អត្ថបទព្រះកម្ពីរ​ប្រចាំ ថ្ងៃសុក្រ ទី៣០ ខែសីហា ឆ្នាំ២០២៤

សូមថ្លែងលិខិតទី១ របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូរិនថូស ១ករ ១,១៧-២៥

បងប្អូនជាទីស្រឡាញ់!
ព្រះគ្រីស្ដពុំបានចាត់ខ្ញុំឱ្យមកធើ្វពិធីជ្រមុជទឹកទេ គឺទ្រង់​ចាត់ខ្ញុំ​ឱ្យប្រកាសដំណឹងល្អវិញ។ ប៉ុន្ដែ ខ្ញុំប្រកាសដំណឹងល្អមិនមែនដោយប្រើពាក្យ​ពេចន៍តាមប្រាជ្ញាក្រែងធ្វើឱ្យការសោយទិវង្គតរបស់ព្រះគ្រីស្ដនៅលើឈើឆ្កាងទៅជា​អសារឥតការនោះឡើយ។​ អ្នកដែលត្រូវ​វិនាសអន្ដរាយ ចាត់ទុកដំណឹងអំពីព្រះគ្រីស្ដសោយទិវង្គតនៅលើឈើ​ឆ្កាងថាជារឿងលេលា រីឯយើងដែលកំពុងតែទទួការសង្រ្គោះវិញ យើងជឿថា ដំណឹង​នេះជាប្ញទ្ធានុភាព​របស់ព្រះជាម្ចាស់ ដ្បិតមានចែងទុកមកថា យើងនឹងរំលាយប្រាជ្ញារបស់ពួកអ្នកប្រាជ្ញ ហើយធើ្វ​ឱ្យតម្រិះរបស់ពួកអ្នកចេះដឹងរលាយសាប​សូន្យដែរ។ ដូច្នេះ អ្នកប្រាជ្ញ ធម្មាចារ្យ​ និងអ្នករិះគិតវែកញែកតាមសម័យនេះធើ្វអ្វីកើត បើព្រះជា​ម្ចាស់បានធើ្វ​ឱ្យប្រាជ្ញារបស់លោកីយ៍នេះទៅជាលេលាវិញនោះ!។ ដោយប្រាជ្ញា​របស់ខ្លួន មនុស្សលោកពុំបានស្គាល់ព្រះជាម្ចាស់តាមអ្វីៗដែលព្រះប្រាជ្ញាញាណ​របស់ព្រះអង្គបាន​បង្កើតនោះទេ ហេតុនេះហើយបានជាព្រះជាម្ចាស់សព្វព្រះហប្ញទ័យសង្គ្រោះអស់អ្នកជឿ ដោយពាក្យប្រកាសដ៏លេលានោះ។ ជនជាតិយូដាសុំមើលទី​សម្គាល់ដ៏អស្ចារ្យ ឯជនជាតិ​ក្រិករកភស្ដុតាងតាមប្រាជ្ញា រីឯយើងវិញ យើងប្រកាសអំពី​ព្រះគ្រីស្ដដែលសោយទិវង្គតនៅលើ​ឈើឆ្កាង។ ជនជាតិយូដាយល់ឃើញថា ពាក្យ​ប្រកាសនេះរារំាងគេមិនឱ្យជឿ ហើយជនជាតិ​ដ៏ទៃយល់ឃើញថា ជារឿលេលា។ ចំពោះអស់អ្នកដែលព្រះជាម្ចាស់ត្រាស់ហៅវិញ ទំាងជនជាតិយូដា ទំាងជនជាតិក្រិក​ ពាក្យប្រកាសនេះជាព្រះគ្រីស្ដ ជាប្ញទ្ធានុភាព​ និងជាព្រះ​ប្រាជ្ញាញាណរបស់ព្រះជា​ម្ចាស់។ អ្វីៗដែលមនុស្សលោកយល់ថា ជាគំនិតលេលារបស់ព្រះជាម្ចាស់នោះ ប្រសើរ​លើសប្រាជ្ញារបស់មនុស្សទៅទៀត ហើយអ្វីៗដែលមនុស្សលោកយល់ថា ជាភាពទន់ខ្សោយរបស់ព្រះ​ជាម្ចាសនោះ ក៏ប្រសើរ​លើសកម្លំាងរបស់មនុស្សដែរ។

ទំនុកតម្កើងលេខ ៣៣ (៣២ ),១-២.៤-៥.១០-១១ បទព្រហ្មគីតិ

មនុស្សដែលសុចរិត អបអរពិតលើកតម្កើង
មានតែមនុស្សទៀងត្រង់ ដែលចិត្តចង់កោតសរសើរ
ដេញពិណលើកតម្កើង ព្រះនៃយើងគ្មានអ្វីស្មើ
លេងចាប៉ីបណ្ដើរ ដេញបង្ហើរខ្សែដប់ថ្វាយ
ដ្បិតព្រះជាអម្ចាស់ បន្ទូលច្បាស់ពិតទៀងត្រង់
ព្រះអង្គតែងផ្ចិតផ្ចង់ ហើយតម្រង់តាមសន្យា
ព្រះអង្គសព្វព្រះទ័យ នឹងសេចក្ដីពិតសត្យា
សុចរិតគ្រប់ប្រការ ហើយរក្សាយុត្តិធម៌
ផែនដីទំាងមូលថ្លែង ខំសម្ដែងដោយអំណរ
ពីហប្ញទ័យបវរ ករុណាល្អព្រះជាម្ចាស់
១០ ទ្រង់បំបែកផែនការ នៃប្រជាអសប្បុរស
គម្រោងការរបស់ ជនទំាងនោះត្រូវរលាយ
១១ ឯផែនការព្រះអង្គ ស្ថិតនៅគង់មិនអន្ដរាយ
គម្រោងការទំាឡាយ មិនរលាយនៅស្ថិតស្ថេរ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម លក ២១,៣៦

អាលេលូយ៉ា! អាលេលូយ៉ា!
អ្នកដែលប្រុងស្មារតីអធិដ្ឋានគ្រប់ពេលវេលា ពិតជាមានសុភមង្គល! ដ្បិតគេអាចឈរនៅមុខបុត្រមនុស្ស។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ២៥,១-១៣

នៅគ្រានោះ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ក្រុមសាវ័ក អំពីពេលព្រះអង្គយាង​មក​វិញ។ ព្រះអង្គមានព្រះបន្ទូលជាប្រស្នាថា៖«ព្រះ​រាជ្យនៃស្ថានបរមសុខ បៀបបាន​ទៅនឹងស្រ្ដី​ក្រមុំដប់នាក់ដែលយកចង្កៀងចេញទៅទទួលស្វាមី។ ក្នុងចំណោមពួកនាង​មានប្រាំនាក់ជា​ស្រ្ដីឥតគំនិត ប្រាំនាក់ទៀតជាស្រី្ដឈ្លាសវៃ។ ស្រី្តឥតគំនិតយកចង្កៀង​ទៅ តែមិនយកប្រេងទៅបង្ការជាមួយទេ។ រីឯស្ដ្រីឈ្លាសវៃវិញ នាងបានយកចង្កៀងទៅ មានទំាងប្រេងបង្ការផង។ ដោយស្វាមីក្រមកដល់ នាងទំាងដប់នាក់ងោកងុយ​ពេក ក៏ដេកលក់ទំាងអស់គ្នា។ លុះដល់​ពាក់កណ្ដាលអាធ្រាត្រ មានគេស្រែឡើងថា​ ស្វាមីមកដល់ហើយ! ចូរនំាគ្នារត់ទៅទទួលលោក​!»។ ស្រ្ដីក្រមុំទំាងនោះក៏ក្រោកឡើង​​រៀបចំអុជចង្កៀង ស្រ្ដីឥតគំនិតនិយាយទៅកាន់ស្រ្ដីឈ្លាសវៃ​ថា “សុំចែកប្រេងឱ្យយើង​ខ្លះផង ព្រោះចង្កៀងយើងចង់រលត់ហើយ»។ ស្រ្ដីឈ្លាសវៃឆ្លើយទៅ​វិញថា៖«ទេ! មិន​បានទេ! បើយើងចែកឱ្យពួកនាង ក្រែងមិនគ្រាន់សម្រាប់យើងផង សម្រាប់ពួកនាង​ផង។ ចូរនំាគ្នា​ទៅទិញ​នៅផ្ទះលក់ប្រេងទៅ!»។ នៅពេលដែលស្រ្ដីឥតគំនិតទំាងប្រាំចេញទៅរកទិញប្រេងផុតទៅ ស្រាប់តែស្វាមី​មកដល់ ឯស្រី្ដប្រាំនាក់ដែលត្រៀមខ្លួនជាស្រេច នំាគ្នាចូលទៅក្នុងរោងការជាមួយលោក​ ហើយគេបិទទ្វារជិត។ ក្រោយមក ស្រ្ដីប្រាំនាក់ទៀតមកដល់ ហើយស្រែកហៅថា៖ «លោកម្ចាស់! លោកម្ចាស់! សូមបើកទ្វារឱ្យយើងខ្ញុំចូលផង!»។ ស្វាមីឆ្លើយទៅវិញ​ថា៖«ខ្ញុំសុំប្រាប់ឱ្យនាងទំាងអស់គ្នាដឹង​ច្បាស់ថា ខ្ញុំមិនស្គាល់ពួកនាងទេ!” ដូច្នេះ ចូរអ្នក​រាល់គ្នាប្រុងស្មារតី ដ្បិតអ្នករាល់គ្នាពុំដឹងថា ​បុត្រមនុស្សនឹងមកដល់ថ្ងៃណា ពេលណា​ឡើយ»។

Facebook
Twitter
LinkedIn