អត្ថបទព្រះគម្ពីរ ថ្ងៃចន្ទ ទី១០ ខែមីនា ឆ្នាំ២០២៥

បពិត្រព្រះអម្ចាស់ជាព្រះសង្រ្គោះយើងខ្ញុំ! សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យវិលត្រលប់មករកព្រះអង្គវិញ! សូមព្រះអង្គប្រោសយើងខ្ញុំឱ្យមានប្រាជ្ញាយល់អត្ថន័យធម្មវិន័យរបស់ព្រះអង្គកាន់តែច្បាស់ឡើងៗផង។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរលេវិវិន័យ លវ ១៩,១-២.១១-១៨

ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរប្រាប់សហគមន៍អ៊ីស្រាអែលទាំង​មូលថា អ្នករាល់គ្នាត្រូវតែបរិសុទ្ធ ព្រោះយើងជាព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា យើងជាព្រះដ៏វិសុទ្ធ។ អ្នករាល់គ្នាមិនត្រូវលួចទ្រព្យរបស់អ្នកដទៃ ហើយក៏មិនត្រូវបោកប្រាស់ និងបញ្ឆោតយកទ្រព្យជនរួមជាតិរបស់អ្នករាល់គ្នាដែរ។ មិនត្រូវយកនាមយើងទៅស្បថ​បំពានឡើយ ធ្វើដូច្នេះអ្នករាល់គ្នាបន្ថោកព្រះនាមនៃព្រះរបស់អ្នក។ យើងជាព្រះអម្ចាស់​។
មិនត្រូវជិះជាន់សង្កត់សង្កិនជនរួមជាតិរបស់អ្នកឡើយ កុំប្លន់យកទ្រព្យគេ ហើយក៏កុំទុកប្រាក់ឈ្នួលរបស់កម្មកររហូតដល់ថ្ងៃស្អែកដែរ។ មិនត្រូវជេរប្រមាថមនុស្សថ្លង់ ហើយ​​ក៏កុំយកអ្វីទៅដាក់នៅពីមុខមនុស្សខ្វាក់បណ្តាលឱ្យគេជំពប់ដួលឡើយ។ ផ្ទុយទៅវិញចូរគោរពកោតខ្លាចព្រះរបស់អ្នក។ យើងជាព្រះអម្ចាស់។
ពេលវិនិច្ឆ័យទោស កុំកាត់ក្តីដោយអយុតិ្តធម៌ កុំរើសមុ​ខនរណាឱ្យសោះ គឺកុំយោគ​យល់អ្នកតូច ឬអ្នកធំ តែត្រូវវិនិច្ឆ័យឱ្យជនរួមជាតិរបស់អ្នកដោយយុតិ្តធម៌។
មិនត្រូវដើរបរិហារកេរ្តិ៍ប្រជាជនរបស់អ្នកឡើយ ហើយក៏កុំចោទប្រកាន់អ្នកដទៃ ធ្វើ​ឱ្យគេទទួលទោសប្រហារជីវិតដែរ។ យើងជាព្រះអម្ចាស់។ មិនត្រូវមានចិត្តស្អប់បងប្អូន​របស់អ្នក តែត្រូវយកចិត្តទុកដាក់ស្តីបន្ទាសជនរួមជាតិរបស់អ្នក ធ្វើដូច្នេះអ្នកនឹងមិនរួម​គំនិតជាមួយអ្នកនោះក្នុងការប្រព្រឹត្តអំពើបាបឡើយ។ កុំសងសឹកឱ្យសោះ ហើយក៏មិន​ត្រូវចងគំនុំនឹងជនរួមឈាមរបស់អ្នកដែរ។ ចូរស្រឡាញ់អ្នកដទៃឱ្យបានដូចស្រលាញ់​ខ្លួន​ឯង។ យើងជាព្រះអម្ចាស់»។

ទំនុកតម្កើងលេខ ១៩(១៨),៨-១០,១៥ បទកាកគតិ

ព្រះធម្មវិន័យ ល្អល្អះប្រពៃ ប្រសើរថ្កើនថ្កាន
ផ្តល់កម្លាំងចិត្ត ឥតមានស្រាកស្រាន្ត អ្នកល្ងង់ប្រែប្រាណ
ជាមានប្រាជ្ញា។
បញ្ជារបស់ ព្រះម្ចាស់ទាំងអស់ ត្រឹមត្រូវសត្យា
ឱ្យចិត្តអំណរ សប្បាយក្រៃណា បំភ្លឺចិន្តា
ថ្លៃថ្លាត្រចង់។
១០ ការគោរពកោត ព្រះអម្ចាស់សោត វិសេសយល់យង់
សិ្ថតស្ថេរចិរកាល តទៅគង់វង់ ការវិនិច័្ឆយទ្រង់
ក៏ត្រង់ត្រឹមត្រូវ។
១៥ ទ្រង់ជាថ្មដា ជាព្រះរក្សា ការពាររូបខ្ញុំ
សូមប្រោសប្រណី តាមពាក្យទូលសុំ សេចក្តីនៃខ្ញុំ
ចំពោះព្រះអង្គ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ

បពិត្រព្រះជាម្ចាស់! យើងខ្ញុំសូមលើកតម្កើងព្រះអង្គជាព្រះមហាក្សត្រប្រកបដោយសិរីរុងរឿងអស់កល្បជានិច្ច!
គ្រាដែលព្រះជាម្ចាស់គាប់ព្រះហប្ញទ័យ គឺឥឡូវនេះហើយ។
បពិត្រព្រះជាម្ចាស់! យើងខ្ញុំសូមលើកតម្កើងព្រះអង្គជាព្រះមហាក្សត្រប្រកបដោយសិរីរុងរឿងអស់កល្បជានិច្ច!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ២៥,៣១-៤៦

នៅគ្រានោះ ព្រះយេស៊ូមានព្រះបន្ទូលអំពីពេលព្រះអង្គយាងមកវិញដូចតទៅ៖ «នៅ​ពេលបុត្រមនុស្សយាងមកប្រកបដោយសិរីរុងរឿង រួមជាមួយពួកទេវទូតទាំងឡាយលោកនឹងគង់នៅលើបល្ល័ង្កដ៏រុងរឿង។ ពេលនោះ មនុស្សគ្រប់ជាតិសាសន៍នឹងមកផ្តុំគ្នានៅមុខលោក។ លោកនឹងញែកគេចេញពីគ្នា ដូចគង្វាលតែងតែញែកចៀមចេញ​ពីពពែ​ដែរ គឺឱ្យចៀមនៅខាងស្តាំ ឱ្យពពែនៅខាងឆ្វេង។ ពេលនោះព្រះមហាក្សត្រនឹងមានព្រះ​បន្ទូលទៅកាន់អស់អ្នកដែលនៅខាងស្តាំព្រះអង្គថា៖ «អ្នកដែលព្រះបិតាខ្ញុំបានប្រទានពរ​អើយ! ចូរនាំគ្នាមកទទួលព្រះរាជ្យដែលទ្រង់បានរៀបទុកឱ្យអ្នករាល់គ្នា តាំងពីកំណើត​ពិភព​លោកមក ដ្បិតកាលយើងឃ្លាន អ្នករាល់គ្នាបានឱ្យអាហារយើងបរិភោគ កាលយើង​ស្រេកអ្នករាល់គ្នាបានឱ្យទឹកយើងពិសា កាលយើងជាជនបរទេស អ្នករាល់គ្នាបាន​ទទួ​ល​យើងឱ្យស្នាក់អាស្រ័យ កាលយើងគ្មានសម្លៀកបំពាក់ អ្នករាល់គ្នាបានយកសម្លៀកបំពាក់​មកឱ្យយើង កាលយើងមានជំងឺអ្នករាល់គ្នាបានមកសួរសុខទុក្ខយើង ហើយកាលយើងជាប់ឃុំឃាំងអ្នករាល់គ្នាក៏បានមកសួរយើងដែរ»។ ពួកអ្នកសុច​រិតទូលព្រះអង្គវិញថា៖ «បពិ​ត្រ​ព្រះអម្ចាស់! តើយើងខ្ញុំដែលបានឃើញព្រះអង្គឃ្លាន ហើយយក​ម្ហូប​អាហារ​មកថ្វាយព្រះ​អង្គសោយ ឬឃើញព្រះអង្គស្រេក ហើយយកទឹកមកថ្វាយព្រះអង្គសោយ​ពីអង្កាល់? តើ​យើងខ្ញុំដែលបានឃើញព្រះអង្គជាជនបរទេស ហើយទទួលព្រះអង្គឱ្យស្នាក់​អាស្រ័យ ឬឃើញព្រះអង្គគ្មានសម្លៀកបំពាក់ ហើយយកសម្លៀកបំពាក់មកថ្វាយព្រះ​អង្គពី​អ​ង្កាល់? តើយើងខ្ញុំបានឃើញព្រះអង្គប្រឈួន ឬជាប់ឃុំឃាំង ហើយមកសួរ​សុខទុក្ខព្រះ​អង្គពីអង្កាល់?» ព្រះមហាក្សត្រនឹងមានព្រះបន្ទូលទៅគេថា៖ «យើងសុំ​ប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា គ្រប់ពេលដែលអ្នករាល់គ្នាបានប្រព្រឹត្តអំពើទាំងនេះចំពោះ​អ្នកតូចតាចជាងគេបំផុតម្នាក់នេះដែលជាបងប្អូនរបស់យើង អ្នករាល់គ្នាក៏ដូចជាបាន​ប្រព្រឹត្តចំពោះយើងដែរ» ។
បន្ទាប់មក ព្រះអង្គនឹងមានព្រះបន្ទូលទៅពួកអ្នកនៅខាងឆ្វេងថា៖ «ពួកត្រូវបណ្តាសា​អើយ! ចូរថយចេញឱ្យឆ្ងាយពីយើង ហើយធ្លាក់ទៅក្នុងភ្លើងដែលឆេះអស់កល្បជានិច្ច ជាភ្លើងបម្រុងទុកសម្រាប់ផ្តន្ទាទោសមារសាតាំង និងបរិវារបស់វាទៅ! ដ្បិត​កាល​យើង​ឃ្លាន អ្នករាល់គ្នាពុំបានឱ្យម្ហូបអាហារយើងបរិភោគទេ កាលយើងស្រេក អ្នករាល់គ្នាក៏ពុំ​បានឱ្យទឹកយើងពិសារដែរ កាលយើងជាជនបរទេសអ្នករាល់គ្នា​ពុំបានទទួលយើងឱ្យស្នាក់អាស្រ័យឡើយ កាលយើងគ្មានសម្លៀកបំពាក់ អ្នករាល់គ្នាក៏ពុំបានយកសម្លៀកបំពាក់មកឱ្យយើងដែរ​ ហើយកាលយើងមានជំងឺ និងជាប់ឃុំឃាំង អ្នករាល់គ្នាពុំបានមកសួរ​សុខទុក្ខយើងសោះ»។ ពួកនោះនាំគ្នាទូលព្រះអង្គថា៖ បពិត្រព្រះអម្ចាស់! តើ​​យើង​​ខ្ញុំមានដែលបានឃើញព្រះអង្គឃ្លាន ឃើញព្រះអង្គស្រេក ឃើញព្រះអង្គជាជនបរទេស ឃើញ​ព្រះអង្គគ្មាន​សម្លៀកបំពាក់ ឃើញព្រះអង្គ​ប្រឈួន ឬជាប់ឃុំឃាំង​ ហើយយើងខ្ញុំមិនដែលជួយព្រះអង្គពីអង្កាល់?»។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «យើងសុំប្រាប់​ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា គ្រប់ពេលអ្នករាល់គ្នាមិនបានប្រព្រឹត្តអំពើទាំងនោះ ចំពោះអ្នក​​តូចតាចជាងគេបំផុតម្នាក់នេះ ដែលជាបងប្អូនរបស់យើង អ្នករាល់គ្នាក៏ដូចជាមិនបានប្រព្រឹត្តចំពោះយើងដែរ។ អ្នកទាំងនោះនឹងត្រូវទទួលទោសអស់កល្បជានិច្ច រីឯអ្នក​សុចរិត​វិញនឹងទទួលជីវិតអស់កល្បជានិច្ច»។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! សូមព្រះអង្គទទួលសក្ការបូជាដែលយើងខ្ញុំសូមថ្វាយនៅថ្ងៃនេះ សូមទ្រង់ព្រះមេត្តាប្រោសការពារយើងខ្ញុំ លើកលែងទោសយើងខ្ញុំ ព្រមទាំងប្រទានព្រះជន្មផ្ទាល់របស់ព្រះអង្គឱ្យយើងខ្ញុំ ដោយសារសក្ការបូជានេះផង។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! យើងខ្ញុំបានទទួលព្រះកាយ និងព្រះលោហិតព្រះគ្រីស្ត។ យើងខ្ញុំសូមអរព្រះគុណព្រះអង្គ! សូមទ្រង់ព្រះមេត្តាការពារយើងខ្ញុំទាំងខាងផ្លូវកាយ ទាំងខាងផ្លូវចិត្ត។ សូមឱ្យយើងខ្ញុំមានអំណរសប្បាយរីករាយ ដោយព្រះអង្គបានសង្គ្រោះយើងខ្ញុំទាំងស្រុងផង។

Facebook
Twitter
LinkedIn