អត្ថបទព្រះគម្ពីរ ថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០២៤

គ្រីស្តបរិស័ទបោះឆ្នោតជ្រើសរើសលោកគ័រនេស្យូសឱ្យបំពេញមុខងារជាអភិបាលក្រុងរ៉ូម នៅឆ្នាំ ២៥១។ លោកសុខចិត្តអត់ទោសឱ្យ​គ្រីស្តបរិស័ទដែលលះបង់ចោលព្រះគ្រីស្តនៅពេលខ្មាំងបៀតបៀនធ្វើបាប ហើយដែលកែប្រែចិត្តគំនិតនៅពេលក្រោយ។ លោកជំទាស់នឹងលោកណូវ៉ាទីយាំងដែលមិនព្រមទទួលគ្រីស្តបរិស័ទទាំងនោះក្នុងព្រះសហគមន៍វិញ។ លោកស៊ីព្រីយ៉ាំងជួយគាំទ្រអភិបាលក្រុងរ៉ូមអំពីរឿងនេះ។ លោកស៊ីព្រីយាំង (២១០-២៥៨) ជាអភិបាលព្រះសហគមន៍ក្រុងការតាស្ស (ក្រុងនិស្សសព្វថ្ងៃ)។ កាលមុន លោកជាមេធាវី ហើយប្រែចិត្តជឿលើព្រះយេស៊ូ។ លោកនិពន្ធសៀវភៅជាច្រើនស្តីអំពីទេវវិទ្យា លោកកាន់វិន័យតឹងរឹងមិនព្រមទទួលស្គាល់ពិធីជ្រមុជទឹកដែលគ្រីស្តបរិស័ទបែកចេញពីព្រះសហគមន៍។ ត្រង់ចំណុចនេះ លោកក៏ជំទាស់នឹងសម្តេចប៉ាបស្ទេផាន (២៥៤-២៥៧)។ ពេលព្រះចៅរ៉ូម៉ាំងព្រះនាមឌែលបៀតបៀនធ្វើបាបសម្លាប់គ្រីស្តបរិស័ទលោករួចខ្លួនបាន។ តែនៅពេលព្រះចៅវ៉ាលេរីយ៉ាំងបៀតបៀនគ្រីស្តបរិស័ទម្តងទៀត លោកសុខចិត្តធ្វើជាសាក្សីថ្វាយព្រះគ្រីស្តនៅមុខព្រះសហគមន៍របស់លោក។ ថ្ងៃ ១៤ កញ្ញា ២៥៨ គេកាត់កលោកព្រោះលោកមិនព្រមថ្វាយសក្ការបូជាដល់ព្រះក្លែងក្លាយ។

សូមថ្លែងលិខិតទី១ របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូរិនថូស ១ករ ១១,១៧-២៦.៣៣

បងប្អូនជាទីស្រឡាញ់!
ខ្ញុំពុំអាចសរសើរបងប្អូនបានឡើយ ព្រោះការប្រជុំរបស់បង​ប្អូន ពុំធើ្វឱ្យបងប្អូនចម្រើនឡើងទេ គឺបែរជាបណ្ដាលឱ្យអន់ថយទៅៗ។ ជាបឋម​ខ្ញុំបានឮដំណឹងថា នៅពេលបងប្អូនរួមប្រជុំគ្នាជាព្រះសហគមន៍នោះ បងប្អូនបាក់បែក​គ្នាជាបក្សពួក។ ត្រង់នេះ ខ្ញុំជឿខ្លះៗដែរ។ ត្រូវតែមានកាខ្វែងគំនិតក្នុងចំណោម​បងប្អូនដូច្នេះ ដើម្បីឱ្យដឹងថា អ្នកណាមានចិត្តទ្រាំយ៉ាងស្មោះពិតមែននោះ។ ពេលបងប្អូនប្រជុំគ្នា បងប្អូនមិនធើ្វពិធីជប់លៀងរបស់ព្រះអម្ចាស់ទេ ព្រោះពេល​បរិភោគ ម្នាក់ៗគិតតែពីប្រញាប់ប្រញាល់បរិភោគម្ហូបអាហារដែលខ្លួនយក​មក នាំឱ្យ​អ្នកខ្លះគ្មានអ្វីបរិភោគ អ្នកខ្លះស្រវឹង។ តើបងប្អូនគ្មានផ្ទះសម្បែងសម្រាប់ពិសា​បាយទឹកទេឬ? ឬមួយមកពីបងប្អូនប្រមាថមាក់ងាយព្រះសហគមន៍របស់ព្រះជាម្ចាស់​ និងចង់ធើ្វឱ្យអ្នកដែលគ្មានអ្វីបរិភោគត្រូវអាម៉ាស់មុខ?។ តើត្រូវឱ្យខ្ញុំនិយាយមកកាន់បងប្អូនដោយរបៀបណា? ឱ្យខ្ញុំសរសើរបងប្អូនឬ? ទេ! ក្នុងរឿងនេះ ខ្ញុំពុំអាចសរសើរ​បងប្អូនបានទេ!។ រីឯខ្ញុំ ខ្ញុំបានជម្រាបជូនបងប្អូននូវសេចក្ដីដែលខ្ញុំបានទទួលពីព្រះអម្ចាស់មកថា នៅ​យប់ដែលព្រះអម្ចាស់យេស៊ូត្រូវគេចាប់បញ្ជូនទៅឆ្គាង ព្រះអង្គយកនំប័ុងមកកាន់ទ្រង់អរព្រះគុណ​ព្រះជាម្ចាស់ ហើយកាច់នំប័ុងនោះ​​ទាំងមានព្រះបន្ទូលថា៖ «នេះជារូប​កាយ​ខ្ញុំ ដែលត្រូវបូជាសម្រាប់អ្នករាល់គ្នា។ ចូរធើ្វដូច្នេះ ដើម្បីនឹករព្ញកដល់ខ្ញុំ»។ លុះ​​ជប់លៀងរួចហើយ ព្រះអង្គធើ្វតាមរបៀបដដែល ទ្រង់យកពែងមកកាន់ ទាំងមាន​ព្រះបន្ទូលថា៖«នេះជាពែងនៃសម្ពន្ធមេត្រីថ្មី ចងឡើងដោយលោហិតរបស់ខ្ញុំ។ គ្រប់​ពេលដែលរាល់គ្នាពិសា ចូរធើ្វដូច្នេះ ដើម្បីនឹករព្ញកដល់ខ្ញុំ»។ រៀងរាល់ពេល​ដែលបងប្អូនពិសានំប័ុង និងពិសាស្រាពីពែងនេះ បងប្អូនប្រកាសថា ព្រះអម្ចាស់សោយ​ទិវង្គត គឺប្រកាសរហូតដល់ពេលព្រះអង្គយាងមកវិញ។

ទំនុកតម្កើងលេខ ៤០(៣៩) ,៧-១០.១៧ បទពាក្យ ៧

ព្រះអង្គមិនចង់បានតង្វាយ យញ្ញបូជាថ្វាយអ្វីទាល់សោះ
ទ្រង់បើកត្រចៀកខ្ញុំទាំងអស់ ស្ដាប់ព្រះតម្រិះនៃព្រះអង្គ
ដូច្នេះរូបខ្ញុំសូមពោលថា បពិត្រករុណាដ៏ឧត្តុង
ខ្ញុំប្រព្រឹត្តតាមឥតរេរង់ តាមសេចក្ដីក្នុងព្រះគម្ពីរ
ខ្ញុំសែនពេញចិត្តធើ្វតាមព្រះ ហប្ញទ័យអម្ចាស់គ្រប់ទិសទី
វិន័យទ្រង់ដិតជាប់ជីវី ក្នុងចិត្តគិតពីទ្រង់ជានិច្ច
១០ ខ្ញុំនឹងប្រកាសធម៌មេត្តា ធម៌ករុណាធម៌សុចរិត
ព្រះអង្គជ្រាបហើយទ្រង់អាណិត ខ្ញុំថ្លាថ្លែងឥតឈរឈប់សោះ
១៧ រីឯអស់អ្នកដែលស្វែងស្វះ រកព្រះអម្ចាស់បានរីករាយ
ថ្លែងឥតឈប់ឈរអរក្អាកក្អាយ យើងខ្ញុំឧិនកាយថ្កើងព្រះអង្គ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ៣,១៦

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះជាម្ចាស់ស្រឡាញ់មនុស្សលោកខ្លាំងណាស់ ហេតុនេះហើយ បានជាព្រះអង្គប្រទានព្រះបុត្រាតែមួយរបស់ព្រះអង្គមក​ ដើម្បីឱ្យអស់អ្នកដែលជឿលើព្រះបុត្រាមានជីវិតអស់កល្បជានិច្ច។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ​៧,១-១០

ព្រះយេស៊ូយាងចូលទៅក្រុងកាផានុម។ នៅក្រុងនោះ មានអ្នកបម្រើសំណព្វចិត្តរបស់នាយទាហានរ៉ូម៉ាំងម្នាក់មានជំងឺជាទម្ងន់ ជិតស្លាប់ទៅហើយ។ ពេលនាយទាហាន​នោះឮគេនិយាយអំពីព្រះយេស៊ូ លោកក៏បានចាត់ចាស់ទុំនៃជនជាតិយូដាខ្លះឱ្យទៅយាង​ព្រះអង្គមកប្រោសអ្នកបម្រើរបស់លោក។ ចាស់ទុំទាំងនោះទៅគាល់ព្រះយេស៊ូ ទទូច​អង្វរព្រះអង្គថា៖ «នាយទាហាននោះជាមនុស្សម្នាក់ដែលគួរតែលោកប្រោសប្រណី​ដល់គាត់ ព្រោះគាត់ស្រឡាញ់ជាតិសាសន៍របស់យើង ថែមទាំងបានសង់ធម្មសាលា​ឱ្យយើងផង»។ ព្រះយេស៊ូយាងទៅជាមួយចាស់ទុំទាំងនោះ។ លុះព្រះអង្គយាងជិតដល់ហើយ នាយទាហានចាត់មិត្តភក្ដិរបស់លោកឱ្យមកទូលថា៖ «លោកម្ចាស់! មិនបាច់អញ្ជើញ​ចូលផ្ទះខ្ញុំប្របាទទេ ដ្បិតខ្ញុំប្របាទមានឋានៈទន់ទាបណាស់ មិនសមនឹងទទួលលោកក្នុងផ្ទះខ្ញុំប្របាទឡើយ ហេតុនេះហើយ បានជាខ្ញុំប្របាទមិនហ៊ានមកជួបលោកផ្ទាល់។ សូមលោកមានប្រសាសន៍តែមួយម៉ាត់ នោះអ្នកបម្រើរបស់ខ្ញុំប្របាទនឹងជាសះស្បើយ​មិនខាន។ ខ្ញុំប្របាទជាអ្នកនៅក្រោមបញ្ជាគេ ហើយក៏មានកូនទាហាននៅក្រោមបញ្ជា​ខ្ញុំប្របាទដែរ។ បើខ្ញុំប្របាទបញ្ជាអ្នកណាម្នាក់ឱ្យទៅ គេប្រាកដជាទៅ បើប្រាប់ឱ្យម្នាក់​ទៀតមក គេនឹងមក។ ពេលខ្ញុំព្រះបាទប្រាប់ឱ្យអ្នកបម្រើធើ្វការអ្វីមួយ គេនឹងធើ្វតាម»។ កាលព្រះយេស៊ូព្រះសណ្ដាប់ពាក្យទាំងនេះហើយ ព្រះអង្គស្ងើចសរសើរនាយទាហាននោះណាស់។ ព្រះអង្គងាកទៅរកបណ្ដាជនដែលដើរតាមព្រះអង្គ ហើយមានព្រះបន្ទូល​ថា៖ «ខ្ញុំមិនដែលឃើញមនុស្សណាមានជំនឿបែបនេះឡើយ ទោះបីនៅស្រុកអ៊ីស្រា​អែលក៏គ្មានផង»។ មិត្តភក្ដិដែលនាយទាហានចាត់ឱ្យមកក៏វិលត្រឡប់ទៅវិញ ឃើញ​អ្នកបម្រើបានជាសះស្បើយ។

Facebook
Twitter
LinkedIn