បេក្ខជនត្រៀមជ្រមុជទឹកក្នុងភូមិភាគភ្នំពេញមានជាង១០០នាក់

មនុស្ស​ពេញ​វ័យ​ចំនួន​១២៧ នាក់​បាន​ទទួល​ពិធី​ត្រាស់ហៅ​ឲ្យទទួល​ពិធី​ជម្រុជទឹក​ពី​លោកអភិបាល​អូលីវីយ៉េ ជ្មីតហស្លេ អភិបាល​ព្រះសហគមន៍​ភូមិភាគ​ភ្នំពេញ កាលពីថ្ងៃទី​៨ ខែ​មីនាកន្លងទៅ នៅ​ព្រះវិហារ​សន្តសិលា និង​សន្ត​ប៉ូល ភ្នំពេញថ្មី នារាជធានីភ្នំពេញ។

ពិធី​ត្រាស់ហៅនេះ ធ្វើ​ឡើង​ជា​រៀង​រាល់​ឆ្នាំ ដើម្បី​អនុញ្ញាត​ឲ្យ​បេក្ខជន​ដែល​បាន​សិក្សា​អំពី​ជំនឿ​អាច​ទទួល​អគ្គសញ្ញាជ្រមុជទឹក​ក្នុង​ឱកាស​បុណ្យ​ចម្លង​ខាង​មុខនេះ។ មុន​ចាប់​ផ្តើម​ពិធី​​នេះ លោកអភិបាល​អូលីវីយ៉េ បាន​អប់រំ​ណែនាំ​ដល់​បេក្ខជន​ទាំង​អស់ ដោយ​ផ្តោ​ត​សំខាន់​លើ​​ «ការរួម​ស្លាប់​និង​រួម​រស់ជាមួយព្រះយេស៊ូ​»។

លោក​បញ្ជាក់​ថា ពេល​យើង​ចូល​ទៅ​ក្នុងទឹក ឬ​ចាក់ទឹក​លើក្បាល នោះ​បង្ហាញថា «យើង​ជា​មនុស្ស​ថ្មី» ហើយ​ពេល​នោះ​ដែរ លោក​បូជាចារ្យ​លាប​ប្រេង​ឲ្យយើង «ដើម្បី​ទទួល​កម្លាំង​ផ្ទាល់ពី​ព្រះយេស៊ូ»។ យើង​ទទួល​អាវស «គឺ​បំពាក់​ព្រះយេស៊ូ​ផ្ទាល់» ព្រះអង្គ​នឹង​មិន​បោះ​បង់​យើង​ចោលទេ ទោះ​បី​យើង​ភ្លេច​ព្រះអង្គក៏ដោយ។

លោក​អភិបាល​រំលឹក​បេក្ខជន​ថា បន្ទាប់ពី​ពិធី​ជម្រុជទឹក ម្នាក់ៗ​ក្លាយជា​សមាជិក​នៃ​គ្រួសារ​របស់​ព្រះសហគមន៍​ដែលមាន​ព្រះគ្រីស្ត​​ជា​សិរសា។ ហើយ​នៅ​ក្នុង​គ្រួសារ​នេះ ការងាររបស់​យើង​ជា​គ្រីស្ត​បរិស័ទ «គឺ​អធិដ្ឋាន បម្រើ​ និង​ស្រឡាញ់»។

ឲ្យយើង​ចេះ​អធិដ្ឋាន​គ្រប់​កាលៈទេសៈ​សម្រាប់​គ្នាទៅវិញទៅមក ហើយ​ឲ្យយើង​ទៅ​ជា​អ្នក​បម្រើ​ដូច​ព្រះយេស៊ូ​ដែល​បាន​ដាក់​ខ្លួន​បម្រើ​សាវ័ក​ដោយ​លាងជើង​របស់​ពួកគេ គឺ​ឲ្យយើង​បម្រើ​ដោយ​ឥតគិត​ថ្លៃ ដោយ​មិន​ត្រូវការ​តបស្នងសងគុណ។ លោកអភិបាល​បន្ថែម​ថា ឲ្យយើង​ចេះ​ស្រឡាញ់​ដូច​ព្រះយេស៊ូ​ដែល​ស្រឡាញ់​យើង។

ចាប់ពីពេលនេះតទៅ សូម​ឲ្យយើង​រើស​យក​ព្រះជាម្ចាស់​ មិន​មែន​មារសាតាំង ដែល​ណែនាំ​ឲ្យ​យើង​មាន​សុភមង្គល យើង​មិន​វង្វេងផ្លូវ ទោះបី​លំបាកក្តី និង​មានអំណរសប្បាយក្តី។ លោក​អភិបាល​បញ្ជាក់។

យ៉ឹម​ សំណាង អាយុ​២០ឆ្នាំ មក​ពី​ព្រះសហគមន៍​បឹងទំពុន ដែល​ជា​បេក្ខជន​ត្រៀម​ខ្លួនទទួល​ពិធី​ជ្រមុជទឹក បាន​ស្គាល់​ព្រះសហគមន៍​តាម​រយៈ​មណ្ឌល​ស្នាក់សម្រាប់​យុវតី​របស់​ដូនជី​ឧបការគុណ និយាយថា នាង​ «ចង់​ក្លាយជា​បុត្រធីតារបស់​ព្រះជាម្ចាស់​ឲ្យកាន់តែ​ជិត​ស្និទ្ធ​ជាងនេះ»។ ​

ក្រោយពេល​បាន​ឈ្វេងយល់​អំពី​ជំនឿ​ សំណាង​​សង្កេត​ឃើញថា ជីវិត​របស់​គ្រីស្តបរិស័ទ​ គឺ​រស់រវើក​និង​ស្វាហាប់​ «ឃើញ​ហើយ ខ្ញុំ​ចង់​ក្លាយជា​គ្រីស្តបរិស័ទ​ដូច​ពួកគាត់​ដែរ»។

ក្នុងពេល​នេះ​តទៅ សំណាង​បាន​ពោលថា «ខ្ញុំ​ត្រូវ​ពង្រឹង​ការអធិដ្ឋាន​របស់​ខ្លួន​ឯង​ ខ្ញុំ​នឹង​ជួយ​ដល់​អ្នក​ដែល​មិន​ទាន់​ស្គាល់ព្រះវិហារ​ និង​ជួយ​បង្ហាញ​ផ្លូវ​ដើម្បី​ឲ្យគេ​ស្គាល់​ព្រះយេស៊ូ»។

ព្រុំ ម៉ី អាយុ​២៤ឆ្នាំ មក​ពី​ចំការទៀងក្នុង​ខេត្ត​តាកែវ ឲ្យ​ដឹងដែរថា នាង​ចង់​រួម​ស្លាប់​រួម​រស់ជា​មួយ​ព្រះយេស៊ូ និង​សង្ឃឹម​ថា ថ្ងៃមួយ​នាង​អាច​រស់នៅ​ជាមួយព្រះយេស៊ូ​នៅ​ស្ថាន​បរមសុខ។ ម៉ី​ជាសិស្ស​រៀន​នៅ​សាលា​សន្ត​ហ្វ្រង់ស្វ័រ​ របស់​ព្រះសហគមន៍កាតូលិកនៅ​ក្នុង​ខេត្ត​តាកែវ ដោយ​ឆ្ងល់​អំពី​របៀប​ប្រណិប័តន៍​របស់​គ្រីស្តបរិស័ទក្នុង​វិហារ​ដែល​នៅ​ក្បែ​រសាលា​រៀន​ នាង​សាកល្បង​ចូលរួម​ជាមួយ​ ក្រោយ​មក​នាង​បាន​ចូលរៀន​អប់រំជំនឿ។

ម៉ី​បាន​​និយាយថា «ចង់​ដើរ​តាម​ព្រះបន្ទូល​ដែល​ព្រះជាម្ចាស់​ផ្តល់​ឲ្យ​។ ព្រះបន្ទូល​ជួយ​ឲ្យយើង​មាន​ចិត្ត​ជ្រះ​ថ្លា ចេះ​ស្រឡាញ់​បងប្អូន​ឯទៀតដូច​ព្រះអង្គ​ដែល​ស្រឡាញ់​យើង​ ចេះចែក​រំលែកសេចក្តីស្រឡាញ់ និង​ផ្តល់​សេចក្តីសង្ឃឹម​ដល់​អ្នកដទៃ»។

លោក​បូជាចារ្យ ឆាលស៍ លិឈិប៉ាន បូជាចារ្យ​ទទួល​ខុស​ត្រូវ​មណ្ឌលសកម្មភាព​តាកែវ ដែលមាន​បេក្ខជន​ប្រមាណ​៧៨នាក់នឹង​ទទួល​ពិធីជ្រមុជទឹកឆាប់​ៗនេះ។ ដើម្បី​អប់រំ​និង​ឲ្យ​ពួកគេ​អាចរស់នៅ​ជា​គ្រីស្តបរិស័ទ​ល្អ​ក្នុង​សង្គម លោក​បាន​ឲ្យដឹងថា ព្រះសហគមន៍​​នឹង​បន្ត​អប់រំ​ពួកគេតាមរយៈ​ការ​អប់រំជំនឿ​ យើង​ជា​លោកបូជាចារ្យ​​​នឹង​នៅជាមួយគេ និង​ឲ្យពួកគេ​ចូលរួម​ក្នុង​សិក្ខាសាលា​ផ្សេងរបស់​ព្រះសហគមន៍​ ហើយ​នឹង​ជួយ​ជំរុញ​ឲ្យគេ​ចូលរួម​ក្នុងអភិបូជា។

លោក​បន្ថែមថា យើង​នឹង​បន្ត​អធិដ្ឋាន​ ពីព្រោះព្រះជាម្ចាស់​ត្រាស់ហៅ​គេ​ ហើយ​យើង​ផ្តល់ឲ្យគេ​តាម​អ្វីដែលយើង​មាន និង​ទុក​ឲ្យព្រះជាម្ចាស់​ថែរក្សា​គេដែរ។

ក្នុង​រដូវ​អប់រំពិសេស ដែលមាន​រយៈ​ពេល​៤០ថ្ងៃនេះ លោកអភិបាល​បាន​ជំរុញ​ឲ្យ​លោក​បូជាចារ្យ​នៅ​តាម​មណ្ឌល​សកម្មភាព​នីមួយៗ​យក​ចិត្ត​ទុកដាក់​ធ្វើ​ពិធីជម្រះចិត្ត​នានា​ដល់​បេក្ខជនមុន​ពេល​ទទួល​អគ្គសញ្ញា​ជ្រមុជទឹក និង​អប់រំ​ជំនឿ​បន្ថែម​ដើម្បី​ឲ្យគេ​អាច​រស់នៅ​ជា​គ្រីស្តបរិស័ទ​គំរូ​ ដោយ​យក​ព្រះជាម្ចាស់​ទីពឹង ព្រះបន្ទូលជាទីពឹង និង​ព្រះសហគមន៍​ជាទីពឹង។

តាម​កាលវិភាគ​របស់​ព្រះសហគមន៍​ ពិធីបុណ្យចម្លង​ខាង​មុខ​នេះ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៩ ខែ​មេសា៕

ដោយកែវ កញ្ញា

Facebook
Twitter
LinkedIn