ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះអម្ចាស់ជាព្រះបិតា! សូមព្រះអង្គជួយយើងខ្ញុំជាបុត្រធីតាព្រះអង្គឱ្យផ្ចិតផ្ចង់រៀបចំខ្លួនធ្វើពិធីបុណ្យចម្លង គឺបុណ្យរំឭកព្រះយេស៊ូសោយទិវង្គត និងទទួលព្រះជន្មថ្មី។ សូមឱ្យការតមខាងផ្លូវកាយនេះ បង្កើតលទ្ធផលល្អខាងផ្លូវចិត្តផង។
សូមថ្លែងព្រះគម្ពីរព្យាការីអេសេគីអែល អគ ១៨,២១-២៨
ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «ប្រសិនបើមនុស្សទុច្ចរិតលះបង់អំពើបាបទាំងអស់ដែលខ្លួនប្រព្រឹត្ត ហើយបែរមកប្រតិបត្តិតាមវិន័យទាំងប៉ុន្មានរបស់យើង ព្រមទាំងប្រតិបត្តិតាមសេចក្តីសុចរិត និងយុតិ្តធម៌ អ្នកនោះនឹងរស់រានមានជីវិតជាក់ជាមិនខាន គឺគេមិនត្រូវស្លាប់ឡើយ។ យើងនឹងបំភ្លេចបទល្មើសទាំងប៉ុន្មានដែលគេបានប្រព្រឹត្ត គឺអ្នកនោះនឹងរស់រានមានជីវិត ព្រោះតែអំពើសុចរិតដែលគេបានធ្វើ។ តើអ្នករាល់គ្នាស្មានថា យើងចង់ឃើញមនុស្សទុច្ចរិតស្លាប់ឬ? ទេ! ផ្ទុយទៅវិញ យើងចង់ឃើញគេលះបង់មារយាទអាក្រក់របស់ខ្លួនដើម្បីឱ្យរស់រានមានជីវិត។ នេះជាព្រះបន្ទួលរបស់ព្រះជាម្ចាស់។ រីឯមនុស្សសុចរិតវិញ ប្រសិនបើគេលះបង់អំពើសុចរិត ហើយបែរទៅប្រព្រឹត្តអំពើអាក្រក់គួរស្អប់ខ្ពើមទាំងប៉ុន្មានដែលមនុស្សទុច្ចរិតធ្លាប់ប្រព្រឹត្ត តើគេអាចមានជីវិតទៅមុខទៀតបានឬ? យើងនឹងបំភ្លេចអំពើសុចរិតទាំងប៉ុន្មានដែលគេបានប្រព្រឹត្ត អ្នកនោះត្រូវតែស្លាប់ព្រោះតែចិត្តមិនស្មោះត្រង់ និងអំពើបាបដែលគេបានប្រព្រឹត្ត។ អ្នករាល់គ្នាពោលថា ព្រះអម្ចាស់ប្រព្រឹត្តដូច្នេះមិនត្រឹមត្រូវទេ!។ ជនជាតិអ៊ីស្រាអែលអើយ! ចូរស្តាប់! តើយើងប្រព្រឹត្តមិនត្រឹមត្រូវមែនឬ? គឺអ្នករាល់គ្នាវិញទេដែលប្រព្រឹត្តមិនត្រឹមត្រូវ! ប្រសិនបើមនុស្សសុចរិតលែងប្រព្រឹត្តអំពើសុចរិត ហើយបែរទៅប្រព្រឹត្តអំពើទុច្ចរិត គេពិតជាត្រូវស្លាប់ គឺគេស្លាប់ព្រោះតែអំពើទុច្ចរិតដែលខ្លួនបានប្រព្រឹត្ត។ ផ្ទុយទៅវិញ ប្រសិនបើមនុស្សទុច្ចរិតលះបង់ចោលអំពើអាក្រក់ដែលខ្លួនប្រព្រឹត្ត ហើយបែរទៅប្រតិបត្តិតាមសេចក្តីសុចរិត និងយុត្តិធម៌ គេនឹងរក្សាជីវិតខ្លួនឱ្យគង់វង្ស។ ប្រសិនបើអ្នកនោះភ្ញាក់ស្មារតី ហើយលះបង់អំពើអាក្រក់ទាំងប៉ុន្មាន គេពិតជារស់រានមានជីវិត គឺគេមិនត្រូវស្លាប់ឡើយ»។
ទំនុកតម្កើងលេខ ១៣០ (១២៩),១-៨ បទពាក្យ ៧
១ | បពិត្រព្រះជាអម្ចាស់អើយ | ខ្ញុំស្រែកដង្ហើយរកព្រះអង្គ | |
ពីក្នុងរណ្តៅជ្រៅកន្លង | មេត្តាជួយផងផុតពីស្លាប់ | ។ | |
២ | សំឡេងខ្ញុំឮដូចចម្រៀង | សូមព្រះអង្គផ្ទៀងព្រះកាណ៌ស្តាប់ | |
ពាក្យខ្ញុំអង្វរទទូចប្រាប់ | រៀបរាប់រ៉ាយរ៉ាប់សូមសន្តោស | ។ | |
៣ | បពិត្រព្រះម្ចាស់ដ៏ឧត្តម | បើព្រះអង្គចាំពីកំហុស | |
អំពើបាបកម្មជនស្រីប្រុស | គ្មានម្នាក់ណាសោះរួចខ្លួនឡើយ | ។ | |
៤ | ប៉ុន្តែព្រះអង្គតែងអត់ទោស | ប្រណីសន្តោសខ្ញុំធូរស្បើយ | |
រួចផុតទុក្ខទោសបានល្ហែល្ហើយ | គឺព្រះអង្គហើយខ្ញុំគោរព | ។ | |
៥ | ខ្ញុំទុកចិត្តលើព្រះអម្ចាស់ | ជីវិតខ្ញុំនេះផ្ញើសព្វគ្រប់ | |
សង្ឃឹមលើព្រះបន្ទូលគាប់ | មិនឈរមិនឈប់ទេព្រះអង្គ | ។ | |
៦ | ខ្ញុំទន្ទឹងចាំព្រះអម្ចាស់ | ជាងអ្នកយាមផ្ទះទៅទៀតផង | |
ពេលឃើញថ្ងៃរះស្រស់បំព្រង | រួចផុតទុក្ខផងមួយរាត្រី | ។ | |
៧ | ឱ! អ៊ីស្រាអែលសូមទុកចិត្ត | ព្រះល្អវិសុទ្ធដោយព្រះទ័យ | |
មេត្តាករុណាត្រាប្រណី | ទ្រង់សព្វព្រះទ័យជួយជានិច្ច | ។ | |
៨ | ព្រះអង្គរំដោះអ៊ីស្រាអែល | ពីកំហុសដែលមានច្រើនតិច | |
គេបានប្រព្រឹត្តជាប់ជានិច្ច | ព្រះអង្គសម្រេចបានសុខសាន្ត | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម អគ ៣៣,១១
ប | បពិត្រព្រះអម្ចាស់! ព្រះបន្ទូលព្រះអង្គផ្តល់ព្រះវិញ្ញាណ និងជីវិត។ |
គ | ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងមិនចង់ឱ្យមនុស្សបាបស្លាប់ទេ។ យើងចង់ឱ្យគេលែងប្រព្រឹត្តអំពើអក្រក់ និងចង់ឱ្យគេមានជីវិត»។ |
ប | បពិត្រព្រះអម្ចាស់! ព្រះបន្ទូលព្រះអង្គផ្តល់ព្រះវិញ្ញាណ និងជីវិត។ |
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ៥,២០-២៦
នៅគ្រានោះ ក្រុមសាវ័កជួបជុំជាមួយព្រះយេស៊ូនៅលើភ្នំ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា បើសេចក្តីសុចរិតរបស់អ្នករាល់គ្នាមិនប្រសើរជាងសេចក្តីសុចរិតរបស់ពួកធម្មាចារ្យ និងពួកខាងគណៈផារីស៊ីទេ អ្នករាល់គ្នាពុំអាចចូលទៅក្នុងព្រះរាជ្យនៃស្ថានបរមសុខបានឡើយ។ អ្នករាល់គ្នាធ្លាប់ឮសេចក្តីដែលមានថ្លែងប្រាប់បុព្វបុរសថា កុំសម្លាប់មនុស្ស។ អ្នកណាសម្លាប់គេ អ្នកនោះនឹងត្រូវគេផ្តន្ទាទោស។ រីឯខ្ញុំវិញ ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា អ្នកណាខឹងនឹងបងប្អូន អ្នកនោះនឹងត្រូវគេផ្តន្ទាទោសដែរ។ អ្នកណាជេរប្រទេចផ្តាសាបងប្អូន អ្នកនោះនឹងត្រូវក្រុមប្រឹក្សាជាន់ខ្ពស់កាត់ទោស ហើយអ្នកណាត្មះតិះដៀលគេ អ្នកនោះនឹងត្រូវគេផ្តន្ទាទោសធ្លាក់ក្នុងភ្លើងនរកអវីចី។ ដូច្នេះ កាលណាអ្នកយកតង្វាយទៅថ្វាយព្រះជាម្ចាស់ ហើយនៅទីនោះ អ្នកនឹងឃើញថា បងប្អូនណាម្នាក់មានទំនាស់នឹងអ្នក ចូរទុកតង្វាយរបស់អ្នកនៅកន្លែងថ្វាយតង្វាយ ហើយទៅស្រុះស្រួលនឹងបងប្អូនរបស់អ្នកជាមុនសិន រួចសឹមវិលមកថ្វាយតង្វាយរបស់អ្នកវិញ។ កាលណាអ្នកធ្វើដំណើរទៅតុលាការជាមួយគូរវិវាទរបស់អ្នក ចូរស្រុះស្រួលជាមួយអ្នកនោះជាប្រញាប់ ក្រែងលោគេបញ្ចូនអ្នកទៅចៅក្រម ចៅក្រមបញ្ចូនអ្នកទៅនគរបាល ហើយអ្នកត្រូវជាប់គុក។ ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា៖ “ដរាបណាអ្នកមិនបានបង់ប្រាក់ពិន័យគ្រប់ចំនួនឥតខ្វះមួយសេននោះទេ អ្នកនឹងមិនរួចខ្លួនឡើយ»។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! សូមព្រះអង្គទ្រង់ព្រះមេត្តាទទួលសក្ការបូជាដែលយើងខ្ញុំសូមថ្វាយក្នុងអភិបូជានេះ។ សូមទ្រង់អាណិតអាសូរប្រទានជីវិតថ្មីឱ្យយើងខ្ញុំផង។
ពាក្យអរព្រះគុណ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! យើងខ្ញុំសូមអរព្រះគុណព្រះអង្គដែលបានប្រទានព្រះកាយ និងព្រះលោហិតព្រះគ្រីស្តឱ្យយើងខ្ញុំទទួលក្នុងពិធីជប់លៀងនេះ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យមានចិត្តគំនិតថ្មី រួមរស់ជាមួយព្រះយេស៊ូជាព្រះសង្គ្រោះ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។