ដំណើរយាងទស្សនកិច្ចរបស់សម្តេចប៉ាប នៅឥណ្ឌូនេស៊ី៖ ធ្វើដំណើរដោយមានជំនឿ ភាតរភាព និងមេត្តាករុណា

ដំណើរយាងទស្សនកិច្ចរបស់សម្តេចប៉ាប នៅឥណ្ឌូនេស៊ី៖ ធ្វើដំណើរដោយមានជំនឿ ភាតរភាព និងមេត្តាករុណា
សម្តេចប៉ាបហ្វ្រង់ស៊ីស្កូ បានយាងដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រទៅកាន់ប្រទេសឥណ្ឌូនេស៊ី នៅទីក្រុងហ្សាការតា ពីថ្ងៃទី៣ដល់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤នេះ។ ដំណើរទស្សនកិច្ចទៅកាន់ប្រទេសដែលមានអ្នកកាន់សាសនាអ៊ីស្លាមភាគច្រើនក្នុងប្រទេសនេះ សម្តេចប៉ាបនឹងជួបជាមួយមេដឹកនាំសាសនាឯទៀតៗនៅក្នុងវិហារអ៊ីស្លាមឈ្មោះ អ៊ីស្ទីកឡាល ក្នុងទីក្រុងហ្សាការតា។
ជំនួបនេះជាទំព័រប្រវត្តិសាស្ត្រថ្មីមួយដើម្បីបើកសករាជថ្មីសម្រាប់ទំនាក់ទំនងនិងសុខដុមនីកម្មសាសនាក្នុងសហគមន៍សាសនិកទាំងពីរ។ ក្នុងកិច្ចជំនួបនេះ ផ្តោតសំខាន់លើ ជំនឿ ភាតរភាព និងមេត្តាករុណា។ ក្នុងនិមត្តសញ្ញានៃដំណើរទស្សនកិច្ចនេះ មានរូបសម្តេចប៉ាបហ្វ្រង់ស៊ីស្កូ លើកដៃប្រទានពរ ដោយនៅពីក្រោយមានរូបគ្រុឌដែលជារូបតំណាងប្រទេសឥណ្ឌូនេស៊ីដែលធ្វើអំពីក្រណាត់បាទីកជាក្រណាត់ប្រពៃណីរបស់ប្រជាជននេះ។
ឥណ្ឌូនេស៊ីដែលមានប្រជាជន២៨១,៥លាននាក់ ជាប្រទេសដែលនៅចំណាត់ថ្នាក់លេខ៤ដែលមានប្រជាជនច្រើនជាងគេក្នុងពិភពលោកនិងមានប្រជាជនកាន់សាសនាអ៊ីស្លាមច្រើនរហូតដល់៨៧,៤% និងមានសាសនាមួយចំនួនទៀតដូចជាគ្រីស្តសាសនានិកាយប្រូតេស្តង់៧,៥% និកាយកាតូលិកចំនួន៣,១% និងសាសនហិណ្ឌូចំនួន១,៧%។
ចំពោះអ្នកកាន់សាសនានានាក្នុងប្រទេសនេះ ដំណើរទស្សនកិច្ចរបស់សម្តេចប៉ាបនាំមកនូវសេចក្តីសង្ឃឹមដ៏ខ្លាំងក្លាមួយសម្រាប់ពួកគេ។ វាត្រូវបានចាត់ទុកថាជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការកសាងការអត់ទោសបន្ថែមទៀត ការលើកទឹកចិត្តឱ្យមានឯកភាព និងការលើកកម្ពស់សន្តិភាពរវាងគ្រីស្តបរិស័ទ និងអ៊ីស្លាមបរិស័ទទាំងនៅក្នុងប្រទេសឥណ្ឌូនេស៊ី និងជុំវិញពិភពលោក។
សម្តេចប៉ាបហ្វ្រង់ស៊ីស្កូ ជាមេដឹកនាំសាសនាកាតូលិកទី៣ដែលបានយាងទស្សនកិច្ចមកកាន់ឥណ្ឌូនេស៊ី បន្ទាប់ពីសម្តេចប៉ាបប៉ូលទី៦ ធ្វើទស្សនកិច្ចក្នុងឆ្នាំ១៩៧០ និងសម្តេចប៉ាបយ៉ូហានប៉ូលទី២ក្នុងឆ្នាំ១៩៨៩ ដែលបានយាងមកប្រទេសដែលមានប្រជុំកោះបង្កើតឡើងដោយក្រុមជនជាតិភាគតិច និងសេដ្ឋកិច្ចសង្គមជាច្រើន ទាំងភាសា វប្បធម៌ និងជំនឿសាសនា៕


RVAKhmer

Facebook
Twitter
LinkedIn