យុវជនជិត២០០នាក់រិះគិតអំពីការត្រាស់ហៅនៅភូមិភាគកំពង់ចាម

យុវជន​​ចំនួន​១៦៨នាក់ មក​ពី​ព្រះសហគមន៍​នានា​ក្នុង​ភូមិភាគកំពង់​ចាម​ បាន​រិះគិត​រួម​គ្នាអំពី​ជីវិត​នៃ​ការត្រាស់ហៅ​របស់​ព្រះជាម្ចាស់​ចំពោះ​ពួកគេ​ម្នាក់ៗ នៅ​ព្រះសហគមន៍​កាតូលិក សន្ត អន់ដ្រេ ក្នុ​ងខេត្ត​កំពង់ចាម ក្រោមប្រធានបទ “អំណរនៃការត្រាស់ហៅ” កាលពីថ្ងៃទី​០៨-០៩ ខែមីនាកន្លងទៅ។

កម្មវិធីត្រាស់ហៅនេះ រៀបចំ​ឡើង​ដោយ​គណៈកម្មការ​ត្រាស់ហៅ​របស់​ភូមិភាគ​កំពង់ចាម​ ដែល​ធ្វើ​ជារៀងរាល់ឆ្នាំ ក្រោម​អធិបតីភាព​របស់​លោកអភិបាល សិលា សួន ហង្សលី ជាអភិបាលព្រះសហគមន៍កាតូលិក​ភូមិភាគកំពង់ចាម ចូលរួម​ដោយ​លោកបូជាចារ្យ ក្រុមដូនជីសាឡេស៊ាននិង​ក្រុម​​ស្រឡាញ់ព្រះឈើឆ្កាង​ក្នុងភូមិភាគនេះ។

លោកអភិបាល ហង្សលី បានមានប្រសាសន៍ថា ត្រាស់ហៅ និយាយអំពីព្រះជាម្ចាស់ត្រាស់ហៅយើង ឱ្យ បំពេញមុខងារផ្សេងៗគ្នា អាចជាបូជាចារ្យ បព្វជិត-ជិតា អ្នកមានគ្រួសារ អ្នកនៅលីវ អ្នកស្ម័គ្រចិត្ត ដើម្បីបំពេញបេសកកម្មដែលព្រះជាម្ចាស់ប្រទានឱ្យតាមរយៈព្រះសហគមន៍។

ពន្យល់អំពី​ប្រធានបទក្នុងពិធី​បើក​ការត្រាស់ហៅនេះ លោកអភិបាលបានពន្យល់​ពាក្យ​​ថា «អំណរនិងភាពសប្បាយរីករាយគឺខុសគ្នា»។

លោក​បញ្ជាក់ថា ពេលណាយើងនិយាយពី​ភាពរីករាយ គឺជាអ្វីមួយដែលទាក់ទងជាមួយអារម្មណ៍ខាងក្រៅ  ការសប្បាយតែមួយភ្លែត​តាមអ្វីដែលទាក់ទាញអារម្មណ៍របស់យើង។ ប៉ុន្តែ “អំណរ” គឺជាអ្វីដែលទាក់ទងនឹងជីវិតផ្លូវវិញ្ញាណ ចិត្ត​និង​បេះដូង​របស់យើង ហើយ​ជ្រៅជាងភាពរីករាយ ដែលនាំឲ្យ​យើង​អរសប្បាយពេញលក្ខណៈ និងជាអំណរដែលព្រះជាម្ចាស់ប្រទានឱ្យ ឬក៏យើងហៅថា «សុភមង្គលអស់មួយជីវិត»។

លោកបូជាចារ្យ ស្ទេផាន សែសាត ជាវាគ្មិន​ក្នុងកម្មវិធី បាន​ពន្យល់​អំពី​​ការត្រាស់ហៅ ដោយ​លោក​និយាយថា «ព្រះជាម្ចាស់ត្រាស់ហៅយើងម្នាក់ៗឱ្យស្គាល់ ស្រឡាញ់ និងបម្រើព្រះជាម្ចាស់»ដើម្បី​ឲ្យ​យើង​ក្លាយជា​ជន​​ដ៏វិសុទ្ធ។

នៅក្នុងកម្មវិធីនេះផងដែរ ក្រុមគណៈកម្មការបានអញ្ជើញលោក​បូជាចារ្យ ដូនជី និង​គ្រីស្តបរិស័ទ​ ចំនួនបួននាក់ ដើម្បីចែករំលែកនូវបទពិសោធ។ លោកបូជាចារ្យ អាឡិចសិនដ្រូ ម៉ូទី ចែករំលែកអំពីជីវិតជាបូជារ្យ។ លោក ផល មើយ ជាគ្រូអប់រំជំនឿចែករំលែកអំពីកិច្ចការងារ​ក្នុង​ព្រះសហគមន៍ និងជីវិតជាគ្រហស្ថ។ ក្រុមគ្រួសារ​លោក ដាំ សុដា ចែករំលែកអំពីជីវិត​ជា​គ្រួសារនិងការ​រស់នៅជាគ្រីស្តបរិស័ទ។ ដូនជី តេរេសា ចាន់ រដ្ឋា ចែករំលែកអំពី​ជីវិត​ជា​ដូនជីកាតូលិក​។

ស្រ៊ាន ស្រីនៅ ជាសិស្សថ្នាក់ទី១២ នៃសាលាចម្រើនវិជ្ជាខេត្តព្រៃវែង ឲ្យដឹងថា នាងមកចូលរួមកម្មវិធីត្រាស់ហៅនេះ ដើម្បីឈ្វេងយល់នូវជីវិតផ្សេងៗនៃការត្រាស់ហៅរបស់ព្រះជាម្ចាស់ និង​ចង់​ដឹងថា ព្រះជាម្ចាស់​មានគម្រោងការណ៍អ្វីសម្រាប់រូបនាង។

កម្មវិធី​រយៈពេល​២​ថ្ងៃនេះ បាន​ជួយ​ដល់​យុវតី សារុន រក្សា ជាសិស្សថ្នាក់ទី១១ នៃសាលាចម្រើនវិជ្ជាសាខាកំពង់ចាម អាច​រក​ឃើញ​របៀប​បម្រើ​ក្នុងព្រះសហគមន៍​ក្នុង​គណៈកម្មការ​ពិធីបុណ្យ និងកម្មវិធីផ្សេងៗទៀត។

យុវជន រចំ លួន ជាជនជាតិដើមភាគតិចចារ៉ាយ មកពីព្រះសហគមន៍រតនគិរី និយាយថា នេះ​ជាលើកទី​បី​ហើយ​ដែលគាត់​ចូលរួម​កម្មវិធីនេះ។ លួនបន្ត​ថា កម្មវិធីត្រាស់ហៅនេះ​ជួយ​ឲ្យ​គាត់​​មានទំនាក់ទំនងជាមួយ​យុវជន​ដទៃទៀត ទទួល​ចំណេះដឹងថ្មីៗ ចេះ​សហ​ការជាក្រុម និងស្គាល់គ្នាទៅវិញទៅមក។

ក្រោយ​បញ្ចប់​កម្មវិធី​នៅ​ថ្ងៃទី២ មាន​យុវ័ន​ចំនួន​៦នាក់ និង​យុវតី​ចំនួន​១២ ស្ម័គ្រចិត្ត​បន្ត​ឈ្វេងយល់​ស៊ីជម្រៅ​អំពី​ជិវិត​ជា​អ្នក​បួស ដែល​នឹង​ត្រូវ​ណែនាំ​បន្ថែម​ទៀត​ជាមួយ​គណៈកម្មការ​នៃ​ការត្រាស់ហៅ​ក្នុងភូមិភាគ។

ដូនជីក្លារ៉ា ដូត ស្រីឡៃ នៃក្រុមគ្រួសារ​ស្រឡាញ់ព្រះឈើឆ្កាងនិង​ជា​សមាជិក​គណៈកម្មការរៀបចំកម្មវិធីត្រាស់ហៅក្នុងឆ្នាំ២០២៥ បានមានប្រសាសន៍ថា គណៈកម្មការ​នៃការត្រាស់ហៅ​ នឹង​ធ្វើដំណើរទៅខេត្តនានា​ ដើម្បី​សួរសុខទុក្ខយុវជន​​ដែលចាប់អារម្មណ៍នឹងការត្រាស់ហៅ។ ដូនជី​​រូបនេះ  បន្ថែម​ថា នៅ​ខែ​វិច្ឆិកា  គណៈកម្មការ​និង​យុវជន នឹង​ធ្វើ​ដំណើរទៅ​ទីក្រុងភ្នំពេញ ដើម្បីទស្សនកិច្ច​ ផ្ទះអ្នកបួសនីមួយៗ ក៏ដូចជាទេវវិទ្យាល័យក្នុងប្រទេសកម្ពុជា។

ដូនជី​ស្រីឡៃ​ សំណូមពរ ឲ្យ​យុវជន​ទាំងអស់ ហ៊ាន​​ឆ្លើយតប​ការត្រាស់ហៅរបស់ព្រះជាម្ចាស់ និងសូមឲ្យពួកគាត់​ចេះ​យកគំរូតាមព្រះនាងម៉ារី ដែលសុខចិត្តទទួលគម្រោងការណ៍របស់ព្រះជាម្ចាស់ ដោយឱ្យព្រះយេស៊ូចាប់កំណើតជាមនុស្ស៕

 

ដោយ ដាំ សុដា

Facebook
Twitter
LinkedIn