដែល​អុជ​ចង្កៀង ហើយ​យក​ធុង​គ្រប​ពី​លើ​នោះ​ទេ គឺ​គេ​តែង​យក​ចង្កៀង​ទៅ​ដាក់​លើ​ជើង​ចង្កៀង​វិញ ហើយ​ចង្កៀង​នោះ​បំភ្លឺ​អស់​អ្នក​ដែល​នៅ​ក្នុង​ផ្ទះ។ ចូរ​ឱ្យពន្លឺ​របស់​អ្នក​រាល់​គ្នាបំភ្លឺ​មនុស្ស​ទាំង‌ឡាយ​ដូច្នោះ​ដែរ គេ​នឹង​ឃើញ​អំពើ​ល្អដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត ហើយ​លើក​តម្កើង​សិរី‌រុង​រឿង​ព្រះ‌បិតា​របស់​អ្នក​រាល់​គ្នាដែល​គង់​នៅ​ស្ថាន​បរម‌សុខ»។ «សុំ​កុំ​នឹក​ស្មាន​ថា ​ខ្ញុំ​មក​លុប​បំបាត់​គម្ពីរ‌វិន័យ ឬ​គម្ពីរ​ព្យាការី​ចោល​ឡើយ។ ខ្ញុំ​មិន‌មែន​មក​លុប​បំបាត់​ទេ គឺ​ខ្ញុំ​មក​ធ្វើ​ឱ្យ​គម្ពីរ​មាន​អត្ថ‌ន័យ​ពេញ​លក្ខណៈ​ទៅ​វិញ​។ ខ្ញុំ​សុំ​ប្រាប់​ឱ្យ​អ្នក​រាល់​គ្នា​បាន​ដឹង​ច្បាស់​ថា ដរាប​ណា​ផ្ទៃ​មេឃ និង​ផែន‌ដីនៅ​ស្ថិត‌ស្ថេរ ដរាប​នោះ គ្មាន​ក្បៀស ឬ​បន្ដក់​ណា​មួយ​ក្នុង​គម្ពីរ‌វិន័យត្រូវ​រលុប​បាត់​ឡើយ គឺ​គម្ពីរ​ទាំង​មូល​នឹង​នៅ​ស្ថិត‌ស្ថេរ​រហូត​ដល់​ទី​បំផុត។ អ្នក​ណា​ល្មើស​បញ្ញត្តិ​តូច​មួយ​នេះ ហើយ​បង្រៀន​អ្នក​ផ្សេង​ឱ្យ​ធ្វើ​តាម អ្នក​នោះ​នឹង​មាន​ឋានៈ​តូច​ជាង​គេក្នុង​ព្រះ‌រាជ្យនៃ​ស្ថាន​បរម‌សុខ។ ផ្ទុយ​ទៅ​វិញ អ្នក​ណា​ប្រតិ‌បត្តិ​តាម​វិន័យ ហើយ​បង្រៀន​អ្នក​ផ្សេង​ឱ្យប្រតិ‌បត្តិ​តាម អ្នក​នោះ​នឹង​មាន​ឋានៈ​ធំ​ក្នុង​ព្រះ‌រាជ្យ​នៃ​ស្ថាន​បរម‌សុខ។

Facebook
Twitter
LinkedIn