ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះអម្ចាស់ប្រកបដោយព្រះចេស្តា ហើយដែលមានព្រះជន្មគង់នៅអស់កល្បជានិច្ច! សូមព្រះអង្គអាណិតអាសូរយើងខ្ញុំជាមនុស្សទន់ខ្សោយ សូមទ្រង់ព្រះមេត្តាការពារ និងគាំទ្រយើងខ្ញុំ ដោយប្ញទ្ធានុភាពដ៏ខ្លាំងក្លារបស់ព្រះអង្គផង។
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្យាការីអេសាយ អស ៥៨,៩-១៤ខ
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ប្រសិនបើអ្នកឈប់ជិះជាន់ ឈប់គំរាមគំហែង ឈប់ចោទមួលបង្កាច់គេ ប្រសិនបើអ្នកសុខចិត្តបេះអាហារចេញពីមាត់ខ្លួនយកទៅឱ្យជនដែលស្រេកឃ្លាន ប្រសិនបើអ្នកយកម្ហូបទៅចម្អែតមនុស្សទុគ៌ត នោះពន្លឺរបស់អ្នកនឹងចែងចាំងក្នុងទីងងឹត ហើយភាពងងឹតរបស់អ្នកក៏នឹងប្រែជាភ្លឺដូចថ្ងៃត្រង់ដែរ ព្រះអម្ចាស់នឹងដឹកនាំអ្នកជានិច្ច។ ទោះបីជាអ្នកដើរនៅក្នុងវាលហួតហែងក៏ដោយ ក៏ព្រះអង្គនឹងប្រទានអាហារដ៏បរិបូណ៌ឱ្យអ្នក និងប្រទានឱ្យអ្នកមានកម្លាំងមាំមួន។ អ្នកនឹងប្រៀបដូចជាសួនឧទ្យានដែលមានជោកជាំទៅដោយទឹក ឬដូចជាប្រភពទឹកដែលមិនចេះរីង។ អ្នកនឹងសង់អ្វីៗដែលបាក់បែកឡើងវិញ អ្នកនឹងសង់អ្វីនៅលើគ្រឹះដែលគេចាក់ពីបូរាណកាល។ គេនឹងដាក់ឈ្មោះអ្នកថា “អ្នកជួសជុលកំពែងដែលធ្លុះធ្លាយ” “អ្នកសង់ផ្ទះឱ្យមនុស្សនៅ” “អ្នកធ្វើផ្លូវឱ្យមនុស្សដើរ”។ បើអ្នកមិនធ្វើការរកស៊ីនៅថ្ងៃសប្ប័ទ ប្រសិនបើអ្នកមិនស្វែងរកកម្រៃនៅថ្ងៃដ៏វិសុទ្ធរបស់យើង ហើយប្រសិនបើអ្នកចាត់ទុកថ្ងៃសប្ប័ទថា ជាថ្ងៃដ៏សប្បាយរីករាយ និងជាថ្ងៃសម្រាប់គោរពថ្វាយព្រះអម្ចាស់ ហើយប្រសិនបើអ្នកគោរពថ្ងៃសប្ប័ទនោះពិតមែន គឺមិនរកស៊ី មិនរកកម្រៃ និងមិននិយាយតម្លៃនោះទេ ព្រះអម្ចាស់នឹងធ្វើឱ្យអ្នកសប្បាយរីករាយ។ យើងនឹងនាំអ្នកឡើងទៅទីខ្ពស់នៃផែនដី។ យើងនឹងធ្វើឱ្យអ្នករស់នៅយ៉ាងសុខសាន្ត ក្នុងស្រុកដែលយើងបានចែកឱ្យលោកយ៉ាកុប ជាបុព្វបុរសរបស់អ្នកទុកជាកម្មសិទិ្ធ»។ ពិតមែនហើយ! ព្រះអម្ចាស់មានព្រះបន្ទូលដូច្នេះមែន។
ទំនុកតម្កើងលេខ ៨៦ (៨៥) ,១-៦ បទព្រហ្មគិតិ
១ | ឱ! ព្រះអម្ចាស់អើយ | កុំកន្តើយផ្ទៀងព្រះការណ៍ | |
ស្តាប់សព្ទខ្ញុំវាចា | ហើយមេត្តាតបវិញផង | ។ | |
ដ្បិតខ្ញុំជាមនុស្ស | កម្សត់ខុសគេទាំងពួង | ||
ទុគ៌តពេកកន្លង | តោកយ៉ាកផងរាល់វេលា | ។ | |
២ | សូមរក្សាជីវិត | ឱ្យខ្ញុំស្ថិតផុតគ្រាំគ្រា | |
ដ្បិតខ្ញុំត្រង់ល្អជា | ស្ម័គ្រគ្រប់គ្រាគ្មានគេចកែ | ។ | |
សូមមេត្តាសង្រ្គោះ | ដ្បិតខ្ញុំស្មោះឥតប្រួលប្រែ | ||
ជាបម្រើនៅក្បែរ | ពឹងផ្អែកតែលើម្ចាស់ថ្លៃ | ។ | |
៣ | ឱ! ព្រះអម្ចាស់អើយ | អាណិតហើយសូមប្រណី | |
ខ្ញុំស្រែកទូលរាល់ថ្ងៃ | រកព្រះអង្គមិនឈប់ឈរ | ។ | |
៤ | ឱព្រះអម្ចាស់អើយ | សូមប្រោសឱ្យបម្រើល្អ | |
មានសប្បាយអំណរ | តម្រង់រកព្រះអម្ចាស់ | ។ | |
៥ | បពិត្រព្រះអម្ចាស់ខ្ញុំ | ព្រះឧត្តមសប្បុរសណាស់ | |
អត់ឱនមិនថ្កោលទោស | តែងសន្តោសខ្ញុំបរិបូណ៌ | ។ | |
ព្រះអង្គតែងអាណិត | អ្នកផ្តេកផ្តិតទ្រង់អាសូរ | ||
អ្នកដែលដង្ហោយថ្ងូរ | ហៅព្រះអង្គមកសង្រ្គោះ | ។ | |
៦ | ឱព្រះអម្ចាស់អើយ | ទ្រង់ផ្ទៀងហើយសូមសន្តោស | |
ពាក្យខ្ញុំស្រែករកនោះ | សូមទ្រង់ប្រោសរូបខ្ញុំផង | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម តាម អគ ៣៣,១១
ប | បពិត្រព្រះអម្ចាស់! ព្រះបន្ទូលព្រះអង្គផ្តល់វិញ្ញាណ និងជីវិត។ |
គ | ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងមិនចង់ឱ្យមនុស្សបាបស្លាប់ទេ យើងចង់ឱ្យគេលែងប្រព្រឹត្តអំពើអាក្រក់ និងឱ្យគេមានជីវិត!»។ |
ប | បពិត្រព្រះអម្ចាស់! ព្រះបន្ទូលព្រះអង្គផ្តល់វិញ្ញាណ និងជីវិត។ |
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៥,២៧-៣២
នៅគ្រានោះ ព្រះយេស៊ូទតឃើញអ្នកទារពន្ធម្នាក់ ឈ្មោះលេវី អង្គុយនៅកន្លែងយកពន្ធ។ ព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖ «សុំអញ្ជើញមកតាមខ្ញុំ»។ លោកលេវីក្រោកឡើង ទុកកិច្ចការទាំងអស់ចោល ហើយដើរតាមព្រះយេស៊ូទៅ។ លោកលេវីរៀបចំពិធីជប់លៀងមួយយ៉ាងធំថ្វាយព្រះអង្គ នៅផ្ទះរបស់លោក។ មានអ្នកទារពន្ធព្រមទាំងមនុស្សឯទៀតៗជាច្រើនចូលរួមតុជាមួយដែរ។ ពួកខាងគណៈផារីស៊ី និងពួកធម្មាចារ្យខាងគណៈផារីស៊ីទាស់ចិត្តយ៉ាងខ្លាំង គេនិយាយទៅកាន់ក្រុមសាវ័ករបស់ព្រះអង្គថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាបរិភោគជាមួយអ្នកទារពន្ធ និងមនុស្សបាបដូច្នេះ?»។ ព្រះយេស៊ូតបទៅគេថា៖ «មនុស្សមានសុខភាពល្អមិនត្រូវការគ្រូពេទ្យឡើយ មានតែអ្នកជំងឺប៉ុណ្ណោះដែលត្រូវការ។ ខ្ញុំមិនមែនមករកមនុស្សសុចរិតទេ គឺមករកមនុស្សបាប ដើម្បីឱ្យគេកែប្រែចិត្តគំនិត»។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! យើងខ្ញុំសូមថ្វាយសក្ការបូជានេះ ដើម្បីកោតសសើរព្រះអង្គ និងសូមព្រះអង្គលើកលែងទោសឱ្យយើងខ្ញុំ។ សូមទ្រង់ព្រះមេត្តាទទួលសក្ការបូជានេះដោយអនុគ្រោះ។ សូមឱ្យប្ញទ្ធានុភាពដ៏ខ្លាំងខ្លារបស់ព្រះអង្គជម្រះចិត្តគំនិតយើងខ្ញុំផង! សូមប្រោសយើងខ្ញុំឱ្យចេះស្រឡាញ់ព្រះអង្គ ដើម្បីតបស្នងសងគុណព្រះអង្គដែលមានព្រះហប្ញទ័យស្រឡាញ់យើងខ្ញុំ។
ពាក្យអរព្រះគុណ
បពិត្រព្រះអម្ចាស់ជាព្រះបិតា ប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រែង! យើងខ្ញុំសូមអរព្រះគុណព្រះអង្គដែលបានប្រទានកម្លាំង និងព្រះជន្មផ្ទាល់របស់ព្រះអង្គឱ្យយើងខ្ញុំក្នុងអភិបូជានេះ។ សូមទ្រង់ព្រះមេត្តាណែនាំយើងខ្ញុំ បង្ហាញផ្លូវឱ្យទៅកាន់សម្បត្តិនៃស្ថានបរមសុខផង។